​អ្នកឃ្លាំមើលថា គ្រួសារ​ត្រកូល​ហ៊ុនចាប់​យក​ឱកាស​ដែល​ព្រះមហាក្សត្រ​ព្យាបាល​​​​​​​នៅ​ប៉េកាំង ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​មេដឹកនាំ​ចិន

0
48
(ពីស្ដាំ​ជួរ​មុខ) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្ដម សីហមុនី និង​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ក្នុង​ពិធី​បុណ្យ​ឯករាជ្យជាតិ កាល​ពីថ្ងៃទី៩ វិច្ឆិកា ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
(ពីស្ដាំ​ជួរ​មុខ) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្ដម សីហមុនី និង​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ក្នុង​ពិធី​បុណ្យ​ឯករាជ្យជាតិ កាល​ពីថ្ងៃទី៩ វិច្ឆិកា ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល​សង្គម​កម្ពុជា​អះអាង​ថា គ្រួសារ​ត្រកូល​ហ៊ុន ចាប់​យក​ឱកាស​ដែល​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី កំពុង​ព្យាបាល​ព្រះរោគ នៅ​មន្ទីរពេទ្យ​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​មេដឹកនាំ​ចិន។ ការ​លើកឡើង​បែបនេះ ស្របពេល​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​កូនប្រុស​របស់​លោក​ពីរ​នាក់​ទៀត គឺ​លោក ហ៊ុន ម៉ានី និង ហ៊ុន ម៉ានិត កំពុង​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​ចិន​ដែល​លោក ហ៊ុន សែន អះអាង​ថា ដើម្បី​កំដរ​ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ​ក្នុង​ពេល​គ្រូពេទ្យ​ចិន​ធ្វើការ​វះកាត់​ព្យាបាល​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ថ្វាយ​ព្រះមហាក្សត្រ។ ក្រសួងព្រះបរមរាជវាំង ប្រកាស​ថា ការវះកាត់​របស់​គ្រូពេទ្យ​ចិន​ថ្វាយ​ព្រះមហាក្សត្រ​កម្ពុជា បាន​ទទួល​ជោគជ័យ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ ខែមេសា ថា ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន តែងតែ​ចាត់ទុក​ព្រះមហាក្សត្រ​កម្ពុជា​សព្វថ្ងៃ​គឺជា​ឧបសគ្គ​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​ប្រទេស​ចិន ដូច្នេះហើយ​បានជា​លោក​ហ៊ុន សែន ចេញមុខ​ចេញ​មាត់​ដើម្បី​កំដរ​ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ ព្យាបាល​ព្រះរោគ​នៅ​ប្រទេស​ចិន។

លោក គឹម សុខ បន្ថែម​ថា តាម​ពិត​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ឆ្លៀតឱកាស​ដែល​ព្រះមហាក្សត្រ កំពុង​ព្យាបាល​ព្រះរោគ នៅ​មន្ទីរពេទ្យ​ប៉េកាំង គឺ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​មេដឹកនាំ​ចិន ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ព្រះមហាក្សត្រ។ លោក​ថា លោក ហ៊ុន សែន ចង់​ចាប់​យក​ឱកាស ទៅ​ចាប់​យក​មិត្តភាព​ជាមួយ​ចិន​ពេញ​លេញ​តែម្តង។

លោក គឹម សុខ៖ «បើកាលណា​ព្រះមហាក្សត្រ​សព្វថ្ងៃ​នៅ​បន្ត​លើ​រាជបល្ល័ង្ក ទំនាក់ទំនង​គ្រួសារ​ហ៊ុន ជាមួយ​និង​ភាគី​ចិន​បាន​ត្រឹមតែ​ផ្តាំផ្ញើ​តាម​ព្រះមហាក្សត្រ​ប៉ុណ្ណោះ​គឺ​លោក ហ៊ុន សែន មើលឃើញ​ព្រះមហាក្សត្រ​សព្វថ្ងៃ​ជា​ឧបសគ្គ​របស់​ខ្លួន​ក្នុង​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​ចិន»។

ការ​អះអាង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា ២៣ តុលា រូប​នេះ បន្ទាប់​ពី​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ហេ្វសប៊ុ​ក​នៅ​ថ្ងៃទី ២០​មេសា ថា ការវះកាត់​របស់​គ្រូពេទ្យ​ចិន​ថ្វាយ​ចំពោះ​ព្រះមហាក្សត្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០​មេសា​នេះ បាន​ទទួល​ជោគជ័យ​។ នៅ​ពេល​នេះ គ្រូពេទ្យ​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​នូវ​ការ​វិវឌ្ឍ​ក្រោយ​ការវះកាត់​នៅ​មន្ទីរពេទ្យ​ក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

លោក ហ៊ុន សែន ក៏បាន​ឆ្លៀតឱកាស​អរគុណ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ព្រះរាជសុខភាព​របស់​ព្រះមហាក្សត្រ​កម្ពុជា។ លោក ហ៊ុន សែន ថា រូបលោក និង​កូនប្រុស​ពីរ​នាក់ គឺ លោក ហ៊ុន ម៉ានិត និង លោក ហ៊ុន ម៉ានី បាន​ទៅដល់​ទីក្រុង​ប៉េកាំង​តាំងពី​ថ្ងៃ​១៧ ខែ​មេសា ឆ្នាំ​២០២៦​មក​ម្ល៉េះ ក្នុង​គោលដៅ​តែមួយគត់ គឺ​ដើម្បី​កំដរ​ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ​ក្នុង​ពេលវេលា​ដ៏​លំបាក​នេះ ព្រោះ​ព្រះរាជសុខភាព​របស់​ព្រះមហាក្សត្រ​គឺជា​សុខភាព​របស់​ប្រទេសជាតិ​ទាំងមូល ប៉ុន្តែ ក្នុង​ករណី​ព្រះរាជសុខភាព​របស់​ព្រះអង្គ​ល្អ​ប្រសើរ លោក​នឹង​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​២២ ខែមេសា ឆ្នាំ​២០២៦ ខាងមុខ​នេះ។

ក្រសួងព្រះបរមរាជវាំង នៅ​ថ្ងៃទី​២០ ខែ​មេសា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​បាន​ទទួល​ការ​ព្យាបាល​ព្រះរោគ​ដោយ​វះកាត់​ដោយ​ជោគជ័យ ពី​ក្រុម​វេជ្ជបណ្ឌិត​ចំណានៗ នៅ​មន្ទីរពេទ្យ​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​វេលា​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២៦ ។ ព្រះអង្គ​បាន​យាង​ចាក​ចេញពី​បន្ទប់វះកាត់​រួចហើយ​នា​ថ្ងៃ​ដដែល ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត ពី​ក្រុម​វេជ្ជបណ្ឌិត​នៅក្នុង​មន្ទីរពេទ្យ​ប៉េកាំង។

កាលពី ថ្ងៃទី​១៨​មេសា កន្លងទៅ ក្រសួងព្រះបរមរាជវាំង​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ មាន​ព្រះរោគ​មហារីក​នៅ​ក្រពេញ​ប្រូស្តាត ដែល​តម្រូវ​ឲ្យ​មានការ​វះកាត់​តាម​វេជ្ជបញ្ជា​នៅ​មន្ទីរពេទ្យ​រដ្ឋធានី​ប៉េកាំង។

ក្រុម​អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា បើ​ទោះជា​នៅ​ពេល​នេះ លោក ហ៊ុន សែន និង​កូនប្រុស​ទាំងពីរ​របស់​លោក​ដឹក​ដៃ​គ្នា​ទៅ​កំដរ​ព្រះមហាក្សត្រ និង​ហ្លួង​ម៉ែ​ដល់​ប្រទេស​ចិន​ក្តី កន្លង​ទៅ គឺ​លោក ហ៊ុន សែន ធ្លាប់​បង្ក​ការ​លំបាក​ដល់​អង្គ​ព្រះមហាក្សត្រ​នៅ​ពេល​ព្រះអង្គ​ព្យាយាម​មិន​ធ្វើ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។

ជាក់ស្តែង កាលពី​អំឡុង​ឆ្នាំ​២០០៥ មេដឹកនាំ​បក្ស​កាន់អំណាច លោក ហ៊ុន សែន បាន​គម្រាម ព្រះអង្គ​ថា នឹង​រំលាយ​របប​រាជានិយម​ចោល ប្រសិនបើ ទ្រង់​មិន​ឡាយ​ព្រះហស្ថលេខា​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ដោយ​អ្នកនយោបាយ​បក្ស​ប្រឆាំង​ចោទ​ថា ដើម្បី​ឱ្យ​លោក ហ៊ុន សែន អាច​ប្រើប្រាស់​សន្ធិសញ្ញា​នេះ​កាត់​ទឹកដី​ខ្មែរ​ឱ្យទៅ​វៀតណាម​ដែល​បាន​លើក​បន្តុប​លោក ហ៊ុន សែន ឱ្យ​ឡើង​កាន់​អំណាច​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ