ក្រុម​កូនចៅ​អ្នក​មាន​អំណាច​បង្អួត​រថយន្ត​សេរី​ទំនើប ខណៈ​ពលរដ្ឋ និង​ទាហាន​ជួរមុខ​គ្មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់

0
43
ទិដ្ឋភាពបង្អួតឡានទំនើប​រ​បស់កូនៗ​មន្ត្រីជាន់ខ្ពស់រដ្ឋាភីបាល និង​អ្នកជំនួញធំៗ​នៅកម្ពុជា ដែល​រៀបចំដោយកូនប្រុសច្បងរបស់​អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ គឺ​លោក ទៀ ស្យាម នៅខាងមុខវិមានឈ្នះឈ្នះ កាល​ពីថ្ងៃទី២៧ ឧសភា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ទៀ ស្យាម
ទិដ្ឋភាពបង្អួតឡានទំនើប​រ​បស់កូនៗ​មន្ត្រីជាន់ខ្ពស់រដ្ឋាភីបាល និង​អ្នកជំនួញធំៗ​នៅកម្ពុជា ដែល​រៀបចំដោយកូនប្រុសច្បងរបស់​អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ គឺ​លោក ទៀ ស្យាម នៅខាងមុខវិមានឈ្នះឈ្នះ កាល​ពីថ្ងៃទី២៧ ឧសភា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ទៀ ស្យាម

ក្នុង​ពេល​កម្ពុជា​កំពុង​រួមរឹត​ដោយ​ឧក្រិដ្ឋកម្ម រង​ការឈ្លានពាន​ទឹកដី​ពី​ថៃ ក្រុម​ទាហាន​ជួរមុខ និង​ជនភៀសសឹក​គ្មាន​អាហារ​ហូបចុក​ព្រមទាំង​គ្មាន​ទីជម្រក​ស្នាក់នៅ​នោះ ក្រុម​កូនចៅ​មន្ត្រី​មានអំណាច​បែរជា​បង្អួត​រថយន្ត​សេរី​ទំនើប​តម្លៃ​កប់​ពពក បញ្ឈឺចិត្ត​ពលរដ្ឋ និង​ទាហាន​ជួរមុខ​ទៅវិញ​។ អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា ទ្រព្យសម្បត្តិ និង​រថយន្ត​ប្រណិតៗ​របស់​កូនចៅ​មន្ត្រី​អ្នក​មាន​អំណាច​ទាំងនោះ​គឺ​បាន​មក​ពី​អំពើពុករលួយ និង​ជំនួញ​ទុច្ចរិត​នានា​របស់​ពួកគេ។

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​ហួសចិត្ត​នឹង​សកម្មភាព​កូនចៅ​មន្ត្រី​អ្នក​មាន​អំណាច​ដែល​នាំគ្នា​បង្អួត​រថយន្ត​សេរី​ទំនើប​រាប់​សិប​គ្រឿង ក្នុង​ពេល​ប្រទេសជាតិ​កំពុង​ដុនដាប ពលរដ្ឋ​អត់ឃ្លាន និង​ទាហាន​ជួរមុខ​ខ្វះ​ស្បៀងអាហារ​។ ពួកគាត់​ថា សកម្មភាព​បែបនេះ​ឆ្លុះបញ្ចាំង​ពី​គម្លាត​ក្នុង​សង្គម ឬ​ការរស់នៅ​ផ្ទុយគ្នា​ស្រឡះ​រវាង​អ្នក​មាន​អំណាច និង​ពលរដ្ឋ​ទូទៅ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​ដាក់​តាំង និង​រៀបចំ​ក្បួន​ដង្ហែ​រថយន្ត​សេរី​ទំនើប​ក្នុង​តម្លៃ​កប់​ពពក​ដោយ​សមាជិក​គ្រួសារ​អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ទៀ បាញ់ មិនមែន​ជា​ការ​បណ្ដុះ​ស្មារតី​រួបរួម​ជាតិ​ឡើយ ប៉ុន្តែ​ជា​ការ​បង្ហាញ​ភាព​ហ៊ឺហា​ឡូយឆាយ និង​បញ្ឈឺចិត្ត​ពលរដ្ឋ​ដែល​កំពុង​ជួប​ការអត់ឃ្លាន និង​ក្រុម​ទាហាន​ជួរមុខ​កំពុង​តស៊ូ​ការពារ​ទឹកដី​ពី​ការឈ្លានពាន​របស់​ថៃ​។ លោក​យល់​ថា រថយន្ត​ប្រណិត​តម្លៃ​កប់​ពពក​របស់​កូនចៅ​មន្ត្រី​ធំៗ​ទាំងនេះ ទំនង​មិនមែន​បាន​មកពី​មុខរបរ​សុចរិត​ឡើយ ប៉ុន្តែ​ជា​ផល​ទទួល​បាន​តាមរយៈ​ការរំលោភ​អំណាច និង​អំពើពុករលួយ​។ លោក​ថា បើ​ពឹងផ្អែក​តែ​លើ​ប្រាក់ខែ​មន្ត្រីរាជការ​របស់​សមាជិកគ្រួសារ​ពួកគេ គឺ​មិនអាច​មានលទ្ធភាព​ទិញ​រថយន្ត​ថ្លៃ​រាប់​សែន​ដុល្លារ​បែបនេះ​បាន​ឡើយ។

លោក ស៊ឹង សែនករុណា៖ «​អ្វីៗ​ដែល​ជា​ភាព​ហ៊ឺហា សម្ញែង​ទ្រព្យ​មានបាន​អី​ទាំងអស់​នេះ ខ្ញុំ​គិតថា វា​មិនមែន​កើតឡើង​ដោយ​ភាព​សុចរិត​ត្រឹមត្រូវ​អ្វី​នោះ​ទេ បើសិនជា​គ្មាន​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រើប្រាស់​អំណាច ការប្រើប្រាស់​នូវ​អំពើពុករលួយ ការ​កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​ជាតិ​អី​ទាំងអស់​នេះ វា​មិនអាច​ទៅ​មានបាន​វ៉ាល់​សែន​ដុល្លារ ឬក៏​លាន​ដុល្លារ​អី​នោះ​ទេ​។ អ៊ីចឹង​ហើយ​ប្រជាពលរដ្ឋ​ត្រូវ​កត់សម្គាល់​ហើយ​ត្រូវ​ពិនិត្យមើល​អំពី​រឿងរ៉ាវ​ទាំងអស់​នេះ អ្វីៗ​ដែល​ពួកគាត់​ធ្លាក់ខ្លួន​ក្រីក្រ​បំណុល​វ័ណ្ឌក អត់​ការងារ​ធ្វើ ចំណាកស្រុក​អី​ទាំងអស់​នេះ សុទ្ធសឹងតែ​ជា​ផ្នែក​មួយ​ដែល​ត្រូវ​បាន​កេងប្រវ័ញ្ច ដោយសារតែ​ក្រុម​គ្រួសារ​កូន​អ្នកធំ អ្នកមាន​លុយ​មានអំណាច​អី​ទាំងអស់​នេះឯង»។

ប្រតិកម្ម​នេះ​ធ្វើឡើង​ក្រោយ​កូនប្រុស​ច្បង​អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ទៀ បាញ់ គឺ​លោក ទៀម ស្យាម រៀបចំ​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន​រថយន្ត​សេរី​ទំនើប​ពី​ភ្នំពេញ​ទៅ​ខេត្តកោះកុង ដើម្បី​បង្ហាញ​សមិទ្ធផល​នយោបាយ​ឈ្នះ ឈ្នះ របស់​លោក ហ៊ុន សែន​។ ព្រឹត្តិការណ៍​នេះ​មាន​ទាំង​ការ​តាំង​ពិព័រណ៍​រថយន្ត ប្រគំ​តន្ត្រី សម្ដែង​សិល្បៈ និង​កីឡាប្រដាល់​លក្ខណៈ​អន្តរជាតិ​ជាដើម​។ លោក ទៀ ស្យាម អះអាង​ថា ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​លើកកម្ពស់​វិស័យ​យានយន្ត សុខភាព​ផ្លូវកាយ​ផ្លូវចិត្ត និង​បណ្ដុះ​ស្មារតី​ស្រឡាញ់​ជាតិ។

រថយន្ត​ក្នុង​ក្បួន​ដង្ហែ​ទាំងនោះ​មាន​ជាច្រើន​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​កូនចៅ​អ្នក​មាន​អំណាច​។ ពួកគេ​នាំគ្នា​បង្អួត​រថយន្ត​សេរី​ទំនើប​ប្រភេទ​ស្ព័រ និង​ឡាន​ស៊ុប​ភើខា (Supercars) កែច្នៃ​កម្រ​ដែល​នាំចូល​ពី​ទីផ្សារ​សហរដ្ឋអាមេរិក អាល្លឺម៉ង់ ឌូបៃ ជប៉ុន និង​បណ្ដា​ប្រទេស​អឺរ៉ុប ដែល​មាន​តម្លៃ​ចាប់ពី​ជាង ៣០​ម៉ឺន​ដុល្លារ​រហូតដល់​ជាង​កន្លះ​លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា សកម្មភាព​បង្អួត​សម្ញែង​ទ្រព្យសម្បត្តិ​របស់​កូនចៅ​អ្នក​មាន​អំណាច​ទាំងនេះ ប្រសិនបើ​កើតឡើង​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ដែល​មាន​ការអនុវត្ត​ច្បាប់​ត្រឹមត្រូវ ពួកគេ​នឹង​ត្រូវ​បាន​ស្ថាប័ន​មាន​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​ភ្លាមៗ អំពី​ប្រភព​ចំណូល និង​ទ្រព្យសម្បត្តិ​មហាសាល​របស់​ពួកគេ។

លោក ស៊ឹង សែនករុណា៖ «​ប៉ុន្តែ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​គឺ​មិនអាច​ធ្វើ​ទៅ​បាន​ឡើយ ពីព្រោះ​អ្នក​ដែល​កាន់​តួនាទី ឬក៏​កាន់​ច្បាប់​អី​ទាំងអស់​នោះ​សុទ្ធសឹងតែ​បក្សពួក និង​ក្រុម​គ្រួសារ​របស់​អ្នកធំ​អ្នក​មាន​អំណាច​អី​ទាំងអស់​ហ្នឹងឯង​។ អ៊ីចឹង​ហើយ​បានជា​អំពើពុករលួយ ការ​កេងប្រវ័ញ្ច​កិបកេង​ទ្រព្យសម្បត្តិ​ជាតិ​យក​មក​ធ្វើ​មាន​ធ្វើ​បាន​ហ្នឹង​កើត​ឡើងជា​ហូរហែ​តាំងពី​យូរ​មក​ហើយ​រហូតដល់​បច្ចុប្បន្ន ហើយ​ពួកគេ​គ្មាន​ខ្លាចញញើត​ក្នុង​ការ​សម្ញែង​នូវ​ទ្រព្យសម្បត្តិ​អី​ទាំងអស់​នេះ​ដោយសារតែ​គេ​គិតថា ប្រជាពលរដ្ឋ ឬក៏​អ្នកណា​ក៏ដោយ ក៏​មិនអាច​ប៉ះពាល់​ទៅលើ​អំណាច​របស់​ពួកគេ អំណាច​របស់​គ្រួសារ​គេ​បាន​ឡើយ»។

ទន្ទឹម​នឹង​កូនចៅ​មន្ត្រី​យោធា​ជាន់ខ្ពស់ និង​អ្នក​មាន​អំណាច​នាំគ្នា​បង្អួត​រថយន្ត​ប្រណិត និង​ភាព​ហ៊ឺហា​ដោយ​គ្មាន​ភាព​អៀនខ្មាស​នេះ​សម្រាប់​ពលរដ្ឋ​ទូទៅ និង​ជនភៀសសឹក​រាប់ពាន់​នាក់​នៅ​តាម​ព្រំដែន​ឯណោះ​វិញ​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​វេទនា ខ្វះ​ទីជម្រក និង​ស្បៀងអាហារ​សម្រាប់​រស់នៅ​ប្រចាំថ្ងៃ ព្រោះតែ​សេដ្ឋកិច្ចជាតិ​កំពុង​ដុនដាប​ដោយសារ​បញ្ហា​សង្គ្រាម​ឈ្លានពាន​ទឹកដី​ពី​ថៃ និង​ការ​រីក​រាលដាល​នៃ​អំពើ​ឧក្រិដ្ឋកម្ម​ឆបោក​នៅ​ទូទាំង​ប្រទេស។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន មានប្រសាសន៍ថា សកម្មភាព​កូនចៅ​រប​ស់​អ្នក​មានអំណាច​ទាំងនោះ​កំពុង​បញ្ឈឺចិត្ត​ពលរដ្ឋ និង​ជា​ការ​បំបាក់ទឹកចិត្ត​ដល់​ក្រុម​ទាហាន​ជួរមុខ​ដែល​កំពុង​ក្រាញ​ននៀល​តស៊ូ​ដោយ​ខ្វះ​ស្បៀងអាហារ​ការពារ​ទឹកដី​នៅ​តាម​ព្រំដែន​។ ជាមួយ​គ្នា​នេះ លោក​យល់ថា ភាព​មាន​បាន​របស់​លោក ទៀ ស្យាម និង​កូន​មន្ត្រី​យោធា​ទាំងនេះ គឺ​បាន​មក​ពី​ការ​ធ្វើ​ជំនួញ​បែប​កេងប្រវ័ញ្ច និង​ពុករលួយ ជាដើម។

លោក អ៊ុំ សំអាន៖ «​ពួកគេ​មានទ្រព្យ​សម្បត្តិ​ច្រើន​នេះ​ដោយសារតែ​ការ​រកស៊ី​ជាមួយ​ថៃ​យើង​ដឹង​ហើយ​លោក ទៀ ស្យាម នេះ​គឺ​គាត់​រកស៊ី​ជាមួយ​ថៃ​ព្រោះ​គាត់​មាន​ប្រពន្ធ​ជា​ជនជាតិ​ថៃ ហើយ​គាត់​មាន​ទំនាក់ទំនង​រកស៊ី​កន្លងមក​ជាមួយ​ថៃ​។ ខ្ញុំ​យល់ថា ពួកគេ​នេះ​ភាគច្រើន​គឺ​លាងលុយកខ្វក់ លុយ​ពួកគេ​ហ្នឹង​បាន​មកពី​អំពើពុករលួយ ពី​ការ​ហុតឈាម​រាស្ត្រ ពី​ការ​កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​ជាតិ និង​តាមរយៈ​ការ​រត់​ពន្ធ​ប្រេង​ចូល​មក​ក្នុង​ស្រុក​ខ្មែរ​ខុសច្បាប់​ដោយ​មិន​បង់ពន្ធ​អ៊ីចឹង»។

សមាជិក និង​ក្រុម​គ្រួសារ​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ទៀ បាញ់ គឺជា​គ្រួសារ​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ និង​មាន​ឥទ្ធិពល​ខ្លាំង​មួយ​ក្នុងចំណោម​គ្រួសារ​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​នៅ​កម្ពុជា​។ ក្រុមគ្​រួសារ​ត្រកូល ទៀ បាន​ក្រាញននៀល​អំណាច និង​កាន់​តំណែង​ក្នុង​ស្ថាប័ន​ក្រសួងការពារជាតិ​អស់​រយៈពេល​ប្រមាណ ៤​ទសវត្សរ៍​មក​ហើយ និង​ថែមទាំង​បាន​ក្ដោប​ក្ដាប់​មុខ​ជំនួញ និង​ការគ្រប់គ្រង​តំបន់​សមុទ្រ​កម្ពុជា​មួយ​ផ្នែក​ធំ ដើម្បី​បង្កើត​ជា​កំពង់ផែ​នាំចូល​ទំនិញ​ពី​ក្រៅប្រទេស​។ សមាជិក​នៃ​គ្រួសារ​ត្រកូល ទៀ ក៏​រង​ការចោទប្រកាន់​ថា ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល​ទំនិញគេចពន្ធ ជាពិសេស​ប្រេងឥន្ធនៈ​ពី​ប្រទេស​ថៃ និង​មុខទំនិញ​ផ្សេងៗ​ទៀត​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់។

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ការស៊ើបអង្កេត​ដោយ​តម្លាភាព​លើ​ក្រុម​កូនចៅ​មន្ត្រី​អ្នក​មាន​អំណាច ដែល​បង្អួត​សម្ញែង​រថយន្ត​ប្រណិត​តម្លៃ​កប់​ពពក​ទាំងនេះ ដើម្បី​ស្វែងរក​ប្រភព​ទ្រព្យសម្បត្តិ និង​រួមចំណែក​ទប់ស្កាត់​អំពើពុករលួយ ការរំលោភ​អំណាច និង​ការ​លាង​លុយកខ្វក់​របស់​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ