កម្ពុជា​ប្រឆាំង​នឹង​ប្រទេស​ថៃ ដែល​ចុះ​ប្រាសាទ​បុរាណ​ខ្មែរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ជាតិ​ថៃ

0
110
រូបភាព​​ប្រាសាទ​តាក្របី (ពី​ឆ្វេង) បង្ហាញ​ពី​រូប​ភាព​នៅ​ល្អ និង​បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី៩ ធ្នូ និង​វាយ​ប្រហារ​បំផ្លាញ​ទាំងស្រុង​ពី​យោធា​ថៃ កាល​ពី​ថ្ងៃទី១០ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក​លោក នេត្រ ភក្ត្រា

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍​តវ៉ា​ដាច់អហង្ការ ទៅកាន់​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ ដែល​បាន​យក​ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី ប្រាសាទ​ខ្នារ និង​ទីតាំង​បុរាណ​ស្ថាន​របស់​ខ្មែរ មួយចំនួន ដែល​ថៃ​កំពុង​កាន់​កាប់​ដោយ​ខុសច្បាប់ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ជាតិ​ថៃ។ អ្នកឃ្លាំមើល​ថា ប្រសិនបើ​កម្ពុជា​ពិតជា ខ្លាច​បាត់បង់​ទឹកដី និង​ប្រាសាទ បុរាណ​មែន កម្ពុជា​ត្រូវ​ប្រញាប់​ប្ដឹង​ថៃ​ទៅកាន់ តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។

ក្រោយពី​យោធា​ថៃ បាន​បង្ក​សង្គ្រាម​ឈ្លានពាន​យក​ទឹកដី​ខ្មែរ និង​ពង្រីក​ការ​រាយ​លួស​បន្លា​ព័ទ្ធ​យក​ដី​ខ្មែរ​បន្ថែម​ទៀត តាម​ព្រំដែន ពេលនេះ​ថៃ កំពុងតែ​បម្លែង​ប្រាសាទបុរាណ​ខ្មែរ​ជាច្រើន នៅ​តាម​ព្រំដែន ដែល​ពួកគេ​កំពុង​កាន់កាប់ ឱ្យ​ក្លាយ​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​របស់​ថៃ​ជា​ផ្លូវការ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កម្ពុជា នៅ​ថ្ងៃទី​១៣ ខែឧសភា បាន​ចេញ​សេចក្ដីថ្លែងការណ៍ ដោយ​រៀបរាប់​ថា កម្ពុជា​តវ៉ា​យ៉ាង​ខ្លាំងក្លា និង​បដិសេធ​យ៉ាង​ដាច់ខាត​ចំពោះ ការសម្រេច​របស់​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ ក្នុង​ការ​ចុះបញ្ជី​បណ្ដុំ​ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី ប្រាសាទ​ខ្នារ និង​ទីតាំង​បុរាណ​ស្ថាន​ទាំងឡាយ​តាម​បណ្ដោយ​ព្រំដែន​ស្ថិត​ក្នុង​ដែន អធិបតេយ្យភាព​កម្ពុជា​ក្នុង​បញ្ជី​ជាតិ បុរាណ​ស្ថាន របស់​ប្រទេស​ថៃ ដោយ​ឯកតោភាគី និង​ទាំង បំពាន​ច្បាប់​អន្តរជាតិ។

ក្រសួង​ក៏បាន​សង្កត់ធ្ងន់​ថា សកម្មភាព​របស់​ភាគី​ថៃ​ធ្វើ​នេះ គឺជា​ទង្វើ​ខុសច្បាប់ មិនអាច​ទទួល​យក​បាន និង​គ្មាន​មូលដ្ឋាន​ស្របច្បាប់ ដើម្បី​ប្រើប្រាស់​ជា ភស្តុតាង សម្រាប់​អះអាង​ថា​ជា​អធិបតេយ្យភាព​ទឹកដី ឬ​ជា​ឧបករណ៍​សម្រាប់​ការកំណត់​ព្រំដែន​របស់​ថៃ បាន​ឡើយ​។ ក្រសួង​ក៏បាន​បញ្ជាក់​ថា បញ្ហា​អធិបតេយ្យភាព និង​ការកំណត់​ព្រំដែន រវាង​កម្ពុជា និង​ថៃ ត្រូវ​ដោះស្រាយ​ដោយ​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាមច្បាប់​អន្តរជាតិ រួម​ទាំង​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៧ និង​លិខិតុបករណ៍​ពាក់ព័ន្ធ​ផ្សេងៗ​។ ជាពិសេស ថៃ​ត្រូវ​អនុវត្ត​ទៅតាម​យន្តការ​ទ្វេភាគី​ដែល បាន​បង្កើត​ឡើង ដូចជា​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ (MoU 2000) លក្ខខណ្ឌ​យោង​ឆ្នាំ​២០០៣ (TOR 2003) និង​សមត្ថកិច្ច​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ភាគី​ទាំងពីរ ហៅ​កាត់​ថា​JBC។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចាត់ទុក​ការចុះបញ្ជី​នេះ​ថា​ជា​ការ​ប៉ុនប៉ង​ខុសច្បាប់ ក្នុង​ការ​បង្កើត​ទម្រង់​ផ្លូវច្បាប់​ក្លែងក្លាយ​លើ​ទីតាំង​បេតិកភណ្ឌ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា​។ ក្រសួង​ថា ទង្វើ​នេះ​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ហើយ​បំផ្លាញ​ស្មារតី​នៃ​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ការគោរព​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ។ ជា​ចុងក្រោយ ក្រសួង​ក៏បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថៃ ត្រូវតែ​លុបចោល ជាបន្ទាន់ នូវ​ការចុះបញ្ជី​ខុសច្បាប់​នេះ និង​បញ្ឈប់​រាល់​សកម្មភាព​ឯកតោភាគី ដែល​កំពុង​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

បើទោះបីជា​មានការ​អះអាង​ដ៏​វែង​អន្លាយ រួម​ដោយ​ហេតុផល​ដ៏​ច្បាស់លាស់​ថា ភាគី​ថៃ​កំពុងតែ​ប្រព្រឹត្ត​នូវ​ទង្វើ​ខុសច្បាប់​អន្តរជាតិ និង​កំពុងតែ​រំលោភ​លើ​ដែន​អធិបតេយ្យ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​ក្ដី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ពុំបាន​បញ្ជាក់​ថា នឹង ចាត់វិធានការ​ជាក់លាក់​ណាមួយ ដើម្បី​ដាក់​សម្ពាធ មក​លើ​ភាគី​ថៃ តាមរយៈ​យន្តការ​អន្តរជាតិ​នោះ​ទេ។

ការ​លើកឡើង​នេះ​ក្រោយ​ពី​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ នៅ​ថ្ងៃទី​១២ ខែឧសភា បាន​ចុះបញ្ជី​ជា​ផ្លូវការ​នូវ​តំបន់​ប្រវត្តិសាស្ត្រ​មួយចំនួន ឱ្យ​ទៅ​ជា បេតិកភណ្ឌ​បុរាណវត្ថុ​ជាតិ ក្នុង​បណ្ដុំ​ប្រាសាទ​ជាង​១០​ប្រាសាទ​ដូចជា ប្រាសាទ​តាមាន់ធំ ប្រាសាទ​តា​ក្របី ប្រាសាទខ្នារ រួម​នឹង​ប្រាសាទ​ជាច្រើន​ទៀត ដែល​ភាគី​ថៃ​អះអាង​ថា នៅ​លើ​ទឹកដី​ខេត្ត​សុរិន្ទ ជាប់​នឹង​ព្រំដែន​កម្ពុជា ហើយ​ថែមទាំង​ចាត់ទុក​ប្រាសាទ​ទាំងនោះ​ថា​ជា​របស់​ថៃ​ជា​អចិន្ត្រៃយ៍។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា កម្ពុជា​មិន​គួរ​អូស​បន្លាយ​ពេល ក្នុង​ការ​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ​ទៀត​នោះ​ទេ ប្រសិនបើ​កម្ពុជា​មិន​ចង់ឱ្យ​ទឹកដី និង​ប្រាសាទបុរាណ​ត្រូវ​បាន​បាត់បង់​ទៅកាន់​ភាគី​ថៃ​ជា​អចិន្ត្រៃយ៍​។ លោក​ថា មក​ទល់​ពេលនេះ​ទាំង​ក្រសួងការបរទេស​និង​ក្រសួង​ពាក់ព័ន្ធ​បាន​ចេញ​លិខិតតវ៉ា និង​ថ្កោលទោស ភាគី​ថៃ មក​ជា​ច្រើន​ហើយ រីឯ ភាគី​ថៃ មិន​ស្ដាប់ កម្ពុជា​នោះ​ទេ ដូច្នេះ កម្ពុជា​គួរតែ​ពន្លឿន យក​សំណុំ​រឿង​នេះ​ប្ដឹង​ថៃ ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​យក​បញ្ហា​ប្រាសាទបុរាណ​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ដូចជា​អង្គការ​យូណេស្កូ ដើម្បី​ឱ្យ​ជួយ​ដាក់​សម្ពាធ​ថៃ គឺជា​រឿង​ចាំបាច់​។​

លោក ម៉ែន ណាត៖ «ដូចជា​ប្រាសាទ​តា​ក្របី ប្រាសាទ​តាមាន់តូច តា​មាន់​ធំ នៅក្នុង​ដែន​អធិបតេយ្យ​កម្ពុជា ហើយ​ជា​ប្រវត្តិសាស្ត្រ​យូរអង្វែង​របស់​កម្ពុជា តាំងពី​សម័យ​មហានគរ។ ទី​៣​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តំបន់​ទាំងអស់​ហ្នឹង ពេល​ដែល​សៀម​ចូល​មក​ឈ្លានពាន​បណ្ដេញ​ប្រជាពលរដ្ឋ​ពី​ភូមិករ​អស់ហើយ​។ ចំណុច​នឹង​ជា​ភស្តុតាង​ជាក់ស្ដែង​ដែល​កម្ពុជា​មាន​ឯកសារ​ចងក្រង​ឱ្យ​បាន​ពេញលេញ​ទៅ ហើយ​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ​ទៅ គឺ​យើង​មាន​អាទិភាព​ហើយ​ផ្លូវច្បាប់​នោះ»។

បន្ទាប់ពី​ការប្រកាស​ចុះបញ្ជី​បេតិកភណ្ឌ​ជាតិ អាជ្ញាធរ​ថៃ ក៏​គ្រោង​នឹង​រៀបចំ​កម្មវិធី​រាំ​បែប​ប្រពៃណី និង​ពិធីបួងសួង​នៅក្នុង​បរិវេណ​ប្រាសាទ​ខ្នារ ចាប់ពី​ថ្ងៃទី​១៦ ខែឧសភា​។ ប្រាសាទ​ខ្នារ​ស្ថិតនៅ​ជួរ​ភ្នំ​ដងរែក​សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ ជាប់​ព្រំដែន​ថៃ ហើយ​បច្ចុប្បន្ន​ថៃ​កំពុងតែ​កាន់កាប់​។ ជាមួយ​គ្នា​នេះ​កាលពី​ថ្ងៃទី​២២​មេសា​កន្លងទៅ ក្រសួង​វប្បធម៌​ថៃ ក៏បាន​ធ្វើ​ពិធីបួងសួង​នៅក្នុង​បរិវេណ​ប្រាសាទ​តា​ក្របី​ផង​ដែរ និង​បាន​ប្រកាស​ជួសជុល​ប្រាសាទ​តា​ក្របី ឡើងវិញ ក្រោយពី យោធា​ថៃ​បាន​ធ្វើ​សង្គ្រាម​ឈ្លានពាន ដណ្ដើម​ពី​កម្ពុជា អស់​រយៈពេល​២១​ថ្ងៃ។

បើទោះបីជា ក្រសួង​វប្បធម៌ និង​ក្រសួងការបរទេស​កម្ពុ​ជា បាន​ចេញ​លិខិតតវ៉ា​និង​ថ្កោលទោស​ជាច្រើន​ក្ដី ថៃ​មិនបាន​អើពើ​នឹង​កម្ពុជា​នោះ​ទេ ផ្ទុយទៅវិញ ពួកគេ​ថែមទាំង​ពង្រីក​ការឈ្លានពាន យក​ទឹកដី​ខ្មែរ​តាម​ព្រំដែន​ជា​បន្តបន្ទាប់ ខណៈ​តំបន់​យុទ្ធសាស្ត្រ​យោធា តាម​ដងភ្នំ​ដងរែក​ជាច្រើន ដូចជា​ភ្នំ​ទ្រព្យ ខេត្តព្រះវិហារ និង ភ្នំ​៣៥០​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាដើម សុទ្ធតែ ត្រូវ​បាន​ថៃ​កាន់កាប់ និង​ក្លាយជា​ទីតាំង​យោធា​ដ៏​រឹងមាំ​របស់​ថៃ ខណៈ​កងទ័ព កម្ពុជា បាន​ត្រឹមតែ​ឈរ​នៅ​តាម​ជើងភ្នំ ហើយ​ពេលខ្លះ ត្រូវ​បាន​យោធា​ថៃ ប្រមាថមើលងាយ ដោយ​ពាក្យសម្ដី​សព្វ​បែប​យ៉ាង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ