អ្នកឃ្លាំមើល៖ អាជ្ញាធរ​មិន​ស៊ើបអង្កេត​បទឧក្រិដ្ឋ​លើ លោក លី យ៉ុងផាត់ និង​លោក កុក អាន ព្រោះ​ពួកគេ ជា​ប្រភព​លុយ​ដ៏​ធំ​របស់​បក្ស​កាន់អំណាច

0
163
ឧកញ៉ា​មានឥទ្ធិពល ​៣រូប (ពីឆ្វេង) លោក លី យ៉ុងផាត់ លោក កុក អាន និង​លោក ហ៊ុន តូ។ រូប៖ បណ្ដាញសង្គម
ឧកញ៉ា​មានឥទ្ធិពល ​៣រូប (ពីឆ្វេង) លោក លី យ៉ុងផាត់ លោក កុក អាន និង​លោក ហ៊ុន តូ។ រូប៖ បណ្ដាញសង្គម

អ្នកឃ្លាំមើល​ថា មនុស្ស​ជំនិត​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន គឺ​ឧកញ៉ា លី យ៉ុងផាត់ និង ឧកញ៉ា កុក អាន គឺជា​អ្នក​ឧបត្ថម្ភ​លុយ​ដ៏​ធំ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យ​បន្ត​ក្ដោប​ក្ដាប់​អំណាច តាម​បែប​ផ្ដាច់ការ ។ ពួកគាត់​ថា បើ​ទោះបីជា​អ្នក​ទាំងនោះ​ត្រូវ​បាន​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​ចោទប្រកាន់​ពាក់ព័ន្ធ ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​ការ​ជួញដូរ​មនុស្ស​លំដាប់​អន្តរជាតិ​ក្ដី ក៏​គ្មាន​ស្ថាប័នរដ្ឋ ណាមួយ ហ៊ាន​បើក​ការស៊ើបអង្កេត​ទៅលើ​បុគ្គល​ទាំងពីរ​នាក់​នេះ នោះ​ដែរ។

អ្នកឃ្លាំមើល​ថា បើ​ទោះ​បី​ជា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា លោក លី យ៉ុងផាត់ និង​លោក កុក អាន បាន​ចេញ​អះអាង​ជា​សាធារណៈ​ថា មិន​ជាប់​ជាប់​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ការ​លាង​លុយកខ្វក់ និង​អំពើ​ជួញដូរ​មនុស្ស​ក្ដី ព័ត៌មាន​ជាតិ និង​អន្តរជាតិ រួម​និង​ស្ថាប័ន​ស៊ើបអង្កេត​នៅ​តាម​បណ្ដា​ប្រទេស​មួយចំនួន ដូចជា សហរដ្ឋអាមេរិក ជាដើម បាន​រក​ឃើញ​ភស្តុតាង​ជាច្រើន ដាក់បន្ទុក​មក​លើ​លោក លី យ៉ុងផាត់ លោក កុក អាន ថា​ជា​«​មេខ្លោង​នៃ​ក្រុម​ឧក្រិដ្ឋជន»។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៥ ខែ​ឧសភា ថា ការដែល អាជ្ញាធរ​កម្ពុជា​មិន​ហ៊ាន​បើក​ការស៊ើបអង្កេត​មក​លើ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​របស់​រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន» រួម​នឹង សមាជិក​ព្រឹទ្ធសភា លោក លី យ៉ុងផាត់ និង​លោក កុក អាន ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ និង​ការ​ជួញដូរ​មនុស្ស ព្រោះ​អ្នក​ទាំងនោះ គឺជា​អ្នក​រកលុយ​ដ៏​ធំ​បំផុត​ជួយ​ដល់​គ្រួសារ​ត្រកូល​«​ហ៊ុន​» រួម​និង​គណបក្សកាន់អំណាច។

លោក គឹម សុខ៖ «ជា​ផ្លូវការ​លោក លី យ៉ុងផាត់ និង​លោក កុក អាន ជា​អ្នក​កាន់​លុយ​ចិញ្ចឹម​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ត្រឹមត្រូវ​ជាង​នេះ លោក លី យ៉ុងផាត់ និង​លោក កុក អាន គឺជា​អ្នក​កាន់​លុយ​ចិញ្ចឹម​អំណាច​គ្រួសារ​ហ៊ុន សែន ទាំង​ម្ដង​។ អ្នក​ទាំងពីរ​គឺជា​ស្ដេច​ឆបោក​អនឡាញ​នៅ​ប្រទេស​កម្ពុជា​ហើយ ដែល​មាន​លោក ហ៊ុន សែន កាង​នៅ​ពីក្រោយ។ ដូច្នេះ​ជំនួញ​ឆបោក​របស់​អ្នក​ទាំងពីរ​នឹង គឺជា​ជំនួញ​ប្រមូល​លុយ​ចិញ្ចឹម​អំណាច​គ្រួសារ​ហ៊ុន បើ​ទោះ​បី​ជា​មាន សម្ពាធ​មកពីណា​ក៏ដោយ លោក ហ៊ុន សែន មិន​ចាត់​លោក លី យ៉ុង ផាត់ និង លោក កុក អាន ទេ»។

លោក លី យ៉ុងផាត់ គឺជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា ដែល​មាន​ទាំង​ទ្រព្យសម្បត្តិ និង​អ្នក​មាន​អំណាច​នយោបាយ​កំពូល​កាង​ពីក្រោយ។ លោក គឺជា​សមាជិក​គណៈអចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ និង​ជា​អ្នក​កាន់​ហិប​លុយ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាប់​តាំង​ពី​ចុងឆ្នាំ​២០២៣​ដោយសារតែ​លោក​តែងតែ​បរិច្ចាគ លុយ​ច្រើន​សន្ធឹកសន្ធាប់ ដល់​កាកបាទក្រហមកម្ពុជា ដែល​ដឹកនាំ​ដោយ ប្រពន្ធ លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី។

លោក លី យ៉ុង ផាត់ បាន​បរិច្ចាគ​លុយ​ដល់​កាកបាទក្រហម​ចំនួន​៣​លើក សរុប​ទឹកប្រាក់​ជាង​១​លាន​៥​សែន​ដុល្លារ ចាប់ពី​ឆ្នាំ​២០២២-២០២៣​និង ឆ្នាំ​២០២៥​។ ថ្មីៗ​នេះ​ទៀត លោក​បាន​ដឹកនាំ​សមាគម​ឧកញ៉ា​កម្ពុជា បរិច្ចាគ​លុយ ដល់​កាកបាទក្រហម ចំនួន​១​លាន​៥​ពាន់​ដុល្លារ ជួយ​ដល់​គ្រួសារ​កងទ័ព និង ជនភៀសសឹក។ លោក​កំពុង​ក្ដោប​ក្ដាប់​មុខ​ជំនួញ​ជាច្រើន មាន​ជាអាទិ៍ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន​ផ្គត់ផ្គង់ ថាមពល​វារីអគ្គិសនី ទឹក​ស្អាត វិស័យ​ទេសចរណ៍ សណ្ឋាគារ និង​កាស៊ីណូ ជាដើម​។ កាលពី​ខែ កញ្ញា​ឆ្នាំ​២០២៤ លោក​ត្រូវ​បាន​សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ​គ្រីបតូ (Crypto)។

រីឯ លោក កុក អាន មាន​រហស្សនាម​ថា​ជា «​បិតា​បន​ល្បែងស៊ីសង​» ព្រោះ​លោក​រកស៊ី​ខាង​បន​ល្បែង ហើយ​ជា​ម្ចាស់​កាស៊ីណូ​ឈ្មោះ Crown Resorts ដែល​មាន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​ក្រុង​បាវិត ខេត្តស្វាយរៀង ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ជាដើម។ លោក ជា​សមាជិក​ព្រឹទ្ធសភា ហើយក៏​ជា​អ្នក​ជួយ​ចេញ​លុយ ៥០​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន សង​ឱ្យ​រដ្ឋាភិបាល​ថៃ ចំពោះ​ការខូចខាត​នានា​បណ្ដាលមកពី​កុបកម្ម​ដុត​ស្ថានទូត និង​អគារ​ក្រុមហ៊ុន​ថៃ​កាល​ពី​ដើមឆ្នាំ​២០០៣​ផង​ដែរ។

លោក​កន្លងមក លោក​បាន​បរិច្ចាគ​ថវិកា​ដល់​កាកបាទក្រហមកម្ពុជា ចំនួន​៣​លើក មាន​ទឹកប្រាក់​សរុប ១​លាន​៥​សែន​ដុល្លារ ពី​ឆ្នាំ​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៥ និង​បាន​បរិច្ចាគ​ថវិកា​ចំនួន ១​លាន​ដុល្លារ ដល់​លោក ហ៊ុន សែន ទិញ​មន្ទីរពេទ្យ​«​នគរ​ទេព​» ដើម្បី​សាងសង់​ធ្វើជា មន្ទីរពេទ្យ​ហ្លួង​ម៉ែ កាលពី​ឆ្នាំ ២០២១​។ ជាមួយគ្នា​នោះ លោក​បាន​បរិច្ចាគ​លុយ ១​លាន​ដុល្លារ សម្រាប់​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩​កាលពី​ឆ្នាំ​២០២១ ផង​ដែរ។ ទោះជា​បែបនេះ​ក្ដី កាលពី​ខែមេសា ថ្មីៗ​នេះ លោក​ត្រូវ​បាន​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ដាក់​ទណ្ឌកម្ម ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។

បើ​ទោះបី​ជា​លោក លី យ៉ុងផាត់ និង​លោក កុន អាន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក និង​អំពើ​ជួញដូរ​មនុស្ស​លំដាប់​អន្តរជាតិ​ក្ដី ពួកគេ មិន​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាត់វិធានការ​ផ្លូវច្បាប់ និង ស៊ើបអង្កេត ឬ​ហៅ​ទៅ​សួរនាំ នោះ​ទេ ព្រោះ​ពួកគេ​មាន​ទាំង​អំណាច​នយោបាយ និង​ទ្រព្យសម្បត្តិ​ជាច្រើន ដែល​ចាំ ជួយ​ដល់ បក្ស​កាន់អំណាច និង គ្រួសារ​ត្រកូល​«​ហ៊ុន»។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​សមាជិក​ព្រឹទ្ធសភា លោក លី យ៉ុងផាត់ និង​លោក កុក អាន ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​០៥ ខែឧសភា​។ រីឯ អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ជា ធីរិទ្ធ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ពេល​ថ្មីៗ​នេះ ថា លោក លី យ៉ុងផាត់ និង លោក កុក អាន គ្មាន​អាជ្ញាធរ​កម្ពុជា​ណា ហៅ​ទៅ​សួរនាំ ឬ​បើក​ការស៊ើបអង្កេត​នោះ​ទេ ព្រោះ​ពួកគេ មិនបាន​ប្រព្រឹត្ត កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់ ​អាមេរិក​នោះ​ឡើយ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ចាត់ទុក​ការដែល​រដ្ឋាភិបាល មិន​ស៊ើបអង្កេត​មក​លើ លោក លី យ៉ុងផាត់ និង​លោក កុក អាន ពុំ​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ព្រោះ​អ្នក​ទាំងនេះ គឺជា​មនុស្ស​ជំនិត​របស់ លោក ហ៊ុន សែន ។ លោក​ថា ប្រសិនបើ​មានការ​ចាត់​វិធានការ​ផ្លូវច្បាប់ មក​លើ​អ្នក​ទាំងពីរ​នោះ គឺ​ប្រៀប​ដូច ជា​ការ​កាត់ផ្ដាច់​សរសៃ​ឈាម​ហិរញ្ញវត្ថុ​របស់​បក្ស​កាន់អំណាច​។ ប៉ុន្តែ​យ៉ាងណា លោក​ថា ការដែល រដ្ឋាភិបាល​ព្យាយាម​បិទបាំង​អំពើ​ឧក្រិដ្ឋកម្ម តាមរយៈ​ការ​កុហក​មហាជន និង​សហគមន៍​អន្តរជាតិ មិនអាច​លាក់​ជិត​បានទេ។

លោក ម៉ែន ណាត៖ «កម្ពុជា​មិន​សហការ​ជាមួយ​អាមេរិក មិន​សហការ​ជាមួយ​បណ្ដា​ប្រទេស​ទាំងឡាយ ដែល​ពាក់ព័ន្ធ​បទល្មើស​ឆ្លងដែន និង​បទល្មើស​អនឡាញ គឺ​បញ្ជាក់​ថា កម្ពុជា​កំពុងតែ​ដាក់ទណ្ឌកម្ម​ខ្លួនឯង ដែរ​។ ក្នុង​ន័យ​នេះ​ចង់​បញ្ជាក់​ថា សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​មួយចំនួន គេ​ផ្សព្វផ្សាយ​ចង់ឱ្យ​កម្ពុជា​នឹង​ក្លាយជា​រដ្ឋ​ឯកោ ព្រោះ​អ្វី វិស័យ​វិនិយោគ​ក៏​ពិបាក វិស័យ​ពាណិជ្ជកម្ម​ក៏​ពិបាក និង​វិស័យ​ទេសចរណ៍​ក៏​ពិបាក»។

កន្លង​មក​នេះ សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​បាន​រក​ឃើញ​ថា មិនមែន​មានតែ​លោក លី យ៉ុងផាត់ និង លោក កុក អាន ទេ​ដែល​មាន​ជាប់​ពាក់ព័ន្ធ ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​អំពើ​ជួញដូរ​មនុស្ស​នោះ​ទេ សូម្បីតែ​ក្មួយ​លោក ហ៊ុន សែន គឺ លោក ហ៊ុន តូ និង​លោក នេត សាវឿន ដែល​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ រួម​នឹង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​នាក់​ទៀត ក៏​ត្រូវ​បាន​គេ រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម ឆបោក​អនឡាញ ការ​លាង​លុយកខ្វក់​និង ការ​ជួញដូរ​មនុស្ស​លំដាប់​អន្តរជាតិ​ដែរ​។ ប៉ុន្តែ​យ៉ាងណា អ្នក​ទាំងនោះ មិន​ត្រូវ​បាន​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ហ៊ាន ស៊ើបអង្កេត និង​ចាត់វិធានការ​ច្បាប់​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ