

អ្នកឃ្លាំមើលថា មនុស្សជំនិតរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន គឺឧកញ៉ា លី យ៉ុងផាត់ និង ឧកញ៉ា កុក អាន គឺជាអ្នកឧបត្ថម្ភលុយដ៏ធំដល់គណបក្សប្រជាជនកម្ពុជា ឱ្យបន្តក្ដោបក្ដាប់អំណាច តាមបែបផ្ដាច់ការ ។ ពួកគាត់ថា បើទោះបីជាអ្នកទាំងនោះត្រូវបានសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិចោទប្រកាន់ពាក់ព័ន្ធ ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងការជួញដូរមនុស្សលំដាប់អន្តរជាតិក្ដី ក៏គ្មានស្ថាប័នរដ្ឋ ណាមួយ ហ៊ានបើកការស៊ើបអង្កេតទៅលើបុគ្គលទាំងពីរនាក់នេះ នោះដែរ។
អ្នកឃ្លាំមើលថា បើទោះបីជា មន្ត្រីរដ្ឋាភិបាលកម្ពុជា លោក លី យ៉ុងផាត់ និងលោក កុក អាន បានចេញអះអាងជាសាធារណៈថា មិនជាប់ជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ការលាងលុយកខ្វក់ និងអំពើជួញដូរមនុស្សក្ដី ព័ត៌មានជាតិ និងអន្តរជាតិ រួមនិងស្ថាប័នស៊ើបអង្កេតនៅតាមបណ្ដាប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក ជាដើម បានរកឃើញភស្តុតាងជាច្រើន ដាក់បន្ទុកមកលើលោក លី យ៉ុងផាត់ លោក កុក អាន ថាជា«មេខ្លោងនៃក្រុមឧក្រិដ្ឋជន»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៥ ខែឧសភា ថា ការដែល អាជ្ញាធរកម្ពុជាមិនហ៊ានបើកការស៊ើបអង្កេតមកលើមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់រដ្ឋាភិបាលត្រកូល«ហ៊ុន» រួមនឹង សមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ និងលោក កុក អាន ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញ និងការជួញដូរមនុស្ស ព្រោះអ្នកទាំងនោះ គឺជាអ្នករកលុយដ៏ធំបំផុតជួយដល់គ្រួសារត្រកូល«ហ៊ុន» រួមនិងគណបក្សកាន់អំណាច។
លោក គឹម សុខ៖ «ជាផ្លូវការលោក លី យ៉ុងផាត់ និងលោក កុក អាន ជាអ្នកកាន់លុយចិញ្ចឹមគណបក្សប្រជាជនកម្ពុជា ហើយត្រឹមត្រូវជាងនេះ លោក លី យ៉ុងផាត់ និងលោក កុក អាន គឺជាអ្នកកាន់លុយចិញ្ចឹមអំណាចគ្រួសារហ៊ុន សែន ទាំងម្ដង។ អ្នកទាំងពីរគឺជាស្ដេចឆបោកអនឡាញនៅប្រទេសកម្ពុជាហើយ ដែលមានលោក ហ៊ុន សែន កាងនៅពីក្រោយ។ ដូច្នេះជំនួញឆបោករបស់អ្នកទាំងពីរនឹង គឺជាជំនួញប្រមូលលុយចិញ្ចឹមអំណាចគ្រួសារហ៊ុន បើទោះបីជាមាន សម្ពាធមកពីណាក៏ដោយ លោក ហ៊ុន សែន មិនចាត់លោក លី យ៉ុង ផាត់ និង លោក កុក អាន ទេ»។
លោក លី យ៉ុងផាត់ គឺជាអ្នកជំនួញដ៏មានឥទ្ធិពលនៅកម្ពុជា ដែលមានទាំងទ្រព្យសម្បត្តិ និងអ្នកមានអំណាចនយោបាយកំពូលកាងពីក្រោយ។ លោក គឺជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ និងជាអ្នកកាន់ហិបលុយឱ្យគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីចុងឆ្នាំ២០២៣ដោយសារតែលោកតែងតែបរិច្ចាគ លុយច្រើនសន្ធឹកសន្ធាប់ ដល់កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ ប្រពន្ធ លោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី។
លោក លី យ៉ុង ផាត់ បានបរិច្ចាគលុយដល់កាកបាទក្រហមចំនួន៣លើក សរុបទឹកប្រាក់ជាង១លាន៥សែនដុល្លារ ចាប់ពីឆ្នាំ២០២២-២០២៣និង ឆ្នាំ២០២៥។ ថ្មីៗនេះទៀត លោកបានដឹកនាំសមាគមឧកញ៉ាកម្ពុជា បរិច្ចាគលុយ ដល់កាកបាទក្រហម ចំនួន១លាន៥ពាន់ដុល្លារ ជួយដល់គ្រួសារកងទ័ព និង ជនភៀសសឹក។ លោកកំពុងក្ដោបក្ដាប់មុខជំនួញជាច្រើន មានជាអាទិ៍ វិស័យហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនផ្គត់ផ្គង់ ថាមពលវារីអគ្គិសនី ទឹកស្អាត វិស័យទេសចរណ៍ សណ្ឋាគារ និងកាស៊ីណូ ជាដើម។ កាលពីខែ កញ្ញាឆ្នាំ២០២៤ លោកត្រូវបានសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងជំនួញឆបោកតាមអនឡាញ និងរូបិយប័ណ្ណគ្រីបតូ (Crypto)។
រីឯ លោក កុក អាន មានរហស្សនាមថាជា «បិតាបនល្បែងស៊ីសង» ព្រោះលោករកស៊ីខាងបនល្បែង ហើយជាម្ចាស់កាស៊ីណូឈ្មោះ Crown Resorts ដែលមាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនកម្ពុជា-វៀតណាម ជាដើម។ លោក ជាសមាជិកព្រឹទ្ធសភា ហើយក៏ជាអ្នកជួយចេញលុយ ៥០លានដុល្លារ ដែលរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន សងឱ្យរដ្ឋាភិបាលថៃ ចំពោះការខូចខាតនានាបណ្ដាលមកពីកុបកម្មដុតស្ថានទូត និងអគារក្រុមហ៊ុនថៃកាលពីដើមឆ្នាំ២០០៣ផងដែរ។
លោកកន្លងមក លោកបានបរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជា ចំនួន៣លើក មានទឹកប្រាក់សរុប ១លាន៥សែនដុល្លារ ពីឆ្នាំឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ និងបានបរិច្ចាគថវិកាចំនួន ១លានដុល្លារ ដល់លោក ហ៊ុន សែន ទិញមន្ទីរពេទ្យ«នគរទេព» ដើម្បីសាងសង់ធ្វើជា មន្ទីរពេទ្យហ្លួងម៉ែ កាលពីឆ្នាំ ២០២១។ ជាមួយគ្នានោះ លោកបានបរិច្ចាគលុយ ១លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩កាលពីឆ្នាំ២០២១ ផងដែរ។ ទោះជាបែបនេះក្ដី កាលពីខែមេសា ថ្មីៗនេះ លោកត្រូវបានក្រសួងហិរញ្ញវត្ថុអាមេរិកដាក់ទណ្ឌកម្ម ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
បើទោះបីជាលោក លី យ៉ុងផាត់ និងលោក កុន អាន មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោក និងអំពើជួញដូរមនុស្សលំដាប់អន្តរជាតិក្ដី ពួកគេ មិនត្រូវបានអាជ្ញាធរកម្ពុជាចាត់វិធានការផ្លូវច្បាប់ និង ស៊ើបអង្កេត ឬហៅទៅសួរនាំ នោះទេ ព្រោះពួកគេមានទាំងអំណាចនយោបាយ និងទ្រព្យសម្បត្តិជាច្រើន ដែលចាំ ជួយដល់ បក្សកាន់អំណាច និង គ្រួសារត្រកូល«ហ៊ុន»។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ និងលោក កុក អាន ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី០៥ ខែឧសភា។ រីឯ អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានប្រាប់ទូរទស្សន៍អាស៊ីសេរី កាលពីពេលថ្មីៗនេះ ថា លោក លី យ៉ុងផាត់ និង លោក កុក អាន គ្មានអាជ្ញាធរកម្ពុជាណា ហៅទៅសួរនាំ ឬបើកការស៊ើបអង្កេតនោះទេ ព្រោះពួកគេ មិនបានប្រព្រឹត្ត កំហុសដូចការចោទប្រកាន់របស់ អាមេរិកនោះឡើយ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចាត់ទុកការដែលរដ្ឋាភិបាល មិនស៊ើបអង្កេតមកលើ លោក លី យ៉ុងផាត់ និងលោក កុក អាន ពុំមែនជារឿងចម្លែកនោះទេ ព្រោះអ្នកទាំងនេះ គឺជាមនុស្សជំនិតរបស់ លោក ហ៊ុន សែន ។ លោកថា ប្រសិនបើមានការចាត់វិធានការផ្លូវច្បាប់ មកលើអ្នកទាំងពីរនោះ គឺប្រៀបដូច ជាការកាត់ផ្ដាច់សរសៃឈាមហិរញ្ញវត្ថុរបស់បក្សកាន់អំណាច។ ប៉ុន្តែយ៉ាងណា លោកថា ការដែល រដ្ឋាភិបាលព្យាយាមបិទបាំងអំពើឧក្រិដ្ឋកម្ម តាមរយៈការកុហកមហាជន និងសហគមន៍អន្តរជាតិ មិនអាចលាក់ជិតបានទេ។
លោក ម៉ែន ណាត៖ «កម្ពុជាមិនសហការជាមួយអាមេរិក មិនសហការជាមួយបណ្ដាប្រទេសទាំងឡាយ ដែលពាក់ព័ន្ធបទល្មើសឆ្លងដែន និងបទល្មើសអនឡាញ គឺបញ្ជាក់ថា កម្ពុជាកំពុងតែដាក់ទណ្ឌកម្មខ្លួនឯង ដែរ។ ក្នុងន័យនេះចង់បញ្ជាក់ថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួន គេផ្សព្វផ្សាយចង់ឱ្យកម្ពុជានឹងក្លាយជារដ្ឋឯកោ ព្រោះអ្វី វិស័យវិនិយោគក៏ពិបាក វិស័យពាណិជ្ជកម្មក៏ពិបាក និងវិស័យទេសចរណ៍ក៏ពិបាក»។
កន្លងមកនេះ សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិបានរកឃើញថា មិនមែនមានតែលោក លី យ៉ុងផាត់ និង លោក កុក អាន ទេដែលមានជាប់ពាក់ព័ន្ធ ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្សនោះទេ សូម្បីតែក្មួយលោក ហ៊ុន សែន គឺ លោក ហ៊ុន តូ និងលោក នេត សាវឿន ដែលទទួលបន្ទុកកិច្ចការសន្តិសុខជាតិ រួមនឹងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត ក៏ត្រូវបានគេ រកឃើញថា មានជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្ម ឆបោកអនឡាញ ការលាងលុយកខ្វក់និង ការជួញដូរមនុស្សលំដាប់អន្តរជាតិដែរ។ ប៉ុន្តែយ៉ាងណា អ្នកទាំងនោះ មិនត្រូវបានស្ថាប័នពាក់ព័ន្ធណាហ៊ាន ស៊ើបអង្កេត និងចាត់វិធានការច្បាប់នោះឡើយ៕









