លោក ហ៊ុន តូ បដិសេធ​មិន​ទទួលខុសត្រូវ​រឿង​លុយ​អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ

0
168
សហប្រធានក្រុមហ៊ុន ហួយ វ័ន ផេ (Huione Pay) លោក ហ៊ុន តូ (ឆ្វេង) ទទួលបាច់ផ្កាពីអតីតមន្ត្រី​ក្រសួងមហាផ្ទៃ លោក ផែង វណ្ណៈ និងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ រូប៖ បណ្ដាញសង្គម
សហប្រធានក្រុមហ៊ុន ហួយ វ័ន ផេ (Huione Pay) លោក ហ៊ុន តូ (ឆ្វេង) ទទួលបាច់ផ្កាពីអតីតមន្ត្រី​ក្រសួងមហាផ្ទៃ លោក ផែង វណ្ណៈ និងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ រូប៖ បណ្ដាញសង្គម

ក្មួយប្រុស​បង្កើត​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​ត្រូវជា​បងជីដូនមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ ប្រកាស​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) នោះ​ទេ និង​បដិសេធ​ទទួលខុសត្រូវ​ចំពោះ​អតិថិជន​ដែល​បាន​បាត់​បង់លុយ​ដោយសារតែ​ក្រុមហ៊ុន ហួយវ័ន ផេ លួច​យក​ពី​គណនី។ លោក ហ៊ុន តូ អះអាង​បែបនេះ​ក្រោយ​ជនរងគ្រោះ​ជាច្រើន​នាក់​បាន​បាត់​បង់លុយ​ពី​គណនី​ហួយ​វ័ន ខណៈ​អតិថិជន ២​នាក់​ទៀត​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ដោយសារតែ​ចេញ​តវ៉ា​ទាមទារ​រឿង​លុយ​របស់​ខ្លួន។

ប្រធាន​ក្រុមហ៊ុន ហួយវ័ន ផេ លោក ហ៊ុន តូ ចេញមុខ​បដិសេធ​ការ​ចោទប្រកាន់​ថា ប្លន់​លុយ​អតិថិជន បន្ទាប់ពី​ជនរងគ្រោះ​បាន​នាំគ្នា​ចេញ​តវ៉ា និង​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ។

លោក ហ៊ុន តូ បាន​ចេញ​សេចក្ដី​បំភ្លឺ​មួយ​តាមរយៈ​មេធាវី​នៅ​ថ្ងៃទី​៦ ខែឧសភា ដោយ​ទទួលស្គាល់​ថា លោក​ពិត​ជា​មាន​ភាគហ៊ុន​ចំនួន ៣០​ភាគរយ​នៅក្នុង​ក្រុមហ៊ុន ហួយ​វ័ន ផេ​។ លោក​អះអាង​ថា លោក​បាន​បាត់បង់​សិទ្ធិ​ចាត់ចែង​ការងារ​ក្នុងនាម​ជា​ម្ចាស់​ភាគហ៊ុន ៣០​ភាគ​នេះ តាំងពី​ក្រុមហ៊ុន​ចាប់ផ្ដើម​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ ២០២០ ដោយសារតែ​ខកខាន​បង់​លុយ​ភាគហ៊ុន​ឱ្យ​ក្រុមហ៊ុន​បន្តដំណើរ​ការ​អាជីវកម្ម។

ក្នុង​សេចក្ដី​បំភ្លឺ​ដដែល​លោក ហ៊ុន តូ អះអាង​ទៀត​ថា ក្រុមហ៊ុន​ក៏​មិនបាន​បែងចែក​សិទ្ធិអំណាច និង​ការសម្រេចចិត្ត​ក្នុង​ការ​គ្រប់គ្រង​ចំណូល ចំណាយ និង​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​ក្រុមហ៊ុន​ឡើយ។

ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អតិថិជន​រងគ្រោះ​លើកឡើង​ថា ការ​បកស្រាយ​របស់​លោក ហ៊ុន តូ គឺជា​ការបោកប្រាស់ និង​ជា​លេស ដើម្បី​គេចវេះ​ពី​ការទទួលខុសត្រូវ​ចំពោះ​លុយ​របស់​អតិថិជន​ដែល​ត្រូវ​បាន​ក្រុមហ៊ុន ហួយវ័ន ផេ កាត់​ចេញពី​គណនី​។ អតិថិជន​អះអាង​ថា ពួកគាត់​បាន​ទទួល​ដំណឹង​ថា លោក ហ៊ុន តូ ទើបតែ​ដក​ភាគហ៊ុន​ចេញពី​ក្រុមហ៊ុន ហួយវ័ន ផេ អំឡុង​ឆ្នាំ​២០២៥ ពោល​ក្រោយពេល​អាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម។

អតិថិជន​ហួយវ័ន ផេ ម្នាក់​គឺ​លោកស្រី ជា ស្រីមុំ ដែល​បាត់​បង់លុយ​ពី​គណនី​ជាង ១​ម៉ឺន ៣​ពាន់​ដុល្លារ​ប្រកាស​ថា ការ​បកស្រាយ​របស់​លោក ហ៊ុន តូ លោកស្រី​មិនអាច​ទទួលយក​បាន​ឡើយ។ លោកស្រី​យល់​ថា ឯកសារ​បំភ្លឺ​របស់​លោក ហ៊ុន តូ ទំនង​ទើបតែ​រៀបចំ​តាក់តែង​ឡើង​ថ្មីៗ​នេះ ដើម្បី​ដាក់​សម្ពាធ​កុំឱ្យ​ជនរងគ្រោះ​បន្ត​នាំគ្នា​ចេញ​តវ៉ា​ទាម​ទារ​លុយ​របស់​ខ្លួន​ដែល​ក្រុមហ៊ុន​លួច​យក។

លោកស្រី ជា ស្រីមុំ៖ «គាត់​និយាយ​ថា ដក​ហ៊ុន​តាំងពី​ឆ្នាំ​២០២០ ខ្ញុំ​អត់​ទទួលស្គាល់​សូម្បីតែ​បន្តិច​។ ខ្ញុំ​គិតថា ឯកសារ​ហ្នឹង​គាត់​ទើបតែ​ចាប់ផ្ដើម​រៀបចំ​ដើម្បី​កុំឱ្យ​ពួក​ខ្ញុំ​ទៅ​តវ៉ា​បន្ត​ទៀត​។ គាត់​ទើបតែ​ដក​ហ៊ុន ២០២៥ ខែ​ឧសភា​។ អត់​មាន ២០២០ ទេ។ ពីព្រោះ ខ្ញុំ​ឆែក​ក្នុង​វេបសាយ (Website) ហើយ គាត់​ដក​ហ៊ុន ២០២៥ ខែ​ឧសភា​។ ក្នុង​ការ​គិត​របស់ខ្ញុំ បើសិនជា​យើង​ធ្វើ [​ប្ដឹង​ក្រុមហ៊ុន​] ក៏​ធ្វើ​អត់​ដល់​គេ​ដែរ ដោយសារ​គេ​មាន​ឯកសារ សំណុំរឿង​គេ គេ​ទើបតែ​ចាប់ផ្ដើម​សរសេរ (Copy) ឯកសារ សរសេរ​ថ្ងៃ​ហ្នឹង​ក៏បាន​ដែរ​។ ដូច​ខ្ញុំ​ចង់​មានរឿង​អ៊ីចឹង ខ្ញុំ​សរសេរ​ថ្ងៃ​ហ្នឹង ខ្ញុំ​បោះត្រា​ថ្ងៃ​ហ្នឹង ក៏​អូ​ខេ​ដែរ ខ្ញុំ​សរសេរ ២០២០ ទៅ​។ អាហ្នឹង​វា​ណាមួយ​តាម​មាត់​គេ អ៊ីចឹង​យើង​ធ្វើ​អី​ក៏​អត់​កើត​ដែរ ដោយសារ​យើង​រាស្ត្រ​សាមញ្ញ»។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​មេធាវី​លោក ហ៊ុន តូ គឺ​លោក សែ យូវ៉ាន់ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​៦ ខែ​ឧសភា។

ជនរងគ្រោះ​ក្រុមហ៊ុន ហួយវ័ន ផេ ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ជម្រះបញ្ជី​ឈ្មោះ រីចឆ៍ អេន ផាតនើ​រ (Reachs & Partners) ក្រោម​ការចាត់ចែង​របស់​ធនាគារជាតិ​មិនបាន​ធានា​ចំពោះ​លុយ​របស់​អតិថិជន​ដែល​ត្រូវ​បាន​ក្រុមហ៊ុន ហួយ​វ័ន បង្កក​ឡើយ។

តុលាការក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃទី​៣០ ខែមេសា បាន​ចោទប្រកាន់​អតិថិជន​ហួយវ័ន ផេ ២​នាក់​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ក្រោយ​អាជ្ញាធរ​បង្ក្រាប​ដោយ​ហិង្សា​លើ​អតិថិជន​ប្រមាណ ១០០​នាក់ ដែល​ចេញ​តវ៉ា​នៅ​ពីមុខ​ធនាគារជាតិ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៧ ខែមេសា​។ តុលាការ​សម្រេច​ឃុំខ្លួន និង​ចោទប្រកាន់​អតិថិជន​រងគ្រោះ លោក សួន សុវណ្ណថៃ និង​លោក វ៉ាត់ មករា ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​រាំងស្ទះ​ចរាចរណ៍​សាធារណៈ ដែល​អាច​ឱ្យ​ពួកគាត់​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣​តុលា លោក គឹម សុខ យល់​ថា ការ​បកស្រាយ​របស់​លោក ហ៊ុន តូ គឺ​រៀបចំ​ធ្វើឡើង​ដើម្បី​បញ្ចៀស ការ​ដាក់​សម្ពាធ​បន្ថែម​ដោយ​សហគមន៍​អន្តរជាតិ​លើ​រដ្ឋាភិបាល​ត្រកូល ហ៊ុន និង​គេចវេះ​ពី​ការ ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​។ លោក​សង្កត់ធ្ងន់​ថា ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ និង​សំណុំរឿង​ឧកញ៉ា​ផ្សេងទៀត​ដែល​រកស៊ី​បែប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​គឺជា​ផែនការ​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ដែល​អនុវត្ត​ស្រដៀង​ប្រទេស​កូរ៉េខាងជើង​ដែល​ប្លន់​លុយ​ពលរដ្ឋ និង​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក ដើម្បី​យក​មក​ចិញ្ចឹម​គណបក្ស​ប្រជាជន​កម្ពុជា និង​ពង្រឹង​អំណាច​ផ្ដាច់ការ​របស់​ខ្លួន។

លោក គឹម សុខ៖ «អ្នក​ពាក់ព័ន្ធ​នានា​នៅក្នុង​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) ហួយ​វ័ន គ្រុប (Huione Group) ទាំងអស់​ហ្នឹង មាន​ទាំង​លោក ហ៊ុន តូ និង​ក្រុម​អ្នកដឹកនាំ​ដទៃទៀត​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​របស់​ធនាគារ គឺ​សមត្ថកិច្ច​ត្រូវតែ​នាំ​ខ្លួន​ទៅ​សាកសួរ​ដាច់ខាត​។ មិន​ដូច្នោះ​ទេ វា​មានន័យថា រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន​ហ្នឹង ជា​អ្នក​រៀបចំ​ប្រព័ន្ធ​ឧក្រិដ្ឋកម្ម​ហ្នឹង​នៅ​ពីក្រោយ​តែម្ដង​។ ប្រសិនបើ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិនមែន​ជា​អ្នក​រៀបចំ​កាង​នៅ​ពីក្រោយ​ប្រព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​លុយ​របស់​អតិថិជន​រាប់ពាន់​នាក់​នៅ​ប្រទេស​កម្ពុជា​អ៊ីចឹង​ទេ គឺ​រដ្ឋាភិបាល​ហ្នឹង​គេ​ចាត់ការ​ហើយ​។ គេ​មិនអាច​ទុក​ឱ្យ​អ្នក​ដែល​ជាប់​សង្ស័យ​ក្នុង​រឿង​ឧក្រិដ្ឋកម្ម​ឆបោក​ធំ​យ៉ាងនេះ រួចខ្លួន​ទេ»។

សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ចាត់វិធានការ​រួម​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន ហួយ​វ័ន គ្រុប (Huione Group) និង​បុត្រ​សម្ពន្ធ​ក្រុមហ៊ុន​ពាក់ព័ន្ធ កាលពី​ចុងឆ្នាំ​២០២៥ ដោយសារតែ​រកឃើញ​ថា គឺជា​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម និង​បាន​ជួយ​លាងលុយកខ្វក់​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ និង​ក្រុម​ចោរ​ព័ត៌មានវិទ្យា​កូរ៉េខាងជើង​យ៉ាងហោចណាស់ ៤​ពាន់​លាន​ដុល្លារ។

ជនរងគ្រោះ​បញ្ជាក់​ថា អតិថិជន​ជាច្រើន​ដែល​បាត់​បង់លុយ​រាប់​សិប​ម៉ឺន​រហូត​ដល់​ខ្ទង់លាន​ដុល្លារ កំពុង​ស្វែងរក​មេធាវី និង​រៀបចំ​ឯកសារ​ប្ដឹង​ក្រុមហ៊ុន ដើម្បី​ទាមទារ​លុយ​វិញ ទោះបីជា​អ្នកខ្លះ​មិន​សូវ​មាន​សង្ឃឹមថា នឹង​ទទួល​បាន​លុយ​ត្រឡប់​មក​វិញ​ក៏​ដោយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ