

រដ្ឋាភិបាលបានរក្សាភាពស្ងៀមស្ងាត់ ជុំវិញករណីយោធាថៃបានដាក់ពង្រាយកម្លាំងទ័ព ចូលឈូសឆាយ និងរាយបន្លាលួសចូលក្នុងទឹកដីខ្មែរនៅតំបន់ព្រំដែនខេត្តបាត់ដំបង។ មន្ត្រីគណបក្សប្រឆាំងបារម្ភថា ភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាល នឹងធ្វើឱ្យកម្ពុជាបន្តបាត់បង់ទឹកដីទៅកាន់ភាគីថៃ ដោយមិនចាំបាច់ធ្វើសង្គ្រាមនោះឡើយ។
គិតមកដល់ពេលនេះរដ្ឋាភិបាលនៅតែរក្សាភាពស្ងៀមស្ងាត់ ជុំវិញសកម្មភាពដើរល្បាត ឈូសឆាយ និងរាយបន្លាលួសខ្វាត់ខ្វែងនៅតាមបណ្ដោយអូរធម្មជាតិ ពីសំណាក់យោធាថៃនៅតំបន់ព្រំដែនស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ស្ថិតក្នុងខេត្តបាត់ដំបង ខណៈសកម្មភាពនេះ ក៏មិនត្រូវបានគេផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងនោះដែរ។
ពលរដ្ឋម្នាក់រស់នៅឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា រហូតមកដល់ពេលនេះយោធាថៃបាន ពង្រាយកម្លាំងប្រដាប់អាវុធ នៅទីតាំងអូរធម្មជាតិ ដែលជាខ្សែបន្ទាត់បណ្ដោះអាសន្នក្នុងស្រុកភ្នំព្រឹក និងធ្វើសកម្មភាពឈូសឆាយនៅតាមមាត់អូរធម្មជាតិ ដែលកម្ពុជា និងថៃកំណត់យកធ្វើជាខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ន។
ទោះជាយ៉ាងណា ពលរដ្ឋរូបនេះបញ្ជាក់ថា អ្នកស្រុកភ្នំព្រឹក បានត្រឹមតែលួចមើលសកម្មភាពរបស់យោធាថៃពីចម្ងាយប៉ុណ្ណោះ ដោយពួកគាត់មិនហ៊ានផ្សព្វផ្សាយព័ត៌មានទាំងនេះជាសាធារណៈនោះឡើយ ដោយសារមានការហាមឃាត់ពីសំណាក់អាជ្ញាធរ និងម្យ៉ាងទៀតគឺដោយសាររដ្ឋាភិបាលបានចាប់ខ្លួនប្រជាពលរដ្ឋជាច្រើននាក់ ដែលបញ្ចេញមតិរឿងបញ្ហាព្រំដែន។
តំបន់ដែលយោធាថៃបានដាក់ពង្រាយកម្លាំងដើរល្បាត និងរាយបន្លាលួសនេះ ស្ថិតនៅតាមបណ្ដោយអូរធម្មជាតិដែលមានទីតាំងនៅឃុំបារាំងធ្លាក់ និងតំបន់ភ្នំ៥៣ ភូមិគគីរ ស្ថិតក្នុងឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក រហូតដល់តំបន់មួយចំនួនក្នុងស្រុកសំពៅលូន ក្នុងខេត្តបាត់ដំបង។
កាលពីថ្ងៃទី៣០ ខែមេសា មេទ័ពយោធភូមិភាគទី១របស់ថៃលោក បេនចាផុល ដេឆាតិវង្ស ណាក់ អាយុតថាយ៉ា (Benjapol Dejatiwongse Na Ayudhya) បានប្រកាសបញ្ជូនកងកម្លាំងឱ្យចុះទៅល្បាត និងត្រួតពិនិត្យនៅតំបន់ព្រំដែនខ្លងណាំសៃ ក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ដែលមានព្រំប្រទល់ជាប់ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយលោកចោទថា កម្ពុជាបានចាក់ដីលុបអូរធម្មជាតិដែលជាខ្សែបន្ទាត់ព្រំដែនរំលោភចូលក្នុងទឹកដីថៃ។
មេទ័ពថៃប្រចាំទិសបូព៌ារូបនេះ ចាត់ទុកទីតាំងមួយចំនួន ក្នុងតំបន់ព្រំដែនស្រុកភ្នំព្រឹក ថាជាទឹកដីរបស់ថៃ និងប្រកាសកាត់ឆ្វៀលយកតំបន់នោះមកវិញ ទោះបីជាមានការរារាំង និងជំទាស់ពីភាគីកម្ពុជាក៏ដោយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុកភ្នំព្រឹក លោក សុង សុភ័ក្ត្រ និងនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកភ្នំព្រឹក លោក មួន លន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៤ ខែឧសភា។
ក្រៅពីតំបន់ព្រំដែនខេត្តបាត់ដំបង នៅតំបន់ព្រំដែនភូមិបរតាំងស៊ូ ក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដែលជាប់នឹងស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី របស់ថៃឯណោះវិញ ក៏ត្រូវយោធាថៃធ្វើសកម្មភាពឈ្លានពាន ដោយសាងសង់ដងទង់ជាតិ និងឈូសឆាយផងដែរ ប៉ុន្តែអភិបាលខេត្តប៉ៃលិន អ្នកស្រី បាន ស្រីមុំ បានចេញមកទាត់ចោលករណីនេះ ដោយគ្មានការចុះទៅអង្កេត និងផ្ដល់អំណះអំណាងយកមកបញ្ជាក់នោះឡើយ។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន យល់ឃើញថា ភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាល នឹងធ្វើឱ្យកម្ពុជាបន្តបាត់បង់ទឹកដីទៅកាន់ភាគីថៃ ដោយមិនចាំបាច់ធ្វើសង្គ្រាមនោះឡើយ។ លោកបន្តថា មូលហេតុដែលកម្ពុជាបន្តស្ងៀមស្ងាត់បែបនេះ គឺដោយសារមេដឹកនាំកម្ពុជា នៃគ្រួសារត្រកូលហ៊ុន បានបាក់ស្បាតនឹងសង្គ្រាម ដោយពួកគេត្រូវតែបង្ខំចិត្តបិទមាត់ ដើម្បីរក្សាតុល្យភាពអំណាច ដែលកំពុងទទួលរងការគំរាមកំហែងពីសង្គ្រាម បង្កឡើងដោយក្រុមយោធាថៃ។
លោក អ៊ុំ សំអាន៖ «ខាងអ្នកគាំទ្រលោក ហ៊ុន ម៉ាណែត គេចេះបង្វែរសភាពការណ៍ ដើម្បីឱ្យប្រជាពលរដ្ឋហ្នឹងគេចាប់អារម្មណ៍ទៅ គេលែងចាប់អារម្មណ៍រឿងទឹកដី ព្រោះបើចាប់អារម្មណ៍រឿងទឹកដីទៅឃើញថៃយកដីខ្មែរស្រេចចិត្ត ធ្វើឱ្យប្រជាពលរដ្ឋឈឺចាប់ អាចខឹងទម្លាក់ត្រកូលហ៊ុនពីអំណាច ហើយទៅបារម្ភរឿងទុរេនវិញ។ រឿងបាត់បង់ទឹកដីនេះទេ ដែលសំខាន់ជាងរឿងនាំទុរេនចូល»។
គេកត់សម្គាល់ឃើញថា នៅពេលយោធាថៃធ្វើសកម្មភាពឈ្លានពានក្នុងទឹកដីកម្ពុជា ដូចជារាយបន្លាលួស កាយប្រឡាយ និងតម្រៀបទូកុងតឺន័រ រដ្ឋាភិបាលកម្ពុជាមិនបានប្រើប្រាស់សិទ្ធិការពារខ្លួនភ្លាមៗ ដែលស្របតាមច្បាប់អន្តរជាតិនោះឡើយ ដោយមេដឹកនាំកម្ពុជាបានប្រកាសថា កំពុងអនុវត្តយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» រហូតទាល់តែយោធាថៃ ធ្វើសកម្មភាពទាំងនេះរួច ទើបរដ្ឋាភិបាលកម្ពុជា ចេញលិខិតតវ៉ាតាមក្រោយ។
មន្ត្រីគណបក្សប្រឆាំងលើកឡើងថា នៅក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ មេដឹកនាំកម្ពុជាបានយករឿងនេះមកលាយឡំជាមួយបញ្ហាផលប្រយោជន៍ និងស្ថិរភាពអំណាចរបស់គ្រួសារត្រកូលហ៊ុន ដែលកត្តានេះបានធ្វើឱ្យកម្ពុជាតែងតែចាញ់ប្រៀបភាគីថៃ ទោះបីកម្ពុជា ជាភាគីរងគ្រោះក៏ដោយ៕









