រដ្ឋាភិបាល​កម្ពុជា​រង​ការ​ចោទ​ថា ប្រើ​វិធីសាស្ត្រ​បង្ខំ​ឱ្យ​អ្នក​ជាប់ឃុំ​សារភាព​ដើម្បី​បំបិទមាត់​ការរិះគន់

0
20
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បាន​ចោទប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា បាន​បង្ខំ​សមាជិក​គណបក្សប្រឆាំង និង​សកម្មជន​ដែល​ត្រូវ​បាន​ឃុំខ្លួន ឱ្យ​សារ​ភាពជា​សាធារណៈ និង​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បំបាក់ស្មារតី​សកម្មជន​នយោបាយ​ឲ្យ​ចុះ​ខ្សោយ និង​ពង្រឹង​ការគ្រប់គ្រង​អំណាច​បែប​ឯកបក្ស។ ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​សណ្តោស​ប្រោសប្រណី​ចំពោះ​ជន​ទាំងឡាយ​ណា ដែល​ធ្លាប់​បាន​ប្រព្រឹត្ត​ខុស​ហើយ​ដឹងខ្លួន និង​ចេះ​កែខ្លួន។

របាយការណ៍​ថ្មី​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២៦ ដោយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បាន​និយាយ​ថា អាជ្ញាធរ​កម្ពុជា​បាន​ប្រើប្រាស់ ការចោទប្រកាន់​តាម​បែប​ព្រហ្មទណ្ឌ ដែល​ខ្លួន​ចាត់ទុកថា «​គ្មាន​មូលដ្ឋាន​» ប្រឆាំង​នឹង​អ្នក​រិះគន់ ហើយ​ដាក់​សម្ពាធ​ឱ្យ​ពួកគេ​សុំទោស​ជា​សាធារណៈ និង​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចេញ​ពី​ពន្ធនាគារ។

របាយការណ៍​នេះ ផ្អែកលើ​ការពិនិត្យ​វីដេអូ និង​សេចក្តី​រាយការណ៍​ព័ត៌មាន​ជាង ១៤០​ករណី ដែល​បាន​ផ្សព្វផ្សាយ​បន្ត​ដោយ សារព័ត៌មាន Fresh News ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល បង្ហាញ​ពី​ការ​សុំ​ទោស និង​ការ​សារភាព​ជា​សាធារណៈ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមក ព្រមទាំង​ការ​សម្ភាស​សកម្មជន សាច់ញាតិ​អ្នក​ជាប់ឃុំ និង​មេធាវី​ការពារ​ក្តី​។​

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បានសរសេរ​ថា ការ​សារភាព​ជាច្រើន​ត្រូវ​បាន​ថត​នៅក្នុង​ពន្ធនាគារ ដោយ​អ្នក​ជាប់ឃុំ​ស្លៀកពាក់​ឯកសណ្ឋាន​ពន្ធនាគារ​ពណ៌​ទឹកក្រូច ឬ​ពណ៌​ខៀវ ហើយ​ក្នុង​ករណី​ខ្លះ ហាក់ដូចជា​កំពុង​អាន​អត្ថបទ​ដែល​ត្រូវ​បាន​រៀបចំ​ទុកជាមុន។

សកម្មជន​ម្នាក់​ដែល​ត្រូវ​បាន​ដកស្រង់​សម្ដី​នៅក្នុង​របាយការណ៍​បាន​និយាយ​ថា មន្ត្រី​បាន​សន្យា​ថា​នឹង​ដោះលែង​រូបគេ​ចេញពី​ពន្ធនាគារ ប្រសិនបើ​គេ​ចូលរួម​ជាមួយ​គណបក្ស​កាន់អំណាច​។

លោក​បាន​និយាយ​ថា​៖ «​ពួកគេ​បាន​មក​ជួប​ខ្ញុំ​នៅក្នុង​ពន្ធនាគារ ហើយ​ប្រាប់​ថា ប្រសិនបើ​អ្នកចូលរួម​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ពួកគេ​នឹង​ដោះលែង​អ្នក​ចេញពី​ទីនេះ»។

មេធាវី​ម្នាក់​ដែល​ការពារ​ក្តី​ឱ្យ​អ្នក​រិះគន់​រដ្ឋាភិបាល បាន​ប្រាប់ Human Rights Watch ថា​កូន​ក្តី របស់​លោក​ដែល​ជា​សកម្មជន​នយោបាយ​ទាំងអស់ សុទ្ធតែ​ទទួលរង​សម្ពាធ​ឱ្យ​សារភាព និង​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្សកាន់អំណាច ដើម្បី​ទទួល​បាន​ការ​ដោះលែង។

អ្នកស្រី ប្រ៊ីយ៉ូនី ឡូ (Bryony Lau) នាយករង​ទទួលបន្ទុក​តំបន់​អាស៊ី​របស់​អង្គការ Human Rights Watch បាន​និយាយ​ថា តាមរយៈ​ការ​បង្ខំ​ឱ្យ​សកម្មជន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា អាជ្ញាធរ​មាន​បំណង​បង្ខូចកេរ្តិ៍​ឈ្មោះ​ពួកគេ និង​ពង្រឹង​ការគ្រប់គ្រង​អំណាច​បែប​ឯក​បក្ស​ឱ្យ​កាន់តែ​រឹងមាំ។

របាយការណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ដដែល​បាន​ឲ្យ​ដឹង​ថា សកម្មជន និង​សមាជិក​គណបក្សប្រឆាំង​បាន​ប្រឈមមុខ​នឹង​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង ចាប់តាំងពី​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទេរអំណាច​ទៅកាន់​កូនប្រុស​របស់​លោក គឺ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំ​២០២៣។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​សរសេរ​បន្ត​ថា តុលាការ​កម្ពុជា​បាន​ជួយ​សម្រួល​ដល់​ការអនុវត្ត​បែបនេះ តាមរយៈ​ការ​កាត់ទោស​ដែល​មាន​លក្ខណៈ​នយោបាយ ជាពិសេស​ការប្រើប្រាស់​បទ​ចោទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​» ឬ «​រួមគំនិត​ក្បត់​រដ្ឋ​» ដែល​អាច​នាំ​ឲ្យ​មានទោស​ជាប់ពន្ធនាគារ​។ អង្គការ​នេះ​ក៏បាន​លើកឡើង​ពី​ក្តី​បារម្ភ​របស់​អង្គការសហប្រជាជាតិ អំពី​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​តុលាការ​កម្ពុជា និង​ភាព​ទូលំទូលាយ​នៃ​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​មួយ​ចំនួន។

អង្គការ Human Rights Watch ក៏បាន​អះអាង​ថា ស្ថាន​ភាព​លំបាក​នៅក្នុង​ពន្ធនាគារ​ដែល​មាន​អ្នកទោស​ច្រើន​លើស​ចំណុះ បាន​បង្កើន​សម្ពាធ​ឱ្យ​អ្នក​ជាប់ឃុំ​ធ្វើការ​សារភាព​។ សកម្មជន​ម្នាក់​បាន​ពិពណ៌នា​ថា អ្នកទោស «​ដេក​ជាប់ៗ​គ្នា​ដូច​ត្រីខកំប៉ុង​» ហើយ​ត្រូវ​បង់ប្រាក់​សំណូក ពី ២០០ ទៅ ២៥០ ដុល្លារ​ជា​រៀងរាល់​ខែ ដើម្បី​ទទួល​បាន​អាហារ និង​សម្ភារៈ​អនាម័យ​គ្រប់គ្រាន់។

សកម្មជន​ម្នាក់​បាន​និយាយ​ថា ការ​ផ្សព្វផ្សាយ​វីដេអូ​សារភាព​របស់​លោក បាន​ធ្វើឱ្យ​លោក​មាន​អារម្មណ៍​ឯកោ និង​បាត់បង់​ការ​ទុកចិត្ត​ពី​មិត្តភក្ដិ និង​អតីត​សហការី​។ លោក​បាន​និយាយ​ថា​៖ «​មាន​ភាព​ឯកោ ភាព​អស់សង្ឃឹម​… មនុស្ស​ឈប់​និយាយ និង​ទាក់ទង​ជាមួយ​អ្នក»។

អង្គការ Human Rights Watch បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​បទ​ចោទ​ដែល​មាន​ហេតុផល​នយោបាយ លុបចោល​សាលក្រម​ដែល​ខ្លួន​ចាត់ទុកថា​អយុត្តិធម៌ និង​ដោះលែង​សកម្មជន និង​អ្នក​នយោបាយ​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ។

អ្នកស្រី ប្រ៊ីយ៉ូនី ឡូ បាន​និយាយ​ថា​៖ «​ការ​បង្ខំ​ឱ្យ​សារភាព​របស់​អាជ្ញាធរ​កម្ពុជា បាន​ធ្វើឱ្យ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ និង​សេរីភាព​នយោបាយ​ក្នុង​ប្រទេស​នេះ ក្លាយជា​រឿង​គួរ​ឱ្យ​អស់សំណើច​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ»។

ទាក់ទង​នឹង​បញ្ហា​នេះ​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា មិនមែន​ជា​របៀប​នៃ​ការ​ធ្វើ​នយោបាយ​ដោយ​គោរព​នូវ​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ទេ។ កន្លងមក​លោក​តែងតែ​សង្កេតឃើញ មាន​រូបភាព​បង្ខិតបង្ខំ​ឱ្យ​សារភាព ហើយនឹង​ការទិញ​ទឹកចិត្ត​ដោយ​ឱ្យ​ឋានៈ និង​លុយកាក់ តំណែង តួនាទី​នៅក្នុង​ស្ថាប័ន ហើយ​ជារឿយៗ​ពួកគេ​ធ្វើ​ដោយ​គ្មាន​ជា​ការ​លាក់បាំង​នោះ​ទេ។

លោក ស៊ឹង សែនករុណា៖ «របាយការណ៍ Human Rights Watch រក​ឃើញ​ហ្នឹង វា​ជា​ការ​ឆ្លុះបញ្ចាំង​ជា​ការ​ពិតហើយ​។ ក៏ប៉ុន្តែ យើង​មិន​មាន​សង្ឃឹម​អី​ត្រូវ​ទៅ​អំពាវនាវ​ឱ្យ​គណបក្ស ឬក៏​រដ្ឋាភិបាល​បច្ចុប្បន្ន​ហ្នឹង​ទៅ​បញ្ឈប់​នូវ​អំពើ​ទាំងអស់​ហ្នឹង​ទេ ពីព្រោះ​អំពើ​ទាំងអស់​នោះ​បាន​ធ្វើ​ឡើងជា​យូរ​មក​ហើយ ហើយ​ទទួល​បាន​នូវ​ផល​និង​ជា​បន្តបន្ទាប់​រហូត កាន់អំណាច​តំណែង​ហ្នឹង​វា​ជាង ៤០ ឆ្នាំ​ហើយ​។ អញ្ចឹង គឺ​មិនអាច​ទៅ​អំពាវនាវ​ឱ្យ​ភាគី​ទាំងអស់​នោះ​បញ្ឈប់​ទេ»។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​រូប​នេះ ចង់ឱ្យ​ប្រជាពលរដ្ឋ ឬក៏​អ្នក​ដែល​ស្រឡាញ់​នូវ​ភាព​យុត្តិធម៌ ត្រូវ​ហ៊ាន​ចេញមុខ​ឈឺឆ្អាល ប្រឆាំង នូវ​រាល់​អំពើ​គាបសង្កត់ ធ្វើទុក្ខបុកម្នេញ មក​លើ​សកម្មជន​ដែល​ខិតខំ​ធ្វើ​កិច្ច​ការងារ​បម្រើ​សង្គមជាតិ បម្រើ​នយោបាយ​ដោយ​ស្មោះ​ស្ម័គ្រ​អស់ពី​ចិត្ត ដូច​ករណី​លោក រ៉ុង ឈុន ជាដើម គឺ​ធ្វើ​យ៉ាងណា រក្សា​នូវ​ទឹកចិត្ត​និង​លើកទឹកចិត្ត​អ្នក​ដែល​ហ៊ាន​លះបង់​ទាំងអស់​នោះ។

កន្លងមក រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ការ​ចោទប្រកាន់​ថា ខ្លួន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​កម្ចាត់​គូប្រជែង​នយោបាយ និង​បាន​អះអាង​ថា ការ​កាត់ទោស​ទាំងអស់​ត្រូវ​បាន​អនុវត្ត​ស្របតាម​ច្បាប់។

ជុំវិញ​បញ្ហា​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​ប្រាប់​សារព័ត៌មាន ក្នុងស្រុក​ថា ការអនុវត្ត​ច្បាប់ គឺជា​ដំណើរការ​ធម្មតា​របស់​ប្រទេស ដែល​ប្រកាន់​នីតិរដ្ឋ និង​ជា​ស្នូល​នៃ​ដំណើរការ​ប្រជាធិបតេយ្យ ដូច្នេះ​វិធានការ​ច្បាប់​ត្រូវ​បាន​ធ្វើឡើង​តែ​ចំពោះ​អ្នក​ប្រព្រឹត្ត​ខុសច្បាប់​តែប៉ុណ្ណោះ។

លោក ប៉ែន បូ​ណា បាន​បន្ថែម​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​សណ្តោស​ប្រោសប្រណី​ចំពោះ​ជន​ទាំងឡាយ​ណា ដែល​ធ្លាប់​បាន​ប្រព្រឹត្ត​ខុស​ហើយ​ដឹងខ្លួន និង​សារភាព​កំហុស ហើយ​ចេះ​កែខ្លួន​។ លោក​ថា ពាក់ព័ន្ធ​នឹង​ការ​ចុះ​ចូល​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ ក្នុង​ការ​ជ្រើសរើស ដោយ​សេរី តាម​ការយល់ឃើញ​របស់​ពួកគេ។

ទោះជា​យ៉ាងណា ការ​លើកឡើង​របស់​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​រូប​នេះ​ហាក់​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​នោះ​ឡើយ​។ ផ្ទុយទៅវិញ នរណា​ក៏​ដឹង​ដែរ​ថា ការ​សារភាព​ជា​ច្រើន​របស់​អ្នក​ជាប់ឃុំ​ត្រូវ​បាន​ធ្វើឡើង​ដោយ​បង្ខិតបង្ខំ ទាំង​ទៅលើ​អ្នក​ជាប់ឃុំ​ផ្ទាល់ និង​សាច់ញាតិ​របស់​ពួកគេ​ដើម្បី​ឱ្យ​សារភាព​ទទួលយក​កំហុស​ដែល​ពួកគេ​មិនបាន​ប្រព្រឹត្ត​។ ចំណែក​ជន​ជាប់ឃុំ​ណា​ដែល​មិន​ព្រម​ទទួលយក​ការ​សារភាព​តាម​ការ​បង្ខំ​របស់​អាជ្ញាធរ ដូច​ករណី​របស់​លោក យឹម លាងហ៊ី​ដែល​ជា​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​នោះ រដ្ឋាភិបាល​បាន​សងសឹក​ដោយ​គ្មាន​ត្រា​ប្រណី ដោយ​មិន​អនុញ្ញាត​ឱ្យ​សូម្បីតែ​ទៅ​ជួប​មុខ​ម្តាយ​នៅ​ដង្ហើម​ចុង​ក្រោយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ