

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា អះអាងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយហ្វីលីពីន នឹងបន្តអនុវត្តបេសកកម្មដោយតម្លាភាពនិងអព្យាក្រឹត ស្របពេលដែល អគ្គមេបញ្ជាការកងទ័ពកម្ពុជា បានប្តឹងទៅអគ្គសេនាធិការកងទ័ពហ្វីលីពីន ករណីក្រុមសង្កេតការណ៍ AOT ប្រចាំនៅប្រទេសថៃ ដែលដឹកនាំដោយកងទ័ពហ្វីលីពីន បានចូលមកក្នុងទឹកដីកម្ពុជាត្រង់តំបន់ប្រាសាទខ្នារ ដែលស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មិនបានជូនដំណឹងជាមុនមកកាន់ភាគីកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២ កក្កដា បានបង្ហោះសារលើហ្វេសប៊ុក ថា លោកស្រី ហ្វ្លេរីដា អាន ខាមីល ភី ម៉ាយ៉ូ (Flerida Ann Camille P. Mayo) ក្នុងនាមជាឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ដែលចប់អាណត្តិបេសកកម្ម បានបញ្ជាក់ថា ក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយហ្វីលីពីន នឹងនៅតែបន្តអនុវត្តបេសកកម្ម ប្រកបដោយតម្លាភាព និងអព្យាក្រឹត។
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីនចប់អាណត្តិ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ដែលបានជួយសម្របសម្រួលក្នុងការដោះស្រាយបញ្ហាព្រំដែន កម្ពុជាថៃ។ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ប្រាប់ទូតហ្វីលីពីន អំពីការវិវត្តថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ រួមទាំងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជា និងថៃ។
ការបញ្ជាក់ជំហររបស់ហ្វីលីពីន ក្នុងឋានៈប្រធានក្រុមAOT នេះ ធ្វើឡើង បន្ទាប់ពីពេលថ្មីៗនេះ អគ្គមេបញ្ជាការកងនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើលិខិតមួយកាលពីថ្ងៃទី២៩មិថុនា បានប្តឹងទៅអគ្គសេនាធិការកងទ័ពហ្វីលីពីន ចំពោះសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំប្រទេសថៃ ដែលដឹកនាំដោយកងទ័ពហ្វីលីពីន ឆ្លងចូលដែនអធិបតេយ្យភាពកម្ពុជា ក្នុងតំបន់ប្រាសាទខ្នារ ដែលស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យដោយគ្មានការអនុញ្ញាត។
ខ្លឹមសារនៃបណ្តឹង របស់អគ្គមេបញ្ជាការកងទ័ពកម្ពុជា បានស្នើឲ្យអគ្គសេនាធិការកងទ័ពហ្វីលីពីន ពិនិត្យមើលឡើងវិញចំពោះសកម្មភាពរបស់ក្រុមសង្កេតការណ៍អាស៊ាន AOT ក្នុងទឹកដីថៃ ដើម្បីធានាថា នាយទាហាននៃក្រុម AOT ទាំងអស់គោរពយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌយោង ដែលបានឯកភាពគ្នា ព្រមទាំងរក្សាភាពអព្យាក្រឹត។
ទាក់ទងទៅនឹងបញ្ហានេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់ឃើញថា ការដាក់លិខិតតវ៉ាទៅអ្នកសង្កេតការណ៍ហ្វីលីពីន គឺជារឿងត្រឹមត្រូវ។ ដូច្នេះ អ្វីដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទាមទារបន្ថែមទៀត គឺត្រូវធ្វើយ៉ាងណា ទាមទារឲ្យអ្នកសង្កេតការណ៍ហ្វីលីពីនសុំទោសជាសាធារណៈ។
លោក អ៊ុំ សំអាន៖ «ហ្វីលីពីនត្រូវទទួលខុសត្រូវចំពោះរឿងហ្នឹង មិនមែនត្រូវដោះសា យកលេស យករួចខ្លួនទេ ហើយត្រូវសុំទោស ចំពោះកម្ពុជា ដែលខ្លួននាំ អនុព័ន្ធយោធាបរទេស ចូលមកក្នុងទឹកដីកម្ពុជា ដោយមិនបានសុំការអនុញ្ញាតពីកម្ពុជា ហើយជាការរំលោភបំពាន មកលើទឹកដី នឹងអធិបតេយ្យភាពរបស់កម្ពុជា»។
លោក អ៊ុំ សំអាន បន្ថែមថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទាមទារប៉ុណ្ណឹង មិនអាចទប់ស្កាត់ការឈ្លានពានរបស់ថៃ ឬក៏ថៃនាំអនុពន្ធយោធាបរទេសចូលមកក្នុងទឹកដីកម្ពុជា មកក្នុងប្រាសាទរបស់កម្ពុជាបានទេ។ លោក ហ៊ុន ម៉ាណែត ត្រូវប្រញាប់ប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប្ដឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ៩១ ប្ដឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ផងដែរ។
ក្នុងពេលថ្មីៗនេះ រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក អ៊ិត សុត្ថា បានអះអាងថា យោធាថៃកំពុងគូសផែនទីថ្មីមួយទៀត ដោយដាក់បញ្ចូលតំបន់ឈ្លានពានដែលដណ្ដើមពីកម្ពុជា ចូលទៅក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីផែនទីមាត្រដ្ឋាន១/៥០.០០០ដែលថៃគូសជាឯកតោភាគី និងប្រើប្រាស់ជាឯកតោភាគីសម្រាប់បោះបង្គោលព្រំដែន បានបង្ហាញថា ប្រាសាទខ្នារ ប្រាសាទតាក្របី និងប្រាសាទដទៃទៀតនៅតាមបណ្ដោយព្រំដែនគឺស្ថិតនៅក្នុងទឹកដីកម្ពុជា។
យោធាថៃធ្លាប់អះអាងកន្លងមកថា ទីតាំងមួយចំនួនដែលយោធាថៃដណ្ដើមបានពីកម្ពុជានៅតាមព្រំដែន ថៃនឹងគ្រប់គ្រងតំបន់ទាំងនេះជាអចិន្ត្រៃយ៍ ហើយថៃនឹងពង្រឹងកម្លាំងការពារ និងបានកម្ទេចជណ្ដើរឡើងលើប្រាសាទខាងទីតាំងដែលកងទ័ពខ្មែរឈរជើង ដើម្បីកាត់ផ្ដាច់ការទាមទារត្រឡប់ទៅវិញពីសំណាក់ភាគីកម្ពុជា។
អ្នកតាមដានសង្គមកម្ពុជា អះអាងថា គិតត្រឹមដើមខែកក្កដា នេះ យោធាថៃបានពង្រីកការកាន់កាប់ទឹកដីកម្ពុជា ចំនួន១ទីតាំងបន្ថែមទៀត នៅតំបន់ល្អាង៨៧ នៅតំបន់ប្រវត្តិសាស្ត្រយោធាជប់រុន ស្ថិតក្នុងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានដែលធ្វើឲ្យកម្ពុជាបានបាត់បង់ទឹកដីទៅកាន់ភាគីថៃ សរុបមានចំនួន ៧០ទីតាំង ដែលនេះគឺជាការបាត់បង់ទឹកដីដ៏ច្រើនបំផុតមិនធ្លាប់មានក្រោយកម្ពុជាទទួលបានឯករាជ្យ៕








