

អ្នកឃ្លាំមើលលើកឡើងថា ចំណាត់ការរដ្ឋាភិបាលត្រកូល ហ៊ុន បង្ក្រាបលើជនបរទេសពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញសព្វថ្ងៃមិនមែនជាការលុបបំបាត់ឧក្រិដ្ឋកម្មឱ្យចំគោលដៅឡើយ ប៉ុន្តែគឺជាការបំភ័ន្តភ្នែកសហគមន៍អន្តរជាតិ និងជាការការពារ ដល់មេខ្លោងធំៗឱ្យបន្តសកម្មភាពរកស៊ីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ។ ពួកគាត់ព្រមានថា បើរដ្ឋាភិបាលត្រកូល ហ៊ុន នៅតែបន្តឱបក្រសោបការពារមន្ត្រីឧកញ៉ាគ្រាក់ៗដែលពាក់ព័ន្ធឧក្រិដ្ឋកម្មនោះសេដ្ឋកិច្ចជាតិនឹងកាន់តែខ្ទេចខ្ទាំ ហើយកេរ្តិ៍ឈ្មោះកម្ពុជានឹងកាន់តែអាប់ឱនលើឆាកអន្តរជាតិបន្ថែមទៀត។
បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញនៅតែបន្តសកម្មភាពនៅលើទឹកដីកម្ពុជា ដោយផ្លាស់ប្ដូរពីការប្រមូលបុគ្គលិកឱ្យធ្វើការនៅតាមអគារធំៗ មកពង្រាយតាមផ្ទះជួល និងអគារតូចៗដែលមានមនុស្សតិចជាងមុន ដើម្បីគេចពីការបង្ក្រាបរបស់សមត្ថកិច្ច។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣តុលា លោក គឹម សុខ លើកឡើងថា រូបភាពសមត្ថកិច្ចបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញសព្វថ្ងៃប្រៀបបីដូចជា ឆាកល្ខោនសម្ដែងដោយមានការរៀបចំជាប្រព័ន្ធក្នុងការថតជាឃ្លិបវីដេអូ ដើម្បីបន្លំភ្នែកសហគមន៍អន្តរជាតិតែប៉ុណ្ណោះ។ លោកបន្តថា បើរដ្ឋាភិបាលត្រកូល ហ៊ុន ពិតជាចង់បង្ក្រាបពិតមែននោះអាជ្ញាធរក៏មិនត្រូវការពេលច្រើនក្នុងការស៊ើបអង្កេតនោះដែរ ដោយសារតែអាមេរិក រួមទាំងអង្គការអន្តរជាតិជំនាញបានបង្ហាញមុខមេខ្លោងជាបន្តបន្ទាប់ដែលសុទ្ធសឹងតែជាមនុស្សជំនិតលោក ហ៊ុន សែន។
លោក គឹម សុខ វាយតម្លៃថា របបត្រកូល ហ៊ុន បានប្រឹងប្រែងរិះរកគ្រប់វិធី ដើម្បីការពារលោក កុក អាន និងលោក លី យ៉ុងផាត់ ក្រោយអាមេរិកដាក់ទណ្ឌកម្ម គឺដើម្បីឱ្យពួកគេបន្តធ្វើសកម្មភាពរកស៊ីបែបឧក្រិដ្ឋកម្មចិញ្ចឹមគណបក្សប្រជាជនកម្ពុជា។
លោក គឹម សុខ៖ «ហេតុផលពិតប្រាកដគឺបណ្ដាញឧក្រិដ្ឋកម្មអនឡាញហ្នឹង ជាជំនួញសេដ្ឋកិច្ច ពាណិជ្ជកម្ម ចិញ្ចឹមរដ្ឋាភិបាល ក្រុមគ្រួសារ ហ៊ុន ឬក៏អំណាចក្រុមគ្រួសារហ៊ុនតែម្តង។ ដូច្នេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនកម្ចាត់ទេ បើកម្ចាត់គឺស្មើនឹងក្រវាត់ឆ្នាំងបាយខ្លួនឯងចោល។ ម្ល៉ោះហើយ កិច្ចការដែលលោក ហ៊ុន ម៉ាណែត ធ្វើមានតែផលិតវីដេអូលេងល្ខោន ថតថា ខ្លួនចាត់ការមួយករណី ពីរករណី ក៏ប៉ុន្តែ រឿងដ៏ធំដែលពាក់ព័ន្ធទៅនឹងពួកមន្ត្រីធំៗ ឧកញ៉ា គេអត់ចាត់ការទេ»។
កម្លាំងសមត្ថកិច្ចបានបង្ហាញចំពោះការបង្ក្រាបលើទីតាំង និងក្រុមជនបរទេសចម្រុះដែលសំងំបន្តធ្វើការងារអ្នកឆបោកតាមអនឡាញទាំងនោះស្ទើរមិនលុះថ្ងៃនៅតាមរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ខណៈឧកញ៉ា និងមន្ត្រីកំពូលៗមួយចំនួនដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ រដ្ឋាភិបាលត្រកូល ហ៊ុន គ្មានឆន្ទៈបើកការស៊ើបអង្កេតនៅឡើយ។ ក្រៅពីនេះ ចំណាត់ការបង្ក្រាបរបស់អាជ្ញាធរនាពេលកន្លងទៅត្រូវបានគេមើលឃើញថា ផ្ដោតតែលើការបិទទីតាំងអគារអនឡាញ និងឃាត់ខ្លួនជនបរទេសបណ្ដេញចេញពីកម្ពុជា ប៉ុន្តែម្ចាស់អគារ ឬមេខ្លោងពាក់ព័ន្ធមិនត្រូវបានសមត្ថកិច្ចស្រាវជ្រាវស៊ើបអង្កេតយកមកផ្ដន្ទាទោសឡើយ។
នៅតាមមជ្ឈមណ្ឌលឆបោកតាមអនឡាញនៃក្រុមបណ្ដាញឧក្រិដ្ឋជននីមួយៗមិនត្រឹមតែបង្កើតឱ្យមានអំពើអមនុស្សធម៌បង្ខាំងធ្វើទារុណកម្មបុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែបទល្មើសផ្សេងទៀតដូចជាអំពើជួញដូរមនុស្ស គ្រឿងញៀន និងអាវុធ មកទាំងព្រមផងដែរ។
កាលពីថ្ងៃទី១៤ ខែឧសភា កម្លាំងសមត្ថកិច្ចក៏បានបង្ក្រាបជនបរទេសប្រមាណ ៦១នាក់នៅចំណុចអគារខុនដូរ និងសណ្ឋាគារ សូហូ ៨៥ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ និងប្រើប្រាស់គ្រឿងញៀន។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១៥ ខែឧសភា។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ចាត់ទុកចំណាត់ការបង្ក្រាបរបស់រដ្ឋាភិបាលត្រកូល ហ៊ុន ថា ធ្វើឡើងបែបវែកចក ពោលបង្ក្រាបតែជនល្មើសតូចតាចតែប៉ុណ្ណោះ រីឯមេខ្លោងដែលរងការចោទប្រកាន់ជាប់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះរដ្ឋាភិបាលបង្ហាញជំហរការពារទៅវិញ។
លោក ស៊ឹង សែនករុណា៖ «បើសិនជាកម្ពុជាថា ចង់កម្ចាត់នូវអំពើឆបោកតាមអនឡាញពីកម្ពុជា វាទាល់តែចាត់វិធានការតាមការចង្អុលបង្ហាញពីសហរដ្ឋអាមេរិក។ អ៊ីចឹង គួរតែមានការសហការថា តើសហរដ្ឋអាមេរិកគេរកឃើញអី? យើងរដ្ឋាភិបាល គួរតែសាកសួរទៅ តើហេតុអ្វីបានអ្នកឯងដាក់ឈ្មោះបុគ្គលប៉ុន្មានរូបទាំងអស់ហ្នឹង? អ្នកឯងមានភស្តុតាង មានមូលដ្ឋានអី? គួរតែមានកិច្ចសហប្រតិបត្តិការចាប់ខ្លួនអ្នកទាំងអស់ហ្នឹងទៅ។ បើសិនជាចាប់ហើយ ការឆបោកអនឡាញត្រូវបានបញ្ឈប់ពីកម្ពុជា អ៊ីចឹង កម្ពុជាយើងក៏អាចស្ដារនូវកិត្យានុភាព ឬកិត្តិយស ឬក៏កេរ្តិ៍ឈ្មោះហ្នឹងឡើងវិញបានដែរ»។
រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន រងការចោទប្រកាន់ថា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញជាពិសេសតាមរយៈការជួយលាក់បាំង និងផ្ដល់សញ្ជាតិខ្មែរដល់ឧក្រិដ្ឋជន ដើម្បីឱ្យពង្រីកមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា។ ជាមួយគ្នានេះ សមាជិកក្រុមគ្រួសារត្រកូល ហ៊ុន ដូចជាលោក ហ៊ុន តូ ជាដើម រួមទាំងមន្ត្រីកំពូលៗមួយចំនួនទៀតដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រីផងក៏ត្រូវបានសមាជិកសភាអាមេរិកដាក់ចូលក្នុងបញ្ជីខ្មៅ ដើម្បីស្នើឱ្យដាក់ទណ្ឌកម្មដោយសារតែពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ៕









