
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា បានចេញសេចក្ដីថ្លែងការណ៍តវ៉ាដាច់អហង្ការ ទៅកាន់នាយកដ្ឋានវិចិត្រសិល្បៈថៃ ដែលបានយកប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានរបស់ខ្មែរ មួយចំនួន ដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ ចុះក្នុងបញ្ជីបេតិកភណ្ឌជាតិថៃ។ អ្នកឃ្លាំមើលថា ប្រសិនបើកម្ពុជាពិតជា ខ្លាចបាត់បង់ទឹកដី និងប្រាសាទ បុរាណមែន កម្ពុជាត្រូវប្រញាប់ប្ដឹងថៃទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ ICJ។
ក្រោយពីយោធាថៃ បានបង្កសង្គ្រាមឈ្លានពានយកទឹកដីខ្មែរ និងពង្រីកការរាយលួសបន្លាព័ទ្ធយកដីខ្មែរបន្ថែមទៀត តាមព្រំដែន ពេលនេះថៃ កំពុងតែបម្លែងប្រាសាទបុរាណខ្មែរជាច្រើន នៅតាមព្រំដែន ដែលពួកគេកំពុងកាន់កាប់ ឱ្យក្លាយទៅជាសម្បត្តិបេតិកភណ្ឌជាតិរបស់ថៃជាផ្លូវការ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា នៅថ្ងៃទី១៣ ខែឧសភា បានចេញសេចក្ដីថ្លែងការណ៍ ដោយរៀបរាប់ថា កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លា និងបដិសេធយ៉ាងដាច់ខាតចំពោះ ការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃ ក្នុងការចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានទាំងឡាយតាមបណ្ដោយព្រំដែនស្ថិតក្នុងដែន អធិបតេយ្យភាពកម្ពុជាក្នុងបញ្ជីជាតិ បុរាណស្ថាន របស់ប្រទេសថៃ ដោយឯកតោភាគី និងទាំង បំពានច្បាប់អន្តរជាតិ។
ក្រសួងក៏បានសង្កត់ធ្ងន់ថា សកម្មភាពរបស់ភាគីថៃធ្វើនេះ គឺជាទង្វើខុសច្បាប់ មិនអាចទទួលយកបាន និងគ្មានមូលដ្ឋានស្របច្បាប់ ដើម្បីប្រើប្រាស់ជា ភស្តុតាង សម្រាប់អះអាងថាជាអធិបតេយ្យភាពទឹកដី ឬជាឧបករណ៍សម្រាប់ការកំណត់ព្រំដែនរបស់ថៃ បានឡើយ។ ក្រសួងក៏បានបញ្ជាក់ថា បញ្ហាអធិបតេយ្យភាព និងការកំណត់ព្រំដែន រវាងកម្ពុជា និងថៃ ត្រូវដោះស្រាយដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងលិខិតុបករណ៍ពាក់ព័ន្ធផ្សេងៗ។ ជាពិសេស ថៃត្រូវអនុវត្តទៅតាមយន្តការទ្វេភាគីដែល បានបង្កើតឡើង ដូចជាអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MoU 2000) លក្ខខណ្ឌយោងឆ្នាំ២០០៣ (TOR 2003) និងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ ហៅកាត់ថាJBC។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកការចុះបញ្ជីនេះថាជាការប៉ុនប៉ងខុសច្បាប់ ក្នុងការបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយលើទីតាំងបេតិកភណ្ឌដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា។ ក្រសួងថា ទង្វើនេះជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយបំផ្លាញស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ ជាចុងក្រោយ ក្រសួងក៏បានអំពាវនាវដល់រដ្ឋាភិបាលថៃ ត្រូវតែលុបចោល ជាបន្ទាន់ នូវការចុះបញ្ជីខុសច្បាប់នេះ និងបញ្ឈប់រាល់សកម្មភាពឯកតោភាគី ដែលកំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។
បើទោះបីជាមានការអះអាងដ៏វែងអន្លាយ រួមដោយហេតុផលដ៏ច្បាស់លាស់ថា ភាគីថៃកំពុងតែប្រព្រឹត្តនូវទង្វើខុសច្បាប់អន្តរជាតិ និងកំពុងតែរំលោភលើដែនអធិបតេយ្យកម្ពុជាយ៉ាងធ្ងន់ធ្ងរក្ដី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពុំបានបញ្ជាក់ថា នឹង ចាត់វិធានការជាក់លាក់ណាមួយ ដើម្បីដាក់សម្ពាធ មកលើភាគីថៃ តាមរយៈយន្តការអន្តរជាតិនោះទេ។
ការលើកឡើងនេះក្រោយពីនាយកដ្ឋានវិចិត្រសិល្បៈថៃ នៅថ្ងៃទី១២ ខែឧសភា បានចុះបញ្ជីជាផ្លូវការនូវតំបន់ប្រវត្តិសាស្ត្រមួយចំនួន ឱ្យទៅជា បេតិកភណ្ឌបុរាណវត្ថុជាតិ ក្នុងបណ្ដុំប្រាសាទជាង១០ប្រាសាទដូចជា ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ រួមនឹងប្រាសាទជាច្រើនទៀត ដែលភាគីថៃអះអាងថា នៅលើទឹកដីខេត្តសុរិន្ទ ជាប់នឹងព្រំដែនកម្ពុជា ហើយថែមទាំងចាត់ទុកប្រាសាទទាំងនោះថាជារបស់ថៃជាអចិន្ត្រៃយ៍។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា កម្ពុជាមិនគួរអូសបន្លាយពេល ក្នុងការប្ដឹងថៃទៅកាន់តុលាការអន្តរជាតិទៀតនោះទេ ប្រសិនបើកម្ពុជាមិនចង់ឱ្យទឹកដី និងប្រាសាទបុរាណត្រូវបានបាត់បង់ទៅកាន់ភាគីថៃជាអចិន្ត្រៃយ៍។ លោកថា មកទល់ពេលនេះទាំងក្រសួងការបរទេសនិងក្រសួងពាក់ព័ន្ធបានចេញលិខិតតវ៉ា និងថ្កោលទោស ភាគីថៃ មកជាច្រើនហើយ រីឯ ភាគីថៃ មិនស្ដាប់ កម្ពុជានោះទេ ដូច្នេះ កម្ពុជាគួរតែពន្លឿន យកសំណុំរឿងនេះប្ដឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ និងយកបញ្ហាប្រាសាទបុរាណប្ដឹងទៅអង្គការសហប្រជាជាតិ ដូចជាអង្គការយូណេស្កូ ដើម្បីឱ្យជួយដាក់សម្ពាធថៃ គឺជារឿងចាំបាច់។
លោក ម៉ែន ណាត៖ «ដូចជាប្រាសាទតាក្របី ប្រាសាទតាមាន់តូច តាមាន់ធំ នៅក្នុងដែនអធិបតេយ្យកម្ពុជា ហើយជាប្រវត្តិសាស្ត្រយូរអង្វែងរបស់កម្ពុជា តាំងពីសម័យមហានគរ។ ទី៣ប្រជាពលរដ្ឋខ្មែរដែលរស់នៅតំបន់ទាំងអស់ហ្នឹង ពេលដែលសៀមចូលមកឈ្លានពានបណ្ដេញប្រជាពលរដ្ឋពីភូមិករអស់ហើយ។ ចំណុចនឹងជាភស្តុតាងជាក់ស្ដែងដែលកម្ពុជាមានឯកសារចងក្រងឱ្យបានពេញលេញទៅ ហើយប្ដឹងថៃទៅកាន់តុលាការអន្តរជាតិទៅ គឺយើងមានអាទិភាពហើយផ្លូវច្បាប់នោះ»។
បន្ទាប់ពីការប្រកាសចុះបញ្ជីបេតិកភណ្ឌជាតិ អាជ្ញាធរថៃ ក៏គ្រោងនឹងរៀបចំកម្មវិធីរាំបែបប្រពៃណី និងពិធីបួងសួងនៅក្នុងបរិវេណប្រាសាទខ្នារ ចាប់ពីថ្ងៃទី១៦ ខែឧសភា។ ប្រាសាទខ្នារស្ថិតនៅជួរភ្នំដងរែកសង្កាត់បន្សាយរាក់ ក្រុងសំរោងខេត្តឧត្តរមានជ័យ ជាប់ព្រំដែនថៃ ហើយបច្ចុប្បន្នថៃកំពុងតែកាន់កាប់។ ជាមួយគ្នានេះកាលពីថ្ងៃទី២២មេសាកន្លងទៅ ក្រសួងវប្បធម៌ថៃ ក៏បានធ្វើពិធីបួងសួងនៅក្នុងបរិវេណប្រាសាទតាក្របីផងដែរ និងបានប្រកាសជួសជុលប្រាសាទតាក្របី ឡើងវិញ ក្រោយពី យោធាថៃបានធ្វើសង្គ្រាមឈ្លានពាន ដណ្ដើមពីកម្ពុជា អស់រយៈពេល២១ថ្ងៃ។
បើទោះបីជា ក្រសួងវប្បធម៌ និងក្រសួងការបរទេសកម្ពុជា បានចេញលិខិតតវ៉ានិងថ្កោលទោសជាច្រើនក្ដី ថៃមិនបានអើពើនឹងកម្ពុជានោះទេ ផ្ទុយទៅវិញ ពួកគេថែមទាំងពង្រីកការឈ្លានពាន យកទឹកដីខ្មែរតាមព្រំដែនជាបន្តបន្ទាប់ ខណៈតំបន់យុទ្ធសាស្ត្រយោធា តាមដងភ្នំដងរែកជាច្រើន ដូចជាភ្នំទ្រព្យ ខេត្តព្រះវិហារ និង ភ្នំ៣៥០ខេត្តឧត្តរមានជ័យ ជាដើម សុទ្ធតែ ត្រូវបានថៃកាន់កាប់ និងក្លាយជាទីតាំងយោធាដ៏រឹងមាំរបស់ថៃ ខណៈកងទ័ព កម្ពុជា បានត្រឹមតែឈរនៅតាមជើងភ្នំ ហើយពេលខ្លះ ត្រូវបានយោធាថៃ ប្រមាថមើលងាយ ដោយពាក្យសម្ដីសព្វបែបយ៉ាង៕








