

រដ្ឋាភិបាលត្រកូល «ហ៊ុន» បន្តរក្សាភាពស្ងៀមស្ងាត់ និងមិនខ្វល់ខ្វាយចំពោះទុក្ខលំបាករបស់ជនរងគ្រោះរាប់ពាន់នាក់ដែលត្រូវបានក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ ប្លន់យកលុយពីគណនីធនាគាររបស់ពួកគាត់ឡើយ។ ជនរងគ្រោះ និងអ្នកឃ្លាំមើលលើកឡើងថា ភាពស្ងៀមស្ងាត់នេះកំពុងបង្កើតជាវប្បធម៌និទ្ទណ្ឌភាព និងជាគំរូអាក្រក់ឱ្យក្រុមហ៊ុនហិរញ្ញវត្ថុផ្សេងទៀតអាចបន្តលួចលុយរបស់អតិថិជនបន្ថែមទៀត។
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មកដល់ពេលនេះ នៅតែមិនទាន់ឃើញបង្ហាញប្រតិកម្មជុំវិញរឿងរបស់ជនរងគ្រោះដែលត្រូវបានក្រុមហ៊ុននៃសមាជិកគ្រួសាររបស់ខ្លួនគឺលោក ហ៊ុន តូ ប្លន់យកលុយពីគណនីធនាគារឡើយ ខណៈជនរងគ្រោះខ្មែរមួយចំនួនក៏រក្សាភាពស្ងៀមស្ងាត់ដោយសារមិនហ៊ានចេញតវ៉ាទាមទារលុយរបស់ខ្លួនក្រោយអាជ្ញាធរបានចាប់ខ្លួនអ្នកតវ៉ាពីរនាក់ដាក់ពន្ធនាគារ។
ជនរងគ្រោះក្រុមហ៊ុន ហួយវ័ន ផេ លោកស្រី ជា ស្រីមុំ ថ្លែងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៨ ខែឧសភាថា លោកស្រីកំពុងមានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំង ហើយពេលខ្លះស្ទើរតែចង់បញ្ចប់ជីវិតខ្លួនឯង ប៉ុន្តែដោយសារតែបារម្ភពីកូននៅតូចទើបលោកស្រីបន្តទ្រាំរស់ទាំងការឈឺចាប់ចំពោះលុយដែលបាត់បង់ និងបន្តខិតខំប្រឹងប្រែងរកស៊ីសាជាថ្មី។ លោកស្រីបញ្ជាក់ថា នឹងមិនចំណាយលុយជួលមេធាវីប្ដឹងក្រុមហ៊ុនលោក ហ៊ុន តូ តាមផ្លូវតុលាការឡើយ ព្រោះលោកស្រីគ្មានជំនឿថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាអាចជួយរកយុត្តិធម៌ ឬទាមទារលុយដែលបាត់បង់មកវិញបាន។
លោកស្រី ជា ស្រីមុំ យល់ថា ការស្ងៀមស្ងាត់របស់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធមិនចាត់វិធានការលើមេដឹកនាំក្រុមហ៊ុន ហួយវ័ន នឹងអនុញ្ញាតឱ្យក្រុមហ៊ុនហិរញ្ញវត្ថុផ្សេងទៀតអាចប្រើលេស ឬល្បិចកលដើម្បីលួចយកលុយអតិថិជនដោយស្រស់ៗបន្ថែមទៀត។
លោកស្រី ជា ស្រីមុំ៖ «វាបិទអ៊ីចឹងហើយបានលុយដាក់ហោប៉ៅវាហើយ អត់ឱ្យលុយប្រជាពលរដ្ឋ ហើយធនាគារផ្សេងក៏វាអាចធ្វើអ៊ីចឹងបានដែរ ដោយសារវាដូចតែគ្នា។ បើប្រទេសយើងច្បាប់វាល្អពេក បើតឹងរ៉ឹងបន្តិចទៅមានអី។ លុយហ្នឹងម៉េចម៉ា បោះចោលហ្មងទៅ ខ្ញុំខ្ជិលហើយ ខ្ញុំធុញហើយ ខ្ញុំលក្ខណៈចង់លោតទឹកសម្លាប់ខ្លួនម្ដងម្កាលហើយប៉ុន្តែអាណិតកូន»។
ក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ រងការចោទប្រកាន់ថា បានបង្កកលុយអតិថិជនរាប់ពាន់នាក់ បន្ទាប់មកកាត់លុយអតិថិជនចេញពីគណនីធនាគារតែម្ដង បន្ទាប់ពីអាមេរិក និងចក្រភពអង់គ្លេសចាត់វិធានការរួមដាក់ទណ្ឌកម្មកាលពីចុងឆ្នាំ២០២៥ ពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ឱ្យក្រុមឧក្រិដ្ឋជនអន្តរជាតិ។
ធនាគារជាតិនៃកម្ពុជាកាលពីខែមីនាប្រកាសថា អតិថិជនដែលមិនទាន់ទទួលបានលុយទូទាត់ពីក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ នៅមានជាង ១ពាន់ ៣រយនាក់ទៀត។ អគ្គទេសាភិបាលធនាគារជាតិអ្នកស្រី ជា សិរី ក៏ធ្លាប់ប្រកាសឱ្យជនរងគ្រោះស្វែងរកដំណោះស្រាយដោយខ្លួនឯងតាមរយៈប្រព័ន្ធតុលាការ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងលោក ហ៊ុន តូ និងអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី ដើម្បីសាកសួរជុំវិញរឿងនេះបានទេនៅថ្ងៃទី១៨ ខែឧសភា។
ជុំវិញរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ថ្លែងថា ការស្ងៀមស្ងាត់របស់រដ្ឋាភិបាលលើបញ្ហាក្រុមហ៊ុន ហួយវ័ន ផេ មិនមែនជាបញ្ហាបច្ចេកទេសក្នុងការយឺតយ៉ាវដោះស្រាយបញ្ហាជូនជនរងគ្រោះឡើយ ប៉ុន្តែមេដឹកនាំមានចេតនាកាងការពារមុខមាត់ និងផលប្រយោជន៍ក្រុមហ៊ុនរបស់សមាជិកគ្រួសារខ្លួន ជាជាងគិតគូរពីទុក្ខវេទនារបស់ពលរដ្ឋដែលរងគ្រោះ។
លោក សេង វណ្ណលី៖ «ស្ថាប័នអាណាព្យាបាល ជាពិសេសធនាគារជាតិ ដែលជាអ្នកចេញអាជ្ញាប័ណ្ណ មានភារកិច្ចត្រួតពិនិត្យលើប្រតិបត្តិហិរញ្ញវត្ថុ គួរតែជាអ្នកចេញមុខស៊ើបអង្កេត បង្កកគណនី ឬចាត់វិធានការក្តៅ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ មិនមែនតម្រូវឱ្យប្រជាពលរដ្ឋទូទៅដែលគ្មានអំណាច គ្មានថវិកា និងគ្មានជំនាញច្បាប់ ទៅតតាំងក្ដីជាមួយក្រុមហ៊ុនយក្សដែលមានឥទ្ធិពល លុយកាក់ និងអំណាចពេញដៃនោះទេ។ ចំណាត់ការបែបនេះ គឺស្មើទៅនឹងការបង្កើតយន្តការមួយដែលដឹងមុនថា ជនរងគ្រោះនឹងចាញ់ប្រៀប មិនអាចទទួលបានយុត្តិធម៌ពិតប្រាកដ»។
មកដល់ពេលនេះ គ្មានស្ថាប័នមានសមត្ថកិច្ចណាមួយហ៊ានបើកការស៊ើបអង្កេត ឬចាប់ខ្លួនលោក ហ៊ុន តូ មកសួរនាំពាក់ព័ន្ធនឹងការចោទប្រកាន់ថា ក្រុមហ៊ុនលួចលុយរបស់អតិថិននេះនៅឡើយ ទោះបីជាលោក ហ៊ុន តូ បានសារភាពថា ខ្លួនពិតជាមានភាគហ៊ុន ៣០ភាគរយក្នុងក្រុមហ៊ុន ហួយវ័ន ផេ យ៉ាងណាក្ដី។
ជនរងគ្រោះ និងអ្នកឃ្លាំមើលយល់ថា វិធានការរបស់ធនាគារជាតិកន្លងមក ដែលជំរុញឱ្យអតិថិជនដោះស្រាយបញ្ហាតាមផ្លូវតុលាការដោយខ្លួនឯងនោះគ្រាន់តែជាការបង្កើនសម្ពាធលើជនរងគ្រោះឱ្យចំណាយទាំងពេលវេលា និងលុយកាក់បន្ថែមក្នុងការតតាំងក្ដីជាមួយក្រុមហ៊ុន។ អ្នកឃ្លាំក៏មើលព្រមានថា ការមិនអើពើរបស់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជាពិសេសធនាគារជាតិមិនដោះស្រាយបញ្ហាជូនអតិថិជនរងគ្រោះនេះនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទំនុកចិត្តអ្នកវិនិយោគអន្តរជាតិលើប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាក្នុងរយៈពេលវែងបន្ថែមទៀត៕









