ហ្វីលីពីន​ថា ក្រុម​AOT នឹង​បន្ត​បេសកកម្ម​ដោយ​តម្លាភាព​ខណៈ​កម្ពុជា​តវ៉ា​ករណី​ចូល​តំបន់​ប្រាសាទ​ខ្នារ

0
34
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៥ មិថុនា ២០២៦។ រូប៖ ក្រសួងការពារជាតិ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៥ មិថុនា ២០២៦។ រូប៖ ក្រសួងការពារជាតិ

ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា អះអាង​ថា ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ដែល​ដឹកនាំ​ដោយ​ហ្វីលីពីន នឹង​បន្ត​អនុវត្ត​បេសកកម្ម​ដោយ​តម្លាភាព​និង​អព្យាក្រឹត ស្រប​ពេល​ដែល អគ្គមេបញ្ជាការ​កងទ័ព​កម្ពុជា បាន​ប្តឹង​ទៅ​អគ្គសេនាធិការ​កងទ័ព​ហ្វីលីពីន ករណី​ក្រុម​សង្កេតការណ៍ AOT ប្រចាំ​នៅ​ប្រទេស​ថៃ ដែល​ដឹកនាំ​ដោយ​កងទ័ព​ហ្វីលីពីន បាន​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ត្រង់​តំបន់​ប្រាសាទ​ខ្នារ ដែល​ស្ថិត​ក្នុង​សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ មិន​បាន​ជូនដំណឹង​ជាមុន​មកកាន់​ភាគី​កម្ពុជា។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​២ កក្កដា បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក ថា លោកស្រី ហ្វ្លេរីដា អាន ខាមីល ភី ម៉ាយ៉ូ (Flerida Ann Camille P. Mayo) ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា ដែល​ចប់​អាណត្តិ​បេសកកម្ម បាន​បញ្ជាក់​ថា ក្នុង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ដែល​ដឹកនាំ​ដោយ​ហ្វីលីពីន នឹង​នៅតែ​បន្ត​អនុវត្ត​បេសកកម្ម ប្រកបដោយ​តម្លាភាព និង​អព្យាក្រឹត។

នៅក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ចប់​អាណត្តិ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ហ្វីលីពីន ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ដែល​បាន​ជួយ​សម្របសម្រួល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន កម្ពុជា​ថៃ​។ លោក ហ៊ុន ម៉ាណែត ក៏បាន​បញ្ជាក់​ប្រាប់​ទូត​ហ្វីលីពីន អំពី​ការ​វិវត្ត​ថ្មីៗ នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ រួម​ទាំង​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​អនុលោម​តាម​អនុសញ្ញា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង ដែល​មាន​ស្រាប់​រវាង​កម្ពុជា និង​ថៃ។

ការ​បញ្ជាក់​ជំហរ​របស់​ហ្វីលីពីន ក្នុង​ឋានៈ​ប្រធាន​ក្រុមAOT នេះ ធ្វើឡើង បន្ទាប់ពី​ពេល​ថ្មីៗ​នេះ អគ្គមេបញ្ជាការ​កង​នៃ​កងយោធពល​ខេមរភូមិន្ទ នាយ​ឧត្តមសេនីយ៍ វង្ស ពិសេន បាន​ធ្វើ​លិខិត​មួយ​កាលពី​ថ្ងៃទី​២៩​មិថុនា បាន​ប្តឹង​ទៅ​អគ្គសេនាធិការ​កងទ័ព​ហ្វីលីពីន ចំពោះ​សកម្មភាព​របស់​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ប្រចាំ​ប្រទេស​ថៃ ដែល​ដឹកនាំ​ដោយ​កងទ័ព​ហ្វីលីពីន ឆ្លង​ចូល​ដែន​អធិបតេយ្យភាព​កម្ពុជា ក្នុង​តំបន់​ប្រាសាទ​ខ្នារ ដែល​ស្ថិត​ក្នុង​សង្កាត់​កូនគ្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​ដោយ​គ្មាន​ការអនុញ្ញាត។

ខ្លឹមសារ​នៃ​បណ្តឹង របស់​អគ្គមេបញ្ជាការ​កងទ័ព​កម្ពុជា បាន​ស្នើ​ឲ្យ​អគ្គសេនាធិការ​កងទ័ព​ហ្វីលីពីន ពិនិត្យមើល​ឡើងវិញ​ចំពោះ​សកម្មភាព​របស់​ក្រុម​សង្កេតការណ៍​អាស៊ាន AOT ក្នុង​ទឹកដី​ថៃ ដើម្បី​ធានា​ថា នាយទាហាន​នៃ​ក្រុម AOT ទាំងអស់​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​លក្ខខណ្ឌ​យោង ដែល​បាន​ឯកភាព​គ្នា ព្រមទាំង​រក្សា​ភាព​អព្យាក្រឹត។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់​ឃើញ​ថា ការ​ដាក់​លិខិតតវ៉ា​ទៅ​អ្នកសង្កេតការណ៍​ហ្វីលីពីន គឺជា​រឿង​ត្រឹមត្រូវ​។ ដូច្នេះ អ្វី​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទាមទារ​បន្ថែម​ទៀត គឺ​ត្រូវ​ធ្វើ​យ៉ាងណា ទាមទារ​ឲ្យ​អ្នកសង្កេតការណ៍​ហ្វីលីពីន​សុំទោស​ជា​សាធារណៈ។

លោក អ៊ុំ សំអាន៖ «ហ្វីលីពីន​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​រឿង​ហ្នឹង មិនមែន​ត្រូវ​ដោះសា យក​លេស យករួចខ្លួន​ទេ ហើយ​ត្រូវ​សុំទោស ចំពោះ​កម្ពុជា ដែល​ខ្លួន​នាំ អនុព័ន្ធយោធា​បរទេស ចូល​មក​ក្នុង​ទឹកដី​កម្ពុជា ដោយ​មិនបាន​សុំ​ការអនុញ្ញាត​ពី​កម្ពុជា ហើយ​ជា​ការ​រំលោភបំពាន មក​លើ​ទឹកដី នឹង​អធិបតេយ្យភាព​របស់​កម្ពុជា»។

លោក អ៊ុំ សំអាន បន្ថែម​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទាមទារ​ប៉ុណ្ណឹង មិនអាច​ទប់ស្កាត់​ការឈ្លានពាន​របស់​ថៃ ឬក៏​ថៃ​នាំ​អនុ​ពន្ធ​យោធា​បរទេស​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា មក​ក្នុង​ប្រាសាទ​របស់​កម្ពុជា​បាន​ទេ។ លោក ហ៊ុន ម៉ាណែត ត្រូវ​ប្រញាប់​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ប្ដឹង​ថៃ​ទៅកាន់​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​៩១ ប្ដឹង​ថៃ​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ផង​ដែរ។

ក្នុង​ពេល​ថ្មីៗ​នេះ រដ្ឋលេខាធិការ​ប្រចាំការ នៃ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក អ៊ិត សុត្ថា បាន​អះអាង​ថា យោធា​ថៃ​កំពុង​គូស​ផែនទី​ថ្មី​មួយទៀត ដោយ​ដាក់បញ្ចូល​តំបន់​ឈ្លានពាន​ដែល​ដណ្ដើម​ពី​កម្ពុជា ចូល​ទៅ​ក្នុង​ទឹកដី​របស់​ខ្លួន បន្ទាប់ពី​ផែនទី​មាត្រដ្ឋាន​១/៥០.០០០​ដែល​ថៃ​គូស​ជា​ឯកតោភាគី និង​ប្រើប្រាស់​ជា​ឯកតោភាគី​សម្រាប់​បោះបង្គោល​ព្រំដែន បាន​បង្ហាញថា ប្រាសាទ​ខ្នារ ប្រាសាទ​តា​ក្របី និង​ប្រាសាទ​ដទៃទៀត​នៅ​តាម​បណ្ដោយ​ព្រំដែន​គឺ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា។

យោធា​ថៃ​ធ្លាប់​អះអាង​កន្លងមក​ថា ទីតាំង​មួយចំនួន​ដែល​យោធា​ថៃ​ដណ្ដើម​បាន​ពី​កម្ពុជា​នៅ​តាម​ព្រំដែន ថៃ​នឹង​គ្រប់គ្រង​តំបន់​ទាំងនេះ​ជា​អចិន្ត្រៃយ៍ ហើយ​ថៃ​នឹង​ពង្រឹងកម្លាំង​ការពារ និង​បាន​កម្ទេច​ជណ្ដើរ​ឡើងលើ​ប្រាសាទ​ខាង​ទីតាំង​ដែល​កងទ័ព​ខ្មែរ​ឈរជើង ដើម្បី​កាត់ផ្ដាច់​ការ​ទាមទារ​ត្រឡប់​ទៅវិញ​ពី​សំណាក់​ភាគី​កម្ពុជា។

អ្នក​តាមដាន​សង្គម​កម្ពុជា អះអាង​ថា គិត​ត្រឹម​ដើមខែ​កក្កដា នេះ យោធា​ថៃ​បាន​ពង្រីក​ការ​កាន់កាប់​ទឹកដី​កម្ពុជា ចំនួន​១​ទីតាំង​បន្ថែម​ទៀត នៅ​តំបន់​ល្អាង​៨៧ នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​ជប់​រុន ស្ថិត​ក្នុង​ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមាន​ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាន​បាត់បង់​ទឹកដី​ទៅកាន់​ភាគី​ថៃ សរុប​មាន​ចំនួន ៧០​ទីតាំង ដែល​នេះ​គឺជា​ការបាត់បង់​ទឹកដី​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្រោយ​កម្ពុជា​ទទួល​បាន​ឯករាជ្យ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ