អ្នកឃ្លាំមើល​សង្គម​យល់​ថា រដ្ឋាភិបាល​ពុំ​បាន​យកចិត្តទុកដាក់​បញ្ហា​របស់​កុមារ​នោះ​ទេ

0
71
ទិដ្ឋភាពកុមារកំព្រារស់នៅក្នុងមជ្ឈមណ្ឌលមែកឈើ ក្នុង​រាជធានីភ្នំពេញ កាលពីឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុកលោក ផន ផល្លា
ទិដ្ឋភាពកុមារកំព្រារស់នៅក្នុងមជ្ឈមណ្ឌលមែកឈើ ក្នុង​រាជធានីភ្នំពេញ កាលពីឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុកលោក ផន ផល្លា

អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា ពុំបាន​ជួយ​ជ្រោមជ្រែង​កុមារ​ឲ្យ​មាន​ភាពស្មើគ្នា​ក្នុង​ការ​ទទួល​បាន​នូវ​សេវា​សាធារណៈ ខណៈ​កុមារ​ដែល​ជា​កូន​អ្នក​មាន​ជីវភាព​ក្រីក្រ មានការ​លំបាក ក្នុង​ការ​ទទួល​បាន ការ​ថែ​រទាំ​សុខភាព និង​អប់រំ ខណៈ​កូន​អ្នក​មាន​លុយ មានអំណាច ទទួល​បាន​ការ​សិក្សា និង​ការ​ព្យាបាល​សុខភាព​នៅ​ក្រៅ​ប្រទេស​។ ការ​អះអាង​នេះ​បន្ទាប់ពី នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត បាន​ចាត់ទុក​ការ​ថែរក្សា និង​ការពារ​សុវត្ថិភាព​កុមារ គឺជា​កាតព្វកិច្ច​ដែល​ត្រូវ​ការ​កិច្ចសហការ​ជា​ពហុ​វិស័យ ដោយ​ជំរុញ​ឱ្យ​តួអង្គ​ពាក់ព័ន្ធ​នៅ​គ្រប់​វិស័យ​ទាំងអស់ ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​របស់​កុមារ​ដែល​កំពុង​ប្រឈម។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា សង្កេតឃើញ​ថា កុមារ​នៅក្នុង​ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ទាំង​ការអប់រំ បញ្ហា​សុវត្ថិភាព ប្រឈម​ការ​បៀត​បៀត​ផ្លូវភេទ កង្វះ​អាហារូបត្ថម្ភ និង​បញ្ហា​សេវា​សុខភាព​ជាដើម ពោល​គឺ​មិន​ដូច​ការ​លើកឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នោះ​ទេ​។ លោក​យល់​ថា ដើម្បី​ឲ្យ​កុមារ​រស់នៅ​សន្តិភាព​ទៅ​បាន លុះត្រាតែ​អ្នកដឹកនាំ​ប្រទេស កសាង​សន្តិភាព​ឲ្យ​ពិត​ប្រាក ដើម្បី​ឱ្យ​កុមារ​អាច​រស់នៅ​ក្នុង​ភាព​សុខក្សេមក្សាន្ត។

លោក ស៊ឹង សែនករុណា បន្ថែមទៀត​ថា កម្ពុជា​គឺជា​ភាគី​ហត្ថលេខី​ពាក់ព័ន្ធ​ទៅ​នឹង​អនុសញ្ញា​ការពារ​កុមារ ហើយ​កុមារ​គឺ​មាន​សិទ្ធិ​បួន​ធំៗ សំខាន់​គឺ ទីមួយ សិទ្ធិ​ក្នុង​ការ​ចូលរួម ទី​ពីរ​សិទ្ធិ​ទទួល​​បាន​ការអប់រំ ទី​បី​សិទ្ធិ​ទទួល​បាន​ការថែទាំ​សុខភាព និង​ទី​បួន សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន ក៏ប៉ុន្តែ​សិទ្ធិ​ទាំង​បួន​ធំៗ​នេះ គឺ​នៅ​មិនទាន់​បាន​អនុវត្ត​ទាំងស្រុង​ទេ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​រូប​នេះ បាន​បន្ថែម​ថា ជាក់ស្ដែង​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា ពុំ​ទទួល​បាន​ការអប់រំ​និង​ការថែទាំ​សុខភាព​ដោយ​ស្មើភាព​គ្នា​នោះ​ទេ។

លោក ស៊ឹង សែនករុណា៖ «មិនអាច​និយាយ​តែ​មាត់​ទេ អ៊ីចឹង​ត្រូវ​ពិនិត្យមើល​អំពី​ទិដ្ឋភាព​សង្គម​ថា​តើ​បាន​ធានា​អ្វីខ្លះ​ទៅដល់​កុមារ​ទាំងឡាយ​ដែល​ជា​កូន​របស់​ប្រជាពលរដ្ឋ​ក្រីក្រ បើ​កូន​ដែល​ជា​អ្នកមាន​ជីវភាព​ល្អ​ប្រសើរ ជឿនលឿន​អី គ្រាន់បើ អី​គេ​អាច​ទៅ​រក​សេវាកម្ម​ការរៀនសូត្រ​សាលា​ឯកជន​សាលា​ល្អៗ​ទៅ ហើយ​អ្នក​ដែល​គេ​មាន​លុយកាក់​គេ​ទៅ​រក​ពេទ្យ​ល្អៗ​ទៅ អ្នកខ្លះ​រហូតដល់​ខ្លួនឯង​ជា​កូន​អ្នកធំ​អ្នក​មាន​អំណាច​មាន​លុយ និង​បញ្ជូន​ទៅដល់​ប្រទេសជិតខាង​ឬក៏​ប្រទេស​សិង្ហបុរី​ឬក៏​ទៅដល់​អឺរ៉ុប​ក៏មានដែរ អ៊ីចឹង​វា​ជា​សញ្ញា​បញ្ជាក់​យ៉ាង​ច្បាស់​ថា វា​គ្មាន​ការ​ជួយជ្រោមជ្រែង​កុមារ​ឲ្យ​មាន​ភាព​ស្មើគ្នា​អ្វី​នោះ​ទេ គឺ​កុមារ​ដែល​មាន​កូន​អ្នក​ជីវភាព​ក្រីក្រ​មាន​កម្រិត​ការរស់នៅ មានការ​លំបាក ទទួល​បាន​នូវ​សេវា​ផ្សេងៗ​ហ្នឹង​ច្រើន»។

ការ​អះអាង​របស់​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​រូប​នេះ បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​ទិវា​កុមារ​អន្តរជាតិ និង​ទិវា​កុមារ​កម្ពុជា​១​មិថុនា បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ឱ្យ​បន្ត​ពង្រឹង​យន្តការ​សម្របសម្រួល​ក្នុង​ការ​បង្ការ ទប់ស្កាត់ អន្តរាគមន៍ និង​ការ​ឆ្លើយតប​លើ​ករណី​កុមារ ដើម្បី​លើកកម្ពស់​និង​ផ្តល់​យុត្តិធម៌​សង្គម ដោយ​ធានា​ឱ្យ​មាន​សមត្ថភាព​រវាង​កុមារា​និង​កុមារី ព្រមទាំង​បង្កើន​ឱកាស​ស្មើភាព​គ្នា​ក្នុង​កម្លាំង​ចលករ​សង្គម​សម្រាប់​ជីវភាព​សាធារណៈ ជីវភាព​នយោបាយ សកម្មភាព សង្គម វប្បធម៌ សិល្បៈ សាសនា និង​សកម្មភាព​ផ្សេងៗ​ទៀត។

ក្នុង​លិខិត​ដដែល ប្រមុខ​រាជរដ្ឋាភិបាល បាន​ចាត់​ទុក​«​ការថែ​រក្សា និង​ការពារ​សុវត្ថិភាព​កុមារ​» គឺជា​កាតព្វកិច្ច​ដែល​ត្រូវការ​កិច្ចសហការ​ជា​ពហុ​វិស័យ​។ ក្នុងន័យ​នេះ ប្រមុខ​រាជរដ្ឋាភិបាល បាន​ជំរុញ​ឱ្យ​តួអង្គ​ពាក់ព័ន្ធ នៅ​គ្រប់​វិស័យ​ទាំងអស់ ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​របស់​កុមារ ដែល​កំពុង​ប្រឈម​នឹង​អំពើ​ហិង្សា​ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និង​ការ​មិន​អើពើ។

ទាក់ទង​ទៅ​នឹង​បញ្ហា​របស់​កុមារ​នេះ​ដែរ អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ប្រចាំ​កម្ពុជា (Would Vision) ព្រួយបារម្ភ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កុមារ ទាំង​ផ្នែក​សុខភាព​ផ្លូវចិត្ត និង​ផ្លូវកាយ ស្របពេល​ការ​ផ្ទុះ​សង្គ្រាម​រវាង​កម្ពុជា​-​ថៃ បាន​កើត​ឡើងជា​ថ្មី​។ ពួកគាត់​ថា កុមារ​ភៀស​សឹក​កម្ពុជា​ជាច្រើន​ខ្វះខាត​អាហារ និង​ទីជម្រក​សមរម្យ ដែល​បាន​បង្ក​ការ​ប៉ះទង្គិច ផ្លូវចិត្ត ការ​រំខាន​ការសិក្សា និង​សុវត្ថិភាព​ក្នុង​ការ​រស់នៅ។

ក្រៅ​ពី​នេះ របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក កន្លងមក បាន​បង្ហាញ​ថា កម្ពុជា​ស្ថិត​ក្នុង​ទម្រង់​ដ៏​អាក្រក់​បំផុត​ដែល​មិនបាន​ធានា​នូវ​ការអនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​កុមារ ក្នុង​នោះ​រដ្ឋាភិបាល​កម្ពុ​ជា​ខកខាន​មិនបាន​ចាត់វិធានការ​ក្នុង​ការ​ស៊ើបអង្កេត​ការចោទប្រកាន់​លើ​ជនល្មើស​នៅ​ពេល​ដែល​អាជ្ញាធរ​បាន​រក​ឃើញ​អ្នក​រំលោភ​បំពាន​លើ​កុមារ ដោយ​ការ​សម្របសម្រួល​ឱ្យ​គេច​ចេញ​ក្រៅ​ប្រព័ន្ធ​ច្បាប់​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ