លោក ហ៊ុន ម៉ាណែត ប្រកាស​ធ្វើ​កំណែ​ទម្រង់​វិស័យ​យោធា ខណៈ​វិស័យ​នេះ​រង​ការ​រិះគន់​ថា បាន​ចាក់ស្រេះ ដោយ​អំពើពុករលួយ

0
98
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ក្នុង​កម្មវិធី​ថ្នាក់ជាតិមួយ។ ​រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ក្នុង​កម្មវិធី​ថ្នាក់ជាតិមួយ។ ​រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​ពី​គម្រោង​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​យោធា​ឡើងវិញ ដោយ​ផ្ដោត​លើ​ការរៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​កងទ័ព ការ​ពង្រឹង​សមត្ថភាព​និង​ការរៀបចំ​បើកប្រាក់​បៀវត្សរ៍​ដល់ក​ង​ទ័ព​តាមរយៈ​ប្រព័ន្ធ​ធនាគារ។ ការប្រកាស​របស់ លោក ហ៊ុន ម៉ាណែត នេះ ក្រោយពី​មានការ​រិះគន់​ថា វិស័យ​ការពារ​ជាតិ កំពុងតែ​ចាក​សម្រេះ​ដោយ​អំពើពុករលួយ បក្ខពួក​និយម និង​គ្មាន​សព្វាវុធ​ទើបៗ ដើម្បី​ច្បាំង​ការពារ​ទឹកដី​ជាមួយ​សត្រូវ។

លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ពី​ការ​ធ្វើ​កំណែទម្រង់​វិស័យ​ការពារ​ជាតិ​ឡើងវិញ បន្ទាប់ពី​រង​ការ​រិះគន់​ថា វិស័យ​ការពារ​ជាតិ​សព្វថ្ងៃ​នេះ រង​ការ​រិះគន់​ថា ពោ​ពេញ​ដោយ​អំពើពុករលួយ និង​បក្ខពួក​និយម និង​គ្រួសារនិយម។

ថ្លែង​នៅក្នុង​ពិធី ជួប​សំណេះសំណាល​ជាមួយ អតីត​យុទ្ធជន និង​និវត្តជន​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៥ ខែឧសភា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន ការ​ធ្វើ​កំណែទម្រង់ វិស័យ​យោធា ជា​រឿង​ចាំបាច់ ដោយ​ផ្ដោត​លើ​ការរៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​កងទ័ព តាមរយៈ «​ការ​បង្រួម​ក្បាល ពង្រីក​ខ្លួន​» ដែល​លោក​ចង់​សំដៅលើ​ការលុបចោល​អគ្គ​មេ​បញ្ជា ការិយាល័យ និង​នាយកដ្ឋាន​មួយចំនួន ដែល​មិន​ចាំបាច់​ចោល។

បន្ថែម​ពីលើ​នោះ លោក ហ៊ុន ម៉ាណែត ក៏បាន​ទទួលស្គាល់​ផង​ដែរ​ថា ជាច្រើន​ឆ្នាំ​មកនេះ​ឋានន្តរសក្ដិ កងទ័ព​បាន​កើន​ឡើងជា​លំដាប់ ហើយ​មន្ត្រី​ធំៗ​ដែល ដេក​ចាំតែ​ស៊ីប្រាក់ខែ​ក៏​មាន​ច្រើន​។ ប៉ុន្តែ​យ៉ាងណា លោក​ថា នឹង​ធ្វើ​កំណែទម្រង់​ឡើងវិញ ជាពិសេស​ការ​ហ្វឹកហ្វឺន​សមត្ថភាព​កងទ័ព​ឱ្យ​ខ្លាំង រួម​នឹង​ការ បណ្ដុះ​បណ្ដុះ ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា ក្នុង​ការប្រើ អាវុធ​ទំនើបៗ​។ ជាមួយគ្នា​នោះ លោក​ក៏ គ្រោង​នឹង​ជ្រើសរើស កងទ័ព​បម្រុង សម្រាប់​ការពារ​ជាតិ ចំពោះ​ពលរដ្ឋ​ដែល​បាន​បំពេញ​កាតព្វកិច្ច​យោធា​រួច ដើម្បី​ពង្រីង​វិស័យ​កងទ័ព។

ជាមួយគ្នា​នោះ លោក ហ៊ុន ម៉ាណែត ថា​ការ​ធ្វើ​កំណែទម្រង់​វិស័យ​យោធា​នេះ​ក៏​ផ្ដោត​លើ​អភិបាលកិច្ច​ល្អ ដូចជា ការ​បើក​ការប្រាក់​បៀវត្សរ៍​ដល់ក​ង​ទ័ព​តាម​គណនី​ធនាគារ និង​ការ​ពង្រឹង​លើ​វិស័យ​សុខាភិបាល​យោធា នៅ​តាម​អង្គភាព​នីមួយៗ ដោយ​តម្រូវ​ឱ្យ​មាន​ថ្នាំ និង​ឧបករណ៍​ពេទ្យ​សម្បូរ​បែប និង​មានគុណ​ភាពល្អ​។ លោក​ក៏​អួត​ផង​ដែរ​ថា វិស័យ​សុខាភិបាល​នៅ​កម្ពុជា​បច្ចុប្បន្ន​មានគុណ​ភាព មិន​ចាញ់​បណ្ដា​ប្រទេស មួយចំនួន​នោះ​ទេ ហើយ​រដ្ឋាភិបាល​របស់​លោក កំពុងតែ​យកចិត្តទុកដាក់ ទាំង​កងទ័ព​ជួរមុខ អតីត​យុទ្ធជន និង​ជន​ស៊ីវិល មិន​ឱ្យ​ខ្វះខាត​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត៖ «វិស័យ​ការពារ​ជាតិ​មិនមែន​ភ្លើងចំបើង​ទេ ត្រូវការ​រយៈពេល​វែង​។ អ៊ីចឹង​ការ​កំណែទម្រង់​របស់​យើង​នេះ គឺ​ផ្អែកលើ​ការងារ​សំខាន់ ដូចជា​ការ​ពង្រឹង​រចនា​សម្ព័ន្ធ​ការ​ហ្វឹកហ្វឺន​ជាដើម​។ ប៉ុន្តែ​អ្វី​ដែល​កិច្ចការ​ធំ ជា​សាមញ្ញ «​ការ​បង្រួម​ក្បាល ពង្រីក​ខ្លួន​» និយាយ​សាមញ្ញ​តែម្ដង​។ និយាយ​ថា កែទម្រង់ៗ ទិសដៅ​ស្អី កែទម្រង់ៗ​នរណា​ក៏​និយាយ​បាន ប៉ុន្តែ​កែទម្រង់​ទិសដៅ​ចុងក្រោយ​គឺ បង្រួម​ក្បាល​ពង្រីក​ខ្លួន»។

ផ្ទុយ​ពី​ការ​អះអាង​នេះ អ្នកឃ្លាំមើល​រិះគន់​ថា វិស័យ​យោធា​នៅ​កម្ពុជា​ពិបាក​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ឱ្យ​មាន​ប្រសិទ្ធភាព​ណាស់ ក្នុង​រយៈពេល​ខ្លី និង​វែង ប្រសិនបើ​រដ្ឋាភិបាល​មិន​បោសសម្អាត​នូវ​អំពើ ពុករលួយ បក្ខពួក​និយម និង លុបបំបាត់​ទម្លាប់ ផ្ដល់​ឋានន្តរសក្ដិ ដល់​បុគ្គល​ដែល​គ្មាន​ស្នាដៃ ក្នុង​កិច្ច​ការពារ​ជាតិ ឱ្យមក​ដឹកនាំ​កងទ័ព​។ ពួកគាត់​ថា ជាច្រើន​ទសវត្ស​មកនេះ ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន​»​បាន​ប្រែក្លាយ​វិស័យ​ការពារ​ជាតិ​ជា​កន្លែង​រកស៊ី​របស់​អ្នក​មាន​អំណាច និង​ជា​កន្លែង​តែងតាំង​ខ្សែ​ត្រឡាយ​កូនចៅ​របស់​ខ្លួន​ឱ្យ​កាន់​តួនាទី​ធំៗ​ដើម្បី​ប្រយោជន៍​ខ្លួន។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​កំពុង​រស់នៅ​ប្រទេស​ន័រវែស លោក ម៉ែន ណាត យល់​ថា ការប្រកាស​ធ្វើ​កំណែ​ទម្រង់​វិស័យ​យោធា​របស់ លោក ហ៊ុន ម៉ាណែត ជា​រឿង​ល្អ​បំផុត ជាពិសេស​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ហ្វឹកហ្វឺន​សមត្ថ​ភាព​កងទ័ព និង​ការ​បណ្ដុះបណ្ដាល​ចំណេះដឹង​ផ្នែក អាវុធ​បច្ចេកវិទ្យា​ទំនើបៗ​។ ប៉ុន្តែ លោក​ថា នេះ​គ្រាន់តែ​ជា​វោហារ​សព្ទ មិនអាច​ជឿ​ទុក​ចិត្ត​បាន​នោះ​ទេ​ព្រោះ​កន្លងទៅ លោក ហ៊ុន ម៉ាណែត បាន​សន្យា​ខ្យល់​ជាច្រើន ហើយ​ធ្វើ​មិនកើត​ដូច​ករណី​ឧក្រិដ្ឋកម្ម ឆបោក​តាម​អនឡាញ និង​បញ្ហា​ឧកញ៉ា បោកប្រាស់ លុយ​ពលរដ្ឋ។

លោក​បន្ត​ថា លោក ហ៊ុន ម៉ាណែត មិនអាច​ធ្វើ​កំណែទម្រង់​កងទ័ព​ក្នុង​ពេល​ខ្លី ឬ​វែង​បាន​នោះ​ទេ ព្រោះ​អំពើពុករលួយ ក្នុង​វិស័យ​ការពារ​ជាតិ បាន​ចាក់ស្រេះ​យ៉ាង​ជ្រៅ​ជា​ប្រព័ន្ធ ជាពិសេស​ការកាត់បន្ថយ អគ្គ​មេ​បញ្ជា​កងទ័ព ដែល​លោក ហ៊ុន ម៉ា​ណែ​ត អះអាង​ថា នឹង​ត្រូវ​កាត់​ពី​៦​ពាន់​នាក់ មក​នៅ​ត្រឹម​៦០០​នាក់ ហើយនឹង​បង្រួម​នាយកដ្ឋាន និង​ការិយាល័យ​ឱ្យ​នៅ​តិច​បំផុត​។ លោក ម៉ែន ណាត ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន រដ្ឋាភិបាល ត្រូវ​មាន​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​លើ​ការ​បោសសម្អាត​អំពើពុករលួយ​ជា​ប្រព័ន្ធ ហើយ​ត្រូវ​ដកហូត​តួនាទី​មេ​បញ្ជា​អគ្គមេបញ្ជាការ​ណា​ដែល​គ្មាន​សមត្ថភាព​ចេញ ហើយ ត្រូវ​ផ្ដល់​ប្រាក់ខែ ដល់​កងទ័ព​ចន្លោះ ពី​៥០០ ទៅ ១​ពាន់​ដុល្លារ​ក្នុង​១​ខែ និង ត្រូវ​ទិញ​សព្វាវុធ​ទំនើបៗ បន្ថែម​ទៀត​ជាដើម។

លោក ម៉ែន ណាត៖ «បើ​ឱ្យ​យើង​និយាយ​វិធានការ​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ស្ថានភាព​ដែល​គាត់​និយាយ​ហើយ ធ្វើ​បាន​ភ្លាម គឺ​អត់​បានទេ ក្រែងលោ ប្រើ​ពេល​វេលា​យូរ​។ ហើយ​ការប្រើ​ពេលវេលា លោក ហ៊ុន ម៉ា​ណែ​ត មិនអាច​បោសសម្អាត​បក្ខពួក និង​អំពើពុករលួយ​ក្នុង​វិស័យ​ការពារ​ជាតិ​ទេ គឺ​នៅតែ​អ៊ីចឹង អត់​អាច​ល្អ​ប្រសើរ​ជាង​នេះ​ប៉ុន្មាន​ទេ»។

ពលរដ្ឋ និង​អ្នកឃ្លាំមើល សាទរ​ចំពោះ​ការប្រកាស​ធ្វើ​កំណែ​ទម្រង់​វិស័យ​យោធា​របស់ លោក ហ៊ុន ម៉ាណែត។ ទន្ទឹមគ្នា​នោះ ពួកគាត់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​បាន​បង្ហាញ​សកម្មភាព​ជាក់ស្ដែង​ក្នុង​ការ​យកចិត្តទុកដាក់​ជាមួយ​កងទ័ព ព្រោះ​មាន​កងទ័ព​នៅ​តាម​ព្រំដែន បន្ត​ត្អូញត្អែរ ពី​ផល​លំបាក ពី​ការ​ខ្វះ​ដឹក​ស្បៀង​បរិភោគ ទឹក​ប្រើប្រាស់ រួម​នឹង គ្មាន​សម្ភារៈ សម្រាប់​ជីក​លេណដ្ឋាន​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ប្រើ​ត្រឹម ចបជីក និង រស់នៅ​ក្រោម​តង់​កៅស៊ូ ហាលភ្លៀង​ហាលថ្ងៃ​។ ខុសពី​កងទ័ព​ថៃ គេ​ប្រើ​ដោយ​គ្រឿងចក្រ និង​ត្រាក់ទ័រ សម្រាប់ ជីក លេណដ្ឋាន និង​មាន​ឡាន​ដឹក​ស្បៀង ហើយ​មាន​ទាំង​ទីជម្រក ប្រក់​ដោយ​សាំង្កសី និង​ក្បឿង ហើយ​ក្រាល​ដោយ​ឥដ្ឋ​ស៊ីម៉ងត៍៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ