លោក កឹម សុខា សុំ​តុលាការ​ទៅ​ជួប​មុខ​ម្តាយ​ផ្ទាល់​នៅ​ដង្ហើម​ចុងក្រោយ

0
103
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អង្គុយ​ជាមួយ​ម្តាយ​របស់​លោក គឺ​លោកស្រី សៅ ង៉ែត ​នៅគ្រាជាប់​ឃុំ​ខ្លួន​​ក្នុង​ផ្ទះ​​នៅរាជធានីភ្នំពេញ កាលពីឆ្នាំ​២០១៨។ រូប៖ AFP
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អង្គុយ​ជាមួយ​ម្តាយ​របស់​លោក គឺ​លោកស្រី សៅ ង៉ែត ​នៅគ្រាជាប់​ឃុំ​ខ្លួន​​ក្នុង​ផ្ទះ​​នៅរាជធានីភ្នំពេញ កាលពីឆ្នាំ​២០១៨។ រូប៖ AFP

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ជាប់ឃុំ​ក្នុងផ្ទះ​នោះ កំពុង​ស្នើសុំ​ការអនុញ្ញាត​ពី​តុលាការ​ដើម្បី​បាន​ទៅ​ជួប​មុខ​និង​ទាន់ដង្ហើម​ម្តាយ​របស់​លោក ជា​លើក​ចុងក្រោយ​នៅ​ឯ​ស្រុកកំណើត​។ អ្នកឃ្លាំមើល យល់ថា ទង្វើ​របស់​តុលាការ និង​រដ្ឋាភិបាល​ក្រុងភ្នំពេញ មិន​ត្រឹមតែ​បំបិទ​សេរីភាព​រូប​កាយ​លោក កឹម សុខា នោះ​ទេ ប៉ុន្តែ​ជា​ការ​ដាក់ទណ្ឌកម្ម​ផ្លូវចិត្ត​ដ៏​ឃោរឃៅ ក្រោម​លេស​នៃ​ការអនុវត្ត​ច្បាប់។

បន្ទាប់ពី​សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក យីម លាងហ៊ី ដែល​កំពុង​ជាប់ឃុំ នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ ពុំបាន​ជួប​មុខ​ម្តាយ​ជា​លើក​ចុងក្រោយ​និង​ពុំបាន​ចូលរួម​បុណ្យសព​ម្តាយ​នោះ​ពេលនេះ​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុងផ្ទះ ក៏​ប្រឈម​នឹង​ស្ថានភាព​ដូចគ្នា​ដែរ។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា គឺ​លោក ផែង ហេង បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​១៩ ឧសភា អម​ដោយ​វីដេអូ​ខ្លី​ប​ចំនួន​ពីរ បង្ហាញថា ម្តាយ​របស់​លោក កឹម សុខា ដែល​មាន​វ័យចាស់​ជរា កំពុង​ឈឺ​ដេក​ស្តូកស្តឹង នៅផ្ទះ​របស់​គាត់​ឯ​ខេត្តតាកែវ ហើយ​កូនចៅ​និង​សាច់ញាតិ កំពុង​សូត្រធម៌​ឲ្យ​គាត់​មុន​ផុតដង្ហើម​។​នៅក្នុង វីដេអូ​ខ្លី​ប​ទី​១ លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ផ្ទះ​ឯ​ទីក្រុង​ភ្នំពេញ​នោះ​លោក បាន​ត្រឹមតែ​ព្យាយាម​ស្រែក​ដង្ហោយហៅ​ម្តាយ​តាម​ទូរស័ព្ទ​ភរិយា​របស់​លោក ឲ្យ​ម្តាយ​ខំ​បើកភ្នែក​រង់ចាំ​ជួប​លោក​សិន ខណៈ​លោក កំពុង​សុំ​ការអនុញ្ញាត​ពី​តុលាការ​ដើម្បី​ឲ្យ​លោក អាច​ចាក​ចេញពីផ្ទះ​ទៅ​ជួប​មុខ​ម្តាយ​ជា​លើក​ចុង​ក្រោយ​នៅ​ឯ​ស្រុកកំណើត។

លោក កឹម សុខា៖ «​បើកភ្នែក​មើល​កូន​ណា​ម៉ែ​! ខ្ញុំ​គឺ​ខា (​កឹម សុខា )​។ ម៉ែ​បើកភ្នែក​មើល​កូន​តិច​ទៅណា​ម៉ែ​។ ម៉ែ​ចាំ​កូន​សិន​។ កូន​កំពុង​សុំ​គេ​ទៅ​មើល​ម៉ែ​។ ម៉ែ​ចាំ​ណា​ម៉ែ ម៉ែ​ចាំ​សិន​។​ម៉ែ​បើកភ្នែក​មក បើកភ្នែក​មើល​កូន​សិន​។ ចាំ​សិន​ណា​ម៉ែ​ណា ខ្ញុំ​ខាណា​ម៉ែ​»….។

ចំណែក​វីដេអូ​ខ្លី​មួយទៀត លោក កឹម សុខា បាន​ឧទ្ទិស​កុសលផល​បុណ្យ​ឲ្យ​ម្តាយ​របស់​លោក​បាន​នូវ​សេចក្តី​ស្ងប់​សុខ។

លោក កឹម សុខា៖ «​សាធុ សូម​ឲ្យ​កុសលផល​បុណ្យ​បាន​ទៅ​ម៉ែ​។​សូម​ម៉ែ បាន​សេចក្តី​សុខ​ទៅ​។​ហើយ​សូម​ឲ្យ​ម៉ែ​ចាំ​កូន​សិន​ណា​ម៉ែ​។ ម៉ែ​នៅចាំ​ជួប​កូន កូន​កំពុង​សុំ​គេ​ហើយ​»។

ទាក់ទង​នឹង​រឿង​នេះ លោក​មេធាវី ផែង ហេង បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​បន្ថែម​ថា តុលាការ បាន​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដូច្នេះ​លោក​ត្រូវ​សុំ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​សិន ទើប​អាច​ចេញពីផ្ទះ​បាន​។ លោក​មេធាវី​បញ្ជាក់​ថា លោក កឹម សុខា បាន​ស្នើសុំ​តុលាការ​ទៅ​ជួប​មុខ​ម្តាយ​តាំង​ពីព្រឹក​មក ប៉ុន្តែ​រហូតមកដល់​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១៩ ខែឧសភា​នេះ ព្រះរាជអាជ្ញា​ក្រុងភ្នំពេញ​មិនទាន់​ឆ្លើយតប​នៅ​ឡើយ។ «»

សមត្ថកិច្ច បាន​ចាប់ខ្លួន​លោក កឹម សុខា ទាំង​កម្រោល​ទាំង​កណ្តាល​យប់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២៣ បាន​ផ្ដន្ទាទោស​លោក កឹម សុខា ឱ្យ​ជាប់ឃុំ​ក្នុងផ្ទះ​រយៈពេល​២៧​ឆ្នាំ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ឬ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដែល​ត្រូវ​បាន​ចោទប្រកាន់​តាំងពី​ឆ្នាំ​២០១៧​។ តុលាការ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក កឹម សុខា ធ្វើ​នយោបាយ មិន​ឱ្យ​ចេញពីផ្ទះ មិន​អនុញ្ញាត​ឱ្យ​ជួប​ភ្ញៀវ​បរទេស លើកលែងតែ​មានការ​អនុញ្ញាត​ពី​តុលាការ​។ លើស​ពី​នេះ សមត្ថកិច្ច​ក៏​តម្រូវ​ឲ្យ​មនុស្ស​មួយចំនួន​ដែល​ស្នាក់​នៅផ្ទះ​លោក កឹម សុខា រួម​ទាំង​អង្គរក្ស​របស់​លោក​ផង​ឲ្យ​ចាក​ចេញពីផ្ទះ​ទាំងអស់​។ លោក កឹម សុខា ក៏បាន​ប្តឹង​ទាស់​សាលក្រម​នេះ​ដែរ​។ ប៉ុន្តែ​កាលពី ថ្ងៃទី​៣០ ខែមេសា​កន្លងទៅ សាលាឧទ្ធរណ៍​ភ្នំពេញ​នៅតែ​តម្កល់​ការផ្តន្ទាទោស​មេ​បក្ស​ប្រឆាំង​រូប​នេះ​ឲ្យ​ជាប់ពន្ធនាគារ​២៧​ឆ្នាំ​ដដែល និង​បន្ថែម​ទោស​មិន​ឲ្យ​ចេញពី​ប្រទេស​កម្ពុជា​៥​ឆ្នាំ​ទៀត​។ សហគមន៍ជាតិ និង​អន្តរជាតិ តែង​ទាមទារ​ជារឿយៗ​ឲ្យ​តុលាការ​លុបចោល​ការចោទប្រកាន់​និង​ដោះលែង​លោក កឹម សុខា វិញ ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច ការ​វិនិយោគ និង​ដំណើរការ​ប្រជាធិបតេយ្យ​ពេញលេញ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣ តុលា លោក គឹម សុខ ថ្លែង​ថា លោក​ពិតជា​អាណិតអាសូរ​ដល់​លោក កឹម សុខា ដែល​ជា​អ្នកតស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស បែរជា​ត្រូវ​របប​ក្រុងភ្នំពេញ ដាក់​ឃុំ​ក្នុងផ្ទះ​ទាំង​អយុត្តិធម៌ និង​រស់នៅ​បែក​ពី​អ្នក​ម្តាយ​ដែល​ជិត​ផុត​ដង្ហើម​ទៅ​ហើយ​។ លោក​បន្ត​ថា ទង្វើ​របស់​តុលាការ និង​រដ្ឋាភិបាល​ត្រកូល​”​ហ៊ុន​”​ដែល​កំពុង​ប្រើ​ច្បាប់​ជា​ឧបករណ៍​នយោបាយ​នេះ មិន​ត្រឹមតែ​បំបិទ​សិទ្ធិ​សេរីភាព​លើ​រូប​កាយ​លោក កឹម សុខា ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ហាញ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មើលឃើញ​ថា ជា​ការ​ដាក់​ទណ្ឌកម្ម​ផ្លូវចិត្ត​ដ៏​ឃោរឃៅ និង​អមនុស្សធម៌​បំផុត។ «»

សាធារណជន​ខ្មែរ និង​សហគមន៍​អន្តរជាតិ តែងតែ​មើលឃើញ​ជា​ញឹកញាប់​អំពី​ការអនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​នៅ​កម្ពុជា​។​ជាក់ស្តែង​មន្ត្រី​កំពូលៗ​បក្ស​កាន់អំណាច ដែល​មាន​ទោសទណ្ឌ ឬ​រង​ការ​ចោទ​ថា ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​អន​ឡាញ ការ​ជួញដូរ​មនុស្ស និង​ការ​លាង​លុយ រហូត​ត្រូវ​បាន​អន្តរជាតិ​ដាក់ទណ្ឌកម្ម​ក្តី ក៏​ពួកគេ តែងតែ​ទទួល​បាន​ការយោគយល់ ការ​លើកលែងទោស ឬ​អនុញ្ញាត​ឱ្យ​ដើរហើរ​ក្រោម​ហេតុផល​ព្យាបាល​ជំងឺ​ឬ​កិច្ចការផ្ទាល់ខ្លួន​។ ផ្ទុយទៅវិញ ចំពោះ​ថ្នាក់ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សង្គម សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន​វិញ ពួកគេ សូម្បីតែ​សិទ្ធិ​ទៅ​យំ​មុខ​សព​ម្តាយ ឬ​មនុស្ស​ជាទី​ស្រលាញ់ ក៏​ត្រូវ​បាន​តុលាការ ហាមឃាត់​ដែរ ដូចជា​ករណី​សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក យី​ម លាង​ហ៊ី ថ្មីៗ​នេះ​។ ស្តង់ដារ​ពីរ​ដ៏​ចំហ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុងតែ​រុញច្រាន​ឱ្យ​ប្រព័ន្ធ​តុលាការ​កម្ពុជា កាន់តែ​ធ្លាក់​ដុនដាប និង​បាត់បង់​តម្លៃ​ទាំងស្រុង ក្រោម​ក្រសែភ្នែក​សហគមន៍​ជាតិ និង​អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ