

ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ឆាយណាហ្គ្រេត ខស (China Great Cause) នៅស្រុកសង្គមថ្មី និងស្រុករវៀង ខេត្តព្រះវិហារ ជិត៤០០គ្រួសារ កំពុងប្រឈមគ្មានដីធ្វើស្រែចម្ការសម្រាប់បង្កបង្កើនផលនៅរដូវវស្សាឆ្នាំនេះ ក្រោយក្រុមហ៊ុននេះរំលោភយកដីស្រែចម្ការរបស់ពួកគាត់អស់។ មន្ត្រីសង្គមស៊ីវិល ទទូចឲ្យអាជ្ញាធរប្រញាប់រកដំណោះស្រាយជូនពលរដ្ឋ។
ពលរដ្ឋអះអាងថា បើទោះជាពួកគាត់បានដាក់លិខិតស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយរកដំណោះស្រាយបញ្ហាដីធ្លីដែលត្រូវបានក្រុមហ៊ុន ឆាយណាហ្គ្រេត ខស រំលោភយកជាង២ពាន់ហិកតារនោះ អស់រយៈពេល១ខែមកនេះ នៅមិនទាន់ឃើញមានមន្ត្រីពាក់ព័ន្ធចុះទៅសិក្សា និងស្វែងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋនៅឡើយទេ។
តំណាងប្រជាពលរដ្ឋ លោក មុត ឈាត អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៤ ខែឧសភាថា បច្ចុប្បន្ននេះអាជ្ញាធរយាមល្បាតយ៉ាងតឹងរ៉ឹង ហាមឃាត់ពលរដ្ឋមិនឲ្យចូលទៅ ដាំដំណាំនៅលើដីដែលពលរដ្ឋធ្លាប់អាស្រ័យផលនៅក្នុងបរិវេណ ក្រុមហ៊ុន ឆាយណាហ្គ្រេត ខស នោះទេ។ រីឯអាជ្ញាធរពាក់ព័ន្ធក៏មិនទាន់ចុះទៅសិក្សា ឬជួយរកដំណោះស្រាយឲ្យពលរដ្ឋតាមការសន្យានោះដែរ។ លោកថា ប្រសិនបើអាជ្ញាធរមិនព្រមរកដំណោះស្រាយ និងកាត់ឆ្វៀលដីឲ្យពលរដ្ឋបានអាស្រ័យផលវិញនោះទេ ពួកគាត់ប្រឈមគ្មានដីស្រែចម្ការបង្កបង្កើនផលឡើយ ខណៈពលរដ្ឋមួយចំនួនកំពុងជំពាក់បំណុលធនាគារ។
លោក មុត ឈាត៖ «ស្នើសុំឲ្យសម្តេចបវរធិបតីជួយពិនិត្យរឿងនេះហើយឲ្យជួយកាត់ឆ្កៀលដីឲ្យប្រជាពលរដ្ឋឲ្យពួកខ្ញុំរាល់គ្នាបានអាស្រ័យផលដូចរាល់ដងវិញ បើគេមិនដោះស្រាយគឺអត់មានដីទេ ស្នើនឹងដូចយើងដើរទទេ នាំគ្នាដើរចេញពីដីមិនដឹងទៅធ្វើអីដើរស៊ីឈ្នួលគេមួយថ្ងៃ២ម៉ឺន ៣ម៉ឺន»។
ពលរដ្ឋព្រមាននាំគ្នាទៅតវ៉ានៅរាជធានីភ្នំពេញម្ដងទៀត ប្រសិនបើអាជ្ញាធរនៅតែមិនព្រមរកដំណោះស្រាយ និងបន្តធ្វើទុក្ខបុកម្នេញមិនឲ្យពលរដ្ឋបានអាស្រ័យផលលើដីទាំងអស់នោះវិញ។
កាលថ្ងៃទី៣០ ខែមីនា ពលរដ្ឋបាននាំគ្នាឡើងមករាជធានីភ្នំពេញដាក់ញត្តិស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយស្វែងរកដំណោះស្រាយ និងកាត់ឆ្វៀលដីស្រែចម្ការចេញពីបរិវេណក្រុមហ៊ុន ដើម្បីទុកឲ្យពលរដ្ឋបានអាស្រ័យផលចំណែកតំណាងខុទ្ទកាល័យរបស់ លោក ហ៊ុន ម៉ាណែត សន្យាថា នឹងប្រញាប់ស្វែងរកដំណោះឲ្យប្រជាពលរដ្ឋ ប៉ុន្តែរហូតមកដល់ថ្ងៃនេះមិនទាន់រកដំណោះស្រាយឲ្យពលរដ្ឋនោះឡើយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ និងអ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោក ណុប វុធ្ធី ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី០៤ ខែឧសភា។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរដែលបានសន្យាថា នឹងដោះស្រាយបញ្ហាដីធ្លីឲ្យពលរដ្ឋ គួរតែប្រញាប់រកដំណោះស្រាយឲ្យពួកគាត់ មិនត្រូវភូតកុហកពលរដ្ឋ និងពន្យារពេលទៀតនោះទេ។ លោកថា បច្ចុប្បន្នប្រជាពលរដ្ឋកំពុងជួបការលំបាកនូវបញ្ហាសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដូច្នេះអាជ្ញាធរត្រូវតែពន្លឿនរកដំណោះស្រាយ កុំឲ្យពួកគាត់រងការឈឺចាប់កាន់តែយូរ និងលែងមានជំនឿទៅលើរដ្ឋាភិបាល។
លោក យិន ម៉េងលី៖ «គាត់មានការលំបាកស្វែងរកយុត្តិធម៌ជាមួយអ្នកមានលុយ គឺមានការលំបាកណាស់ពេលខ្លះគាត់សុខចិត្តបោះបង់ចោល ដោយមិនអាចស្វែងរកយុត្តិធម៌សម្រាប់គាត់បានទេ រហូតពេលខ្លះគាត់ចំណាកស្រុកទៀត ព្រោះគាត់បាត់បង់អស់ហើយ ដីគឺជាអាយុជីវិតមានសារៈសំខាន់សម្រាប់ពួកគាត់ណាស់ អ៊ីចឹងគឺសូមឲ្យអាជ្ញាធរកុំធ្វើការដើម្បីគ្រាន់តែដោះស្រាយមួយរយៈសិន ត្រូវព្យាយាមពន្យល់ពលរដ្ឋ ព្យាយាមបង្ហាញអ្វីដែរយើងសន្យាជាមួយប្រជាពលរដ្ឋ ហើយរកដំណោះផ្សេងៗទៀត ដើម្បីដោះស្រាយបញ្ហានេះ»។
ក្រុមហ៊ុន ឆាយណាហ្គ្រេត ខស ទទួលបានអាជ្ញាប័ណពីរដ្ឋាភិបាល លើផ្ទៃដីជិត៦ពាន់(៥.៨៨០)ហិកតារ ដើម្បីដាំដំណាំកសិកម្ម ដូចជា ខ្នុរ ចេក និងស្វាយជាដើម ប៉ុន្តែបច្ចុប្បន្ននេះ ពលរដ្ឋអះអាងថា ស្រាប់តែមានសកម្មភាពរុករករ៉ែដែកទៅវិញ ហើយក្រុមហ៊ុនក៏ថែមទាំងរំលោភយកដីស្រែចម្ការរបស់ពលរដ្ឋជិត៤០០គ្រួសារទៀតផង។ រីឯអាជ្ញាធរខេត្តព្រះវិហារ មិនបានរកដំណោះស្រាយឲ្យពលរដ្ឋនោះទេ ផ្ទុយទៅវិញ អាជ្ញាធរខេត្តនេះបានដាក់កំហិតឲ្យពលរដ្ឋប្រគល់ដីស្រែចម្ការទាំងនោះឲ្យទៅក្រុមហ៊ុន និងត្រូវទទួលយកសំណងដែលក្រុមហ៊ុនផ្ដល់ឲ្យ ក្នុង១ហិកតារចំនួន១លាន២សែន (១.២០០.០០០)រៀល ដោយសំអាងថា ពលរដ្ឋទាំងនោះអាស្រ័យផលលើដីរបស់ក្រុមហ៊ុនឯកជន ខណៈពលរដ្ឋធ្លាប់អាស្រ័យផល ដាំដើមស្វាយចន្ទី និងដំណាំស្រូវ លើដីស្រែចម្ការទាំងនោះ តាំងពីឆ្នាំ១៩៩០ មកម្ល៉េះ៕









