លិខិត​ចំហ​ជូន​បណ្ឌិត កែម ឡី សម្រាប់​ខួប​១០​ឆ្នាំ​

លិខិតចំហឧទ្ទិសជូនបណ្ឌិត កែម ឡី សម្រាប់ខួប ១០ឆ្នាំ
លិខិតចំហឧទ្ទិសជូនបណ្ឌិត កែម ឡី សម្រាប់ខួប ១០ឆ្នាំ

លោក​បណ្ឌិត​ជាទីគោរព​!

១០​ឆ្នាំ​បាន​កន្លង​​ផុត​ទៅហើយ ចាប់តាំងពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦… ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ព្រឹត្តិការណ៍​ដ៏​រន្ធត់​នា​វេលា​នោះ មិនដែល​កន្លង​ផុត​ទៅ​ឡើយ​។ វា​នៅតែ​ដក់​ជាប់​ក្នុង​ចិត្ត​មនុស្ស​គ្រប់រូប​ដែល​ធ្លាប់​ស្រឡាញ់ និង​គាំទ្រ​លោក​។ វា​ដូចជា​ស្នាមរបួស​ដែល​មិនទាន់​ជាសះស្បើយ។ វា​នៅតែ​រស់នៅ​ក្នុង​ការ​ចង​ចាំ​របស់​មនុស្ស​ដែល​បានឃើញ​សាកសព​របស់​លោក​បណ្ឌិត សម្រាន្ត​ស្តូកស្តឹង​នៅ​លើ​ឥដ្ឋ​ក្នុង​ស្ថានីយ​ប្រេង​នោះ​។ វា​នៅតែ​ស្ថិត​នៅ​ក្នុង​ទឹក​ភ្នែក​របស់​ក្រុម​គ្រួសារ​លោក​បណ្ឌិតក្នុង​ការ​ដង្ហែក្បួន​សព​ដ៏​ធំ​សម្បើម និង​ក្នុង​ភាព​ស្ងៀមស្ងាត់​របស់មនុស្សជាច្រើន ដែលសួរខ្លួនឯងថា៖ តើ​ប្រទេស​យើង​មក​ដល់​ពេល​នេះ ​​ដើរ​ដល់ចំណុចណាហើយ?

ការ​ស្លាប់​របស់​លោក​បណ្ឌិត មិនមែន​ជា​ការ​ស្លាប់​របស់​មនុស្ស​ម្នាក់​តែប៉ុណ្ណោះ​ទេ​។ វា​ជា​កញ្ចក់​មួយ​បង្ហាញថា នៅក្នុង​សង្គម​មួយ​ដែល​មេដឹកនាំ​បង្ខំ​ឱ្យ​ពលរដ្ឋ​និយាយ​ថា មាន​សន្តិភាព ឱ្យ​អរគុណ​សន្តិភាព អ្នក​និយាយ​ការពិត​ដ៏​ល្បីឈ្មោះ​ម្នាក់ ត្រូវ​គេ​បាញ់សម្លាប់​កណ្តាល​ថ្ងៃ​។ វា​បង្ហាញថា មនុស្ស​ម្នាក់​ដែល​គ្មាន​អាវុធ គ្មាន​ទ្រព្យសម្បត្តិ គ្មាន​តំណែង​ក្នុង​រដ្ឋាភិបាល ក៏​អាច​ធ្វើ​ឱ្យ​ក្រុម​អ្នកកាន់អំណាច​ខ្លាច​បាន។

យើងទាំងអស់​គ្នា​ដឹង​ថា វត្ថុ​ម្យ៉ាង​ដែល​លោក​បណ្ឌិត​មាន ហើយ​ដែល​ធ្វើ​ឱ្យ​ក្រុម​ជន​ផ្តាច់​ការ​ខ្លាច​ជាង​អាវុធ​នោះ គឺ​សច្ចភាព។

អ្វី​ដែល​លោក​បណ្ឌិត​មាន គឺ​សៀវភៅ​កត់ត្រា សំឡេង និង​សមត្ថភាព​ក្នុង​ការ​ពន្យល់​បញ្ហា​ស្មុគស្មាញ​ឱ្យ​ប្រជាពលរដ្ឋ​សាមញ្ញ​យល់ និង​ភាព​ក្លាហាន​ក្នុង​ការ​បកស្រាយ​នូវ​សំណួរ​ដែល​មនុស្ស​ជាច្រើន​គិតក្នុងចិត្ត ប៉ុន្តែ​មិន​ហ៊ាន​និយាយ​ចេញ​មក​។ នោះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​លោក​បណ្ឌិត​គ្រោះថ្នាក់​ចំពោះ​ជន​ផ្ដាច់ការ​។​

​ក្រោយ​ការ​ស្លាប់​របស់​លោក​បណ្ឌិត ប្រទេស​កម្ពុជា​មិនបាន​ធ្វើដំណើរ​ទៅ​រក​សេរីភាព​ឱ្យ​បាន​ប្រសើរ​ជាង​មុន​ទេ​។ ផ្ទុយទៅវិញ វា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​កាន់តែ​ងងឹត​។ អ្នកសារព័ត៌មាន​ឯករាជ្យ និង​ស្ថាប័ន​របស់​ខ្លួន​ត្រូវ​បាន​រឹត​បន្តឹង បិទ ឬ​បង្ខំ​ឱ្យ​និរទេស​។ សង្គម​ស៊ីវិល​ត្រូវ​បាន​គេ​ចោទប្រកាន់ តាមដាន និង​គំរាមកំហែង​។ គណបក្សប្រឆាំង​ដ៏​ធំ​បំផុត ដែល​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​បាន​ដាក់​ក្តី​សង្ឃឹម ត្រូវ​បាន​លោក ហ៊ុន សែន រំលាយ​ចោល។ មេដឹកនាំ និង​សកម្មជន​នយោបាយ​ត្រូវ​បាន​ចាប់ខ្លួន និរទេស គំរាមកំហែង ឬ​បិទ​សិទ្ធិ​នយោបាយ។

លោក ហ៊ុន សែន ក៏​មាន​វ័យ​កាន់តែ​ចាស់​។ ទោះជា​យ៉ាងណា លោក​នៅ​មិនទាន់​ងាក​ទៅ​រក​ព្រះធម៌ ឬ​បន្ទន់ចិត្ត​ដូចដែល​មនុស្ស​វ័យ​ចំណាស់​នៅ​កម្ពុជា​មួយចំនួន​តែង​ប្រតិបត្តិ​ឡើយ​។ ផ្ទុយទៅវិញ លោក​នៅតែ​ដើរតួ​ជា​បុរស​ខ្លាំង​ខាង​ការប្រើ​អំពើ​ហិង្សា​នៅ​កម្ពុជា សឹងតែ​លើស​ពី​១០​ឆ្នាំមុន គ្រា​ដែល​លោក​បណ្ឌិត​នៅ​មាន​ជីវិត​ទៀត​ផង។ ការ​កាន់អំណាច​យូរ​ឆ្នាំ រួម​នឹង​ការ​បញ្ជើច​បញ្ចើ​បញ្ជោរ​ពី​ក្រុម​អ្នក​ចាំ​លើកជើង​លោក ថា​លោក​ជា​អ្នក​មានបុណ្យ​ចុះ​មក​ចាប់ជាតិ​ដើម្បី​សង្គ្រោះ​កម្ពុជា​ផង​នោះ បាន​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ជឿថា មានតែ​លោក និង​ក្រុម​គ្រួសារ​របស់​លោក​ទេ ដែល​មាន​សមត្ថភាព​ដឹកនាំ​ប្រទេស​។ បើ​ក្នុង​តួនាទី​ជា​ឪពុក​វិញ លោក​ក៏​លើស​ពី​ឪពុក​ធម្មតា​ទៀត​ផង។

​លោក​បណ្ឌិត​ជាទីគោរព​!

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​កម្ពុជា​យើង​បាន​ជួបប្រទះ​នឹង​ព្រឹត្តិការណ៍​ធំៗ​យ៉ាងហោចណាស់​ចំនួន​៤​។ នោះ​គឺ​៖

១. ជំងឺ​កូ​វីដ​-១៩​។​

២. ការផ្ទេរ​តំណែង​របស់​អ្នកដឹកនាំ​ផ្តាច់ការ​ចាស់ៗ ទៅ​ឱ្យ​កូនៗ​របស់​ពួកគេ​បន្ត​ក្តោប​ក្តាប់​។​

​៣. សង្គ្រាម​ជាមួយ​ថៃ។

៤. រឿង​ឆបោក​អន​ឡាញ ដែល​ធ្វើ​ឱ្យឈ្មោះ​កម្ពុជា​អាប់ឱន​នៅ​លើ​ឆាក​អន្តរជាតិ។

ជំងឺ​កូ​វីដ​បាន​មកដល់​ដូចជា​ព្យុះ​មួយ​ដែល​បើក​បង្ហាញ​ភាព​ផុយស្រួយ​របស់​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​។ កម្មករ កម្មការិនី ជន​ចំណាកស្រុក អ្នក​លក់​ដូរ​តូចតាច គ្រួសារ​ដែល​រស់​ដោយ​ប្រាក់ចំណូល​ប្រចាំថ្ងៃ ត្រូវ​ជួប​ការ​លំបាក​យ៉ាងធ្ងន់ធ្ងរ​។ ពេល​រោងចក្រ​បិទទ្វារ ពេល​មនុស្ស​បាត់​បង់​ការងារ ពេល​ព្រំដែន​ត្រូវ​រឹត​បន្តឹង ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ត្រូវ​ត្រឡប់​មក​ផ្ទះ​ដោយ​គ្មាន​ប្រាក់​សន្សំ គេ​បានឃើញ​ច្បាស់​ថា “​ការ​អភិវឌ្ឍ​” ដែល​មេដឹកនាំ​អួតអាង​ជាច្រើន​ឆ្នាំ មិនបាន​បង្កើត​សុវត្ថិភាព​ពិតប្រាកដ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ឡើយ​។​

កូវីដ​មិន​ត្រឹមតែ​ជា​វិបត្តិ​សុខាភិបាល​ទេ​។ វា​ជា​វិបត្តិ​នៃ​សង្គម វិបត្តិ​នៃ​សេដ្ឋកិច្ច និង​វិបត្តិ​នៃ​សេរីភាព​។ នៅពេល​ប្រជាពលរដ្ឋ​ត្រូវការ​ជំនួយ ត្រូវការ​ព័ត៌មាន​ត្រឹមត្រូវ និង​ត្រូវការ​ការ​ទុកចិត្ត រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​វិញ បែរជា​ឆក់​ឱកាស​នៃ​ភាព​អាសន្ន​នោះ ដើម្បី​ពង្រីក​អំណាច គ្រប់គ្រង​សេរីភាព និង​រឹត​បន្តឹង​សំឡេង​សង្គម​ទៅវិញ​។​

ជំងឺ​កូ​វីដ​-១៩ មិនទាន់​ចប់​ស្រួលបួល​ផង លោក ហ៊ុន សែន បាន​បង្កើត​ជំងឺ​ថ្មី​មួយទៀត​ឱ្យ​កម្ពុជា​។ នោះ​គឺ​ជំងឺ​ក្រាញ​អំណាច​ត​ពូជ​។ តំណែង​គ្រប់គ្រង​រដ្ឋាភិបាល និង​ស្ថាប័នរដ្ឋ​នៃ​គណបក្ស​ប្រជាជន ដែល​គេ​តែង​ឃោសនា​ថា ជា​របស់​ប្រជាជន និង​ដើម្បី​ប្រជាជន ត្រូវ​បាន​ប្រគល់​បន្ត​ឱ្យ​កូនចៅ​របស់​គេ​តែ​រៀងៗ​ខ្លួន​។​

​លោក​បណ្ឌិត​ជាទី​គោរព​!

អ្វី​ដែល​កាន់តែ​គួរ​ឱ្យ​សង្វេគ​សម្រាប់​យុវជន​ខ្មែរ​ខ្លាំង​ទៀត​នោះ គឺ​លោក ហ៊ុន សែន ថែមទាំង​និយាយ​ចំអក​ចេញពី​ចិត្ត​ពិតៗ​របស់​លោក​ឱ្យ​ពួកគេ​ថា តំណែង​ទាំងនេះ លោក​ត្រូវតែ​ប្រគល់​ឱ្យ​កូនចៅ​ទេវតា​។ គ្មាន​ពេលណា​ដែល​លោក​ប្រគល់​ឱ្យ​កូន​អ្នកដទៃ​បាន​ឡើយ

លោក ហ៊ុន សែន៖ «បើ​អត់​មានត្រកូល​ហ៊ុន​កាន់អំណាច ក៏​អត់​ទាន់​ដល់​វេន​ពួក​ហ្ឯង​ដែរ​។ គឺ​មានតែ​ក្រុម​ហ្វូង​ទេវតា កូន​ទេវតា​ទេ ដែល​មាន​សិទ្ធិ​កាន់កាប់​ប្រទេស​នេះ»។

ថា​លោក ហ៊ុន សែន មាន​ចិត្តជា​ទេវទត្ត មាត់​ជា​ទេវតា ក៏ដូចជា​មិន​សម​។ ដ្បិត​សម្ដី​និង​ចិត្ត​របស់​លោក​កាច​សាហាវ​ដូចគ្នា។

ប្រាកដ​ណាស់ ហ្វូង​កូនចៅ​ទេវតា​ទាំងនេះ ឡើង​កាន់​អំណាច​បន្ត​ពី​ឪពុក​ម្តាយ​របស់​ខ្លួន ដើម្បី​បម្រើ​ប្រយោជន៍​ខ្លួន និង​គ្រួសារ​របស់​ខ្លួន ជា​ជាង​ដើម្បី​បម្រើ​ប្រយោជន៍​ជាតិ។

ទន្ទឹម​នឹង​នោះ លោក​បណ្ឌិត ក្រុម​អ្នក​ក្រាញ​អំណាច​ទាំងនេះ ក៏​ខិតខំ​ច្នៃ​រក​ភាសា​ថ្មីៗ ដើម្បី​បរិយាយ​ក្នុង​ការ​ផ្ទេរអំណាច​ពី​ឪពុក​ម្តាយ ទៅ​កូនចៅ​របស់​ខ្លួន​។ គេ​ថា នេះ​ជា​ការ​ផ្តល់​ឱកាស​ដឹកនាំ​ទៅ​ឱ្យ​យុវជន​បន្តវេន ឬ​ជា​កំណែទម្រង់​ជាដើម។

ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត មិនមែន​ជា​ការ​ផ្លាស់ប្ដូរ​ពិតប្រាកដ​ទេ។ វា​ជា​ការ​បន្តអំណាច​ផ្តាច់ការ​ត​ត្រកូល តាម​រូបរាង​ថ្មី​។ ឪពុក​ប្រគល់​កៅអី​នាយករដ្ឋមន្ត្រី​ឱ្យ​កូន​មែន ប៉ុន្តែ​មិន​មានន័យថា​លោក​លែង​កាន់អំណាច​ទេ​។ តាមពិត លោក ហ៊ុន សែន កាន់តែ​ពង្រឹង​អំណាច​ខ្លាំង​ជាង​មុន​ទៅទៀត។

​លោក ហ៊ុន សែន៖ «ប្រយ័ត្ន​ណា ខ្ញុំ​សូម​ជម្រាប ហ៊ុន សែន នៅ​មាន​តួនាទី​ធំ ក្នុង​នាទី​ជា​ប្រធាន​គណបក្សកាន់អំណាច»។

ផ្តល់​តំណែង​នាយករដ្ឋមន្ត្រី​ឱ្យ​កូន​របស់​លោក វា​ធ្វើឱ្យ​លោក​ក្លាយជា​ឪពុក​នាយករដ្ឋមន្ត្រី​។ លោក​បញ្ជា​កូន​នាយករដ្ឋមន្ត្រី​បាន​តាមចិត្ត​។ ឬ​មិន​ចាំបាច់​បញ្ជា​ទេ ព្រោះ​លោក​អាច​លូកដៃ ចាត់ចែង​ការងារ​ជំនួស​នាយករដ្ឋមន្ត្រី​កូន តាមចិត្ត​លោក​ចង់។

ក្រៅពីនោះ លោក​ដណ្តើម​យក​មុខតំណែង​ជា​ប្រធាន​ព្រឹទ្ធសភា ដែល​ធ្វើ​ឱ្យ​លោក​ក្លាយជា​ប្រមុខ​រដ្ឋ​ស្តីទី នៅពេល​អវត្តមាន​ព្រះមហាក្សត្រ ឬ​នៅ​ពេល​ដែល​លោក​ត្រូវការ​អង្គុយ​លើ​កៅអី​ស្តេច​ម្តងម្កាល។

ប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) ទទួល​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម (To Lam) នៅក្នុងព្រះបរមរាជវាំង កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ក្នុងនាម​ជា​ប្រធាន​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល លោក​ក៏​មាន​អំណាច​ពេញដៃ​ក្នុង​ការ​ចាត់ចែង ដក​ដាក់​តំណែង​ក្នុង​ជួរ​គណៈរដ្ឋមន្ត្រី ដែល​សុទ្ធ​សឹង​ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​។​

ប្រសិនបើ​លោក​បណ្ឌិត​នៅ​មាន​ជីវិត លោក​នឹង​វិភាគ​ចំណុច​នេះ ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់​ច្បាស់​ជាង នូវ​យុទ្ធសាស្ត្រ​ស្រវា​ក្តោប ក្តាប់​អំណាច​របស់​លោក ហ៊ុន សែន។

លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក បន្ត​ក្តាប់​អំណាច​បាន​មក​ដល់​ពេល​នេះ មិនមែន​ដោយសារតែ​ការប្រើ​អំណាច​ផ្ដាច់ការ​តែមួយ​មុខ​ទេ​។ ពួកគេ​រស់រាន​មាន​ជីវិត​ក្នុង​នយោបាយ​កម្ពុជា​បាន ដោយសារតែ​ពួកគេ​ចេះ​កែ​រូបរាង​សំបក​ក្រៅ​ជានិច្ច​។ ពួកគេ​ចេះ​ផ្លាស់ប្ដូរ​ភាសា ផ្លាស់ប្តូរ​រូបភាព ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ ឱ្យ​មើលទៅ​ដូចជា​កំណែទម្រង់​ថ្មី​។ តែ​ក្រុម​ជន​ដែល​មាន​មាត់​ពោល​ថា ជា​ពួក​ទេវតា​ទាំងនេះ មាន​ដួង​ចិត្តជា​ទេវទត្ត​ដដែល​។ ធម្មតា​ទេ លោក​បណ្ឌិត ពស់​ពិស​មិនអាច​ក្លាយជា​សត្វ​ស្លូតបូត ដោយ​គ្រាន់តែ​សក​ស្រកា​ចាស់​ចោល​នោះ​ឡើយ។

លោក​បណ្ឌិត​ជាទី​គោរព​!

នៅ​ឆ្នាំ​២០២៥ ប្រទេស​កម្ពុជា​បាន​រង​នូវ​វិបត្តិ​ធំ​មួយទៀត គឺ​សង្គ្រាម​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​។ សង្គ្រាម​ព្រំដែន​រវាង​ខ្មែរ និង​ថៃ​នេះ បាន​បង្ហាញថា លោក ហ៊ុន សែន ទោះបី​មិនមែន​ជា​នាយករដ្ឋមន្ត្រី​ទៀត​ក៏ដោយ ក៏​នៅតែ​ជា​តួអង្គ​សំខាន់​បំផុត​មួយ​នៅ​ពីក្រោយ​នយោបាយ និង​សង្គ្រាម​នេះ​។ លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើលឃើញ​ថា ជាដើម​ចម​នៃ​សង្គ្រាម​នេះ ដោយ​លោក​នៅ​ពីក្រោយ​ល្បិចកល និង​អំពើ​ទុច្ចរិត​មួយចំនួន ដែល​ធ្វើ​ឱ្យ​ភ្លើងសង្គ្រាម​នេះ​ឆាបឆេះ​ឡើង។

ល្បិចកល និង​អំពើ​ទុច្ចរិត​ទាំងនោះ​រួមមាន ការ​បញ្ឆេះ​កំហឹង​ជាតិនិយម​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​ប្រទេស​ថៃ ការ​បើក​ទីតាំង​ប្រតិបត្តិ​ការបោកប្រាស់ និង​របរ​រកស៊ី​ទុច្ចរិត​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ​-​ថៃ ការ​បញ្ចេញ​ខ្សែអាត់​ថត​សំឡេង​កិច្ច​សន្ទនា​រវាង​លោក និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន រួម​ជាមួយនឹង​ការវាយតម្លៃ​ខុស​លើ​ល្បិច​នយោបាយ​របស់​លោក ហ៊ុន សែន ជាដើម​។ ហេតុផល​ទាំងអស់​នេះ បាន​ផ្តល់​ឱកាស​ឱ្យ​ថៃ​យក​លេស​ឈ្លានពាន និង​ដណ្តើម​កាន់កាប់​តំបន់​ព្រំដែន ព្រមទាំង​ប្រាសាទបុរាណ​ខ្មែរ​ជាច្រើន​កន្លែង។

​លោក ហ៊ុន សែន ដែល​ធ្លាប់​អួតអាង​ពី​អ្វី​ដែល​លោក​ហៅថា​យុទ្ធសាស្ត្រ​ឈ្នះៗ រហូតដល់​ចំណាយ​លុយ​រាប់​សិប​លាន​ដុល្លារ សាងសង់​ប្រាសាទ​កូនកាត់​មួយ​ឧទ្ទិស​ដល់​យុទ្ធសាស្ត្រ​នោះ​ផង បាន​សារ​ភាពជា​លើកដំបូង​ថា លោក​បាន​វាយតម្លៃ​ស្ថានការណ៍​ខុស។

លោក ហ៊ុន សែន៖ «យើង​មិន​គិតថា​វា​មាន​សង្គ្រាម​មួយ​កើត​ឡើងលើ​ព្រំដែន​… រាលដាល​តាំងពី​មុំ​បី រហូតដល់​មាត់សមុទ្រ»។

ក្រៅពី​សារភាព​ថា លោក​បាន​វាយតម្លៃ​ស្ថានការណ៍​ខុស លោក ហ៊ុន សែន ក៏បាន​ដើរតួ​ជា​ឪពុក​ល្អ ទទួលកំហុស​ជំនួស​កូន​ដែរ។

លោក ហ៊ុន សែន៖ «នេះ​គឺជា​កំហុស​របស់ខ្ញុំ​។ មិនមែន​ជា​កំហុស​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​ទេ​។ ជា​កំហុស​របស់ខ្ញុំ​ដែល​ខ្ញុំ​ខ្វះ​ការ​ត្រៀម​រៀបចំខ្លួន ដើម្បី​ការ​ប្រយុទ្ធ​មួយៗ​…»។

លោក​បណ្ឌិត​ជាទីគោរព​!

គឺ​ដោយសារ​លោក ហ៊ុន សែន បញ្ឆេះ​ឱ្យ​មាន​ភ្លើងសង្គ្រាម តែ​មិនបាន​ត្រៀមខ្លួន​សម្រាប់​ទប់​ទល់​នេះ​ហើយ ដែល​បង្ក​លក្ខណៈ​ឱ្យ​ប្រទេស​សៀម​វាយលុក​ចូល​កម្ពុជា ដណ្តើម​កាន់កាប់​ទឹកដី និង​ប្រាសាទបុរាណ​ខ្មែរ​ជាច្រើន​ទីតាំង​។ ក្នុង​រយៈពេល​ជាង​៤០០​ឆ្នាំ​កន្លង​ទៅ​នេះ នេះ​គឺជា​លើកទីមួយ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ក្រោម​ការគ្រប់គ្រង​របស់​លោក ហ៊ុន សែន និង​កូនប្រុស​របស់​លោក ដែល​សៀម​វាយ​កម្ពុជា​ជាថ្មី​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ទាប់ពី​សៀម​វាយ​បែក​បន្ទាយលង្វែក​នៅ​ឆ្នាំ​១៥៩៤។

របរ​រកស៊ី និង​កលល្បិច​ទុច្ចរិត រួម​នឹង​ការវាយតម្លៃ​ខុស​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់​ដី និង​ប្រាសាទបុរាណ បាន​ធ្វើ​ឱ្យ​ជីវិត​ខ្មែរ​ស្លាប់ ពលរដ្ឋ​ខ្មែរ​បែកបាក់​ព្រាត់ប្រាស​គ្រួសារ និង​ភៀសខ្លួន​ចាកចោល​ផ្ទះសម្បែង។

ទោះជា​លោក​សារភាព​កំហុស​ក្តី លោក ហ៊ុន សែន ក៏​មិន​អនុញ្ញាត​ឱ្យ​ខ្មែរ​ណា​ម្នាក់​បញ្ចេញមតិ​ក្នុង​រឿង​នេះ​ទេ​។ លោក​ខ្លាច​ណាស់​ការរិះគន់​។ លោក​ត្រូវតែ​បំបិទមាត់​ពួកគេ​ចោល​… ក្នុង​តម្លៃ​ណាក៏ដោយ។

លោក ហ៊ុន សែន៖ «ប្រាប់​ឱ្យ​ហើយ​វើ​យ ហ្ឯង​កុំ​រពិស​ដៃ​តាម​ហ្វេស​ប៊ុ​ក​វើយ។ អញ​ប្រាប់​ឱ្យ​ហើយ​… អញ​ផ្តាំ​ទៅ​។ កុំ​ថា​ផេក ហ៊ុន សែន​។ ផេក​អ្នកណា​ក៏ដោយ​។ ហ្ឯ​ង​តែ​ចូល​ទៅ បានដៃ​ហើយ​។ ហ្ឯង​តែ​ចូល​ជាប់ៗ​ហើយ​។ អញ​អត់​ទុក​ទេ អញ​ប្រាប់​ឱ្យ​ហើយ អញ​ផ្តាំ​ឱ្យ​ហើយ»។

លោក ហ៊ុន សែន បន្ត «ហ្អែ​ង​ងើប​មួយ​វ៉ៃ​មួយ​។ ព្រោះ​អញ្ចឹង បើ​មិន​បោសសម្អាត​ខាងក្រោយ​ទេ ទល់​ខាងមុខ​អត់​បានទេ​។ ត្រូវ​វ៉ៃ​អា​ខាងក្រោយ​ឱ្យ​ងាប់​សិន​។ វ៉ៃ​អា​ខាងក្រោយ​ឱ្យ​បាក់​សិន​។ ប៉ុន្តែ​អា​ពួក​ហ្នឹង​ណា៎ នៅក្រៅ​ប្រទេស​ទេ​។ ប៉ុន្តែ​ពួក​អា​ខាងក្នុង​តែ​ហ៊ាន​សាក​លមើល​។ អញ​កំពុង​ប្រឈម​សត្រូវ​នៅ​ខាងមុខ​ណា៎ សត្រូវ​នៅ​ខាងមុខ​។ អញ​អត់ឱ្យ​ហ្អែង​វ៉ៃ​អញ​ពីក្រោយ​ខ្នង​ទេ​។ អញ​ត្រូវតែ​វ៉ៃ​ហើយ​។ អញ​ប្រាប់​ឱ្យ​ហើយ​…»។

លោក​បណ្ឌិត​ក៏​ជា​ជនរងគ្រោះ​ថ្នាក់​ដល់​ជីវិត​ម្នាក់​នៃ​គោលនយោបាយ “​ងើប​មួយ​វ៉ៃ​មួយ​” របស់​លោក ហ៊ុន សែន ដែរ​។ ខណៈ​ដែល​លោក ហ៊ុន សែន ប្រាប់​កងទ័ព​ខ្មែរ​នៅ​សមរភូមិ​មុខ កុំ​តបត​នឹង​សត្រូវ លោក​បែរជា​គំរាម​សម្លាប់​ខ្មែរ​នៅ​ឯ​ខាង​ក្រោយ​ឯណេះ​ទៅវិញ​។​

ណ្ហើយ ខ្ញុំ​សូម​ស្លេះ​រឿង​សង្គ្រាម​ខ្មែរ​-​ថៃ និង​ការ​គំរាម​សម្លាប់​ជាតិ​ឯង​របស់​លោក ហ៊ុន សែន ត្រឹមនេះ​សិន​ចុះ​។ យើង​ទាំងអស់គ្នា​នឹង​បន្ត​តាមដាន​មើល​ថា ទីបំផុត តើ​លោក ហ៊ុន សែន អាច​នឹង​ដណ្តើម​បាន​ទឹកដី និង​ប្រាសាទបុរាណ​ខ្មែរ​ពី​ថៃ​បាន​ដែរ​ឬ​យ៉ាងណា​?

លោក​បណ្ឌិត​ជាទីគោរព​!

​ស្របពេល​នឹង​មាន​សង្គ្រាម​ព្រំដែន រឿង​មួយទៀត​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ឈឺចាប់ និង​អាម៉ាស់មុខ​នៅ​លើ​ឆាក​អន្តរជាតិ​នោះ គឺ​រឿង​ឆបោក​អនឡាញ និង​បណ្ដាញ ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​មក​យក​កម្ពុជា​ធ្វើជា​មូលដ្ឋាន​សំខាន់។

ពិភពលោក​បាន​ធ្លាប់​ស្គាល់ឈ្មោះ​កម្ពុជា តាមរយៈ​ប្រាសាទ​អង្គរ​ដ៏​ល្អ​ឯក​។ បន្ទាប់មក​គេ​ស្គាល់​ថា​ជា​វាល​ពិឃាត តាមរយៈ​ការ​កាប់​សម្លាប់​ខ្មែរ​គ្នាឯង​នៃ​របប​ខ្មែរក្រហម​។ ឥឡូវនេះ ក្រោម​របប​ឪពុក​និង​កូន តេជោ​ធិបតី គេ​បាន​ស្គាល់​កម្ពុជា​នូវ​ឈ្មោះ​ថ្មី​មួយទៀត​ដ៏​គួរ​ឈឺចាប់​…

គេ​ចាត់ទុក​កម្ពុជា​ថា ជា​មជ្ឈមណ្ឌល​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក ក្នុង​ការ​រកស៊ី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ជាទី​តាំង​នៃ​ការ​ជួញដូរ​មនុស្ស ការ​ធ្វើ​ទារុណកម្ម​មនុស្ស​និង​ការ​លាង​លុយកខ្វក់​ជាដើម​។ គេ​ព្រមាន​ជនជាតិ​គេ​កុំឱ្យ​ចូល​មក​រកស៊ី​នៅ​កម្ពុជា​។ គេ​បន្ថែម​អក្សរ S ទៅលើ​ពាក្យ Cambodia ដែល​ជា​ការ​លេង​សម្ដី​ថា កម្ពុជា ជា​ប្រទេស​ឆបោក​។ នេះ​ជា​ការ​អាម៉ាស់​ជាតិ​មួយ​ដ៏​ធ្ងន់ធ្ងរ។

លោក​បណ្ឌិត​ប្រហែលជា​ឆ្ងល់​ថា តើ​រឿង​នេះ​កើតឡើង​ដោយ​របៀប​ណា​? វា​ចាប់ផ្តើម​ដោយ​ជនជាតិ​ចិន​ដែល​ជា​មេក្លោង​មួយ​រូប ឈ្មោះ ចេន ហ្សី និង​គូកន​របស់​ខ្លួន បាន​ភៀសខ្លួន​ពី​ប្រទេស​ចិន និង​ពី​ការ​តាម​ចាប់ខ្លួន រួច​ចូល​មក​សំងំ​រកស៊ី​ទុច្ចរិត​នៅ​កម្ពុជា។

ពី​ខាងក្រៅ ពួក​នេះ​មក​រក​ស៊ី​បើក​បន​ល្បែង​កាស៊ីណូ បើក​ធនាគារ និង​ក្រុមហ៊ុន​សាងសង់​អចលនវត្ថុ ជាដើម​។ ទន្ទឹម​នឹង​នេះ ពួកគេ​ជះ​លុយ​ឱ្យ​លោក ហ៊ុន សែន និង​មន្ត្រី​គ្រាក់ៗ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ផ្ទាល់​ផង និង​ជួយ​ដល់​រដ្ឋាភិបាល​ផង។

ប្រការ​នេះ​បាន​ធ្វើ​ឱ្យ ចេន ហ្សី ក្លាយទៅជា​មនុស្ស “​គួរ​ឱ្យ​ចង់​រាប់អាន​បំផុត​ម្នាក់​”​។ ពពួក “​ទេវតា​” នៃ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ឪ​ទេវតា ទាំង​កូន​ទេវតា ប្រជែង​គ្នា​ដណ្តើម ចេន ហ្សី ធ្វើជា​ទីប្រឹក្សា​ផ្ទាល់​តែ​រៀងៗ​ខ្លួន រាប់​តាំងពី​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត លោក ហេង សំរិន និង​លោក ស ខេង ជាដើម។

ក្នុងចំណោម​ពួក​ទេវតា​ទាំងនេះ លោក ហ៊ុន សែន ហាក់​យកចិត្តទុកដាក់​លើឧក្រិដ្ឋជន ចេ​ន ហ្សី ខ្លាំង​ជាងគេ​។ នៅ​ឆ្នាំ​២០១៤ លោក​ប្រញាប់ប្រញាល់​សរសេរ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ សុំ​ព្រះអង្គ​ប្រទាន​សញ្ជាតិ​ខ្មែរ​ឱ្យ ចេន ហ្សី។ រួច​នៅ​ខែតុលា ឆ្នាំ​២០២០ លោក ហ៊ុន សែន បាន​តែងតាំង ចេន ហ្សី ធ្វើជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។

លោក ហ៊ុន សែន ចាប់ផ្តើម​បញ្ចូល ចេន ហ្សី ដែល​ពេលនេះ​ក្លាយជា​ទីប្រឹក្សា​ជំនិត​របស់​លោក ទៅ​ក្នុង​សមាសភាព​គណៈប្រតិភូ​ជាតិ​ជាន់ខ្ពស់ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស​ផង​។ ដំបូង លោក ហ៊ុន សែន បាន​បណ្តើរ ចេន ហ្សី ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧ នៅ​ទីក្រុង​ញូវយ៉ក​។ បន្ទាប់មក ចេន ហ្សី ហែហម​លោក ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​គុយបា រួច​ទៅ​ចូលរួម​ពិធី​បុណ្យសព​ថ្នាក់​ជាតិ របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ ទៀត​ផង។

ដោយសារ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​របស់ ចេ​ន ហ្សី ជាមួយ​លោក ហ៊ុន សែន អម​ដោយ​ការ​ជះ​លុយ​យ៉ាងច្រើន​សន្ធឹក​ឱ្យ​លោក ហ៊ុន សែន ផ្ទាល់ និង​ឱ្យ​រដ្ឋាភិបាល​លោក​ផង ជន​នេះ​ទទួល​បាន​គោរមងារ​ពី​ព្រះមហាក្សត្រ​ជា​បន្តបន្ទាប់​។ ដំបូង​ជា​ឧកញ៉ា ក្រោយមក​ឡើង​មួយ​កម្រិត​ទៀត ជា​អ្នកឧកញ៉ា​។ គោរមងារ​ជា​អ្នកឧកញ៉ា បន្ថែម​ពីលើ​តំណែង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន ផង​នោះ បាន​បង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ ចេន ហ្សី រស់នៅ និង​រកស៊ី​នៅ​កម្ពុជា​បាន​យ៉ាង​កាក់កប​។ ចេន ហ្សី បង្កើត​បាន​បណ្តាញ​ឆបោក​ស្ទើរ​ពេញ​ប្រទេស​កម្ពុជា។

មុខរបរ​កាន់តែ​ពង្រីក​ធំ ចេន ហ្សី ក៏​កាន់តែ​ត្រូវការ​មនុស្ស​ច្រើន ដើម្បី​បំពេញការងារ។ ក្រោយ​សំណុំរឿង​ឆបោក​របស់ ចេន ហ្សី ត្រូវ​បាន​បំបែក គេ​បាន​រក​ឃើញថា​មាន​ជនបរទេស​ច្រើន​ម៉ឺន​នាក់ ច្រើន​ជាតិ​សាសន៍ ត្រូវ​បាន​គេ​បញ្ឆោត​ឱ្យមក​ធ្វើការ​ក្នុង​វិស័យ​បោកប្រាស់​អនឡាញ​នេះ​នៅ​កម្ពុជា។

មុខរបរ​ឆបោក​អន​ឡាញ​នេះ ពិតជា​កាក់កប​សម្បើម​ណាស់​។ មិនមែន​មានតែ​ជនជាតិ​ចិន ចេន ហ្សី ដែល​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន រកស៊ី​មុខរបរ​នេះ​តែឯង​ទេ​។ ទីប្រឹក្សា សាច់ញាតិ និង​អ្នក​ជិតស្និទ្ធ​ដទៃទៀត​របស់​លោក ហ៊ុន សែន ក៏​នាំគ្នា​ហក់​ចូល​មក​ប្រកបមុខរបរ​នេះ​ដែរ។

ក៏ប៉ុន្តែ​ដូច ចេន ហ្សី អញ្ចឹង អ្នក​ទាំងនោះ​ត្រូវ​បាន​ក្រុម​ស៊ើបអង្កេត​អន្តរជាតិ នាំមុខ​ដោយ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ប្រមូល​ភស្តុតាង និង​រកឃើញ​ថា ជន​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន ទាំងនេះ ជាប់​ពាក់ព័ន្ធ​នឹង​មុខរបរ​ទុច្ចរិត​លំដាប់​អន្តរជាតិ​មួយចំនួន​ដូចជា បោកប្រាស់​អនឡាញ ចាប់ជំរិត ជួញដូរ​មនុស្ស ធ្វើ​ទារុណកម្ម និង​លាងលុយកខ្វក់​ជាដើម​។ សហរដ្ឋអាមេរិក​បាន​បង្កក​លុយ​ដែល​ក្រុម​នេះ​រកបាន​ពី​មុខរបរ​ទុច្ចរិត​ទាំងនេះ ប្រមាណ​១៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

មនុស្ស​ដែល​អាមេរិក​ថា​បាន​ជាប់​ពាក់ព័ន្ធ​ទាំងនេះ ភាគច្រើន​សុទ្ធតែ​ជា​អ្នក​ដែល​ជាប់​សាច់ឈាម ឬក៏​ជាប់សាច់​លុយ ជាមួយ​លោក ហ៊ុន សែន តែម្តង​។ អ្នកខ្លះ​ត្រូវ​បាន​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​តាមរយៈ​ការ​រិ​ប​អូស​យក​ទ្រព្យសម្បត្តិ ឬ​បង្កក​ប្រាក់ ឬក៏​ដាក់​បំរាម​កុំ​ឱ្យ​ទាក់ទង​រកស៊ី​ជាមួយ​។ អ្នកខ្លះ​ទៀត​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​តាមដាន​ស៊ើបអង្កេត​បន្ត ឬ​តាម​ចាប់ខ្លួន​ជាដើម​។ ជន​ទាំងនោះ​មាន​ដូចជា​ ចេន ហ្សី ជាទី​ប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន

លោក លី យ៉ុងផាត់ និង​លោក កុក អាន ជាទី​ប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន និង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ជា​ប្រភព​ផ្តល់​ប្រាក់​ដ៏​ធំ​មួយ​ដល់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​របស់​លោក។ លោក ហ៊ុន តូ ជា​ក្មួយបង្កើត​របស់​លោក ហ៊ុន សែន។ លោក នេត្រ សាវឿន ជា​ក្មួយ​ប្រសារ​របស់​លោក ហ៊ុន សែន។ លោក ឌី វិជ្ជា ជា​កូនប្រសា​របស់​លោក ហ៊ុន សែន ជាដើម​។​ក្រោយពេល​រឿងរ៉ាវ​អំពើ​ឆបោក​អន​ឡាញ​ដ៏​ធំ​នៅ​កម្ពុជា​បែក​ខ្ចរខ្ចាយ នៅ​ចុងឆ្នាំ​២០២៥ ហើយ​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​ក៏​ត្រូវ​អាប់ឱន លោក ហ៊ុន សែន ហាក់​នៅ​សំងំ​ស្ងៀម មិន​មាន​ប្រតិកម្ម​អ្វី​ទាំងអស់​។ ទើបតែ​មកដល់​ពាក់កណ្តាល​ឆ្នាំ​២០២៦​នេះ​ទេ ទើប​លោក ហ៊ុន សែន ចាប់ផ្តើម​ឡើង​និយាយ​ជា​សាធារណៈ​អំពី​ផល​ប៉ះពាល់​ពី​ការ​ឆបោក​អនឡាញ​នេះ។

លោក ហ៊ុន សែន៖ «ប្រទេស​យើង​ត្រូវ​បាន​បំផ្លិចបំផ្លាញ មុខមាត់ កិត្តិយស សេចក្តី​ថ្លៃថ្នូរ ដោយ​ក្រុម​អនឡាញ​។ គឺថា​ពួក​ឆបោក និយាយ​ទៅ​… ប្រទេស​យើង​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​ក្រុម​នេះ»។

ស្តាប់​ទៅ លោក ហ៊ុន សែន ហាក់​ដឹង​ច្បាស់​ណាស់​ពី​ផលវិបាក​ដែល​កើត​ឡើង​ដល់​ប្រទេសជាតិ ពី​មុខរបរ​បោកប្រាស់​អនឡាញ​នេះ​។ តែ​លោក​ត្រូវការ​ពេលវេលា​ជាង​កន្លះ​ឆ្នាំ​មុននឹង​ចេញ​មក​និយាយ​អំពី​រឿង​នេះ​ជា​សាធារណៈ​។ ហើយ​ថ្វី​ដ្បិត​តែ​ពិភពលោក​មានបាន​ហៅ​អំពើ​ឆបោក​អនឡាញ​នៅ​កម្ពុជា ថា​ជា​មុខរបរ​គាំទ្រ​ដោយ​រដ្ឋ​ក្តី លោក​ធ្វើ​ឫក​ជា​មិនដឹង ហើយ​បែរជា​ចោទសួរ ឬ​ព្រួស​ឈាម ដាក់​អ្នកដទៃ​ទៅវិញ។

លោក ហ៊ុន សែន៖ «ឥឡូវ​ចំណោទ ដែល​យើង​ត្រូវ​ចោទសួរ តើ​អ្នក​ដែល​ចូលក្នុង​ប្រទេស​របស់​យើង អត់​មាន​លិខិតឆ្លងដែន​នេះ វា​មក​តាម​ណា​ពិតប្រាកដ​? បញ្ហា​នេះ​ត្រូវតែ​ជា​សំណួរ​ដែល​មាន​ចម្លើយ»។

លោក​បណ្ឌិត​ជាទីគោរព​!

ថ្វីដ្បិត​តែ​លោក ហ៊ុន សែន ខ្លួនឯង​ជា​មនុស្ស​សេពគប់​ជាមួយ​ក្រុម​ចោរ​ទាំងនេះ ដោយ​ផ្តល់​កិច្ចការពារ ផ្តល់​ទីតាំង ផ្តល់​អំណាច និង​ធ្វើជា​ខ្នងបង្អែក ឱ្យ​ក្រុម​នេះ​អាច​បើក​ប្រតិបត្តិការ​ឆបោក​ទ្រង់ទ្រាយ​ធំ​បាន​នៅ​កម្ពុជា​ក្តី ក៏​ទីបំផុត លោក​រលាស់​ខ្លួន​ធ្វើ​មិនដឹង ហើយ​ដើរតួ​ជា​អ្នក​បោសសម្អាត និង​បង្ក្រាប​មន្ត្រី​ក្រោមបង្គាប់​ទៅវិញ។

លោក ហ៊ុន សែន៖ «ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ នឹង​ទទួលរង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារតែ​អា​អនឡាញ។ ហើយ​ដែល​វា​ចេញពី​មន្ត្រី​ឃុបឃិត​មួយចំនួន ដែល​យើង​ត្រូវតែ​ដាក់ទណ្ឌកម្ម​ឱ្យ​ធ្ងន់ធ្ងរ និង​ដក​ចោល​មន្ត្រី​ដែល​អសកម្ម​លើ​បញ្ហា​នេះ»។

ប៉ុន្តែ​អ្វី​ដែល​លោក​បណ្ឌិត អាច​នឹង​បំផុស​សំណួរ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ ប្រសិនបើ​លោក​នៅ​មាន​ជីវិត​នោះ គឺ​មិនមែន​សួររក​មន្ត្រី​ក្រោមបង្គាប់​ណា​ឃុបឃិត​ទេ​។ សំណួរ​ប្រាកដជា​ផ្តោត​ទៅ​លើ​ថា​៖

តើ​អ្នកណា​បាន​បង្កើត​បរិយាកាស​ឱ្យ​មុខរបរ​នេះ​លូតលាស់​បាន?

អ្នកណា​បាន​ផ្តល់​សញ្ជាតិ ផ្តល់​ងារ ផ្តល់​តំណែង​ឱ្យ​ឧក្រិដ្ឋជន​ទាំងនេះ​?

​ជាពិសេស សំណួរ​គួរ​ផ្តោត​ទៅ​លើ​ថា តើ​អ្នកណា​ទទួលខុស​ត្រូវ​ចំ​ពោះ​ការ​អាម៉ាស់​ជាតិ​ដ៏​ធ្ងន់ធ្ងរ​នេះ​?

​លោក​បណ្ឌិត​ជា​ទី​គោរព​!

នៅពេល​យើង​ប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​មរណភាព​របស់​លោក យើង​មិន​អាច​និយាយ​តែ​អំពី​នយោបាយ អំពី​សង្គម ឬ​អំពី​ប្រទេសជាតិ​ប៉ុណ្ណោះ​ទេ​។ ព្រោះ​នៅ​ពីក្រោយ​ឈ្មោះ “​កែម ឡី​” ដែល​ក្លាយជា​និមិត្តរូប​នៃ​សច្ចភាព មានគ្រួសារ​មួយ​ដែល​ត្រូវ​រស់​ជាមួយ​ការឈឺចាប់​ជា​រៀងរាល់ថ្ងៃ។

មាន​ភរិយា​ម្នាក់​ដែល​បាត់បង់​ស្វាមី​។ មានកូនៗ​ប្រាំ​នាក់​ដែល​បាត់បង់​ឪពុក​។ សម្រាប់​ប្រទេស​កម្ពុជា លោក​បណ្ឌិត​ជា​អ្នកវិភាគ ជា​សំឡេង​សុចរិត ជា​និមិត្តរូប​នៃ​ការ​លះបង់ និង​ភាព​ក្លាហាន​។ ប៉ុន្តែ​សម្រាប់​ពួកគេ លោក​បណ្ឌិត​គឺជា​ស្វាមី ជា​ឪពុក ដែល​គួរតែ​បានឃើញ​កូន​ធំ​ចំរើន​វ័យ គួរតែ​បាន​អោប​កូន បង្រៀន​កូន និង​ប្រលែង​សើច​លេង​ជាមួយ​កូន។

ភរិយា​របស់​លោក​បណ្ឌិត កំពុង​បន្តជីវិត​ទៅមុខ​ជាមួយ​កូនៗ ក៏ប៉ុន្តែ​ការ​បន្ត​ជីវិត​មិន​មានន័យថា​ការ​ភ្លេច​ទេ​។ មនុស្ស​រស់​ត្រូវ​បន្ត​ដកដង្ហើម ត្រូវ​បន្ត​ចិញ្ចឹម​កូន ត្រូវ​បន្ត​រក​សុវត្ថិភាព ត្រូវ​រក​មនុស្ស​ដែល​អាច​ជួយ​ថែរក្សា ផ្តល់​ក្តី​ស្រឡាញ់ និង​ឈរ​ជាមួយ​គ្រួសារ​ដែល​ត្រូវ​បាន​បំបែក​ដោយ​អំពើ​ហិង្សា​នយោបាយ។

លោក​បណ្ឌិត​បាន​ផ្តាំ​ពួក​យើង​ថា ឱ្យ “​ជូត​ទឹកភ្នែក​រួច​បន្តដំណើរ​ទៅមុខ​”​។ នេះ​ជា​អ្វី​ដែល​យើង​គ្រប់គ្នា រួម​ទាំង​ក្រុមគ្រួសារ​ផ្ទាល់​របស់​លោក​បណ្ឌិត​ផង កំពុង​ព្យាយាម​អនុវត្ត​។ ភរិយា​របស់​លោក​បណ្ឌិត ជូត​ទឹកភ្នែក​ណ្តើ​រ បន្តដំណើរ​ទៅមុខ​បណ្តើរ​។ ជីវិត​ត្រូវតែ​បន្ត​ទៅមុខ ទោះបីជា​បេះដូង​មួយ​ផ្នែក​នៅតែ​ស្ថិតនៅ​ជាមួយ​អតីតកាល​ក៏ដោយ​។ លោក​បណ្ឌិត​ប្រហែលជា​បាន​យល់​រឿង​នេះ​ជាង​អ្នកណា​ទាំងអស់​។ លោក​បណ្ឌិត​ប្រាកដជា​មិន​ចង់ឱ្យ​គ្រួសារ​របស់​លោក​បណ្ឌិត​ត្រូវ​ជាប់​គាំង​ក្នុង​ទុក្ខព្រួយ​អស់​មួយ​ជីវិត​ឡើយ​។ លោក​បណ្ឌិត​ប្រាកដជា​ចង់ឱ្យ​កូនៗ​របស់​លោក​បណ្ឌិត​ធំ​ឡើង​ដោយមាន​សុវត្ថិភាព មាន​ក្តី​ស្រឡាញ់ មានការ​ថែរក្សា និង​មាន​អ្នក​នៅ​ក្បែរ ដែល​អាច​ជួយ​ពួកគេ​ឆ្លងកាត់​ពិភពលោក​ដ៏​លំបាក​នេះ។

លោក​បណ្ឌិត​ជាទីគោរព​!

និយាយ​ដល់​ការ​លំបាក ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​ទៅ​នេះ ពលរដ្ឋ​សាមញ្ញ​នៅ​កម្ពុជា​ភាគច្រើន​នៅតែ​ជួប​ការ​លំបាក​ខ្លាំង​។ លោក ហ៊ុន សែន មិនបាន​កែប្រែ​ចិត្តគំនិត​សូម្បី​បន្តិច ក្នុង​ការ​ដឹកនាំ​ប្រទេស​ឱ្យ​មាន​ភាព​រីកចម្រើន​សម្រាប់​មនុស្ស​ទាំងអស់គ្នា​។ អ្វី​ដែល​លោក​មាន​ស្នាដៃ​ធំៗ​បំផុត​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​ទៅ​នេះ គឺ​លោក​បាន​ប្រែក្លាយ​កម្ពុជា​ឱ្យ​ស្ថិត​នៅ​ក្រោម​កណ្តាប់​ដៃ​នៃ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន និង​បក្ខពួក​របស់​លោក​ទាំង​ស្រុង​។ ក៏ប៉ុន្តែ​បើ​ត្រឹមតែ​ធ្វើជា​ឪពុក​ល្អ មេ​គ្រួសារ​ល្អ​ក្នុង​ការ​ក្តោបក្តាប់​អំណាច និង​រកលុយ​កាក់​ទុក​ផ្ទេរ​ឱ្យ​កូន អាច​មិន​បង្ក​គ្រោះថ្នាក់​ដល់​ជាតិ​ដល់​កំរិត​នេះ​ទេ​។ ប៉ុន្តែ​អំពើ​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​ក្នុង​រយៈពេល​ចុងក្រោយ គឺ​លើស​ពី​ឪពុក។

ការ​ឃុបឃិត​តែ​ជាមួយ​បក្ខពួក​របស់​ខ្លួន យក​ប្រទេស​កម្ពុជា​ទាំងមូល បែងចែក​ឱ្យ​តែ​កូនចៅ​ខ្លួន​គ្រប់គ្រង បាន​បង្កើត​ឱ្យ​មាន​វប្ប​ធម៌​ពុករលួយ​បក្ខពួក​និយម និង​គ្រួសារនិយម​ចាក់ឫស​យ៉ាង​ជ្រៅ​ក្នុង​សង្គម​កម្ពុជា​។ បើទុកជា​ថ្ងៃក្រោយ​គ្មាន​វត្តមាន​លោក ហ៊ុន សែន នៅ​លើ​លោក​នេះ ក៏​ប្រព័ន្ធ​ពុករលួយ​ដែល​លោក​បាន​បង្កើត​ឡើង ហើយ​រីក​ដុះដាល​ចាក់ឫស​យ៉ាង​ជ្រៅ​នេះ មិន​ងាយ​នឹង​បោសសម្អាត​បាន​ឡើយ​។​

ការ​សេពគប់​របស់​លោក ហ៊ុន សែន ជាមួយ​បណ្តាញ​ក្រុម​ចោរ​អន្តរជាតិ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិត្តិយស​ជាតិ និង​សុវត្ថិភាព​របស់​ពលរដ្ឋ។

ការ​សេព​គប់ ការ​ជឿទុកចិត្ត និង​ការ​អោបក្រសោប​ជាតិ​សាសន៍​ដទៃ​ជាជាង​ជនជាតិ​ខ្លួនឯង ធ្វើ​ឱ្យ​លោក​វាយតម្លៃ​ស្ថានការណ៍​ខុស បង្ក​ឱ្យ​មាន​ភ្លើងសង្គ្រាម​ឆេះ​ឡើង ដែល​លោក​មិនបាន​ត្រៀមខ្លួន​ទប់ទល់​។ ជា​លទ្ធផល ជីវិត​ខ្មែរ​ត្រូវ​ស្លាប់ ដី និង​ប្រាសាទបុរាណ​ខ្មែរ ត្រូវ​បរទេស​ដណ្តើម​យក​ទៅកាន់​កាប់​។​

ការ​យក​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេសជាតិ​ទាំងមូល ធ្វើជា​ឧបករណ៍​សម្រាប់​ដាក់ទោស​ទណ្ឌ​អ្នក​ទាំងឡាយ​ណា​ដែល​លោក ហ៊ុន សែន មិន​ពេញចិត្ត និង​មិន​ផ្តល់​យុត្តិធម៌​ដល់​ជន​ក្រីក្រ ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយទៅជា​ប្រទេស​មួយ​ដែល​អ្នកធំ​មិន​គោរព​ច្បាប់ អ្នកតូច​មិន​មាន​ទំនុកចិត្ត​លើ​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​។ សំណុំរឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត ជា​ឧទាហរណ៍​ស្រាប់​។ ដប់​ឆ្នាំ​មកនេះ យុត្តិធម៌​សម្រាប់​លោក និង​ក្រុម​គ្រួសារ​លោក​បណ្ឌិត ស្ថិត​ក្នុង​ភាព​ងងឹតឈឹង​នៅឡើយ​។ ការ​ធ្វើ​ឃាតកម្ម​ទៅលើ​មនុស្ស​ម្នាក់​ដែល​ហ៊ាន​រូត​វាំងនន​សង្គម ដោយ​អាជ្ញាធរ​មិនបាន​បង្ហាញ​ភស្តុតាង​ឱ្យ​ឃើញ​ឃាតករ​ពិតប្រាកដ ឬ​វែកមុខ​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ វា​បញ្ជាក់​ពី​វប្បធម៌​និទន្ទណ្ឌភាព​នៅ​កម្ពុជា​។ វា​ក៏​បង្ហាញថា នេះ​ជា​សង្គម​មួយ​ដែល​ខ្លាច​សច្ចភាព។

ឃាតករ និង​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ បាន​ធ្វើ​ជម្រើស​របស់​ពួកគេ​រួចហើយ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ ពួកគេ​ជ្រើស​រើស​យក​គ្រាប់កាំភ្លើង ដើម្បី​សម្លាប់ និង​បំបិទ​សំឡេង​មនុស្ស​ម្នាក់​។ ពួកគេ​គិតថា ពេល​គេ​ឆក់​យក​ជីវិត​លោក​បណ្ឌិត​ទៅ គេ​ក៏​អាច​ឆក់​យក​ភាព​ក្លាហាន និង​សច្ចភាព​ទៅជា​មួយ​បាន​ដែរ​។​ ​ប៉ុន្តែ​ពួកគេ​គិត​ខុស។ ពួកគេ​សម្លាប់​បានតែ​រាងកាយ​មនុស្ស​ម្នាក់ ប៉ុន្តែ​មិនអាច​សម្លាប់​ភាព​ក្លាហាន និង​សច្ចភាព ដែល​ជា​មរតក​របស់​លោក​បណ្ឌិត​បាន​ឡើយ​។​

លោក​បណ្ឌិត​ជាទីគោរព​!

មរតក​ពិត​ប្រាកដ​របស់​លោក​បណ្ឌិត គឺ​ភាព​ក្លាហាន​ក្នុង​ការ​ហ៊ាន​បកស្រាយ​បញ្ហា​ពិត​នៅក្នុង​សង្គម​។ គឺ​ការ​មិន​សុខចិត្ត​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​។ បើ​ទោះបី​លោក​បណ្ឌិត​ដឹង​ច្បាស់​ថា ក្រោយ​ការវិភាគ​ម្តងៗ លោក​មិនដែល​គិតថា​អាច​នៅ​មាន​ជីវិត​ក្តី ក៏​លោក​បណ្ឌិត​បាន​តាំងចិត្ត​ថា បើ​លោក​មិន​និយាយ​ការពិត តើន​រណា​នឹង​ធ្វើ​គំរូ​ដល់​យុវជន​ខ្មែរ​?

ដូច្នេះ នៅ​ថ្ងៃ​ខួប​១០​ឆ្នាំនេះ យើង​មិន​ត្រឹមតែ​បង្ហាញ​ការ​នឹករលឹក​ដល់​លោក​បណ្ឌិត​ប៉ុណ្ណោះ​ទេ​។ យើង​ជួបជុំគ្នា ដើម្បី​ជម្រាប​ជូន​លោក​បណ្ឌិត​ថា យើង​មិន​ភ្លេច​មរតក និង​បណ្តាំ​របស់​លោក​បណ្ឌិត​ឡើយ​។​

យើង​នៅតែ​សង្ឃឹមថា ថ្ងៃ​ណាមួយ ទោះជា​យូរ​ប៉ុណ្ណា​ក៏ដោយ ការពិត​នឹង​ត្រូវ​បាន​លាតត្រដាង​។ ឈ្មោះ​អ្នក​សម្លាប់ និង​អ្នកបញ្ជា​ឱ្យ​សម្លាប់ នឹង​ត្រូវ​បាន​បង្ហាញមុខ​។​

ចំណែក​ឈ្មោះ​លោក​បណ្ឌិត កែម ឡី នឹង​នៅតែ​ឈរ​នៅក្នុង​មនសិការ​ជាតិខ្មែរ ជា​គំរូ​នៃ​ភាព​ក្លាហាន ជា​គំរូ​នៃ​ការ​មិន​សុខចិត្ត​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច និង​ជា​កម្លាំង​បំផុស​ឱ្យ​យើង​ទាំងអស់គ្នា​បន្ត​ងើបឡើង ដើម្បី​ជួយ​ស្រោចស្រង់​ប្រទេស​កម្ពុជា​ដ៏​កំសត់​របស់​យើង​ឡើងវិញ។

ដោយ​គោរព និង​ក្តី​នឹករលឹក​យ៉ាង​ក្រៃលែង​!

​ពី​ខ្ញុំ ជុន ច័ន្ទ​បុត្រ

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ