

រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលដឹកនាំ ដោយ លោក សម រង្សី បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយភ្ជាប់ជាមួយសារកាន់ទុក្ខជាទម្ងន់ ពាក់ព័ន្ធ ការដឹកនាំ របស់រដ្ឋាភិបាលត្រកូល«ហ៊ុន»ដែលធ្វើឱ្យទឹកដីខ្មែរ បន្តបាត់បង់ជាច្រើនកន្លែង។ រីឯ អ្នកនាំពាក្យបក្សកាន់អំណាចចាត់ទុកការលើកឡើងនេះ ថាជារូបភាពនៃការបំផ្លិចបំផ្លាញ មុខមាត់ប្រទេសជាតិ។
ស្របពេលប្រទេសថៃកំពុងតែ សប្បាយអរក្នុងការកាន់កាប់ទឹកដីខ្មែរទាំងដែនគោក និងដែនសមុទ្រ ដោយគ្មានការរំខានពីភាគីកម្ពុជា តាមរយៈការប្ដឹងថៃទៅកាន់តុលាការអន្តរជាតិនោះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នៅថ្ងៃទី២២ ខែមេសា ក៏បានចេញសារកាន់ទុក្ខជាទម្ងន់ ចំពោះការបាត់បង់ទឹកដីខ្មែរ ហើយ រំលឹកឱ្យ ពលរដ្ឋទាំងអស់ ត្រូវតែចូលរួម ផ្លាស់ប្ដូរមេដឹកនាំត្រកូល«ហ៊ុន» ចេញពីអំណាច ដើម្បីរួមគ្នា ទាមទារ ទឹកដីដែលបាត់បង់ទាំងនោះ យកមកវិញ។
តាមរយៈ សេចក្ដីប្រកាសព័ត៌មានដែលដាក់ចំណងជើងថា«កាន់ទុក្ខដ៏រន្ធត់» របស់ប្រជាជាតិខ្មែរ ដោយសារការបាត់បង់ទឹកដីកម្ពុជា ខ្លឹមសារទាំងមូល បានរៀបរាប់ថា កាលសម័យ លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រជាជាតិខ្មែរ មានទុក្ខសោកជាខ្លាំង ដោយសារការបាត់បង់ទឹកដីមួយផ្នែកធំ ទៅប្រទេសជិតខាង ដូចជា កោះត្រល់ ចង្កោមកោះក្រចកសេះ កោះគជ រួមនឹងដែនសមុទ្ទជាង៧ម៉ឺនគីឡូម៉ែត្រការ៉េ និង តាមព្រំដែនដីគោកជាច្រើនហិកតារទៀត។
ចំណែក សម័យលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងជាកូនរបស់លោក ហ៊ុន សែន មិនដល់៣ឆ្នាំ ស្រួលបួលកម្ពុជា ក៏បានធ្លាក់ខ្លួនកាន់តែរន្ធត់ ដោយសារការបាត់បង់ទឹកដី យ៉ាងតិច ៦៦តំបន់បន្ថែមទៀត ក្រោយពីយោធាថៃបានបង្កសង្គ្រាមឈ្លានពានវាយយក។
ប្រភពបន្តថា ខណៈដែលយោធាថៃ នៅតែបន្តឈ្លានពានព័ទ្ធយកទឹកដីកម្ពុជា តាមតែអំពើចិត្តស្ទើរតែរាល់ថ្ងៃផងនោះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បែរជាទម្លាក់ចោលសិទ្ធិប្រើកម្លាំងទប់ស្កាត់ដើម្បី ការពារទឹកដី ហើយ ថែមទាំងបដិសេធរកដំណោះស្រាយ តាមយន្តការអន្តរជាតិ ដូចជាកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស និងប្ដឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJ។
បន្ថែមពីលើនោះ រដ្ឋាភិបាលក្រៅប្រទេស ក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ចេះត្រឹមតែឱនក្បាលអង្វរសុំប្រទេសថៃ ឱ្យចូលតុចរចា ទ្វេភាគី ដែលជំហរនេះ បានបង្ហាញយ៉ាងច្បាស់ថា របបគ្រួសារហ៊ុន បានបោះបង់ចោលនូវខែលដ៏មានប្រសិទ្ធភាព ដើម្បីការពារទឹកដី។
ទន្ទឹមគ្នានោះ រដ្ឋាភិបាលក្រៅប្រទេសក៏បានបញ្ជាក់ដែរថា ជម្រើសមានតែពីរប៉ុណ្ណោះ ដែលរដ្ឋាភិបាលគ្រួសារហ៊ុន អាចធ្វើគឺ នឹងសម្រួលប្រគល់ទឹកដីកម្ពុជា ដែលយោធាថៃកំពុងតែកាន់កាប់ ទៅឲ្យភាគីថៃ ដើម្បីដូរយកសន្តិភាព។ ចំណែកចុងក្រោយ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នឹងចុះកិច្ចសន្យាធ្វើ ទាសករថៃ គ្រប់កាលៈទេសៈ ដើម្បីរក្សាអំណាចគ្រួសារ«ហ៊ុន»។
បន្ថែមពីលើនោះ រដ្ឋាភិបាលកម្ពុជាឯករាជ២៣តុលា ក៏បានរំឭកដល់ ពលរដ្ឋខ្មែរថា ទឹកដីកម្ពុជា ប្រមាណ៧ដងនៃផ្ទៃក្រឡា ខេត្តតាកែវ នឹងបាត់បង់ ហើយនឹងស្ថិតក្រោម ការត្រួតត្រា របស់ភាគីថៃជាអចិន្ត្រៃយ៍ ប្រសិនបើរដ្ឋាភិបាលគ្រួសារ ហ៊ុន នៅបន្តកាន់អំណាច ព្រោះ លោក ហ៊ុន សែន បានបញ្ជាក់ហើយថា ការបាត់បង់ទឹកដីត្រឹមប៉ុណ្ណឹង គឺគ្រាន់តែជារបួសកូនដៃ ប៉ុណ្ណោះ។ ដូច្នេះ ពលរដ្ឋខ្មែរ មានតែជម្រើសកាន់ទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់ទឹកដីកម្ពុជា ក្រោមស្នាដៃ លោក ហ៊ុន ម៉ាណែត ហើយពលរដ្ឋខ្មែរ ត្រូវភ្ញាក់ស្មារតីឡើងវិញ ដើម្បីដេញគ្រួសារហ៊ុន ពីអំណាច។
ឆ្លើយតបជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ប្រាប់ទូរទស្សន៍អាស៊ីសេរី ដោយចាត់ទុករដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ថា ជាក្រុមឧទ្ទាមក្រៅច្បាប់ ហើយថារាល់សកម្មភាព ឬ សារដែលបានលើកឡើង គឺជារូបភាពបំផ្លិចបំផ្លាញមុខមាត់ប្រទេសជាតិ។
លោក ជា ធីរិទ្ធ៖ «ខ្ញុំគ្មានអ្វីឆ្លើយតបនឹងក្រុមឧទ្ទាមក្រៅច្បាប់នោះទេ។ ពាក្យថាឧទ្ទាមក្រៅច្បាប់ហើយ គឺជាក្រុមដែលបង្កបញ្ហានិងបង្កមហន្តរាយដល់ប្រទេស។ អ៊ីចឹងរាល់សកម្មភាពពួកគេ គឺបំផ្លាញប្រទេស។ អ៊ីចឹងយើងមិនមានអ្វីឆ្លើយតបក្រុមដែលបង្កើតរឿងខុសច្បាប់»។
ទោះជាយ៉ាងណា អ្នកនាំពាក្យ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក គឹម សុខ លើកឡើងថា ការមិនទទួលស្គាល់កំហុស និងអសមត្ថភាពក្នុងការការពារទឹកដី របស់រដ្ឋាភិបាល ត្រកូល«ហ៊ុន»គឺជារឿងដ៏គួរឱ្យសោកស្ដាយ។ ទន្ទឹមគ្នានោះ លោកថា ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមរយៈទ្វេភាគី កម្ពុជា មិនអាចទាមទារទឹកដីបានមកវិញនោះទេ ព្រោះថៃ បានដឹងច្បាស់ថា រដ្ឋាភិបាលកម្ពុជា គ្មានប្រៀប ដែលអាចដាក់សម្ពាធភាគីថៃបានឡើយ ។ លោកថាជម្រើសដ៏ល្អ គឺមានតែប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ និង ស្នើសុំ សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យកោះប្រជុំជាបន្ទាន់ដើម្បីរកដំណោះស្រាយ នោះទើបជាយន្តការដ៏ត្រឹមត្រូវ។
លោក គឹម សុខ៖ «ពួកគាត់យកពាក្យចរចាមកបន្លំនៅពេលដែលថៃឈ្លានពានប្រទេសកម្ពុជា។ បន្លំថារឿងនោះ គឺជាការដោះស្រាយដើម្បីកុំឱ្យគេឈ្លានពានបន្ត។ ចរចាមានប្រសិទ្ធភាពទេ ហើយហាមគេមិនឱ្យឈ្លានពានបន្តទេ។ នៅពេលដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និយាយពីការចរចា គេនៅតែព័ន្ធយកទឹកដីប្រទេសកម្ពុជាដដែល»។
ស្របពេលកម្ពុជាគ្មានភាពច្បាស់លាស់ ក្នុងការប្រើយន្តការច្បាប់អន្តរជាតិ និងការប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយពឹងតែទៅលើការចរចាទ្វេភាគីតែមួយគត់ ភាគីថៃហាក់បានចិត្ត សម្បើមណាស់ ក្នុងការប្រមាថមើលងាយ ទាហានតាមព្រំដែន និងដែនអធិបតេយ្យ កម្ពុជា។ ទន្ទឹមគ្នានោះ ពួកគេបាន បង្កើនការឈ្លានពានទឹកដីខ្មែរ តាមរយៈការដើររាយលួសបន្លាស្ទើរតែរាល់ថ្ងៃ និងកសាងលេណដ្ឋាន ផ្លូវបេតុង ពង្រាយ កុងតឺន័រ និង ជីកប្រឡាយព័ទ្ធជុំវិញដីខ្មែរដែល ពួកគេកំពុងកាន់កាប់ ដើម្បីកុំឱ្យពលរដ្ឋខ្មែរ អាចឆ្លងចូលបាន។
រីឯនៅតាមប្រាសាទតាក្របី ប្រាសាទ តាមាន់ធំ ប្រាសាទមាន់តូច ភ្នំទ្រព្យ និងភ្នំ៣៥០ ជាដើមដែលស្ថិតនៅ ខេត្តឧត្តរមានជ័យ រដ្ឋាភិបាលថៃ បានបើកឱ្យភ្ញៀវជាតិ និងអន្តរជាតិ ចូលទៅ ទស្សនាដោយសេរី និង ធ្វើពិធីសាសនាតាមអំពើចិត្ត។ ប៉ុន្តែយ៉ាងណា ភាគីកម្ពុជា បានត្រឹមតែចេញសារថ្កោលទោស និង មិនទទួលស្គាល់ចំពោះ សកម្មភាពឈ្លានពាន របស់ថៃ នោះឡើយ។ ទន្ទឹមនឹងការចេញសារថ្កោលទោស ជាហូរហែមក រដ្ឋាភិបាលត្រកូលហ៊ុន ក៏ហាក់គ្មាន វិធានការ ជាដុំកំភួន ក្នុងការរារាំង និងបង្អាក់សកម្មភាពរបស់ថៃនោះឡើយ ក្រៅតែពីការចាប់ពលរដ្ឋខ្លួនដាក់ពន្ធនាគារ និងហាមមិនឱ្យរិះគន់ ពីភាពអសកម្មរបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត៕









