ពលរដ្ឋ​ខ្មែរ​សម្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ ដោយសារតែ​ខ្វះ​ការងារ​សមរម្យ​នៅក្នុង​ស្រុក

0
62
​ទិដ្ឋភាព​ពលករ​ខ្មែរ​ចំនួន ១៦​នាក់ ត្រូវទាហាន​ឈុត​ខ្មៅ​ថៃ នៅ​ស្រុក​អារញ្ញ (Aranyaprathet) ខេត្ត​ស្រះកែវ (SaKeo) បាន​ចាប់ខ្លួន ពេល​​លួច​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​ថៃ​ កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកសាលាខេត្ត​អារញ្ញ
​ទិដ្ឋភាព​ពលករ​ខ្មែរ​ចំនួន ១៦​នាក់ ត្រូវទាហាន​ឈុត​ខ្មៅ​ថៃ នៅ​ស្រុក​អារញ្ញ (Aranyaprathet) ខេត្ត​ស្រះកែវ (SaKeo) បាន​ចាប់ខ្លួន ពេល​​លួច​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​ថៃ​ កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកសាលាខេត្ត​អារញ្ញ

អ្នកការពារ​សិទ្ធិ​ពលករ​លើកឡើង​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​សម្រុក​មក រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ ក្រោយពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បាន​បរាជ័យ ក្នុង​ការ​ផ្ដល់ ការងារ​សមរម្យ ជូន​ពួកគាត់​។ រីឯ​ពលករ​អះអាង​ថា រស់នៅ​ស្រុក​ខ្មែរ​ពិបាក​រក​ការងារ​ធ្វើ​ពេក ទើប​បង្ខំចិត្ត​មក​រក​ការងារ​នៅ​ប្រទេស​ថៃ បើ​ទោះបីជា​ពួកគាត់​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ និង ប្រឈម​ការ​ចាប់ខ្លួន​បញ្ជូន​ទៅ​ខ្មែរ​វិញ​គ្រប់​ពេល​វេលា​ក្ដី។

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​អ្នកការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក បាន​អះអាង​ដូចៗ​គ្នា​ថា ចាប់តាំងពី​បុណ្យចូលឆ្នាំ​ខ្មែរ​រួចមក សង្កេត​ឃើញ​ថា មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ បាន​សម្រុក​ឡើង​មក​ប្រទេស​ថៃ ជា​ក្រុមៗ ដោយ​ក្នុង​១​ថ្ងៃ​មិន​ក្រោម​៥០​នាក់​នោះ​ទេ​។ ទន្ទឹមគ្នា​នោះ ក៏​មាន​ពលករ​ខ្មែរ​ខ្លះ ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់ខ្លួន នៅ តាម​ព្រំដែន ហើយ​បញ្ជូន​មក​ខ្មែរ​វិញ ខណៈ​ពលករ​ខ្មែរ ខ្លះទៀត ដែល​ធ្វើ​ការ​ខុស ច្បាប់​នៅ​ប្រទេស​ថៃ ក៏​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់ខ្លួន រួច​ពិន័យ​ជា ប្រាក់​អស់​រាប់​ម៉ឺន​បាត។ រីឯ ពលករ​ខ្មែរ​ខ្លះទៀត ដែល​គ្មាន​លុយ​បង់​ឱ្យ​ប៉ូលិស ក៏​ត្រូវ​បាន​ប៉ូលិស​ថៃ យក​ឃុំខ្លួន បណ្ដោះអាសន្ន នៅក្នុង​ពន្ធនាគារ​ជាដើម។

បើ​ទោះបីជា​បញ្ហា​នេះ​បាន​កើតមាន​ឡើងជា​ហូរហែ​ក្ដី ពលករ​ខ្មែរ ដែល​បាន​ឡើង​មក​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ បាន​រៀបរាប់​ថា ពួកគាត់ មានការ​ភ័យខ្លាច​ខ្លះ​ដែរ ពី​ការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​ថៃ ប៉ុន្តែ ពួកគាត់​ហាក់​ពុំ​សូវ​ភ័យខ្លាច និង​រង​សម្ពាធ​ផ្លូវចិត្ត​ខ្លាំង ដូចដែល​រស់នៅ​ក្នុងស្រុក ដែល​គ្មាន​ការងារ​ធ្វើ ហើយ ត្រូវ​បាន​មន្ត្រី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ បង្ខំ​ឱ្យ​លក់​ផ្ទះ​និង​ដីធ្លី រួម​និង ការ​ជេរប្រមាថ​សព្វបែបយ៉ាង​នោះ​ទេ។

មាន​ស្រុកកំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ កញ្ញា ឈឿន ដាឡុង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៣ មិថុនា ថា គ្រួសារ​កញ្ញា​ចំនួន​៥​នាក់ បាន​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ ក្រោយពី​ស្ថានភាព​តាម​ព្រំដែន បាន​ស្រាកស្រាន្ត​ពី​ការ​បាញ់ប្រហារ​គ្នា បាន​ប្រហែល​មួយ​ខែ​។ កញ្ញា​សង្កេត​ឃើញ​ថា ចាប់តាំងពី​បុណ្យចូលឆ្នាំ​ខ្មែរ​រួចមក ឃើញ​មាន​ពលករ​ខ្មែរ​ឡើង​មក ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​ជាច្រើន ដោយ​អ្នកខ្លះ ធ្វើការ​ដោយ​ស្របច្បាប់ ខណៈ​អ្នក​ខ្លះទៀត ធ្វើ​ដោយ​ខុសច្បាប់ ព្រោះ​គ្មាន​លិខិតឆ្លងដែន និង​ទិដ្ឋាការ​ការងារ​។ សម្រាប់​គ្រួសារ​កញ្ញា ធ្វើការ​ដោយ​ស្របច្បាប់ ព្រោះ​មាន​ទិដ្ឋាការ​ការងារ ដែល​មាន​សុពលភាព​ដល់​ឆ្នាំ​២០២៧។ ប៉ុន្តែ​កញ្ញា នៅតែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព មិន​ហ៊ាន​ដើរ​ផ្ដេសផ្ដាស​នោះ​ទេ ព្រោះ​មាន ប្រជាជន​ថៃ​មួយ​ចំនួន​ធំ រើសអើង​ជាតិ​សាសន៍​ខ្មែរ។

កញ្ញា ឈឿន ដាឡុង៖ «និយាយ​រួម​ទៅ​ខុស​ពីមុខ​ឆ្ងាយ​ខ្លាំង ដោយសារតែ​ប្រជាជន​គេ​អត់​ចូលចិត្ត​យើង​ទេ គេ​ស្អប់ គេ​រើសអើង​យើង​។ ហើយ​នៅ​ប្រទេស​គេ​ក៏​អត់​សូវ​ហ៊ាន​និយាយ​អ្វី​ផ្ដេសផ្ដាស​ដែរ ធ្វើការ​ស្ងាត់ៗ​ហើយ មិនដែល​បាន​ដើរ​ទៅណា ក្រៅពី​កន្លែង​ការងារ ហើយនឹង កន្លែង​ស្នាក់​នៅតែ​ប៉ុណ្ណោះ​ឯង»។

ចាប់តាំងពី​រដ្ឋាភិបាល​ថៃ ប្រកាស​លែង​ផ្ដល់​ទិដ្ឋាការ​ការងារ​ដល់​ពលករ​ខ្មែរ បច្ចុប្បន្ន មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន ដែល​បន្ត​ក្រាញននៀល​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់ ដោយ​លួចលាក់ ហើយ មិន​មាន​សេរីភាព​ដើរហើរ​ផ្ដេសផ្ដាស​នោះ​ទេ​។ រាល់ថ្ងៃ​ពួកគាត់ រស់នៅ​សម្ងំ​តាម​ការដ្ឋាន ឬ​កន្លែង​ការងារ ដើម្បី​កុំឱ្យ​អាជ្ញាធរ​ថៃ​ដឹង​។ បើ​ទោះបីជា​ពួកគាត់​រស់នៅ​ដោយ​ក្ដី​ភ័យខ្លាច​ក្ដី ភាគច្រើន ពួកគាត់​មិន​ចង់​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​នោះ​ទេ ព្រោះ​បារម្ភ​ខ្លាច​គ្មាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បង្កើន​ការងារ​ក្នុងស្រុក​ឱ្យ​បាន​ច្រើន ដែល​ធានា​នូវ​ប្រាក់ខែ​សមរម្យ និង មានការ​គោរព​សិទ្ធិ​ការងារ​ត្រឹមត្រូវ។

ពលករ​ខ្មែរ​អះអាង​ថា នៅ​ប្រទេស​ខ្មែរ មាន​ការងារ​ធ្វើជា​ច្រើន​នៅ​តាម​រោងចក្រ ប៉ុន្តែ ប្រាក់​ឈ្នួល​ថោក​ពេក ហើយ​ការងារ​ធ្វើ​លើស​កម្លាំង ខណៈ​ថៅកែ ឬ​មេការ មិនសូវ​ឱ្យ​តម្លៃ​កម្មករ គឺ​ចូលចិត្ត​ស្ដីឱ្យ និង​ប្រមាថមើលងាយ​ខ្លាំងៗ ខុសពី​នៅ​ប្រទេស​ថៃ គឺ​គេ​គោរព​ឱ្យ​តម្លៃ​ដល់​កម្មករ ហើយ ផ្ដល់​ប្រាក់​ឈ្នួល​បាន​ថ្លៃ ខណៈ​ការងារ​ក៏​សម្បូរ ពុំ​សូវ​បារម្ភ ថា​អស់​ការងារ​ធ្វើ។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៣ ខែមិថុនា ដោយ​ហៅ​ទូរស័ព្ទ ចូល​តែ​គ្មាន​អ្នក​ទទួល។

ទោះជា​យ៉ាងណា ចាប់តាំងពី ពលករ​ខ្មែរ​ជាង​៩០​ម៉ឺន​នាក់​បាន ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ គេ​សង្កេត​ឃើញ​ថា ក្រសួង​ការងារ បាន​ប្រឹងប្រែង​ផ្សព្វផ្សាយ ឱ្យ​អតីត​ពលករ​ទាំងនោះ ចូល​ធ្វើ​ការ​នៅ​តាម​រោងចក្រ សហគ្រាស នានា​នៅ​ទូទាំង​ប្រទេស​។ ក្នុង​នោះ​ក្រសួង​ក៏ បាន​រៀបចំ​វេទិកា ការងារ នៅ​តាម​មូលដ្ឋាន ដើម្បី​ជួយ​សម្រួល​ពលរដ្ឋ​ឱ្យ​ទទួល​បាន​ការងារ​ធ្វើ ។ ក្រសួង​ក៏បាន អះអាង​ដែរ​ថា បច្ចុប្បន្ន មាន​អតីត​ពលករ ជាង​៦៥​ម៉ឺន​នាក់​ហើយ មានការ​ងារ​ធ្វើ។

ប៉ុន្តែ បើ​តាម​អតីត​ពលករ ដែល​ធ្វើ​បាន​ចូល​ធ្វើ​ការ នៅ​តាម​រោងចក្រ​ដែល​ក្រសួង​បាន​រៀបចំ​ឱ្យ​នោះ ភាគច្រើន គឺ​បរាជ័យ ព្រោះ​កន្លែង​ការងារ​ទាំងនោះ គ្រប់​គ្រង់​ដោយ​ថៅកែ​ជនជាតិ​ចិន ដែល​មិនសូវ​គោរព​សិទ្ធិ​ការងារ និង​តែង​បង្ខំ​ឱ្យ​កម្មករ​ឱ្យ ធ្វើការ​លើស​កម្លាំង ខណៈ​ប្រាក់ខែ​បាន​ថោក ទើប​ធ្វើ​ឱ្យ​កម្មករ ភាគច្រើន ធ្វើការ បាន​ត្រឹម ២ ទៅ​៣​ខែ​ក៏​លាឈប់ ទៅ​ករ​ការងារ​ថ្មី​។ រីឯ អ្នក​ខ្លះទៅ​ធ្វើការ​សំណង និង​ខ្លះទៀត ត្រឡប់​ទៅ រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ។

រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ អ្នកស្រី ទ្រីណុច ធៀនថុង ( Trinuch Thienthong) កាលពី​ថ្ងៃទី​៩ មីនា​បាន​ថ្លែង​ថា គោលនយោបាយ​ថ្មី​របស់ រដ្ឋាភិបាល លោក អានុទិន ចាន់វីរៈគុល បាន​ដាក់​ចេញ​គោល​នយោបាយ​ថា ប្រទេស​ថៃ​មិន​អនុញ្ញាត​ឱ្យ​ពលករ​កម្ពុ​ជាថ្មី ចូល​ប្រទេស​ថៃ​ជាដាច់ខាត ព្រោះ​បារម្ភ​ពី​សន្តិសុខ​ជាតិ ខណៈ​គោលនយោបាយ​នេះ​បាន​អនុវត្ត​កាលពី​ខែ​មីនា។

មន្ត្រី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ប្រចាំ​ប្រទេស​ថៃ នៃ​អង្គការ​សង់ត្រាល់ លោក លឹង សុផុន លើកឡើង​ថា បច្ចុប្បន្ន​ពលករ​ខ្មែរ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ពួកគាត់​ប្រឈម​បញ្ហា​ជាច្រើន ជាពិសេស​ការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​ថៃ នៅពេល​ពួកគេ​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់។ ទន្ទឹមគ្នា​នោះ លោក​សង្កេត​ឃើញ​ថា ថ្វី​ត្បិត​ថា ថៃ​មានការ​រឹតត្បិត​ខ្លាំង​លើ ពលករ​ខ្មែរ​មែន ក៏​មាន​ពលករ​ខ្មែរ​ជាច្រើន បាន​ឡប់​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ ដោយ​លួចលាក់​តាម​ច្រករបៀង។

លោក​បញ្ជាក់​ថា ពលករ​ខ្មែរ ដែល​មក​ករ​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ ភាគច្រើន​មាន​បញ្ហា​ជំពាក់​បំណុល និង​គ្មាន​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ក្រោយពី​ពួកគាត់​រក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​មិនបាន ទើប​បង្ខំចិត្ត មក​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ប្រថុយប្រថាន​។ លោក​ថា ដើម្បី​ដោះស្រាយ​កុំឱ្យ​ពលករ​ខ្មែរ​សម្រុក​មក​ប្រទេស​ថៃ ដោយ​ខុសច្បាប់​ទៀត គឺ​មានតែ​រដ្ឋាភិបាល កម្ពុជា បង្កើន​ការងារ​ក្នុងស្រុក​ឱ្យ​ច្រើន ហើយ​លុបបំបាត់​ការរំលោភ​សិទ្ធិ​ការងារ និង​ផ្ដល់​ប្រាក់​ឈ្នួល​ឱ្យ​បាន​សមរម្យ ដែល​អាច​ប្រហាក់ប្រហែល​ទៅ​នឹង​ប្រទេស​ថៃ។

លោក លឹង សុផុន៖ «​តាម​ការ​លើកឡើង​របស់​គាត់​ហ្នឹង ថៅកែ​គាត់​ពេល​មក​ដល់​ថៃ​ហ្នឹង គាត់​អាច​ធ្វើការ​ជាមួយ​ថៅកែ ដែល​ថៅកែ​មួយចំនួន​ហ្នឹង គេ​ចេះតែ​បិទបាំង​ទៅ ហើយ​ដើម្បី​ការងារ​អីចឹង​ណា​។ សម្រាប់​ខ្ញុំ​ផ្ទាល់ ពលរដ្ឋ​នៅ​ថៃ​ហ្នឹង គឺ​បច្ចុប្បន្ន​ហ្នឹង​ប្រឈម​ច្រើន ប្រឈម​ទៅ​នឹង​ការ​រស់នៅ​។ យើង​ដឹង​ស្រាប់​ហើយ​ថា អាជ្ញាធរ​តាម​តំបន់​តាម​កន្លែង​ហ្នឹង មានការ​រឹត​បន្តឹង​ជា​ហូរហែ ពិនិត្យមើល​តាម​កន្លែង​រស់នៅ​របស់​ពួកគាត់​អីចឹង​ណា​។ ខ្ញុំ​ឃើញ​មួយ​រយះ​ចុងក្រោយ​ហ្នឹង ហាក់ដូចជា​បងប្អូន​ខ្មែរ​យើង​សម្រេចចិត្ត​វិល​ត្រឡប់​មក​ច្រើន»។

ពលករ​ខ្មែរ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​លើកឡើង​ថា ពួកគាត់​មិនដែល ចង់​មក​ធ្វើជា​ខ្ញុំគេ នៅ​ប្រទេស​ថៃ ខណៈ​ដែល​ប្រទេស​ទាំងពីរ កំពុងតែ​ជម្លោះ​គ្នា​តាម​ព្រំដែន​នោះ​ទេ ប៉ុន្តែ​ពួកគាត់​គ្មាន​ជម្រើស​ឡើយ ក្រៅតែ​ពី​ខាំធ្មេញ​សង្កត់ចិត្ត ក្រាញននៀល មក​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំង​ត្រដាបត្រដួស ខណៈ​ពេល​ខ្លះ សឹងតែ​គ្មាន​ពេលដេក​ពួន គ្រប់គ្រាន់ ព្រោះ​ខំប្រឹង​រកលុយ​ដើម្បី​សងបំណុល ធនាគារ និង ចំណាយ​លើ​ការ ផ្គត់ផ្គង់ គ្រួសារ​នៅ​ឯ​ស្រុកកំណើត។

កាលពី​ខែ​មិនា កន្លងទៅ អង្គការ​សង់​ត្រាល់​រកឃើញ​ថា អតីត​ពលករ​ខ្មែរ​ជាង​៩០​ម៉ឺន​នាក់ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ មាន​ចំនួន​៧១% ជាប់បំណុល ជា​មធ្យម​ក្នុង​មួយ​គ្រួសារ​មាន​ចំនួន​៥៥០០​ដុល្លារ​។ ចំណែក ៨៥% នៃ​គ្រួសារ​ដែល​ជាប់បំណុល មិន​មាន​លទ្ធភាព​បង់​សង​ទាន់​ពេល​វេលា​នោះ​ទេ ខណៈ​គ្រួសារ​ខ្លះ​បាន​ធ្វើ​អត្តឃាត​។ ជាមួយគ្នា​នោះ ប្រាក់ចំណូល ប្រចាំខែ ជា​មធ្យម ដែល​ពួកគាត់​រកបាន ប្រហែល​៦៤ ដុល្លារ ខណៈ​ការ​ចំណាយ​ប្រចាំខែ​ជា​មធ្យម​ជិត​២០០ (១៧៣)​ដុល្លារ​។ ចំណែក ការស្វែងរក​ការងារ​ក្នុងស្រុក​ជា​ញឹកញាប់ ពួកគាត់ ជួបប្រទះ​នឹង​ការ​កេង​ប្រវ័ញ្ច ប្រាក់​ឈ្នួល លក្ខខណ្ឌ​ការងារ​មិន​សមរម្យ និង​ការ​ផ្ដល់​ការងារ​ដែល​បង្កប់​នូវ​ការបោកប្រាស់​។ ករណីនេះ បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​ចំនួន ៥៣% អះអាង​ថា គ្រោង​នឹង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ម្ដងទៀត បើ​ទោះបី ជា​ប្រទេស​ទាំងពីរ​កំពុង មាន​ជម្លោះ​ព្រំដែន​ក្ដី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ