

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីគម្រោងធ្វើកំណែទម្រង់លើវិស័យយោធាឡើងវិញ ដោយផ្ដោតលើការរៀបចំរចនាសម្ព័ន្ធដឹកនាំកងទ័ព ការពង្រឹងសមត្ថភាពនិងការរៀបចំបើកប្រាក់បៀវត្សរ៍ដល់កងទ័ពតាមរយៈប្រព័ន្ធធនាគារ។ ការប្រកាសរបស់ លោក ហ៊ុន ម៉ាណែត នេះ ក្រោយពីមានការរិះគន់ថា វិស័យការពារជាតិ កំពុងតែចាកសម្រេះដោយអំពើពុករលួយ បក្ខពួកនិយម និងគ្មានសព្វាវុធទើបៗ ដើម្បីច្បាំងការពារទឹកដីជាមួយសត្រូវ។
លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសពីការធ្វើកំណែទម្រង់វិស័យការពារជាតិឡើងវិញ បន្ទាប់ពីរងការរិះគន់ថា វិស័យការពារជាតិសព្វថ្ងៃនេះ រងការរិះគន់ថា ពោពេញដោយអំពើពុករលួយ និងបក្ខពួកនិយម និងគ្រួសារនិយម។
ថ្លែងនៅក្នុងពិធី ជួបសំណេះសំណាលជាមួយ អតីតយុទ្ធជន និងនិវត្តជនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ន ការធ្វើកំណែទម្រង់ វិស័យយោធា ជារឿងចាំបាច់ ដោយផ្ដោតលើការរៀបចំរចនាសម្ព័ន្ធដឹកនាំកងទ័ព តាមរយៈ «ការបង្រួមក្បាល ពង្រីកខ្លួន» ដែលលោកចង់សំដៅលើការលុបចោលអគ្គមេបញ្ជា ការិយាល័យ និងនាយកដ្ឋានមួយចំនួន ដែលមិនចាំបាច់ចោល។
បន្ថែមពីលើនោះ លោក ហ៊ុន ម៉ាណែត ក៏បានទទួលស្គាល់ផងដែរថា ជាច្រើនឆ្នាំមកនេះឋានន្តរសក្ដិ កងទ័ពបានកើនឡើងជាលំដាប់ ហើយមន្ត្រីធំៗដែល ដេកចាំតែស៊ីប្រាក់ខែក៏មានច្រើន។ ប៉ុន្តែយ៉ាងណា លោកថា នឹងធ្វើកំណែទម្រង់ឡើងវិញ ជាពិសេសការហ្វឹកហ្វឺនសមត្ថភាពកងទ័ពឱ្យខ្លាំង រួមនឹងការ បណ្ដុះបណ្ដុះ ចំណេះដឹងផ្នែកបច្ចេកវិទ្យា ក្នុងការប្រើ អាវុធទំនើបៗ។ ជាមួយគ្នានោះ លោកក៏ គ្រោងនឹងជ្រើសរើស កងទ័ពបម្រុង សម្រាប់ការពារជាតិ ចំពោះពលរដ្ឋដែលបានបំពេញកាតព្វកិច្ចយោធារួច ដើម្បីពង្រីងវិស័យកងទ័ព។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត ថាការធ្វើកំណែទម្រង់វិស័យយោធានេះក៏ផ្ដោតលើអភិបាលកិច្ចល្អ ដូចជា ការបើកការប្រាក់បៀវត្សរ៍ដល់កងទ័ពតាមគណនីធនាគារ និងការពង្រឹងលើវិស័យសុខាភិបាលយោធា នៅតាមអង្គភាពនីមួយៗ ដោយតម្រូវឱ្យមានថ្នាំ និងឧបករណ៍ពេទ្យសម្បូរបែប និងមានគុណភាពល្អ។ លោកក៏អួតផងដែរថា វិស័យសុខាភិបាលនៅកម្ពុជាបច្ចុប្បន្នមានគុណភាព មិនចាញ់បណ្ដាប្រទេស មួយចំនួននោះទេ ហើយរដ្ឋាភិបាលរបស់លោក កំពុងតែយកចិត្តទុកដាក់ ទាំងកងទ័ពជួរមុខ អតីតយុទ្ធជន និងជនស៊ីវិល មិនឱ្យខ្វះខាតនោះទេ។
លោក ហ៊ុន ម៉ាណែត៖ «វិស័យការពារជាតិមិនមែនភ្លើងចំបើងទេ ត្រូវការរយៈពេលវែង។ អ៊ីចឹងការកំណែទម្រង់របស់យើងនេះ គឺផ្អែកលើការងារសំខាន់ ដូចជាការពង្រឹងរចនាសម្ព័ន្ធការហ្វឹកហ្វឺនជាដើម។ ប៉ុន្តែអ្វីដែលកិច្ចការធំ ជាសាមញ្ញ «ការបង្រួមក្បាល ពង្រីកខ្លួន» និយាយសាមញ្ញតែម្ដង។ និយាយថា កែទម្រង់ៗ ទិសដៅស្អី កែទម្រង់ៗនរណាក៏និយាយបាន ប៉ុន្តែកែទម្រង់ទិសដៅចុងក្រោយគឺ បង្រួមក្បាលពង្រីកខ្លួន»។
ផ្ទុយពីការអះអាងនេះ អ្នកឃ្លាំមើលរិះគន់ថា វិស័យយោធានៅកម្ពុជាពិបាកក្នុងការធ្វើកំណែទម្រង់ឱ្យមានប្រសិទ្ធភាពណាស់ ក្នុងរយៈពេលខ្លី និងវែង ប្រសិនបើរដ្ឋាភិបាលមិនបោសសម្អាតនូវអំពើ ពុករលួយ បក្ខពួកនិយម និង លុបបំបាត់ទម្លាប់ ផ្ដល់ឋានន្តរសក្ដិ ដល់បុគ្គលដែលគ្មានស្នាដៃ ក្នុងកិច្ចការពារជាតិ ឱ្យមកដឹកនាំកងទ័ព។ ពួកគាត់ថា ជាច្រើនទសវត្សមកនេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលត្រកូល«ហ៊ុន»បានប្រែក្លាយវិស័យការពារជាតិជាកន្លែងរកស៊ីរបស់អ្នកមានអំណាច និងជាកន្លែងតែងតាំងខ្សែត្រឡាយកូនចៅរបស់ខ្លួនឱ្យកាន់តួនាទីធំៗដើម្បីប្រយោជន៍ខ្លួន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលកំពុងរស់នៅប្រទេសន័រវែស លោក ម៉ែន ណាត យល់ថា ការប្រកាសធ្វើកំណែទម្រង់វិស័យយោធារបស់ លោក ហ៊ុន ម៉ាណែត ជារឿងល្អបំផុត ជាពិសេសការប្ដេជ្ញាចិត្តក្នុងការហ្វឹកហ្វឺនសមត្ថភាពកងទ័ព និងការបណ្ដុះបណ្ដាលចំណេះដឹងផ្នែក អាវុធបច្ចេកវិទ្យាទំនើបៗ។ ប៉ុន្តែ លោកថា នេះគ្រាន់តែជាវោហារសព្ទ មិនអាចជឿទុកចិត្តបាននោះទេព្រោះកន្លងទៅ លោក ហ៊ុន ម៉ាណែត បានសន្យាខ្យល់ជាច្រើន ហើយធ្វើមិនកើតដូចករណីឧក្រិដ្ឋកម្ម ឆបោកតាមអនឡាញ និងបញ្ហាឧកញ៉ា បោកប្រាស់ លុយពលរដ្ឋ។
លោកបន្តថា លោក ហ៊ុន ម៉ាណែត មិនអាចធ្វើកំណែទម្រង់កងទ័ពក្នុងពេលខ្លី ឬវែងបាននោះទេ ព្រោះអំពើពុករលួយ ក្នុងវិស័យការពារជាតិ បានចាក់ស្រេះយ៉ាងជ្រៅជាប្រព័ន្ធ ជាពិសេសការកាត់បន្ថយ អគ្គមេបញ្ជាកងទ័ព ដែលលោក ហ៊ុន ម៉ាណែត អះអាងថា នឹងត្រូវកាត់ពី៦ពាន់នាក់ មកនៅត្រឹម៦០០នាក់ ហើយនឹងបង្រួមនាយកដ្ឋាន និងការិយាល័យឱ្យនៅតិចបំផុត។ លោក ម៉ែន ណាត ថា ដើម្បីដោះស្រាយបញ្ហានេះបាន រដ្ឋាភិបាល ត្រូវមានឆន្ទៈនយោបាយពិតប្រាកដលើការបោសសម្អាតអំពើពុករលួយជាប្រព័ន្ធ ហើយត្រូវដកហូតតួនាទីមេបញ្ជាអគ្គមេបញ្ជាការណាដែលគ្មានសមត្ថភាពចេញ ហើយ ត្រូវផ្ដល់ប្រាក់ខែ ដល់កងទ័ពចន្លោះ ពី៥០០ ទៅ ១ពាន់ដុល្លារក្នុង១ខែ និង ត្រូវទិញសព្វាវុធទំនើបៗ បន្ថែមទៀតជាដើម។
លោក ម៉ែន ណាត៖ «បើឱ្យយើងនិយាយវិធានការរបស់លោក ហ៊ុន ម៉ាណែត ក្នុងស្ថានភាពដែលគាត់និយាយហើយ ធ្វើបានភ្លាម គឺអត់បានទេ ក្រែងលោ ប្រើពេលវេលាយូរ។ ហើយការប្រើពេលវេលា លោក ហ៊ុន ម៉ាណែត មិនអាចបោសសម្អាតបក្ខពួក និងអំពើពុករលួយក្នុងវិស័យការពារជាតិទេ គឺនៅតែអ៊ីចឹង អត់អាចល្អប្រសើរជាងនេះប៉ុន្មានទេ»។
ពលរដ្ឋ និងអ្នកឃ្លាំមើល សាទរចំពោះការប្រកាសធ្វើកំណែទម្រង់វិស័យយោធារបស់ លោក ហ៊ុន ម៉ាណែត។ ទន្ទឹមគ្នានោះ ពួកគាត់ជំរុញឱ្យរដ្ឋាភិបាលត្រូវបានបង្ហាញសកម្មភាពជាក់ស្ដែងក្នុងការយកចិត្តទុកដាក់ជាមួយកងទ័ព ព្រោះមានកងទ័ពនៅតាមព្រំដែន បន្តត្អូញត្អែរ ពីផលលំបាក ពីការខ្វះដឹកស្បៀងបរិភោគ ទឹកប្រើប្រាស់ រួមនឹង គ្មានសម្ភារៈ សម្រាប់ជីកលេណដ្ឋានឱ្យបានត្រឹមត្រូវ ដោយប្រើត្រឹម ចបជីក និង រស់នៅក្រោមតង់កៅស៊ូ ហាលភ្លៀងហាលថ្ងៃ។ ខុសពីកងទ័ពថៃ គេប្រើដោយគ្រឿងចក្រ និងត្រាក់ទ័រ សម្រាប់ ជីក លេណដ្ឋាន និងមានឡានដឹកស្បៀង ហើយមានទាំងទីជម្រក ប្រក់ដោយសាំង្កសី និងក្បឿង ហើយក្រាលដោយឥដ្ឋស៊ីម៉ងត៍៕









