រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» មិន​ខ្វល់​រឿង​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ ប្លន់​លុយ​ពលរដ្ឋ

0
139
សហប្រធានក្រុមហ៊ុន ហួយ វ័ន ផេ (Huione Pay) លោក ហ៊ុន តូ (ឆ្វេង) ទទួលបាច់ផ្កាពីអតីតមន្ត្រី​ក្រសួងមហាផ្ទៃ លោក ផែង វណ្ណៈ និងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ រូប៖ បណ្ដាញសង្គម
សហប្រធានក្រុមហ៊ុន ហួយ វ័ន ផេ (Huione Pay) លោក ហ៊ុន តូ (ឆ្វេង) ទទួលបាច់ផ្កាពីអតីតមន្ត្រី​ក្រសួងមហាផ្ទៃ លោក ផែង វណ្ណៈ និងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ រូប៖ បណ្ដាញសង្គម

រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់ និង​មិន​ខ្វល់ខ្វាយ​ចំពោះ​ទុក្ខ​លំបាក​របស់​ជនរងគ្រោះ​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ ប្លន់​យក​លុយ​ពី​គណនី​ធនាគារ​របស់​ពួកគាត់​ឡើយ​។ ជនរងគ្រោះ និង​អ្នកឃ្លាំមើល​លើកឡើង​ថា ភាព​ស្ងៀមស្ងាត់​នេះ​កំពុង​បង្កើត​ជា​វប្បធម៌​និទ្ទណ្ឌភាព និង​ជា​គំរូ​អាក្រក់​ឱ្យ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ផ្សេងទៀត​អាច​បន្ត​លួច​លុយ​របស់​អតិថិជន​បន្ថែម​ទៀត។

ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មក​ដល់​ពេល​នេះ នៅតែ​មិនទាន់​ឃើញ​បង្ហាញ​ប្រតិកម្ម​ជុំវិញ​រឿង​របស់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​នៃ​សមាជិកគ្រួសារ​របស់​ខ្លួន​គឺ​លោក ហ៊ុន តូ ប្លន់​យក​លុយ​ពី​គណនី​ធនាគារ​ឡើយ ខណៈ​ជនរងគ្រោះ​ខ្មែរ​មួយចំនួន​ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដោយសារ​មិន​ហ៊ាន​ចេញ​តវ៉ា​ទាមទារ​លុយ​របស់​ខ្លួន​ក្រោយ​អាជ្ញាធរ​បាន​ចាប់ខ្លួន​អ្នក​តវ៉ា​ពីរ​នាក់​ដាក់​ពន្ធនាគារ។

ជនរងគ្រោះ​ក្រុមហ៊ុន ហួយវ័ន ផេ លោកស្រី ជា ស្រីមុំ ថ្លែងប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៨ ខែឧសភា​ថា លោកស្រី​កំពុង​មាន​វិបត្តិ​ផ្លូវចិត្ត​យ៉ាង​ខ្លាំង ហើយ​ពេលខ្លះ​ស្ទើរតែ​ចង់​បញ្ចប់ជីវិត​ខ្លួនឯង ប៉ុន្តែ​ដោយសារតែ​បារម្ភ​ពី​កូន​នៅ​តូច​ទើប​លោកស្រី​បន្ត​ទ្រាំ​រស់​ទាំង​ការឈឺចាប់​ចំពោះ​លុយ​ដែល​បាត់បង់ និង​បន្ត​ខិតខំ​ប្រឹងប្រែង​រកស៊ី​សាជាថ្មី​។ លោកស្រី​បញ្ជាក់​ថា នឹង​មិន​ចំណាយ​លុយ​ជួល​មេធាវី​ប្ដឹង​ក្រុមហ៊ុន​លោក ហ៊ុន តូ តាមផ្លូវ​តុលាការ​ឡើយ ព្រោះ​លោកស្រី​គ្មាន​ជំនឿ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​អាច​ជួយ​រក​យុត្តិធម៌ ឬ​ទាម​ទារ​លុយ​ដែល​បាត់បង់​មកវិញ​បាន។

លោកស្រី ជា ស្រីមុំ យល់ថា ការ​ស្ងៀមស្ងាត់​របស់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​លើ​មេដឹកនាំ​ក្រុមហ៊ុន ហួយ​វ័ន នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ផ្សេងទៀត​អាច​ប្រើ​លេស ឬ​ល្បិចកល​ដើម្បី​លួច​យក​លុយ​អតិថិជន​ដោយ​ស្រស់ៗ​បន្ថែម​ទៀត។

លោកស្រី ជា ស្រីមុំ៖ «​វា​បិទ​អ៊ីចឹង​ហើយ​បាន​លុយ​ដាក់​ហោប៉ៅ​វា​ហើយ អត់ឱ្យ​លុយ​ប្រជាពលរដ្ឋ ហើយ​ធនាគារ​ផ្សេង​ក៏​វា​អាច​ធ្វើ​អ៊ីចឹង​បាន​ដែរ ដោយសារ​វា​ដូច​តែ​គ្នា​។ បើ​ប្រទេស​យើង​ច្បាប់​វា​ល្អ​ពេក បើ​តឹងរ៉ឹង​បន្តិច​ទៅ​មានអី​។ លុយ​ហ្នឹង​ម៉េច​ម៉ា បោះចោល​ហ្មង​ទៅ ខ្ញុំ​ខ្ជិល​ហើយ ខ្ញុំ​ធុញ​ហើយ ខ្ញុំ​លក្ខណៈ​ចង់​លោតទឹក​សម្លាប់​ខ្លួន​ម្ដងម្កាល​ហើយ​ប៉ុន្តែ​អាណិតកូន»។

ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ រង​ការ​ចោទប្រកាន់​ថា បាន​បង្កក​លុយ​អតិថិជន​រាប់ពាន់​នាក់ បន្ទាប់មក​កាត់​លុយ​អតិថិជន​ចេញពី​គណនី​ធនាគារ​តែម្ដង បន្ទាប់ពី​អាមេរិក និង​ចក្រភព​អង់គ្លេស​ចាត់វិធានការ​រួម​ដាក់ទណ្ឌកម្ម​កាល​ពី​ចុងឆ្នាំ​២០២៥ ពាក់ព័ន្ធ​នឹង​អំពើ​លាងលុយកខ្វក់​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ។

ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ខែមីនា​ប្រកាស​ថា អតិថិជន​ដែល​មិនទាន់​ទទួល​បាន​លុយ​ទូទាត់​ពី​ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ នៅ​មាន​ជាង ១​ពាន់ ៣​រយ​នាក់​ទៀត​។ អគ្គទេសាភិបាល​ធនាគារ​ជាតិ​អ្នកស្រី ជា សិរី ក៏​ធ្លាប់​ប្រកាស​ឱ្យ​ជនរងគ្រោះ​ស្វែងរក​ដំណោះស្រាយ​ដោយ​ខ្លួនឯង​តាមរយៈ​ប្រព័ន្ធ​តុលាការ។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​លោក ហ៊ុន តូ និង​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​អ្នកស្រី ជា សិរី ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១៨ ខែ​ឧសភា។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ថ្លែង​ថា ការ​ស្ងៀមស្ងាត់​របស់​រដ្ឋាភិបាល​លើ​បញ្ហា​ក្រុមហ៊ុន ហួយ​វ័ន ផេ មិនមែន​ជា​បញ្ហា​បច្ចេកទេស​ក្នុង​ការ​យឺតយ៉ាវ​ដោះស្រាយ​បញ្ហា​ជូន​ជនរងគ្រោះ​ឡើយ ប៉ុន្តែ​មេដឹកនាំ​មាន​ចេតនា​កាង​ការពារ​មុខមាត់ និង​ផលប្រយោជន៍​ក្រុមហ៊ុន​របស់​សមាជិក​គ្រួសារ​ខ្លួន ជាជាង​គិតគូរ​ពី​ទុក្ខវេទនា​របស់​ពលរដ្ឋ​ដែល​រងគ្រោះ។

លោក សេង វណ្ណលី៖ «ស្ថាប័ន​អាណាព្យាបាល ជាពិសេស​ធនាគារជាតិ ដែល​ជា​អ្នក​ចេញ​អាជ្ញាប័ណ្ណ មាន​ភារកិច្ច​ត្រួតពិនិត្យ​លើ​ប្រតិបត្តិ​ហិរញ្ញវត្ថុ គួរតែ​ជា​អ្នក​ចេញមុខ​ស៊ើបអង្កេត បង្កក​គណនី ឬ​ចាត់វិធានការ​ក្តៅ ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ មិនមែន​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ដែល​គ្មាន​អំណាច គ្មាន​ថវិកា និង​គ្មាន​ជំនាញ​ច្បាប់ ទៅ​តតាំង​ក្ដី​ជាមួយ​ក្រុមហ៊ុន​យក្ស​ដែល​មាន​ឥទ្ធិពល លុយកាក់ និង​អំណាច​ពេញដៃ​នោះ​ទេ​។ ចំណាត់ការ​បែបនេះ គឺ​ស្មើ​ទៅ​នឹង​ការបង្កើត​យន្តការ​មួយ​ដែល​ដឹង​មុន​ថា ជនរងគ្រោះ​នឹង​ចាញ់​ប្រៀប មិនអាច​ទទួល​បាន​យុត្តិធម៌​ពិតប្រាកដ»។

មក​ដល់​ពេល​នេះ គ្មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ណាមួយ​ហ៊ាន​បើក​ការស៊ើបអង្កេត ឬ​ចាប់ខ្លួន​លោក ហ៊ុន តូ មក​សួរនាំ​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា ក្រុមហ៊ុន​លួច​លុយ​របស់​អតិថិ​ន​នេះ​នៅឡើយ ទោះបីជា​លោក ហ៊ុន តូ បាន​សារភាព​ថា ខ្លួន​ពិតជា​មាន​ភាគហ៊ុន ៣០​ភាគរយ​ក្នុង​ក្រុមហ៊ុន ហួយ​វ័ន ផេ យ៉ាងណាក្ដី។

ជនរងគ្រោះ និង​អ្នកឃ្លាំមើល​យល់ថា វិធានការ​របស់​ធនាគារ​ជាតិ​កន្លងមក ដែល​ជំរុញ​ឱ្យ​អតិថិជន​ដោះស្រាយ​បញ្ហា​តាមផ្លូវ​តុលាការ​ដោយ​ខ្លួនឯង​នោះ​គ្រាន់តែ​ជា​ការ​បង្កើន​សម្ពាធ​លើ​ជនរងគ្រោះ​ឱ្យ​ចំណាយ​ទាំង​ពេលវេលា និង​លុយកាក់​បន្ថែម​ក្នុង​ការ​តតាំង​ក្ដី​ជាមួយ​ក្រុមហ៊ុន​។ អ្នក​ឃ្លាំ​ក៏​មើល​ព្រមាន​ថា ការ​មិន​អើពើ​របស់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ធនាគារជាតិ​មិន​ដោះស្រាយ​បញ្ហា​ជូន​អតិថិជន​រងគ្រោះ​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនុកចិត្ត​អ្នក​វិនិយោគ​អន្តរជាតិ​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក្នុង​រយៈពេល​វែង​បន្ថែម​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ