

ក្មួយប្រុសបង្កើតប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងត្រូវជាបងជីដូនមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ ប្រកាសថា លោកមិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) នោះទេ និងបដិសេធទទួលខុសត្រូវចំពោះអតិថិជនដែលបានបាត់បង់លុយដោយសារតែក្រុមហ៊ុន ហួយវ័ន ផេ លួចយកពីគណនី។ លោក ហ៊ុន តូ អះអាងបែបនេះក្រោយជនរងគ្រោះជាច្រើននាក់បានបាត់បង់លុយពីគណនីហួយវ័ន ខណៈអតិថិជន ២នាក់ទៀតត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារដោយសារតែចេញតវ៉ាទាមទាររឿងលុយរបស់ខ្លួន។
ប្រធានក្រុមហ៊ុន ហួយវ័ន ផេ លោក ហ៊ុន តូ ចេញមុខបដិសេធការចោទប្រកាន់ថា ប្លន់លុយអតិថិជន បន្ទាប់ពីជនរងគ្រោះបាននាំគ្នាចេញតវ៉ា និងខ្លះត្រូវបានអាជ្ញាធរចាប់ឃុំខ្លួននៅពន្ធនាគារ។
លោក ហ៊ុន តូ បានចេញសេចក្ដីបំភ្លឺមួយតាមរយៈមេធាវីនៅថ្ងៃទី៦ ខែឧសភា ដោយទទួលស្គាល់ថា លោកពិតជាមានភាគហ៊ុនចំនួន ៣០ភាគរយនៅក្នុងក្រុមហ៊ុន ហួយវ័ន ផេ។ លោកអះអាងថា លោកបានបាត់បង់សិទ្ធិចាត់ចែងការងារក្នុងនាមជាម្ចាស់ភាគហ៊ុន ៣០ភាគនេះ តាំងពីក្រុមហ៊ុនចាប់ផ្ដើមដំណើរការដំបូងក្នុងឆ្នាំ ២០២០ ដោយសារតែខកខានបង់លុយភាគហ៊ុនឱ្យក្រុមហ៊ុនបន្តដំណើរការអាជីវកម្ម។
ក្នុងសេចក្ដីបំភ្លឺដដែលលោក ហ៊ុន តូ អះអាងទៀតថា ក្រុមហ៊ុនក៏មិនបានបែងចែកសិទ្ធិអំណាច និងការសម្រេចចិត្តក្នុងការគ្រប់គ្រងចំណូល ចំណាយ និងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនឡើយ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអតិថិជនរងគ្រោះលើកឡើងថា ការបកស្រាយរបស់លោក ហ៊ុន តូ គឺជាការបោកប្រាស់ និងជាលេស ដើម្បីគេចវេះពីការទទួលខុសត្រូវចំពោះលុយរបស់អតិថិជនដែលត្រូវបានក្រុមហ៊ុន ហួយវ័ន ផេ កាត់ចេញពីគណនី។ អតិថិជនអះអាងថា ពួកគាត់បានទទួលដំណឹងថា លោក ហ៊ុន តូ ទើបតែដកភាគហ៊ុនចេញពីក្រុមហ៊ុន ហួយវ័ន ផេ អំឡុងឆ្នាំ២០២៥ ពោលក្រោយពេលអាមេរិកប្រកាសដាក់ទណ្ឌកម្ម។
អតិថិជនហួយវ័ន ផេ ម្នាក់គឺលោកស្រី ជា ស្រីមុំ ដែលបាត់បង់លុយពីគណនីជាង ១ម៉ឺន ៣ពាន់ដុល្លារប្រកាសថា ការបកស្រាយរបស់លោក ហ៊ុន តូ លោកស្រីមិនអាចទទួលយកបានឡើយ។ លោកស្រីយល់ថា ឯកសារបំភ្លឺរបស់លោក ហ៊ុន តូ ទំនងទើបតែរៀបចំតាក់តែងឡើងថ្មីៗនេះ ដើម្បីដាក់សម្ពាធកុំឱ្យជនរងគ្រោះបន្តនាំគ្នាចេញតវ៉ាទាមទារលុយរបស់ខ្លួនដែលក្រុមហ៊ុនលួចយក។
លោកស្រី ជា ស្រីមុំ៖ «គាត់និយាយថា ដកហ៊ុនតាំងពីឆ្នាំ២០២០ ខ្ញុំអត់ទទួលស្គាល់សូម្បីតែបន្តិច។ ខ្ញុំគិតថា ឯកសារហ្នឹងគាត់ទើបតែចាប់ផ្ដើមរៀបចំដើម្បីកុំឱ្យពួកខ្ញុំទៅតវ៉ាបន្តទៀត។ គាត់ទើបតែដកហ៊ុន ២០២៥ ខែឧសភា។ អត់មាន ២០២០ ទេ។ ពីព្រោះ ខ្ញុំឆែកក្នុងវេបសាយ (Website) ហើយ គាត់ដកហ៊ុន ២០២៥ ខែឧសភា។ ក្នុងការគិតរបស់ខ្ញុំ បើសិនជាយើងធ្វើ [ប្ដឹងក្រុមហ៊ុន] ក៏ធ្វើអត់ដល់គេដែរ ដោយសារគេមានឯកសារ សំណុំរឿងគេ គេទើបតែចាប់ផ្ដើមសរសេរ (Copy) ឯកសារ សរសេរថ្ងៃហ្នឹងក៏បានដែរ។ ដូចខ្ញុំចង់មានរឿងអ៊ីចឹង ខ្ញុំសរសេរថ្ងៃហ្នឹង ខ្ញុំបោះត្រាថ្ងៃហ្នឹង ក៏អូខេដែរ ខ្ញុំសរសេរ ២០២០ ទៅ។ អាហ្នឹងវាណាមួយតាមមាត់គេ អ៊ីចឹងយើងធ្វើអីក៏អត់កើតដែរ ដោយសារយើងរាស្ត្រសាមញ្ញ»។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងមេធាវីលោក ហ៊ុន តូ គឺលោក សែ យូវ៉ាន់ ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី៦ ខែឧសភា។
ជនរងគ្រោះក្រុមហ៊ុន ហួយវ័ន ផេ ឱ្យដឹងទៀតថា ក្រុមហ៊ុនជម្រះបញ្ជីឈ្មោះ រីចឆ៍ អេន ផាតនើរ (Reachs & Partners) ក្រោមការចាត់ចែងរបស់ធនាគារជាតិមិនបានធានាចំពោះលុយរបស់អតិថិជនដែលត្រូវបានក្រុមហ៊ុន ហួយវ័ន បង្កកឡើយ។
តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី៣០ ខែមេសា បានចោទប្រកាន់អតិថិជនហួយវ័ន ផេ ២នាក់ក្នុងសំណុំរឿងព្រហ្មទណ្ឌក្រោយអាជ្ញាធរបង្ក្រាបដោយហិង្សាលើអតិថិជនប្រមាណ ១០០នាក់ ដែលចេញតវ៉ានៅពីមុខធនាគារជាតិកម្ពុជាកាលពីថ្ងៃទី២៧ ខែមេសា។ តុលាការសម្រេចឃុំខ្លួន និងចោទប្រកាន់អតិថិជនរងគ្រោះ លោក សួន សុវណ្ណថៃ និងលោក វ៉ាត់ មករា ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងរាំងស្ទះចរាចរណ៍សាធារណៈ ដែលអាចឱ្យពួកគាត់ប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣តុលា លោក គឹម សុខ យល់ថា ការបកស្រាយរបស់លោក ហ៊ុន តូ គឺរៀបចំធ្វើឡើងដើម្បីបញ្ចៀស ការដាក់សម្ពាធបន្ថែមដោយសហគមន៍អន្តរជាតិលើរដ្ឋាភិបាលត្រកូល ហ៊ុន និងគេចវេះពីការ ទទួលខុសត្រូវតាមផ្លូវច្បាប់។ លោកសង្កត់ធ្ងន់ថា ក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ និងសំណុំរឿងឧកញ៉ាផ្សេងទៀតដែលរកស៊ីបែបឧក្រិដ្ឋកម្មឆបោកតាមអនឡាញគឺជាផែនការរបស់រដ្ឋាភិបាលត្រកូល ហ៊ុន ដែលអនុវត្តស្រដៀងប្រទេសកូរ៉េខាងជើងដែលប្លន់លុយពលរដ្ឋ និងបណ្ដាប្រទេសជុំវិញពិភពលោក ដើម្បីយកមកចិញ្ចឹមគណបក្សប្រជាជនកម្ពុជា និងពង្រឹងអំណាចផ្ដាច់ការរបស់ខ្លួន។
លោក គឹម សុខ៖ «អ្នកពាក់ព័ន្ធនានានៅក្នុងក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) ហួយវ័ន គ្រុប (Huione Group) ទាំងអស់ហ្នឹង មានទាំងលោក ហ៊ុន តូ និងក្រុមអ្នកដឹកនាំដទៃទៀតក្នុងប្រព័ន្ធគ្រប់គ្រងរបស់ធនាគារ គឺសមត្ថកិច្ចត្រូវតែនាំខ្លួនទៅសាកសួរដាច់ខាត។ មិនដូច្នោះទេ វាមានន័យថា រដ្ឋាភិបាលក្រុមគ្រួសារហ៊ុនហ្នឹង ជាអ្នករៀបចំប្រព័ន្ធឧក្រិដ្ឋកម្មហ្នឹងនៅពីក្រោយតែម្ដង។ ប្រសិនបើ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនមែនជាអ្នករៀបចំកាងនៅពីក្រោយប្រព័ន្ធឧក្រិដ្ឋកម្មឆបោកលុយរបស់អតិថិជនរាប់ពាន់នាក់នៅប្រទេសកម្ពុជាអ៊ីចឹងទេ គឺរដ្ឋាភិបាលហ្នឹងគេចាត់ការហើយ។ គេមិនអាចទុកឱ្យអ្នកដែលជាប់សង្ស័យក្នុងរឿងឧក្រិដ្ឋកម្មឆបោកធំយ៉ាងនេះ រួចខ្លួនទេ»។
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសចាត់វិធានការរួមដាក់ទណ្ឌកម្មលើក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) និងបុត្រសម្ពន្ធក្រុមហ៊ុនពាក់ព័ន្ធ កាលពីចុងឆ្នាំ២០២៥ ដោយសារតែរកឃើញថា គឺជាក្រុមហ៊ុនដ៏ធំសម្បើមជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម និងបានជួយលាងលុយកខ្វក់ឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ និងក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើងយ៉ាងហោចណាស់ ៤ពាន់លានដុល្លារ។
ជនរងគ្រោះបញ្ជាក់ថា អតិថិជនជាច្រើនដែលបាត់បង់លុយរាប់សិបម៉ឺនរហូតដល់ខ្ទង់លានដុល្លារ កំពុងស្វែងរកមេធាវី និងរៀបចំឯកសារប្ដឹងក្រុមហ៊ុន ដើម្បីទាមទារលុយវិញ ទោះបីជាអ្នកខ្លះមិនសូវមានសង្ឃឹមថា នឹងទទួលបានលុយត្រឡប់មកវិញក៏ដោយ៕









