

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលត្រូវបានតុលាការដាក់ឲ្យជាប់ឃុំក្នុងផ្ទះនោះ កំពុងស្នើសុំការអនុញ្ញាតពីតុលាការដើម្បីបានទៅជួបមុខនិងទាន់ដង្ហើមម្តាយរបស់លោក ជាលើកចុងក្រោយនៅឯស្រុកកំណើត។ អ្នកឃ្លាំមើល យល់ថា ទង្វើរបស់តុលាការ និងរដ្ឋាភិបាលក្រុងភ្នំពេញ មិនត្រឹមតែបំបិទសេរីភាពរូបកាយលោក កឹម សុខា នោះទេ ប៉ុន្តែជាការដាក់ទណ្ឌកម្មផ្លូវចិត្តដ៏ឃោរឃៅ ក្រោមលេសនៃការអនុវត្តច្បាប់។
បន្ទាប់ពីសកម្មជនចលនាមាតាធម្មជាតិ លោក យីម លាងហ៊ី ដែលកំពុងជាប់ឃុំ នៅពន្ធនាគារខេត្តកំពង់ស្ពឺ ពុំបានជួបមុខម្តាយជាលើកចុងក្រោយនិងពុំបានចូលរួមបុណ្យសពម្តាយនោះពេលនេះមេបក្សប្រឆាំង លោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះ ក៏ប្រឈមនឹងស្ថានភាពដូចគ្នាដែរ។
មេធាវីការពារក្តីឲ្យលោក កឹម សុខា គឺលោក ផែង ហេង បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៩ ឧសភា អមដោយវីដេអូខ្លីបចំនួនពីរ បង្ហាញថា ម្តាយរបស់លោក កឹម សុខា ដែលមានវ័យចាស់ជរា កំពុងឈឺដេកស្តូកស្តឹង នៅផ្ទះរបស់គាត់ឯខេត្តតាកែវ ហើយកូនចៅនិងសាច់ញាតិ កំពុងសូត្រធម៌ឲ្យគាត់មុនផុតដង្ហើម។នៅក្នុង វីដេអូខ្លីបទី១ លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះឯទីក្រុងភ្នំពេញនោះលោក បានត្រឹមតែព្យាយាមស្រែកដង្ហោយហៅម្តាយតាមទូរស័ព្ទភរិយារបស់លោក ឲ្យម្តាយខំបើកភ្នែករង់ចាំជួបលោកសិន ខណៈលោក កំពុងសុំការអនុញ្ញាតពីតុលាការដើម្បីឲ្យលោក អាចចាកចេញពីផ្ទះទៅជួបមុខម្តាយជាលើកចុងក្រោយនៅឯស្រុកកំណើត។
លោក កឹម សុខា៖ «បើកភ្នែកមើលកូនណាម៉ែ! ខ្ញុំគឺខា (កឹម សុខា )។ ម៉ែបើកភ្នែកមើលកូនតិចទៅណាម៉ែ។ ម៉ែចាំកូនសិន។ កូនកំពុងសុំគេទៅមើលម៉ែ។ ម៉ែចាំណាម៉ែ ម៉ែចាំសិន។ម៉ែបើកភ្នែកមក បើកភ្នែកមើលកូនសិន។ ចាំសិនណាម៉ែណា ខ្ញុំខាណាម៉ែ»….។
ចំណែកវីដេអូខ្លីមួយទៀត លោក កឹម សុខា បានឧទ្ទិសកុសលផលបុណ្យឲ្យម្តាយរបស់លោកបាននូវសេចក្តីស្ងប់សុខ។
លោក កឹម សុខា៖ «សាធុ សូមឲ្យកុសលផលបុណ្យបានទៅម៉ែ។សូមម៉ែ បានសេចក្តីសុខទៅ។ហើយសូមឲ្យម៉ែចាំកូនសិនណាម៉ែ។ ម៉ែនៅចាំជួបកូន កូនកំពុងសុំគេហើយ»។
ទាក់ទងនឹងរឿងនេះ លោកមេធាវី ផែង ហេង បានប្រាប់ទូរទស្សន៍អាស៊ីសេរីបន្ថែមថា តុលាការ បានដាក់លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដូច្នេះលោកត្រូវសុំអនុញ្ញាតពីព្រះរាជអាជ្ញាសិន ទើបអាចចេញពីផ្ទះបាន។ លោកមេធាវីបញ្ជាក់ថា លោក កឹម សុខា បានស្នើសុំតុលាការទៅជួបមុខម្តាយតាំងពីព្រឹកមក ប៉ុន្តែរហូតមកដល់ម៉ោង៤ល្ងាចថ្ងៃទី១៩ ខែឧសភានេះ ព្រះរាជអាជ្ញាក្រុងភ្នំពេញមិនទាន់ឆ្លើយតបនៅឡើយ។ «»
សមត្ថកិច្ច បានចាប់ខ្លួនលោក កឹម សុខា ទាំងកម្រោលទាំងកណ្តាលយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានផ្ដន្ទាទោសលោក កឹម សុខា ឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលត្រូវបានចោទប្រកាន់តាំងពីឆ្នាំ២០១៧។ តុលាការបានដាក់បម្រាមមិនឱ្យលោក កឹម សុខា ធ្វើនយោបាយ មិនឱ្យចេញពីផ្ទះ មិនអនុញ្ញាតឱ្យជួបភ្ញៀវបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។ លើសពីនេះ សមត្ថកិច្ចក៏តម្រូវឲ្យមនុស្សមួយចំនួនដែលស្នាក់នៅផ្ទះលោក កឹម សុខា រួមទាំងអង្គរក្សរបស់លោកផងឲ្យចាកចេញពីផ្ទះទាំងអស់។ លោក កឹម សុខា ក៏បានប្តឹងទាស់សាលក្រមនេះដែរ។ ប៉ុន្តែកាលពី ថ្ងៃទី៣០ ខែមេសាកន្លងទៅ សាលាឧទ្ធរណ៍ភ្នំពេញនៅតែតម្កល់ការផ្តន្ទាទោសមេបក្សប្រឆាំងរូបនេះឲ្យជាប់ពន្ធនាគារ២៧ឆ្នាំដដែល និងបន្ថែមទោសមិនឲ្យចេញពីប្រទេសកម្ពុជា៥ឆ្នាំទៀត។ សហគមន៍ជាតិ និងអន្តរជាតិ តែងទាមទារជារឿយៗឲ្យតុលាការលុបចោលការចោទប្រកាន់និងដោះលែងលោក កឹម សុខា វិញ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ការវិនិយោគ និងដំណើរការប្រជាធិបតេយ្យពេញលេញ។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា លោក គឹម សុខ ថ្លែងថា លោកពិតជាអាណិតអាសូរដល់លោក កឹម សុខា ដែលជាអ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បែរជាត្រូវរបបក្រុងភ្នំពេញ ដាក់ឃុំក្នុងផ្ទះទាំងអយុត្តិធម៌ និងរស់នៅបែកពីអ្នកម្តាយដែលជិតផុតដង្ហើមទៅហើយ។ លោកបន្តថា ទង្វើរបស់តុលាការ និងរដ្ឋាភិបាលត្រកូល”ហ៊ុន”ដែលកំពុងប្រើច្បាប់ជាឧបករណ៍នយោបាយនេះ មិនត្រឹមតែបំបិទសិទ្ធិសេរីភាពលើរូបកាយលោក កឹម សុខា ប៉ុណ្ណោះទេ ថែមទាំងបង្ហាញឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិមើលឃើញថា ជាការដាក់ទណ្ឌកម្មផ្លូវចិត្តដ៏ឃោរឃៅ និងអមនុស្សធម៌បំផុត។ «»
សាធារណជនខ្មែរ និងសហគមន៍អន្តរជាតិ តែងតែមើលឃើញជាញឹកញាប់អំពីការអនុវត្តច្បាប់ស្តង់ដារពីរនៅកម្ពុជា។ជាក់ស្តែងមន្ត្រីកំពូលៗបក្សកាន់អំណាច ដែលមានទោសទណ្ឌ ឬរងការចោទថា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ការជួញដូរមនុស្ស និងការលាងលុយ រហូតត្រូវបានអន្តរជាតិដាក់ទណ្ឌកម្មក្តី ក៏ពួកគេ តែងតែទទួលបានការយោគយល់ ការលើកលែងទោស ឬអនុញ្ញាតឱ្យដើរហើរក្រោមហេតុផលព្យាបាលជំងឺឬកិច្ចការផ្ទាល់ខ្លួន។ ផ្ទុយទៅវិញ ចំពោះថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំង សកម្មជនសង្គម សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានវិញ ពួកគេ សូម្បីតែសិទ្ធិទៅយំមុខសពម្តាយ ឬមនុស្សជាទីស្រលាញ់ ក៏ត្រូវបានតុលាការ ហាមឃាត់ដែរ ដូចជាករណីសកម្មជនចលនាមាតាធម្មជាតិលោក យីម លាងហ៊ី ថ្មីៗនេះ។ ស្តង់ដារពីរដ៏ចំហនេះ ត្រូវបានគេមើលឃើញថា កំពុងតែរុញច្រានឱ្យប្រព័ន្ធតុលាការកម្ពុជា កាន់តែធ្លាក់ដុនដាប និងបាត់បង់តម្លៃទាំងស្រុង ក្រោមក្រសែភ្នែកសហគមន៍ជាតិ និងអន្តរជាតិ៕









