

ក្នុងពេលកម្ពុជាកំពុងរួមរឹតដោយឧក្រិដ្ឋកម្ម រងការឈ្លានពានទឹកដីពីថៃ ក្រុមទាហានជួរមុខ និងជនភៀសសឹកគ្មានអាហារហូបចុកព្រមទាំងគ្មានទីជម្រកស្នាក់នៅនោះ ក្រុមកូនចៅមន្ត្រីមានអំណាចបែរជាបង្អួតរថយន្តសេរីទំនើបតម្លៃកប់ពពក បញ្ឈឺចិត្តពលរដ្ឋ និងទាហានជួរមុខទៅវិញ។ អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងលើកឡើងថា ទ្រព្យសម្បត្តិ និងរថយន្តប្រណិតៗរបស់កូនចៅមន្ត្រីអ្នកមានអំណាចទាំងនោះគឺបានមកពីអំពើពុករលួយ និងជំនួញទុច្ចរិតនានារបស់ពួកគេ។
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងហួសចិត្តនឹងសកម្មភាពកូនចៅមន្ត្រីអ្នកមានអំណាចដែលនាំគ្នាបង្អួតរថយន្តសេរីទំនើបរាប់សិបគ្រឿង ក្នុងពេលប្រទេសជាតិកំពុងដុនដាប ពលរដ្ឋអត់ឃ្លាន និងទាហានជួរមុខខ្វះស្បៀងអាហារ។ ពួកគាត់ថា សកម្មភាពបែបនេះឆ្លុះបញ្ចាំងពីគម្លាតក្នុងសង្គម ឬការរស់នៅផ្ទុយគ្នាស្រឡះរវាងអ្នកមានអំណាច និងពលរដ្ឋទូទៅ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការដាក់តាំង និងរៀបចំក្បួនដង្ហែរថយន្តសេរីទំនើបក្នុងតម្លៃកប់ពពកដោយសមាជិកគ្រួសារអតីតរដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ មិនមែនជាការបណ្ដុះស្មារតីរួបរួមជាតិឡើយ ប៉ុន្តែជាការបង្ហាញភាពហ៊ឺហាឡូយឆាយ និងបញ្ឈឺចិត្តពលរដ្ឋដែលកំពុងជួបការអត់ឃ្លាន និងក្រុមទាហានជួរមុខកំពុងតស៊ូការពារទឹកដីពីការឈ្លានពានរបស់ថៃ។ លោកយល់ថា រថយន្តប្រណិតតម្លៃកប់ពពករបស់កូនចៅមន្ត្រីធំៗទាំងនេះ ទំនងមិនមែនបានមកពីមុខរបរសុចរិតឡើយ ប៉ុន្តែជាផលទទួលបានតាមរយៈការរំលោភអំណាច និងអំពើពុករលួយ។ លោកថា បើពឹងផ្អែកតែលើប្រាក់ខែមន្ត្រីរាជការរបស់សមាជិកគ្រួសារពួកគេ គឺមិនអាចមានលទ្ធភាពទិញរថយន្តថ្លៃរាប់សែនដុល្លារបែបនេះបានឡើយ។
លោក ស៊ឹង សែនករុណា៖ «អ្វីៗដែលជាភាពហ៊ឺហា សម្ញែងទ្រព្យមានបានអីទាំងអស់នេះ ខ្ញុំគិតថា វាមិនមែនកើតឡើងដោយភាពសុចរិតត្រឹមត្រូវអ្វីនោះទេ បើសិនជាគ្មានពាក់ព័ន្ធទៅនឹងការប្រើប្រាស់អំណាច ការប្រើប្រាស់នូវអំពើពុករលួយ ការកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិអីទាំងអស់នេះ វាមិនអាចទៅមានបានវ៉ាល់សែនដុល្លារ ឬក៏លានដុល្លារអីនោះទេ។ អ៊ីចឹងហើយប្រជាពលរដ្ឋត្រូវកត់សម្គាល់ហើយត្រូវពិនិត្យមើលអំពីរឿងរ៉ាវទាំងអស់នេះ អ្វីៗដែលពួកគាត់ធ្លាក់ខ្លួនក្រីក្របំណុលវ័ណ្ឌក អត់ការងារធ្វើ ចំណាកស្រុកអីទាំងអស់នេះ សុទ្ធសឹងតែជាផ្នែកមួយដែលត្រូវបានកេងប្រវ័ញ្ច ដោយសារតែក្រុមគ្រួសារកូនអ្នកធំ អ្នកមានលុយមានអំណាចអីទាំងអស់នេះឯង»។
ប្រតិកម្មនេះធ្វើឡើងក្រោយកូនប្រុសច្បងអតីតរដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ គឺលោក ទៀម ស្យាម រៀបចំព្រឹត្តិការណ៍ដង្ហែក្បួនរថយន្តសេរីទំនើបពីភ្នំពេញទៅខេត្តកោះកុង ដើម្បីបង្ហាញសមិទ្ធផលនយោបាយឈ្នះ ឈ្នះ របស់លោក ហ៊ុន សែន។ ព្រឹត្តិការណ៍នេះមានទាំងការតាំងពិព័រណ៍រថយន្ត ប្រគំតន្ត្រី សម្ដែងសិល្បៈ និងកីឡាប្រដាល់លក្ខណៈអន្តរជាតិជាដើម។ លោក ទៀ ស្យាម អះអាងថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់វិស័យយានយន្ត សុខភាពផ្លូវកាយផ្លូវចិត្ត និងបណ្ដុះស្មារតីស្រឡាញ់ជាតិ។
រថយន្តក្នុងក្បួនដង្ហែទាំងនោះមានជាច្រើនគ្រឿងដែលជាកម្មសិទ្ធិរបស់កូនចៅអ្នកមានអំណាច។ ពួកគេនាំគ្នាបង្អួតរថយន្តសេរីទំនើបប្រភេទស្ព័រ និងឡានស៊ុបភើខា (Supercars) កែច្នៃកម្រដែលនាំចូលពីទីផ្សារសហរដ្ឋអាមេរិក អាល្លឺម៉ង់ ឌូបៃ ជប៉ុន និងបណ្ដាប្រទេសអឺរ៉ុប ដែលមានតម្លៃចាប់ពីជាង ៣០ម៉ឺនដុល្លាររហូតដល់ជាងកន្លះលានដុល្លារក្នុងមួយគ្រឿង។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា សកម្មភាពបង្អួតសម្ញែងទ្រព្យសម្បត្តិរបស់កូនចៅអ្នកមានអំណាចទាំងនេះ ប្រសិនបើកើតឡើងនៅក្នុងប្រទេសប្រជាធិបតេយ្យដែលមានការអនុវត្តច្បាប់ត្រឹមត្រូវ ពួកគេនឹងត្រូវបានស្ថាប័នមានសមត្ថកិច្ចបើកការស៊ើបអង្កេតភ្លាមៗ អំពីប្រភពចំណូល និងទ្រព្យសម្បត្តិមហាសាលរបស់ពួកគេ។
លោក ស៊ឹង សែនករុណា៖ «ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងគឺមិនអាចធ្វើទៅបានឡើយ ពីព្រោះអ្នកដែលកាន់តួនាទី ឬក៏កាន់ច្បាប់អីទាំងអស់នោះសុទ្ធសឹងតែបក្សពួក និងក្រុមគ្រួសាររបស់អ្នកធំអ្នកមានអំណាចអីទាំងអស់ហ្នឹងឯង។ អ៊ីចឹងហើយបានជាអំពើពុករលួយ ការកេងប្រវ័ញ្ចកិបកេងទ្រព្យសម្បត្តិជាតិយកមកធ្វើមានធ្វើបានហ្នឹងកើតឡើងជាហូរហែតាំងពីយូរមកហើយរហូតដល់បច្ចុប្បន្ន ហើយពួកគេគ្មានខ្លាចញញើតក្នុងការសម្ញែងនូវទ្រព្យសម្បត្តិអីទាំងអស់នេះដោយសារតែគេគិតថា ប្រជាពលរដ្ឋ ឬក៏អ្នកណាក៏ដោយ ក៏មិនអាចប៉ះពាល់ទៅលើអំណាចរបស់ពួកគេ អំណាចរបស់គ្រួសារគេបានឡើយ»។
ទន្ទឹមនឹងកូនចៅមន្ត្រីយោធាជាន់ខ្ពស់ និងអ្នកមានអំណាចនាំគ្នាបង្អួតរថយន្តប្រណិត និងភាពហ៊ឺហាដោយគ្មានភាពអៀនខ្មាសនេះសម្រាប់ពលរដ្ឋទូទៅ និងជនភៀសសឹករាប់ពាន់នាក់នៅតាមព្រំដែនឯណោះវិញកំពុងរស់នៅក្នុងស្ថានភាពវេទនា ខ្វះទីជម្រក និងស្បៀងអាហារសម្រាប់រស់នៅប្រចាំថ្ងៃ ព្រោះតែសេដ្ឋកិច្ចជាតិកំពុងដុនដាបដោយសារបញ្ហាសង្គ្រាមឈ្លានពានទឹកដីពីថៃ និងការរីករាលដាលនៃអំពើឧក្រិដ្ឋកម្មឆបោកនៅទូទាំងប្រទេស។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន មានប្រសាសន៍ថា សកម្មភាពកូនចៅរបស់អ្នកមានអំណាចទាំងនោះកំពុងបញ្ឈឺចិត្តពលរដ្ឋ និងជាការបំបាក់ទឹកចិត្តដល់ក្រុមទាហានជួរមុខដែលកំពុងក្រាញននៀលតស៊ូដោយខ្វះស្បៀងអាហារការពារទឹកដីនៅតាមព្រំដែន។ ជាមួយគ្នានេះ លោកយល់ថា ភាពមានបានរបស់លោក ទៀ ស្យាម និងកូនមន្ត្រីយោធាទាំងនេះ គឺបានមកពីការធ្វើជំនួញបែបកេងប្រវ័ញ្ច និងពុករលួយ ជាដើម។
លោក អ៊ុំ សំអាន៖ «ពួកគេមានទ្រព្យសម្បត្តិច្រើននេះដោយសារតែការរកស៊ីជាមួយថៃយើងដឹងហើយលោក ទៀ ស្យាម នេះគឺគាត់រកស៊ីជាមួយថៃព្រោះគាត់មានប្រពន្ធជាជនជាតិថៃ ហើយគាត់មានទំនាក់ទំនងរកស៊ីកន្លងមកជាមួយថៃ។ ខ្ញុំយល់ថា ពួកគេនេះភាគច្រើនគឺលាងលុយកខ្វក់ លុយពួកគេហ្នឹងបានមកពីអំពើពុករលួយ ពីការហុតឈាមរាស្ត្រ ពីការកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិ និងតាមរយៈការរត់ពន្ធប្រេងចូលមកក្នុងស្រុកខ្មែរខុសច្បាប់ដោយមិនបង់ពន្ធអ៊ីចឹង»។
សមាជិក និងក្រុមគ្រួសារអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ គឺជាគ្រួសារមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងមានឥទ្ធិពលខ្លាំងមួយក្នុងចំណោមគ្រួសារមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៅកម្ពុជា។ ក្រុមគ្រួសារត្រកូល ទៀ បានក្រាញននៀលអំណាច និងកាន់តំណែងក្នុងស្ថាប័នក្រសួងការពារជាតិអស់រយៈពេលប្រមាណ ៤ទសវត្សរ៍មកហើយ និងថែមទាំងបានក្ដោបក្ដាប់មុខជំនួញ និងការគ្រប់គ្រងតំបន់សមុទ្រកម្ពុជាមួយផ្នែកធំ ដើម្បីបង្កើតជាកំពង់ផែនាំចូលទំនិញពីក្រៅប្រទេស។ សមាជិកនៃគ្រួសារត្រកូល ទៀ ក៏រងការចោទប្រកាន់ថា ពាក់ព័ន្ធនឹងការនាំចូលទំនិញគេចពន្ធ ជាពិសេសប្រេងឥន្ធនៈពីប្រទេសថៃ និងមុខទំនិញផ្សេងៗទៀតចូលមកកម្ពុជាដោយខុសច្បាប់។
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង ស្នើឱ្យស្ថាប័នពាក់ព័ន្ធបើកការស៊ើបអង្កេតដោយតម្លាភាពលើក្រុមកូនចៅមន្ត្រីអ្នកមានអំណាច ដែលបង្អួតសម្ញែងរថយន្តប្រណិតតម្លៃកប់ពពកទាំងនេះ ដើម្បីស្វែងរកប្រភពទ្រព្យសម្បត្តិ និងរួមចំណែកទប់ស្កាត់អំពើពុករលួយ ការរំលោភអំណាច និងការលាងលុយកខ្វក់របស់ក្រុមគ្រួសារអ្នកមានអំណាចនៅកម្ពុជា៕









