

អ្នកឃ្លាំមើលសង្គមកម្ពុជាអះអាងថា គ្រួសារត្រកូលហ៊ុន ចាប់យកឱកាសដែលព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កំពុងព្យាបាលព្រះរោគ នៅមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយមេដឹកនាំចិន។ ការលើកឡើងបែបនេះ ស្របពេលប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងកូនប្រុសរបស់លោកពីរនាក់ទៀត គឺលោក ហ៊ុន ម៉ានី និង ហ៊ុន ម៉ានិត កំពុងមានវត្តមាននៅក្នុងប្រទេសចិនដែលលោក ហ៊ុន សែន អះអាងថា ដើម្បីកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលគ្រូពេទ្យចិនធ្វើការវះកាត់ព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតថ្វាយព្រះមហាក្សត្រ។ ក្រសួងព្រះបរមរាជវាំង ប្រកាសថា ការវះកាត់របស់គ្រូពេទ្យចិនថ្វាយព្រះមហាក្សត្រកម្ពុជា បានទទួលជោគជ័យ។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២០ ខែមេសា ថា ក្រុមគ្រួសារត្រកូលហ៊ុន តែងតែចាត់ទុកព្រះមហាក្សត្រកម្ពុជាសព្វថ្ងៃគឺជាឧបសគ្គរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាមួយមេដឹកនាំប្រទេសចិន ដូច្នេះហើយបានជាលោកហ៊ុន សែន ចេញមុខចេញមាត់ដើម្បីកំដរព្រះមហាក្សត្រ និងហ្លួងម៉ែ ព្យាបាលព្រះរោគនៅប្រទេសចិន។
លោក គឹម សុខ បន្ថែមថា តាមពិតក្រុមគ្រួសារត្រកូលហ៊ុន ឆ្លៀតឱកាសដែលព្រះមហាក្សត្រ កំពុងព្យាបាលព្រះរោគ នៅមន្ទីរពេទ្យប៉េកាំង គឺដើម្បីភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយមេដឹកនាំចិន ដោយមិនចាំបាច់ឆ្លងកាត់ព្រះមហាក្សត្រ។ លោកថា លោក ហ៊ុន សែន ចង់ចាប់យកឱកាស ទៅចាប់យកមិត្តភាពជាមួយចិនពេញលេញតែម្តង។
លោក គឹម សុខ៖ «បើកាលណាព្រះមហាក្សត្រសព្វថ្ងៃនៅបន្តលើរាជបល្ល័ង្ក ទំនាក់ទំនងគ្រួសារហ៊ុន ជាមួយនិងភាគីចិនបានត្រឹមតែផ្តាំផ្ញើតាមព្រះមហាក្សត្រប៉ុណ្ណោះគឺលោក ហ៊ុន សែន មើលឃើញព្រះមហាក្សត្រសព្វថ្ងៃជាឧបសគ្គរបស់ខ្លួនក្នុងទំនាក់ទំនងជាមួយមេដឹកនាំចិន»។
ការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា រូបនេះ បន្ទាប់ពីប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានប្រកាសតាមបណ្តាញសង្គមហេ្វសប៊ុកនៅថ្ងៃទី ២០មេសា ថា ការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី២០មេសានេះ បានទទួលជោគជ័យ។ នៅពេលនេះ គ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវឌ្ឍក្រោយការវះកាត់នៅមន្ទីរពេទ្យក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។
លោក ហ៊ុន សែន ក៏បានឆ្លៀតឱកាសអរគុណប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ លោក ហ៊ុន សែន ថា រូបលោក និងកូនប្រុសពីរនាក់ គឺ លោក ហ៊ុន ម៉ានិត និង លោក ហ៊ុន ម៉ានី បានទៅដល់ទីក្រុងប៉េកាំងតាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦មកម្ល៉េះ ក្នុងគោលដៅតែមួយគត់ គឺដើម្បីកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះ ព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រគឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល ប៉ុន្តែ ក្នុងករណីព្រះរាជសុខភាពរបស់ព្រះអង្គល្អប្រសើរ លោកនឹងត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២០ ខែមេសា បានបញ្ជាក់ឲ្យដឹងថា ព្រះមហាក្សត្របានទទួលការព្យាបាលព្រះរោគដោយវះកាត់ដោយជោគជ័យ ពីក្រុមវេជ្ជបណ្ឌិតចំណានៗ នៅមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅវេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ។ ព្រះអង្គបានយាងចាកចេញពីបន្ទប់វះកាត់រួចហើយនាថ្ងៃដដែល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យប៉េកាំង។
កាលពី ថ្ងៃទី១៨មេសា កន្លងទៅ ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ឲ្យដឹងថា ព្រះមហាក្សត្រ មានព្រះរោគមហារីកនៅក្រពេញប្រូស្តាត ដែលតម្រូវឲ្យមានការវះកាត់តាមវេជ្ជបញ្ជានៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា បើទោះជានៅពេលនេះ លោក ហ៊ុន សែន និងកូនប្រុសទាំងពីររបស់លោកដឹកដៃគ្នាទៅកំដរព្រះមហាក្សត្រ និងហ្លួងម៉ែដល់ប្រទេសចិនក្តី កន្លងទៅ គឺលោក ហ៊ុន សែន ធ្លាប់បង្កការលំបាកដល់អង្គព្រះមហាក្សត្រនៅពេលព្រះអង្គព្យាយាមមិនធ្វើតាមការចង់បានរបស់លោក ហ៊ុន សែន។
ជាក់ស្តែង កាលពីអំឡុងឆ្នាំ២០០៥ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានគម្រាម ព្រះអង្គថា នឹងរំលាយរបបរាជានិយមចោល ប្រសិនបើ ទ្រង់មិនឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដោយអ្នកនយោបាយបក្សប្រឆាំងចោទថា ដើម្បីឱ្យលោក ហ៊ុន សែន អាចប្រើប្រាស់សន្ធិសញ្ញានេះកាត់ទឹកដីខ្មែរឱ្យទៅវៀតណាមដែលបានលើកបន្តុបលោក ហ៊ុន សែន ឱ្យឡើងកាន់អំណាចនៅកម្ពុជា៕









