

ពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-ថៃក្នុងតំបន់មានជម្លោះ ពុំសប្បាយចំពោះរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដែលបណ្ដែតបណ្ដោយ ឱ្យយន្តហោះ និងដ្រូន (Drone) ស៊ើបការណ៍ របស់ថៃបន្តហោះចូលដែនអធិបតេយ្យកម្ពុជា តាមព្រំដែនយ៉ាងអនាធិបតេយ្យ ដោយគ្មានការរារាំង។ ទន្ទឹមគ្នានោះកងទ័ពខ្មែរដែលយាមកាមតាមព្រំដែនបានត្រឹមតែឈរមើល និងខ្លះទៀត រត់ចូលព្រៃ ដើម្បីបិទបាំងខ្លួនពេលឃើញយន្តហោះថៃ ចូលដីខ្មែរម្ដងៗ។
ក្រៅតែពីធ្វើ សកម្មភាពឈូសឆាយ និងរាយលួសបន្លាព័ទ្ធ យកដីខ្មែរ តាមព្រំដែន យោធាថៃ ក៏តែងតែសកម្មក្នុងការស៊ើបការណ៍ទាំងយប់ ទាំងថ្ងៃ ដោយប្រើប្រាស់យន្តហោះ និងDrone ស៊ើបការណ៍ហោះចូល ក្នុងដែនអធិបតេយ្យកម្ពុជា ដោយគ្មានខ្លាចរអាកម្ពុជាឡើយ ស្របពេលកម្ពុជា ពុំមានវិធានការរារាំង ឬប្ដឹងពួកគេ ទៅកាន់តុលាការអន្តរជាតិ។
បើតាមការអះអាងរបស់ពលរដ្ឋ និងកងទ័ពជួរមុខខ្លះថា យន្តហោះស៊ើបការណ៍ របស់ថៃភាគច្រើន តែងឃើញហោះ នៅពេលយប់ និងពេលថ្ងៃត្រង់ តាមព្រំដែន ដូចជាតំបន់ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ តំបន់ អូស្មាច់ខេត្តឧត្តរមានជ័យ និងតាមតំបន់ ជួរភ្នំដងរែកក្នុងខេត្តព្រះវិហារ។
ពលរដ្ឋរស់នៅក្នុងតំបន់អូរស្មាច់ខេត្តឧត្តរមានជ័យ ប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាពលើកឡើងថា យន្តហោះ និងដ្រូនស៊ើបការណ៍របស់ថៃ ហោះចូលក្នុងតំបន់ អូរស្មាច់ និងតំបន់ជាប់ព្រំដែន ខេត្តបន្ទាយមានជ័យ ស្ទើរតែរាល់ថ្ងៃ ។ លោក ថាទាំងកងទ័ព និងអាជ្ញាធរមូលដ្ឋានក៏បានដឹងរឿងនេះ ប៉ុន្តែ គ្មាននរណាហ៊ាននិយាយនោះទេ។ លោកថា រដ្ឋាភិបាល បណ្ដោយឱ្យយន្តហោះថៃ ចូលដីខ្មែរតាមអំពើចិត្តនេះជារឿងមិនត្រឹមត្រូវ។
ពលរដ្ឋ៖ «បើចិត្តខ្ញុំមិនចង់ឱ្យវាហោះចូលតាមអំពើចិត្តទេវាខុសនឹងច្បាប់ជាតិ និងអន្តរជាតិ ព្រោះ យើងខ្មែរ និងថៃកំពុងតែមានជម្លោះជាមួយគ្នា។ ហេតុអ្វីយន្តហោះថៃហោះចូលដីខ្មែរជិតកណ្ដាលប្រទេសហើយ អត់មានអាជ្ញាធរដែនដីឬក៏អ្នកដឹកនាំ ទប់ស្កាត់ គឺអត់មានសោះ»។
រីឯកងទ័ពខ្មែរ ឈរជើងនៅតំបន់ជើងភ្នំដងរែកបានប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់បន្ថែមយ៉ាងខ្លីថា ពិតជាឃើញមានយន្តហោះ និងDrone ស៊ើបការណ៍ថៃហោះចូលទឹកដីខ្មែរ មែន ប៉ុន្តែភាគីកម្ពុជា មិនបានរារាំងតាមមធ្យោបាយណាមួយទេ។
ទូរទស្សន៍អាស៊ីសេរី នៅពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និងអ្នកនាំពាក្យខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្ដី ដើម្បីបញ្ជាក់បន្ថែមបាននៅឡើយទេ នៅថ្ងៃទី៦ ខែឧសភា ដោយហៅទូរស័ព្ទចូល តែគ្មានអ្នកទទួល។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ប្រសិនបើករណីយន្តហោះ និង Drone ស៊ើបការណ៍ថៃហោះចូលដីខ្មែរបានដោយសេរីដូចការអះអាងរបស់ពលរដ្ឋមែន នេះបង្ហាញឱ្យឃើញថា ភាគីថៃកំពុងតែប្រមាថមកលើដែនអធិបតេយ្យកម្ពុជានិងគំរាមកំហែងកម្ពុជា ស្របពេលដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែគ្មានភាពច្បាស់លាស់លើការដោះស្រាយ ជម្លោះតាមយន្តការជាតិ។ លោកបន្តថា ករណី ដែលថៃប្រើយន្តហោះ ឬដ្រូន ស៊ើបការណ៍ចូលដីខ្មែរ កម្ពុជាមានសិទ្ធិស្រប ច្បាប់ក្នុងការបាញ់ទម្លាក់ចោល មិនគួរឱ្យសត្រូវហោះហើរលើ ដែនអាកាសកម្ពុជា យ៉ាងអនាធិបតេយ្យបែបនេះទេ។
លោក ម៉ែន ណាត៖ «បើមានយន្តហោះ និងដ្រូន ហោះកាត់ចូលដែនអធិបតេយ្យកម្ពុជា កម្ពុជាត្រូវចាត់វិធានការទប់ស្កាត់ជាក់ស្ដែង។ កាលណាមានចាត់វិធានការទប់ស្កាត់ជាក់ស្ដែង គឺត្រូវមានកម្លាំងការពារខ្លួនហើយ ។ ឧបមាថា បើហោះចូលដីខ្មែរ គឺត្រូវមានដំណាក់កាលពីរបីដែរ។ ទី១. បើយន្តការរដ្ឋបាល គឺធ្វើសេចក្ដីជូនដំណឹង ធ្វើលិខិតតវ៉ាការទូចអ៊ីចឹងទៅ។ ប៉ុន្តែបើនៅតែបំពានដដែលគឺអាចប្រើយន្តការច្បាប់អន្តរជាតិ បើហោះចូលដែនអធិបតេយ្យកម្ពុជា គឺកម្ពុជា បាញ់ទម្លាក់»។
នេះពុំមែនជារឿងថ្មីទេ ដែលភាគីថៃបានរំលោភបំពានមកលើដែនអាកាសកម្ពុជា តាមរយៈការប្រើយន្តហោះ និងដ្រូនស៊ើបការណ៍ចូលដែនអធិបតេយ្យកម្ពុជាទាំងគឃ្លើន។ រីឯដែនសមុទ្រ និងដែនគោកជិត៧០ទីតាំង ក៏ភាគីថៃកំពុងតែ ឈ្លានពានយក ដោយគ្មានខ្វល់នឹងច្បាប់អន្តរជាតិនោះដែរ។ អ្នកឃ្លាំមើលរិះគន់ថា ដោយសារតែ រដ្ឋាភិបាលដឹកនាំដោយត្រកូល«ហ៊ុន» អសមត្ថភាព ធ្វើឱ្យប្រទេសជាតិទន់ខ្សោយគ្រប់វិស័យ ទើបប្រទេសជិតខាងប្រមាថមើលងាយសព្វបែបយ៉ាង ខណៈការប្ដឹងថៃទៅកាន់តុលាការអន្តរជាតិក៏គ្មាន៕









