លោក ហ៊ុន សែន រង​ការ​រិះគន់​បញ្ជា​ឱ្យ​ចាប់​មន្ត្រី​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក ប៉ុន្តែ​មិន​ចាប់​លោក កុក អាន និង លី យ៉ុងផាត់

0
6
​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា​រាជធានី និង នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពីថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា​រាជធានី និង នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពីថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកឃ្លាំមើល​រិះគន់ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន រឿង​បញ្ជា​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​មន្ត្រី ដែល​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក តាម​អនឡាញ ដោយ​គ្មាន​ការលើកលែង ប៉ុន្តែ លោក​មិន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ឧកញ៉ា កុក អាន ឧកញ៉ា លី យ៉ុងផាត និង​ក្មួយ លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ នោះ​ទេ បើទោះបីជា​អ្នក​ទាំងនោះ ត្រូវ​បាន​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ការ​លាង​លុយ​និង​អំពើ​ជួញដូរ​មនុស្ស​ក្ដី។

បន្ទាប់​ពី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បរាជ័យ​ក្នុង​ការ​បោសសម្អាត​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ត្រឹម​ខែមេសា មក មេ​បក្ស​កាន់អំណាច និង​ជា​ឪពុក​នាយករដ្ឋមន្ត្រី​គឺ​លោក ហ៊ុន សែន បាន​ណែនាំ​ដល់​អាជ្ញាធរ​នៅ​តាម​ខេត្ត​នានា ជាពិសេស លោក ហ៊ុន ម៉ាណែត ផ្ទាល់ គឺ​ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់ ឱ្យ​បាន​តឹងរ៉ឹង មក​លើ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​តាម អនឡាញ​ដោយ​គ្មាន ការលើកលែង ព្រោះ​លោក​យល់ថា​ឧក្រិដ្ឋជន​ឆបោក​នេះ​បាន​បំផ្លាញ​មុខមាត់​កម្ពុជា។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៥ ខែឧសភា​ថា ការ​គំរាមកំហែង របស់​លោក ហ៊ុន សែន ថា នឹង​ដក​តំណែង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ គឺ​គ្រាន់តែ​ជា​សារ​នយោបាយ​បោកប្រាស់ ដែល​លោក ចង់​បន្លំ​ភ្នែក​មហាជន និង​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ ព្រោះ​ជាក់ស្ដែង មេខ្លោង​ពិតប្រាកដ​នៃ ក្រុម​ឧក្រិដ្ឋកម្ម​ឆបោក ទាំងនោះ គឺជា​មនុស្ស​ជំនិត​របស់​លោក សែន ហ៊ុន ផ្ទាល់ ដូចជា លោក​ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា កុក អាន និង ក្មួយ​របស់ លោក ហ៊ុន សែន គឺ លោក ហ៊ុន តូ ជាដើម ដូច្នេះ លោក​ថា លោក ហ៊ុន សែន គ្មាន​ឆន្ទៈ ពិតប្រាកដ ដើម្បី​បោសសម្អាត​បញ្ហា​ទាំង​នេះ​ឡើយ។ «»

ការ​លើកឡើង​នេះ ក្រោយពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ថ្លែង នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា​រាជធានី និង នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី​២៤ ខែឧសភា ដោយ​បាន​លើកឡើង​ថា កន្លង​មក​នេះ​ប្រទេស​កម្ពុជា ត្រូវ​បាន​បំផ្លិចបំផ្លាញ ដោយ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម អន​ឡាញ ហើយ នៅពេល​អនាគត​ពួកគេ​ក៏​នឹង គំរាមកំហែង​ដល់​ប្រទេសជាតិ​ផង​ដែរ​។ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ចាប់តាំងពី​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ បាន​រីក​ដុះដាល​នៅ​កម្ពុជា​មក កម្ពុជា​មិនដែល​ទទួល​បាន​ផលប្រយោជន៍​ពី​ឧស្សាហកម្ម​ឆបោក នេះ​នោះ​ទេ។

មេ​បក្ស​កាន់អំណាច​រូប​នេះ​បាន​បន្ត ថា​លោក​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅ​ពេល​ដែល​បានឃើញ ឧក្រិដ្ឋជន​ឆបោក រាប់​សិប​នាក់ បាន​ចូល​មក​រស់នៅ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ហើយ​លោក ជំរុញ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវតែ​ចាត់វិធានការ បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ប្រសិទ្ធភាព​បំផុត ជាពិសេស​ត្រូវ ដក​តំណែង ឬ​តួនាទី ចំពោះ​មន្ត្រីរាជការ​ណា ដែល​ជាប់​ពាក់ព័ន្ធ ក្នុង​អំពើ​«​ឧក្រិដ្ឋកម្ម​» ទាំងនេះ ដោយ​គ្មាន​ការលើកលែង ហើយ​រួម​ទាំង ត្រូវ​ចាប់​អ្នក​ទាំងនោះ យក​ទៅ​ផ្ដន្ទាទោស តាម​ប្រព័ន្ធ​តុលាការ​ផង​ដែរ។

បើ​ទោះបីជា លោក ហ៊ុន សែន បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ថា លោក​មិន​នឹក​ស្មាន​ថា នៅ​ប្រទេស​កម្ពុជា មាន​ឧក្រិដ្ឋជន​ច្រើន​បែបនេះ​ក្ដី អ្នក​រិះគន់​ថា វា​ហាក់​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះ​ទេ ព្រោះ​កន្លងទៅ​សហគមន៍​អន្តរជាតិ និង បណ្ដាញសារព័ត៌មាន​​រទេស​ជាច្រើន បាន​រាយការណ៍​អំពី មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ និង​ទីតាំង​ជួញដូរ​មនុស្ស យ៉ាង​ព្រោងព្រាត ដែល​បង្ហាញថា​មាន​មូលដ្ឋាន​នៅ​កម្ពុជា ដូចជា​នៅ ខេត្ត​ព្រះសីហនុ ក្រុង​បាវិត ខេត្តស្វាយរៀង និង តំបន់​បូកគោ ខេត្តកំពត ជាដើម ក៏ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល មិនដែល​បើក​ស៊ើបអង្កេត​នោះ​ទេ ផ្ទុយទៅវិញ ចេញ​លិខិត​បដិសេធ សេចក្ដីរាយការណ៍ និង​របាយការណ៍ ទាំងនោះ​ថា​ជា «​ព័ត៌មាន​ក្លែងក្លាយ»។

ទន្ទឹមគ្នា​នោះ លោក ហ៊ុន សែន ក៏បាន​តែងតាំង មេខ្លោង​ឧក្រិដ្ឋជន​ឆបោក លំដាប់​អន្តរជាតិ​គឺ​លោក ចេន ហ្ស៊ី និង​បក្ខពួក​មួយ​ចំនួន​ទៀត​ឱ្យ ធ្វើជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​។ ក្រៅពីនោះ មាន​មន្ត្រី​ជាច្រើន​ទៀត ដែល​ជិត​ស្និត​ជាមួយ​លោក ហ៊ុន សែន ក៏​ជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​ឆបោក​នេះ​ដែរ ដូចជា ឧកញ៉ា លី យ៉ុងផាត ឧកញ៉ា កុក អាន និង​លោក ហ៊ុន តូ ជាដើម ខណៈ​អ្នក​ទាំងនេះ​កំពុងតែ​ក្ដោប​ក្ដាប់​មុខ​ជំនួញ​ជាច្រើន​នៅ​កម្ពុជា ដោយ​គ្មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​នោះ​ឡើយ បើ​ទោះ​បី​សហរដ្ឋអាមេរិក បាន​ដាក់​ទណ្ឌកម្ម និង​បង្ក​ទ្រព្យសម្បត្តិ ពាក់ព័ន្ធ ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ ការ​លាង​លុយកខ្វក់ និង​អំពើ​ជួញដូរ​មនុស្ស​ក្ដី ។ មក​ទល់​ពេល​នេះ គេ​នៅ​មិនទាន់​ឃើញ មាន​ស្ថាប័នរដ្ឋ ណាមួយ ហ៊ាន​បើក​ការស៊ើបអង្កេត និង​ចាត់វិធានការ​ផ្លូវច្បាប់​ទេ។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី យល់ឃើញ​ថា ការ​គំរាមកំហែង​ដក​តំណែង​មន្ត្រី​តូចតាច និង​អាជ្ញាធរ​តាម​មូលដ្ឋាន ពី​សំណាក់​មេដឹកនាំ​កម្ពុជា គឺ​គ្រាន់តែ​ជា​សកម្មភាព​ដើម្បី​បិទបាំង​មន្ត្រី​ធំៗ​នៅ​ពី​ក្រោយខ្នង ដែល​ជា​មេខ្លោង​នៃ​ឧក្រិដ្ឋកម្ម​ឆបោក​តាមអនឡាញ ប៉ុណ្ណោះ​។​លោក​ថា ការ​បង្ក្រាប​ឧក្រិដ្ឋជន​ឆបោក ដូច​បច្ចុប្បន្ន គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។ «»

គិត​ត្រឹម​ថ្ងៃទី​១ ដល់​ថ្ងៃទី​២២ ខែឧសភា សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scam) ចំនួន ៥០​ទីតាំង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ជិត​៣​ពាន់ (៣ ៣២០)​នាក់ ហើយ​មាន​ចំនួន ៣២​សញ្ជាតិ។ ក្នុងចំណោម​អ្នក​ទាំងនោះ មាន​១០៣០ នាក់ ចំនួន​១៦​សញ្ជាតិ ត្រូវ​បាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បណ្ដេញ ចេញពី​កម្ពុជា ហើយ​ជនសង្ស័យ​៩៦​នាក់​ទៀត ត្រូវ​បាន សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ។ ទោះ​យ៉ាងណា គេ​នៅ​មិនទាន់​ឃើញ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ចាប់​ម្ចាស់​អគារ និង​ទីតាំង​ទាំង​នោះ​មក​ផ្ដន្ទាទោស​នោះឡើយ គឺ​ឃើញ​តែ​មាន​ចាប់​ជន​បទេស​ដែល​ជា​ជនរងគ្រោះ​ប៉ុណ្ណោះ។

មុន​ការ​គំរាមកំហែង របស់​លោក ហ៊ុន សែន មក​លើ​មន្ត្រីរាជការ កាលពី​ថ្ងៃទី​២៣ ខែឧសភា អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន ត្រូវ​បាន​ដកចេញ​ពី​តំណែង និង​ផ្ទេរ​ឱ្យទៅ​ធ្វើជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ រួម​និង​ដកហូត​តំណែង មេ​ប៉ូលិស និង​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត ក្រោយពី​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។

នៅ​ថ្ងៃ​ដដែល​នោះ លោក គង់ គឹមនី ដែល​ជា​អតីត​អភិបាលរង​ខេត្តក្រចេះ ក៏​ត្រូវ​បាន​តែងតែ​ជា អភិបាលខេត្ត មណ្ឌលគិរី ជំនួស​វិញ ។ ទោះ​យ៉ាងណា អ្នកឃ្លាំមើល​ថា ការ​ដក​ហូត​មន្ត្រី​មូលដ្ឋាន មិនអាច​ទប់ស្កាត់​បទ​ល្មើស​ឆបោក តាម​អន​ឡាញ​បាន​នោះ​ទេ ព្រោះ​បញ្ហា​នេះ បាន​កើត​មាន ជា​ប្រព័ន្ធ ក្នុង​ជួរ​មន្ត្រី​រដ្ឋាភិបាល ខណៈ​អាជ្ញាធរ​មូលដ្ឋាន គ្រាន់តែ​កូនអុក របស់ រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន​» ដើម្បី​ចាត់វិធានការ​បន្លំ​ភ្នែក​មហាជន និង បិទបាំង​ទោសកំហុស របស់​ខ្លួន​ប៉ុណ្ណោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ