

អ្នកការពារសិទ្ធិពលករលើកឡើងថា ប៉ុន្មានខែចុងក្រោយនេះ មានពលរដ្ឋខ្មែរជាច្រើនសម្រុកមក រកការងារធ្វើនៅប្រទេសថៃវិញ ក្រោយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានបរាជ័យ ក្នុងការផ្ដល់ ការងារសមរម្យ ជូនពួកគាត់។ រីឯពលករអះអាងថា រស់នៅស្រុកខ្មែរពិបាករកការងារធ្វើពេក ទើបបង្ខំចិត្តមករកការងារនៅប្រទេសថៃ បើទោះបីជាពួកគាត់ជួបការលំបាកក្នុងការធ្វើដំណើរ និង ប្រឈមការចាប់ខ្លួនបញ្ជូនទៅខ្មែរវិញគ្រប់ពេលវេលាក្ដី។
ពលករខ្មែរធ្វើការនៅប្រទេសថៃ និងអ្នកការពារសិទ្ធិពលករចំណាកស្រុក បានអះអាងដូចៗគ្នាថា ចាប់តាំងពីបុណ្យចូលឆ្នាំខ្មែររួចមក សង្កេតឃើញថា មានពលរដ្ឋខ្មែរជាច្រើននាក់ បានសម្រុកឡើងមកប្រទេសថៃ ជាក្រុមៗ ដោយក្នុង១ថ្ងៃមិនក្រោម៥០នាក់នោះទេ។ ទន្ទឹមគ្នានោះ ក៏មានពលករខ្មែរខ្លះ ត្រូវបានប៉ូលិសថៃចាប់ខ្លួន នៅ តាមព្រំដែន ហើយបញ្ជូនមកខ្មែរវិញ ខណៈពលករខ្មែរ ខ្លះទៀត ដែលធ្វើការខុស ច្បាប់នៅប្រទេសថៃ ក៏ត្រូវបានប៉ូលិសថៃចាប់ខ្លួន រួចពិន័យជា ប្រាក់អស់រាប់ម៉ឺនបាត។ រីឯ ពលករខ្មែរខ្លះទៀត ដែលគ្មានលុយបង់ឱ្យប៉ូលិស ក៏ត្រូវបានប៉ូលិសថៃ យកឃុំខ្លួន បណ្ដោះអាសន្ន នៅក្នុងពន្ធនាគារជាដើម។
បើទោះបីជាបញ្ហានេះបានកើតមានឡើងជាហូរហែក្ដី ពលករខ្មែរ ដែលបានឡើងមករកការងារធ្វើនៅប្រទេសថៃ បានរៀបរាប់ថា ពួកគាត់ មានការភ័យខ្លាចខ្លះដែរ ពីការចាប់ខ្លួនពីសំណាក់អាជ្ញាធរថៃ ប៉ុន្តែ ពួកគាត់ហាក់ពុំសូវភ័យខ្លាច និងរងសម្ពាធផ្លូវចិត្តខ្លាំង ដូចដែលរស់នៅក្នុងស្រុក ដែលគ្មានការងារធ្វើ ហើយ ត្រូវបានមន្ត្រីធនាគារ និងមីក្រូហិរញ្ញវត្ថុ បង្ខំឱ្យលក់ផ្ទះនិងដីធ្លី រួមនិង ការជេរប្រមាថសព្វបែបយ៉ាងនោះទេ។
មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ កញ្ញា ឈឿន ដាឡុង ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣ មិថុនា ថា គ្រួសារកញ្ញាចំនួន៥នាក់ បានមកធ្វើការនៅប្រទេសថៃវិញ ក្រោយពីស្ថានភាពតាមព្រំដែន បានស្រាកស្រាន្តពីការបាញ់ប្រហារគ្នា បានប្រហែលមួយខែ។ កញ្ញាសង្កេតឃើញថា ចាប់តាំងពីបុណ្យចូលឆ្នាំខ្មែររួចមក ឃើញមានពលករខ្មែរឡើងមក ធ្វើការនៅប្រទេសថៃវិញជាច្រើន ដោយអ្នកខ្លះ ធ្វើការដោយស្របច្បាប់ ខណៈអ្នកខ្លះទៀត ធ្វើដោយខុសច្បាប់ ព្រោះគ្មានលិខិតឆ្លងដែន និងទិដ្ឋាការការងារ។ សម្រាប់គ្រួសារកញ្ញា ធ្វើការដោយស្របច្បាប់ ព្រោះមានទិដ្ឋាការការងារ ដែលមានសុពលភាពដល់ឆ្នាំ២០២៧។ ប៉ុន្តែកញ្ញា នៅតែព្រួយបារម្ភពីសុវត្ថិភាព មិនហ៊ានដើរផ្ដេសផ្ដាសនោះទេ ព្រោះមាន ប្រជាជនថៃមួយចំនួនធំ រើសអើងជាតិសាសន៍ខ្មែរ។
កញ្ញា ឈឿន ដាឡុង៖ «និយាយរួមទៅខុសពីមុខឆ្ងាយខ្លាំង ដោយសារតែប្រជាជនគេអត់ចូលចិត្តយើងទេ គេស្អប់ គេរើសអើងយើង។ ហើយនៅប្រទេសគេក៏អត់សូវហ៊ាននិយាយអ្វីផ្ដេសផ្ដាសដែរ ធ្វើការស្ងាត់ៗហើយ មិនដែលបានដើរទៅណា ក្រៅពីកន្លែងការងារ ហើយនឹង កន្លែងស្នាក់នៅតែប៉ុណ្ណោះឯង»។
ចាប់តាំងពីរដ្ឋាភិបាលថៃ ប្រកាសលែងផ្ដល់ទិដ្ឋាការការងារដល់ពលករខ្មែរ បច្ចុប្បន្ន មានពលរដ្ឋខ្មែរជាច្រើន ដែលបន្តក្រាញននៀលធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ ដោយលួចលាក់ ហើយ មិនមានសេរីភាពដើរហើរផ្ដេសផ្ដាសនោះទេ។ រាល់ថ្ងៃពួកគាត់ រស់នៅសម្ងំតាមការដ្ឋាន ឬកន្លែងការងារ ដើម្បីកុំឱ្យអាជ្ញាធរថៃដឹង។ បើទោះបីជាពួកគាត់រស់នៅដោយក្ដីភ័យខ្លាចក្ដី ភាគច្រើន ពួកគាត់មិនចង់ត្រឡប់ទៅស្រុកកំណើតវិញនោះទេ ព្រោះបារម្ភខ្លាចគ្មានចំណូលផ្គត់ផ្គង់គ្រួសារ។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បង្កើនការងារក្នុងស្រុកឱ្យបានច្រើន ដែលធានានូវប្រាក់ខែសមរម្យ និង មានការគោរពសិទ្ធិការងារត្រឹមត្រូវ។
ពលករខ្មែរអះអាងថា នៅប្រទេសខ្មែរ មានការងារធ្វើជាច្រើននៅតាមរោងចក្រ ប៉ុន្តែ ប្រាក់ឈ្នួលថោកពេក ហើយការងារធ្វើលើសកម្លាំង ខណៈថៅកែ ឬមេការ មិនសូវឱ្យតម្លៃកម្មករ គឺចូលចិត្តស្ដីឱ្យ និងប្រមាថមើលងាយខ្លាំងៗ ខុសពីនៅប្រទេសថៃ គឺគេគោរពឱ្យតម្លៃដល់កម្មករ ហើយ ផ្ដល់ប្រាក់ឈ្នួលបានថ្លៃ ខណៈការងារក៏សម្បូរ ពុំសូវបារម្ភ ថាអស់ការងារធ្វើ។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣ ខែមិថុនា ដោយហៅទូរស័ព្ទ ចូលតែគ្មានអ្នកទទួល។
ទោះជាយ៉ាងណា ចាប់តាំងពី ពលករខ្មែរជាង៩០ម៉ឺននាក់បាន ត្រឡប់មកស្រុកខ្មែរវិញ គេសង្កេតឃើញថា ក្រសួងការងារ បានប្រឹងប្រែងផ្សព្វផ្សាយ ឱ្យអតីតពលករទាំងនោះ ចូលធ្វើការនៅតាមរោងចក្រ សហគ្រាស នានានៅទូទាំងប្រទេស។ ក្នុងនោះក្រសួងក៏ បានរៀបចំវេទិកា ការងារ នៅតាមមូលដ្ឋាន ដើម្បីជួយសម្រួលពលរដ្ឋឱ្យទទួលបានការងារធ្វើ ។ ក្រសួងក៏បាន អះអាងដែរថា បច្ចុប្បន្ន មានអតីតពលករ ជាង៦៥ម៉ឺននាក់ហើយ មានការងារធ្វើ។
ប៉ុន្តែ បើតាមអតីតពលករ ដែលធ្វើបានចូលធ្វើការ នៅតាមរោងចក្រដែលក្រសួងបានរៀបចំឱ្យនោះ ភាគច្រើន គឺបរាជ័យ ព្រោះកន្លែងការងារទាំងនោះ គ្រប់គ្រង់ដោយថៅកែជនជាតិចិន ដែលមិនសូវគោរពសិទ្ធិការងារ និងតែងបង្ខំឱ្យកម្មករឱ្យ ធ្វើការលើសកម្លាំង ខណៈប្រាក់ខែបានថោក ទើបធ្វើឱ្យកម្មករ ភាគច្រើន ធ្វើការ បានត្រឹម ២ ទៅ៣ខែក៏លាឈប់ ទៅករការងារថ្មី។ រីឯ អ្នកខ្លះទៅធ្វើការសំណង និងខ្លះទៀត ត្រឡប់ទៅ រកការងារធ្វើនៅប្រទេសថៃវិញ។
រដ្ឋមន្ត្រីក្រសួងការងារថៃ អ្នកស្រី ទ្រីណុច ធៀនថុង ( Trinuch Thienthong) កាលពីថ្ងៃទី៩ មីនាបានថ្លែងថា គោលនយោបាយថ្មីរបស់ រដ្ឋាភិបាល លោក អានុទិន ចាន់វីរៈគុល បានដាក់ចេញគោលនយោបាយថា ប្រទេសថៃមិនអនុញ្ញាតឱ្យពលករកម្ពុជាថ្មី ចូលប្រទេសថៃជាដាច់ខាត ព្រោះបារម្ភពីសន្តិសុខជាតិ ខណៈគោលនយោបាយនេះបានអនុវត្តកាលពីខែមីនា។
មន្ត្រីការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ លោក លឹង សុផុន លើកឡើងថា បច្ចុប្បន្នពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ ពួកគាត់ប្រឈមបញ្ហាជាច្រើន ជាពិសេសការចាប់ខ្លួនពីសំណាក់អាជ្ញាធរថៃ នៅពេលពួកគេពុំមានឯកសារគ្រប់គ្រាន់។ ទន្ទឹមគ្នានោះ លោកសង្កេតឃើញថា ថ្វីត្បិតថា ថៃមានការរឹតត្បិតខ្លាំងលើ ពលករខ្មែរមែន ក៏មានពលករខ្មែរជាច្រើន បានឡប់រកការងារធ្វើនៅប្រទេសថៃវិញ ដោយលួចលាក់តាមច្រករបៀង។
លោកបញ្ជាក់ថា ពលករខ្មែរ ដែលមកករការងារធ្វើនៅប្រទេសថៃវិញ ភាគច្រើនមានបញ្ហាជំពាក់បំណុល និងគ្មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ក្រោយពីពួកគាត់រកការងារធ្វើនៅក្នុងស្រុកមិនបាន ទើបបង្ខំចិត្ត មកធ្វើការនៅប្រទេសថៃ ដោយប្រថុយប្រថាន។ លោកថា ដើម្បីដោះស្រាយកុំឱ្យពលករខ្មែរសម្រុកមកប្រទេសថៃ ដោយខុសច្បាប់ទៀត គឺមានតែរដ្ឋាភិបាល កម្ពុជា បង្កើនការងារក្នុងស្រុកឱ្យច្រើន ហើយលុបបំបាត់ការរំលោភសិទ្ធិការងារ និងផ្ដល់ប្រាក់ឈ្នួលឱ្យបានសមរម្យ ដែលអាចប្រហាក់ប្រហែលទៅនឹងប្រទេសថៃ។
លោក លឹង សុផុន៖ «តាមការលើកឡើងរបស់គាត់ហ្នឹង ថៅកែគាត់ពេលមកដល់ថៃហ្នឹង គាត់អាចធ្វើការជាមួយថៅកែ ដែលថៅកែមួយចំនួនហ្នឹង គេចេះតែបិទបាំងទៅ ហើយដើម្បីការងារអីចឹងណា។ សម្រាប់ខ្ញុំផ្ទាល់ ពលរដ្ឋនៅថៃហ្នឹង គឺបច្ចុប្បន្នហ្នឹងប្រឈមច្រើន ប្រឈមទៅនឹងការរស់នៅ។ យើងដឹងស្រាប់ហើយថា អាជ្ញាធរតាមតំបន់តាមកន្លែងហ្នឹង មានការរឹតបន្តឹងជាហូរហែ ពិនិត្យមើលតាមកន្លែងរស់នៅរបស់ពួកគាត់អីចឹងណា។ ខ្ញុំឃើញមួយរយះចុងក្រោយហ្នឹង ហាក់ដូចជាបងប្អូនខ្មែរយើងសម្រេចចិត្តវិលត្រឡប់មកច្រើន»។
ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ បានលើកឡើងថា ពួកគាត់មិនដែល ចង់មកធ្វើជាខ្ញុំគេ នៅប្រទេសថៃ ខណៈដែលប្រទេសទាំងពីរ កំពុងតែជម្លោះគ្នាតាមព្រំដែននោះទេ ប៉ុន្តែពួកគាត់គ្មានជម្រើសឡើយ ក្រៅតែពីខាំធ្មេញសង្កត់ចិត្ត ក្រាញននៀល មកធ្វើការនៅប្រទេសថៃទាំងត្រដាបត្រដួស ខណៈពេលខ្លះ សឹងតែគ្មានពេលដេកពួន គ្រប់គ្រាន់ ព្រោះខំប្រឹងរកលុយដើម្បីសងបំណុល ធនាគារ និង ចំណាយលើការ ផ្គត់ផ្គង់ គ្រួសារនៅឯស្រុកកំណើត។
កាលពីខែមិនា កន្លងទៅ អង្គការសង់ត្រាល់រកឃើញថា អតីតពលករខ្មែរជាង៩០ម៉ឺននាក់ ដែលត្រឡប់មកពីប្រទេសថៃវិញ មានចំនួន៧១% ជាប់បំណុល ជាមធ្យមក្នុងមួយគ្រួសារមានចំនួន៥៥០០ដុល្លារ។ ចំណែក ៨៥% នៃគ្រួសារដែលជាប់បំណុល មិនមានលទ្ធភាពបង់សងទាន់ពេលវេលានោះទេ ខណៈគ្រួសារខ្លះបានធ្វើអត្តឃាត។ ជាមួយគ្នានោះ ប្រាក់ចំណូល ប្រចាំខែ ជាមធ្យម ដែលពួកគាត់រកបាន ប្រហែល៦៤ ដុល្លារ ខណៈការចំណាយប្រចាំខែជាមធ្យមជិត២០០ (១៧៣)ដុល្លារ។ ចំណែក ការស្វែងរកការងារក្នុងស្រុកជាញឹកញាប់ ពួកគាត់ ជួបប្រទះនឹងការកេងប្រវ័ញ្ច ប្រាក់ឈ្នួល លក្ខខណ្ឌការងារមិនសមរម្យ និងការផ្ដល់ការងារដែលបង្កប់នូវការបោកប្រាស់។ ករណីនេះ បានបង្ខំឱ្យពលរដ្ឋចំនួន ៥៣% អះអាងថា គ្រោងនឹងទៅធ្វើការនៅប្រទេសថៃម្ដងទៀត បើទោះបី ជាប្រទេសទាំងពីរកំពុង មានជម្លោះព្រំដែនក្ដី៕









