

អ្នកឃ្លាំមើលរិះគន់ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន រឿងបញ្ជាឱ្យអាជ្ញាធរចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រី ដែលពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោក តាមអនឡាញ ដោយគ្មានការលើកលែង ប៉ុន្តែ លោកមិនចាត់វិធានការផ្លូវច្បាប់លើឧកញ៉ា កុក អាន ឧកញ៉ា លី យ៉ុងផាត និងក្មួយ លោក ហ៊ុន សែន គឺលោក ហ៊ុន តូ នោះទេ បើទោះបីជាអ្នកទាំងនោះ ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ការលាងលុយនិងអំពើជួញដូរមនុស្សក្ដី។
បន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបរាជ័យក្នុងការបោសសម្អាតឧក្រិដ្ឋជនឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសា មក មេបក្សកាន់អំណាច និងជាឪពុកនាយករដ្ឋមន្ត្រីគឺលោក ហ៊ុន សែន បានណែនាំដល់អាជ្ញាធរនៅតាមខេត្តនានា ជាពិសេស លោក ហ៊ុន ម៉ាណែត ផ្ទាល់ គឺត្រូវចាត់វិធានការផ្លូវច្បាប់ ឱ្យបានតឹងរ៉ឹង មកលើមន្ត្រីដែលពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាម អនឡាញដោយគ្មាន ការលើកលែង ព្រោះលោកយល់ថាឧក្រិដ្ឋជនឆបោកនេះបានបំផ្លាញមុខមាត់កម្ពុជា។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៥ ខែឧសភាថា ការគំរាមកំហែង របស់លោក ហ៊ុន សែន ថា នឹងដកតំណែងមន្ត្រីដែលពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញ គឺគ្រាន់តែជាសារនយោបាយបោកប្រាស់ ដែលលោក ចង់បន្លំភ្នែកមហាជន និងសហគមន៍អន្តរជាតិប៉ុណ្ណោះ ព្រោះជាក់ស្ដែង មេខ្លោងពិតប្រាកដនៃ ក្រុមឧក្រិដ្ឋកម្មឆបោក ទាំងនោះ គឺជាមនុស្សជំនិតរបស់លោក សែន ហ៊ុន ផ្ទាល់ ដូចជា លោកឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា កុក អាន និង ក្មួយរបស់ លោក ហ៊ុន សែន គឺ លោក ហ៊ុន តូ ជាដើម ដូច្នេះ លោកថា លោក ហ៊ុន សែន គ្មានឆន្ទៈ ពិតប្រាកដ ដើម្បីបោសសម្អាតបញ្ហាទាំងនេះឡើយ។ «»
ការលើកឡើងនេះ ក្រោយពីប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានថ្លែង នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី និង នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៤ ខែឧសភា ដោយបានលើកឡើងថា កន្លងមកនេះប្រទេសកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញ ដោយក្រុមឧក្រិដ្ឋជនឆបោកតាម អនឡាញ ហើយ នៅពេលអនាគតពួកគេក៏នឹង គំរាមកំហែងដល់ប្រទេសជាតិផងដែរ។ លោក ហ៊ុន សែន បានបញ្ជាក់ថា ចាប់តាំងពីឧក្រិដ្ឋជនឆបោកតាមអនឡាញ បានរីកដុះដាលនៅកម្ពុជាមក កម្ពុជាមិនដែលទទួលបានផលប្រយោជន៍ពីឧស្សាហកម្មឆបោក នេះនោះទេ។
មេបក្សកាន់អំណាចរូបនេះបានបន្ត ថាលោកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានឃើញ ឧក្រិដ្ឋជនឆបោក រាប់សិបនាក់ បានចូលមករស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ ហើយលោក ជំរុញរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវតែចាត់វិធានការ បង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះឱ្យបានម៉ឺងម៉ាត់ និងប្រសិទ្ធភាពបំផុត ជាពិសេសត្រូវ ដកតំណែង ឬតួនាទី ចំពោះមន្ត្រីរាជការណា ដែលជាប់ពាក់ព័ន្ធ ក្នុងអំពើ«ឧក្រិដ្ឋកម្ម» ទាំងនេះ ដោយគ្មានការលើកលែង ហើយរួមទាំង ត្រូវចាប់អ្នកទាំងនោះ យកទៅផ្ដន្ទាទោស តាមប្រព័ន្ធតុលាការផងដែរ។
បើទោះបីជា លោក ហ៊ុន សែន បានបង្ហាញការភ្ញាក់ផ្អើលថា លោកមិននឹកស្មានថា នៅប្រទេសកម្ពុជា មានឧក្រិដ្ឋជនច្រើនបែបនេះក្ដី អ្នករិះគន់ថា វាហាក់មិនឆ្លុះបញ្ចាំងពីការពិតនោះទេ ព្រោះកន្លងទៅសហគមន៍អន្តរជាតិ និង បណ្ដាញសារព័ត៌មានរទេសជាច្រើន បានរាយការណ៍អំពី មជ្ឈមណ្ឌលឆបោកតាមអនឡាញ និងទីតាំងជួញដូរមនុស្ស យ៉ាងព្រោងព្រាត ដែលបង្ហាញថាមានមូលដ្ឋាននៅកម្ពុជា ដូចជានៅ ខេត្តព្រះសីហនុ ក្រុងបាវិត ខេត្តស្វាយរៀង និង តំបន់បូកគោ ខេត្តកំពត ជាដើម ក៏ប៉ុន្តែ មន្ត្រីរដ្ឋាភិបាល មិនដែលបើកស៊ើបអង្កេតនោះទេ ផ្ទុយទៅវិញ ចេញលិខិតបដិសេធ សេចក្ដីរាយការណ៍ និងរបាយការណ៍ ទាំងនោះថាជា «ព័ត៌មានក្លែងក្លាយ»។
ទន្ទឹមគ្នានោះ លោក ហ៊ុន សែន ក៏បានតែងតាំង មេខ្លោងឧក្រិដ្ឋជនឆបោក លំដាប់អន្តរជាតិគឺលោក ចេន ហ្ស៊ី និងបក្ខពួកមួយចំនួនទៀតឱ្យ ធ្វើជាទីប្រឹក្សាផ្ទាល់របស់លោក។ ក្រៅពីនោះ មានមន្ត្រីជាច្រើនទៀត ដែលជិតស្និតជាមួយលោក ហ៊ុន សែន ក៏ជាប់ពាក់ព័ន្ធបទឧក្រិដ្ឋឆបោកនេះដែរ ដូចជា ឧកញ៉ា លី យ៉ុងផាត ឧកញ៉ា កុក អាន និងលោក ហ៊ុន តូ ជាដើម ខណៈអ្នកទាំងនេះកំពុងតែក្ដោបក្ដាប់មុខជំនួញជាច្រើននៅកម្ពុជា ដោយគ្មានការព្រួយបារម្ភពីសុវត្ថិភាពនោះឡើយ បើទោះបីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម និងបង្កទ្រព្យសម្បត្តិ ពាក់ព័ន្ធ ឧក្រិដ្ឋកម្មឆបោកអនឡាញ ការលាងលុយកខ្វក់ និងអំពើជួញដូរមនុស្សក្ដី ។ មកទល់ពេលនេះ គេនៅមិនទាន់ឃើញ មានស្ថាប័នរដ្ឋ ណាមួយ ហ៊ានបើកការស៊ើបអង្កេត និងចាត់វិធានការផ្លូវច្បាប់ទេ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ឃើញថា ការគំរាមកំហែងដកតំណែងមន្ត្រីតូចតាច និងអាជ្ញាធរតាមមូលដ្ឋាន ពីសំណាក់មេដឹកនាំកម្ពុជា គឺគ្រាន់តែជាសកម្មភាពដើម្បីបិទបាំងមន្ត្រីធំៗនៅពីក្រោយខ្នង ដែលជាមេខ្លោងនៃឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ប៉ុណ្ណោះ។លោកថា ការបង្ក្រាបឧក្រិដ្ឋជនឆបោក ដូចបច្ចុប្បន្ន គ្មានប្រសិទ្ធភាពនោះទេ។ «»
គិតត្រឹមថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា សមត្ថកិច្ចបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ចំនួន ៥០ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យ បានជិត៣ពាន់ (៣ ៣២០)នាក់ ហើយមានចំនួន ៣២សញ្ជាតិ។ ក្នុងចំណោមអ្នកទាំងនោះ មាន១០៣០ នាក់ ចំនួន១៦សញ្ជាតិ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញ ចេញពីកម្ពុជា ហើយជនសង្ស័យ៩៦នាក់ទៀត ត្រូវបាន សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ។ ទោះយ៉ាងណា គេនៅមិនទាន់ឃើញរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ចាប់ម្ចាស់អគារ និងទីតាំងទាំងនោះមកផ្ដន្ទាទោសនោះឡើយ គឺឃើញតែមានចាប់ជនបទេសដែលជាជនរងគ្រោះប៉ុណ្ណោះ។
មុនការគំរាមកំហែង របស់លោក ហ៊ុន សែន មកលើមន្ត្រីរាជការ កាលពីថ្ងៃទី២៣ ខែឧសភា អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន ត្រូវបានដកចេញពីតំណែង និងផ្ទេរឱ្យទៅធ្វើជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមនិងដកហូតតំណែង មេប៉ូលិស និងមេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត ក្រោយពីសង្ស័យថា ជាប់ពាក់ព័ន្ធនឹង បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
នៅថ្ងៃដដែលនោះ លោក គង់ គឹមនី ដែលជាអតីតអភិបាលរងខេត្តក្រចេះ ក៏ត្រូវបានតែងតែជា អភិបាលខេត្ត មណ្ឌលគិរី ជំនួសវិញ ។ ទោះយ៉ាងណា អ្នកឃ្លាំមើលថា ការដកហូតមន្ត្រីមូលដ្ឋាន មិនអាចទប់ស្កាត់បទល្មើសឆបោក តាមអនឡាញបាននោះទេ ព្រោះបញ្ហានេះ បានកើតមាន ជាប្រព័ន្ធ ក្នុងជួរមន្ត្រីរដ្ឋាភិបាល ខណៈអាជ្ញាធរមូលដ្ឋាន គ្រាន់តែកូនអុក របស់ រដ្ឋាភិបាលត្រកូល«ហ៊ុន» ដើម្បីចាត់វិធានការបន្លំភ្នែកមហាជន និង បិទបាំងទោសកំហុស របស់ខ្លួនប៉ុណ្ណោះ៕








