

អ្នកឃ្លាំមើលសង្គមលើកឡើងថា រដ្ឋាភិបាលកម្ពុជា ពុំបានជួយជ្រោមជ្រែងកុមារឲ្យមានភាពស្មើគ្នាក្នុងការទទួលបាននូវសេវាសាធារណៈ ខណៈកុមារដែលជាកូនអ្នកមានជីវភាពក្រីក្រ មានការលំបាក ក្នុងការទទួលបាន ការថែរទាំសុខភាព និងអប់រំ ខណៈកូនអ្នកមានលុយ មានអំណាច ទទួលបានការសិក្សា និងការព្យាបាលសុខភាពនៅក្រៅប្រទេស។ ការអះអាងនេះបន្ទាប់ពី នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចាត់ទុកការថែរក្សា និងការពារសុវត្ថិភាពកុមារ គឺជាកាតព្វកិច្ចដែលត្រូវការកិច្ចសហការជាពហុវិស័យ ដោយជំរុញឱ្យតួអង្គពាក់ព័ន្ធនៅគ្រប់វិស័យទាំងអស់ ត្រូវរួមគ្នាដោះស្រាយបញ្ហារបស់កុមារដែលកំពុងប្រឈម។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា សង្កេតឃើញថា កុមារនៅក្នុងប្រទេសកម្ពុជា កំពុងប្រឈមនឹងបញ្ហាជាច្រើនទាំងការអប់រំ បញ្ហាសុវត្ថិភាព ប្រឈមការបៀតបៀតផ្លូវភេទ កង្វះអាហារូបត្ថម្ភ និងបញ្ហាសេវាសុខភាពជាដើម ពោលគឺមិនដូចការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នោះទេ។ លោកយល់ថា ដើម្បីឲ្យកុមាររស់នៅសន្តិភាពទៅបាន លុះត្រាតែអ្នកដឹកនាំប្រទេស កសាងសន្តិភាពឲ្យពិតប្រាក ដើម្បីឱ្យកុមារអាចរស់នៅក្នុងភាពសុខក្សេមក្សាន្ត។
លោក ស៊ឹង សែនករុណា បន្ថែមទៀតថា កម្ពុជាគឺជាភាគីហត្ថលេខីពាក់ព័ន្ធទៅនឹងអនុសញ្ញាការពារកុមារ ហើយកុមារគឺមានសិទ្ធិបួនធំៗ សំខាន់គឺ ទីមួយ សិទ្ធិក្នុងការចូលរួម ទីពីរសិទ្ធិទទួលបានការអប់រំ ទីបីសិទ្ធិទទួលបានការថែទាំសុខភាព និងទីបួន សិទ្ធិក្នុងការអភិវឌ្ឍខ្លួន ក៏ប៉ុន្តែសិទ្ធិទាំងបួនធំៗនេះ គឺនៅមិនទាន់បានអនុវត្តទាំងស្រុងទេ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះ បានបន្ថែមថា ជាក់ស្ដែងកុមារនៅក្នុងប្រទេសកម្ពុជា ពុំទទួលបានការអប់រំនិងការថែទាំសុខភាពដោយស្មើភាពគ្នានោះទេ។
លោក ស៊ឹង សែនករុណា៖ «មិនអាចនិយាយតែមាត់ទេ អ៊ីចឹងត្រូវពិនិត្យមើលអំពីទិដ្ឋភាពសង្គមថាតើបានធានាអ្វីខ្លះទៅដល់កុមារទាំងឡាយដែលជាកូនរបស់ប្រជាពលរដ្ឋក្រីក្រ បើកូនដែលជាអ្នកមានជីវភាពល្អប្រសើរ ជឿនលឿនអី គ្រាន់បើ អីគេអាចទៅរកសេវាកម្មការរៀនសូត្រសាលាឯកជនសាលាល្អៗទៅ ហើយអ្នកដែលគេមានលុយកាក់គេទៅរកពេទ្យល្អៗទៅ អ្នកខ្លះរហូតដល់ខ្លួនឯងជាកូនអ្នកធំអ្នកមានអំណាចមានលុយ និងបញ្ជូនទៅដល់ប្រទេសជិតខាងឬក៏ប្រទេសសិង្ហបុរីឬក៏ទៅដល់អឺរ៉ុបក៏មានដែរ អ៊ីចឹងវាជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា វាគ្មានការជួយជ្រោមជ្រែងកុមារឲ្យមានភាពស្មើគ្នាអ្វីនោះទេ គឺកុមារដែលមានកូនអ្នកជីវភាពក្រីក្រមានកម្រិតការរស់នៅ មានការលំបាក ទទួលបាននូវសេវាផ្សេងៗហ្នឹងច្រើន»។
ការអះអាងរបស់ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត នៅក្នុងឱកាសនៃការប្រារព្ធទិវាទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា១មិថុនា បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យបន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់និងផ្តល់យុត្តិធម៌សង្គម ដោយធានាឱ្យមានសមត្ថភាពរវាងកុមារានិងកុមារី ព្រមទាំងបង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាព សង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត។
ក្នុងលិខិតដដែល ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុក«ការថែរក្សា និងការពារសុវត្ថិភាពកុមារ» គឺជាកាតព្វកិច្ចដែលត្រូវការកិច្ចសហការជាពហុវិស័យ។ ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យតួអង្គពាក់ព័ន្ធ នៅគ្រប់វិស័យទាំងអស់ ត្រូវរួមគ្នាដោះស្រាយបញ្ហារបស់កុមារ ដែលកំពុងប្រឈមនឹងអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងការមិនអើពើ។
ទាក់ទងទៅនឹងបញ្ហារបស់កុមារនេះដែរ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា (Would Vision) ព្រួយបារម្ភផលប៉ះពាល់ធ្ងន់ធ្ងរដល់កុមារ ទាំងផ្នែកសុខភាពផ្លូវចិត្ត និងផ្លូវកាយ ស្របពេលការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ បានកើតឡើងជាថ្មី។ ពួកគាត់ថា កុមារភៀសសឹកកម្ពុជាជាច្រើនខ្វះខាតអាហារ និងទីជម្រកសមរម្យ ដែលបានបង្កការប៉ះទង្គិច ផ្លូវចិត្ត ការរំខានការសិក្សា និងសុវត្ថិភាពក្នុងការរស់នៅ។
ក្រៅពីនេះ របាយការណ៍ក្រសួងការបរទេសអាមេរិក កន្លងមក បានបង្ហាញថា កម្ពុជាស្ថិតក្នុងទម្រង់ដ៏អាក្រក់បំផុតដែលមិនបានធានានូវការអនុវត្តសិទ្ធិមូលដ្ឋានរបស់កុមារ ក្នុងនោះរដ្ឋាភិបាលកម្ពុជាខកខានមិនបានចាត់វិធានការក្នុងការស៊ើបអង្កេតការចោទប្រកាន់លើជនល្មើសនៅពេលដែលអាជ្ញាធរបានរកឃើញអ្នករំលោភបំពានលើកុមារ ដោយការសម្របសម្រួលឱ្យគេចចេញក្រៅប្រព័ន្ធច្បាប់ជាដើម៕









