រដ្ឋាភិបាល​រក្សា​ភាព​ស្ងៀមស្ងាត់ ករណី​ទាហាន​ថៃ​រាយ​បន្លា​លួស​នៅ​ព្រំដែន​ខេត្តបាត់ដំបង

0
216
ទាហានភូមិភាគ១ របស់ថៃ ចុះត្រួតពិនិត្យតំបន់ព្រំដែន ក្នុងភូមិសាស្រ្តស្រុកខ្លងហាត ខេត្តស្រះកែវ ជាប់នឹងខេត្តបាត់ដំបង របស់កម្ពុជា កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ​២០២៦។ រូប៖ យោធា​ភូមិភាគ១របស់ថៃ។
ទាហានភូមិភាគ១ របស់ថៃ ចុះត្រួតពិនិត្យតំបន់ព្រំដែន ក្នុងភូមិសាស្រ្តស្រុកខ្លងហាត ខេត្តស្រះកែវ ជាប់នឹងខេត្តបាត់ដំបង របស់កម្ពុជា កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ​២០២៦។ រូប៖ យោធា​ភូមិភាគ១របស់ថៃ។

រដ្ឋាភិបាល​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ជុំវិញ​ករណី​យោធា​ថៃ​បាន​ដាក់​ពង្រាយ​កម្លាំង​ទ័ព ចូល​ឈូស​ឆាយ និង​រាយ​បន្លា​លួស​ចូលក្នុង​ទឹកដី​ខ្មែរ​នៅ​តំបន់​ព្រំដែន​ខេត្តបាត់ដំបង​។ មន្ត្រី​គណបក្សប្រឆាំង​បារម្ភ​ថា ភាព​ស្ងៀមស្ងាត់​របស់​រដ្ឋាភិបាល នឹង​ធ្វើ​ឱ្យ​កម្ពុជា​បន្ត​បាត់បង់​ទឹកដី​ទៅកាន់​ភាគី​ថៃ ដោយ​មិន​ចាំបាច់​ធ្វើសង្គ្រាម​នោះ​ឡើយ។

គិត​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់ ជុំវិញ​សកម្មភាព​ដើរ​ល្បាត ឈូស​ឆាយ និង​រាយ​បន្លា​លួស​ខ្វាត់ខ្វែង​នៅ​តាម​បណ្ដោយ​អូរធម្មជាតិ ពី​សំណាក់​យោធា​ថៃ​នៅ​តំបន់​ព្រំដែន​ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ស្ថិត​ក្នុង​ខេត្តបាត់ដំបង ខណៈ​សកម្មភាព​នេះ ក៏​មិន​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង​នោះ​ដែរ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា រហូតមកដល់​ពេលនេះ​យោធា​ថៃ​បាន ពង្រាយ​កម្លាំង​ប្រដាប់អាវុធ នៅ​ទីតាំង​អូរ​ធម្មជាតិ ដែល​ជា​ខ្សែបន្ទាត់​បណ្ដោះអាសន្ន​ក្នុងស្រុក​ភ្នំព្រឹក និង​ធ្វើ​សកម្មភាព​ឈូស​ឆាយ​នៅ​តាម​មាត់​អូរ​ធម្មជាតិ ដែល​កម្ពុជា និង​ថៃ​កំណត់​យក​ធ្វើជា​ខ្សែបន្ទាត់​ព្រំដែន​បណ្ដោះអាសន្ន។

ទោះជា​យ៉ាងណា ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា អ្នកស្រុក​ភ្នំព្រឹក បាន​ត្រឹមតែ​លួច​មើល​សកម្មភាព​របស់​យោធា​ថៃ​ពី​ចម្ងាយ​ប៉ុណ្ណោះ ដោយ​ពួកគាត់​មិន​ហ៊ាន​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ​ជា​សាធារណៈ​នោះ​ឡើយ ដោយសារ​មានការ​ហាមឃាត់​ពី​សំណាក់​អាជ្ញាធរ និង​ម្យ៉ាងទៀត​គឺ​ដោយសារ​រដ្ឋាភិបាល​បាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដែល​បញ្ចេញមតិ​រឿង​បញ្ហា​ព្រំដែន។

តំបន់​ដែល​យោធា​ថៃ​បាន​ដាក់​ពង្រាយ​កម្លាំង​ដើរ​ល្បាត និង​រាយ​បន្លា​លួស​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​អូរ​ធម្មជាតិ​ដែល​មាន​ទីតាំងនៅ​ឃុំ​បារាំង​ធ្លាក់ និង​តំបន់​ភ្នំ​៥៣ ភូមិ​គគីរ ស្ថិត​ក្នុង​ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក រហូតដល់​តំបន់​មួយចំនួន​ក្នុងស្រុក​សំពៅ​លូន ក្នុង​ខេត្តបាត់ដំបង។

កាលពី​ថ្ងៃទី​៣០ ខែមេសា មេទ័ព​យោធភូមិភាគ​ទី​១​របស់​ថៃ​លោក បេនចាផុល ដេឆាតិវង្ស ណាក់ អាយុតថាយ៉ា (Benjapol Dejatiwongse Na Ayudhya) បាន​ប្រកាស​បញ្ជូន​កង​កម្លាំង​ឱ្យ​ចុះទៅ​ល្បាត និង​ត្រួតពិនិត្យ​នៅ​តំបន់​ព្រំដែន​ខ្លងណាំសៃ ក្នុងស្រុក​ខ្លងហាត ខេត្ត​ស្រះកែវ ដែល​មាន​ព្រំប្រទល់​ជាប់​ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយ​លោក​ចោទ​ថា កម្ពុជា​បាន​ចាក់​ដី​លុប​អូរ​ធម្មជាតិ​ដែល​ជា​ខ្សែបន្ទាត់​ព្រំដែន​រំលោភ​ចូលក្នុង​ទឹកដី​ថៃ។

មេទ័ព​ថៃ​ប្រចាំ​ទិស​បូព៌ា​រូប​នេះ ចាត់ទុក​ទីតាំង​មួយចំនួន ក្នុង​តំបន់​ព្រំដែន​ស្រុក​ភ្នំព្រឹក ថា​ជា​ទឹកដី​របស់​ថៃ និង​ប្រកាស​កាត់​ឆ្វៀល​យក​តំបន់​នោះ​មក​វិញ ទោះបីជា​មានការ​រារាំង និង​ជំទាស់​ពី​ភាគី​កម្ពុជា​ក៏ដោយ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អភិបាលស្រុក​ភ្នំព្រឹក លោក សុង សុភ័ក្ត្រ និង​នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ភ្នំព្រឹក លោក មួន លន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៤ ខែ​ឧសភា។

ក្រៅពី​តំបន់​ព្រំដែន​ខេត្តបាត់ដំបង នៅ​តំបន់​ព្រំដែន​ភូមិ​បរតាំង​ស៊ូ ក្នុង​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ដែល​ជាប់​នឹង​ស្រុក​ពោងណាំរ៉ន ខេត្ត​ចន្ទបុរី របស់​ថៃ​ឯណោះ​វិញ ក៏​ត្រូវ​យោធា​ថៃ​ធ្វើ​សកម្មភាព​ឈ្លានពាន ដោយ​សាងសង់​ដងទង់​ជាតិ និង​ឈូស​ឆាយ​ផង​ដែរ ប៉ុន្តែ​អភិបាលខេត្ត​ប៉ៃលិន អ្នកស្រី បាន ស្រីមុំ បាន​ចេញ​មក​ទាត់ចោល​ករណីនេះ ដោយ​គ្មាន​ការ​ចុះទៅ​អង្កេត និង​ផ្ដល់​អំណះអំណាង​យក​មក​បញ្ជាក់​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន យល់​ឃើញ​ថា ភាព​ស្ងៀមស្ងាត់​របស់​រដ្ឋាភិបាល នឹង​ធ្វើ​ឱ្យ​កម្ពុជា​បន្ត​បាត់បង់​ទឹកដី​ទៅកាន់​ភាគី​ថៃ ដោយ​មិន​ចាំបាច់​ធ្វើសង្គ្រាម​នោះ​ឡើយ​។ លោក​បន្ត​ថា មូលហេតុ​ដែល​កម្ពុជា​បន្ត​ស្ងៀមស្ងាត់​បែបនេះ គឺ​ដោយសារ​មេដឹកនាំ​កម្ពុជា នៃ​គ្រួសារ​ត្រកូល​ហ៊ុន បាន​បាក់ស្បាត​នឹង​សង្គ្រាម ដោយ​ពួកគេ​ត្រូវតែ​បង្ខំចិត្ត​បិទមាត់ ដើម្បី​រក្សា​តុល្យភាព​អំណាច ដែល​កំពុង​ទទួលរង​ការ​គំរាមកំហែង​ពី​សង្គ្រាម បង្ក​ឡើង​ដោយ​ក្រុម​យោធា​ថៃ។

លោក អ៊ុំ សំអាន៖ «ខាង​អ្នកគាំទ្រ​លោក ហ៊ុន ម៉ាណែត គេ​ចេះ​បង្វែរ​សភាពការណ៍ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​គេ​ចាប់អារម្មណ៍​ទៅ គេ​លែង​ចាប់អារម្មណ៍​រឿង​ទឹកដី ព្រោះ​បើ​ចាប់អារម្មណ៍​រឿង​ទឹកដី​ទៅ​ឃើញ​ថៃ​យក​ដី​ខ្មែរ​ស្រេច​ចិត្ត ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ឈឺចាប់ អាច​ខឹង​ទម្លាក់​ត្រកូល​ហ៊ុន​ពី​អំណាច ហើយ​ទៅ​បារម្ភ​រឿង​ទុរេន​វិញ។ រឿង​បាត់បង់​ទឹកដី​នេះ​ទេ ដែល​សំខាន់​ជាង​រឿង​នាំ​ទុរេន​ចូល»។

គេ​កត់សម្គាល់​ឃើញថា នៅពេល​យោធា​ថៃ​ធ្វើ​សកម្មភាព​ឈ្លានពាន​ក្នុង​ទឹកដី​កម្ពុជា ដូចជា​រាយ​បន្លា​លួស កាយ​ប្រឡាយ និង​តម្រៀប​ទូ​កុងតឺន័រ រដ្ឋាភិបាល​កម្ពុជា​មិនបាន​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​ភ្លាមៗ ដែល​ស្របតាម​ច្បាប់​អន្តរជាតិ​នោះ​ឡើយ ដោយ​មេដឹកនាំ​កម្ពុជា​បាន​ប្រកាស​ថា កំពុង​អនុវត្ត​យុទ្ធសាស្ត្រ «​ស្ងាត់​តែ​មិន​ស្ងៀម​» រហូត​ទាល់តែ​យោធា​ថៃ ធ្វើ​សកម្មភាព​ទាំងនេះ​រួច ទើប​រដ្ឋាភិបាល​កម្ពុជា ចេញ​លិខិតតវ៉ា​តាម​ក្រោយ។

មន្ត្រី​គណបក្សប្រឆាំង​លើកឡើង​ថា នៅក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ មេដឹកនាំ​កម្ពុជា​បាន​យក​រឿង​នេះ​មក​លាយឡំ​ជាមួយ​បញ្ហា​ផលប្រយោជន៍ និង​ស្ថិរភាព​អំណាច​របស់​គ្រួសារ​ត្រកូល​ហ៊ុន ដែល​កត្តា​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​តែងតែ​ចាញ់​ប្រៀប​ភាគី​ថៃ ទោះបី​កម្ពុជា ជា​ភាគី​រងគ្រោះ​ក៏ដោយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ