

អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលឪពុកកូន គឺ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បើកចិត្តទទួលយកមតិកែលម្អ របស់ក្រុមបញ្ញវន្ត និងពលរដ្ឋ ដើម្បីកែប្រែកំហុសមួយចំនួនដែលធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច និងត្រូវបានប្រទេសជិតខាងឈ្លានពានទឹកដីអស់ជាច្រើនទីតាំង។ ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត បានប្រតិកម្មបែបឌឺដង និង ស្ដីបន្ទោស មកលើបញ្ញវន្តមួយចំនួនដែលរិះគន់ រដ្ឋាភិបាលត្រកូល«ហ៊ុន»ជុំវិញអំពើពុករលួយ រឿងមន្ត្រីអែបអប និងបញ្ហាវិស័យការពារជាតិ ដែលគ្មានការធ្វើទំនើបកម្មឱ្យបានត្រឹមត្រូវ ទើបធ្វើ សង្គ្រាមចាញ់ប្រៀបថៃ។
អ្នកឃ្លាំមើលលើកឡើងថា ពុំមែនជារឿងថ្មីដែលមេដឹកនាំត្រកូល«ហ៊ុន»តែងតែបដិសេធ មិនស្ដាប់មតិយោបល់ ហើយថែមទាំង តាមកម្ទេច និងគំរាមកំហែង ក្រុមបញ្ញវន្ត ដែលហ៊ានរិះគន់ពីរបៀបដឹកនាំ របស់រដ្ឋាភិបាលបក្សកាន់អំណាច រហូតទម្លាប់ទាំងនោះត្រូវបានពលរដ្ឋហៅថាជា« វប្បធម៌ក្ដិចត្រួយ» ដែលចង់សំដៅថា អ្នកណាហ៊ានរិះគន់ នឹងត្រូវរងធ្វើទុក្ខបុកម្នេញ តាមរយៈការចាប់ដាក់ពន្ធនាគារ បំភ័យឱ្យរត់រស់ទៅក្រៅប្រទេស និងត្រូវសម្លាប់ចោល ជាដើម។
អ្នកប្រឹក្សាយោបល់ផ្នែកផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់ទូរទស្សន៍ អាស៊ីសេរី នៅថ្ងៃទី២០ ខែកក្កដា ថា រដ្ឋាភិបាល បក្សកាន់អំណាច គួរតែបើកចិត្តឲ្យបញ្ញវន្តអាចប្រើប្រាស់វេទិកាក្នុងនាមជាបញ្ញាជនរបស់ជាតិ ដើម្បីជួយរំលឹក ឬក៏ជួយចែករំលែកផ្នត់គំនិតពាក់ព័ន្ធ បញ្ហានយោបាយ និងបញ្ហាសង្គម សម្រាប់ទុកជាធាតុចូល យកទៅអភិវឌ្ឍន៍ប្រទេសជាតិ។ លោកថា ការដែលបញ្ញវន្ត ឬបណ្ឌិត ដែលបានចូលរួមនៅក្នុងវេទិកាសាធារណៈនានា គឺតែងតែលើកពីបញ្ហា និងផ្ដល់នូវដំណោះស្រាយ ដូច្នេះ រាល់ដំណោះស្រាយទាំងអស់ អាចយកមកពិចារណាសារឡើងវិញ ថាតើចំណុចកន្លែងណាខ្លះ ដែលអាចប្រើបាន កន្លែងណាខ្លះដែលប្រើមិនបាន។
រឹតតែពិសេសជាងនោះលោកថា គួរតែមានវេទិកាជជែកដេញដោលរវាងថ្នាក់ដឹកនាំជាមួយនឹងក្រុមបញ្ញវន្តសំខាន់ៗ អំពីបញ្ហាសង្គម និងនយោបាយ ដើម្បីផ្ដល់នូវមតិចម្រុះឱ្យបានច្រើន។ លោកថា ការធ្វើបែបនេះ ធ្វើឱ្យក្រុមបញ្ញវន្ត និងមន្ត្រីរដ្ឋាភិបាលកាន់តែយល់ពីគ្នា ជាជាងចាត់ទុកគ្នាជាសត្រូវ។ លោកបារម្ភថា ការចាត់ទុកក្រុមបញ្ញវន្ត ឬពលរដ្ឋដែលតែងតែសកម្មផ្ដល់មតិកែលម្អ មកលើប្រព័ន្ធដឹកនាំរដ្ឋថា ជាសត្រូវ គឺជាគ្រោះថ្នាក់ដ៏ធំបំផុត នៃប្រជាជាតិមួយ។
លោក សេក សុជាតិ៖ «ខ្ញុំគិតថា វាគួរតែជាពេលវេលាដែលត្រូវបើកទូលាយ ដើម្បីឲ្យសាធារណជន អាចបញ្ចេញមតិបន្ថែមទៅលើអ្វីដែលខ្វះខាត។ ហើយការធ្វើបែបហ្នឹង គឺវាចំណេញទាំងរដ្ឋាភិបាល ហើយចំណេញទៅដល់ប្រជាពលរដ្ឋ ហើយជាពិសេសគឺធ្វើឲ្យសហគមន៍អន្តរជាតិមើលឃើញអំពីការវិវត្តជាវិជ្ជមាន របស់កម្ពុជានៅក្នុងវិស័យសាធារណៈ ជាពិសេសគឺរបៀបនៅក្នុងការដឹកនាំតាមបែបសង្គមដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។
ការលើកឡើងនេះ ក្រោយពីរាជបណ្ឌិតសភាកម្ពុជា និងសាស្ត្រាចារ្យមកពីសកលវិទ្យាល័យ មួយចំនួន បានរៀបចំកម្មវិធីពីពិភាក្សាលើប្រធានបទស្ដីអំពី តើអ្វីដែលជា សេណារីយ៉ូ ធ្វើឱ្យពិភពលោកបាត់បង់សណ្ដាប់ធ្នាប់ នាពេលបច្ចុប្បន្ន? កាលពីថ្ងៃទី១៨ ខែកក្កដា។ នៅក្នុងវេទិកានោះ វាគ្មិននីមួយៗបានបកស្រាយជាច្រើន អំពីសង្គ្រាម អ៊ីរ៉ង់ និងអាមេរិកនៅមជ្ឈិមបូព៌ា ហើយបានផ្សារភ្ជាប់ទៅនឹងជម្លោះកម្ពុជា-ថៃ រួមនឹងបញ្ហាមួយចំនួនរបស់កម្ពុជា ដូចជាបញ្ហា សេដ្ឋកិច្ច អំពើពុករលួយ និងភាពកម្សោយនៃវិស័យយោធា ទើបធ្វើឱ្យយោធាថៃ ឆ្លៀតឱកាសពិភពលោក កំពុងតែបាត់បង់សណ្ដាប់ធ្នាប់ បានងាកមកឈ្លានពានកម្ពុជា ដោយគ្មានខ្លាចច្បាប់អន្តរជាតិ។
ក្រោយពីវេទិកាពិភាក្សានេះបានចប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឪពុករបស់លោក បានចាប់ផ្ដើមបង្ហោះសារវាយប្រហារនិងឌឺដងក្នុងន័យបន្ទាបបន្ថោកលើបណ្ឌិតឬបញ្ញវន្តមួយចំនួនជាបន្តបន្ទាប់។ លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ ខែកក្កដា បានយកអត្ថបទមួយរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ មេទ័ព លីពូ បានយកមកចែកចាយបន្តលើគណនីហ្វេសប៊ុក របស់លោក។ គណនីហ្វេសប៊ុកនោះ សរសេរថា « សេដ្ឋីនៅខ្វះអំបែង បណ្ឌិតនៅមានពេលល្ងង់ » ដោយបញ្ជាក់ថា មិនមែនគ្រប់បណ្ឌិត និយាយមកសុទ្ធតែត្រូវទេ បណ្ឌិតគ្រៀវជ្រូកខ្លះ និយាយចេញមកអន់ជាងអ្នកចែវទូកផង។ ក្នុងអត្ថបទនោះបានសរសេរបន្ថែមថា បើអ្នកជំនាញផ្នែកសេដ្ឋកិច្ច គួរតែ វិភាគតែពីសេដ្ឋកិច្ចទៅ កុំវិភាគរឿងយុទ្ធសាស្ត្រទ័ព វ៉ៃលុក ឬដកថយ ព្រោះនេះ ជាការសម្រេចចិត្តរបស់ មេបញ្ជាការទិសខាងមុខសម្រេចចិត្តដោយយោងតាមសភាពការណ៍ជាក់ស្ដែង កុំបានកាន់ មីក្រូហ្វូន ពុលទឹកមាត់។
ទន្ទឹមគ្នានោះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បានបង្ហោះសារ រួមនឹងវីដេអូ ខ្លី ដែលពាក់ព័ន្ធនឹងខ្លឹមសារអត្ថបទដែល លោក ហ៊ុន ម៉ាណែត បានបង្ហោះនោះដែរ ដោយ លោករៀបរាប់ថា ប៉ុន្មានឆ្នាំមុន សម្បូរគ្រូជោគជ័យ ក្រោយមកសម្បូរព្រហ្ម ឥសី គ្រូបារមី គ្រូទាយ ជាដើម ប៉ុន្តែឥឡូវនេះ សម្បូរអ្នកវិភាគគ្រប់គ្រឿងដែលលោកចាត់ទុកថា មិនស្របទៅនឹងទិដ្ឋភាពជាក់ស្ដែង។ ប៉ុន្តែ លោក ហ៊ុន សែន ទទួលស្គាល់ថាការមានមតិមិនស្របគ្នាវាជាដំណើរធម្មតា ក្នុងការតស៊ូមតិ តាមបែប លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែលោកផ្ដាំថាកុំទុកឲ្យការយល់ខុសគ្នានេះ បំផ្លាញស្ថាប័នជាតិដែលបំពេញការងារជាប្រចាំជូនជាតិនិងប្រជាជន។ លោកថា ការយល់ខុសគ្នា ជាមួយពួកប្រឆាំង ទោះបី ប្រើពេលរាប់សិប រហូតរាប់រយឆ្នាំទៀតក៏គ្មានប្រយោជន៍។
លោក ហ៊ុន សែន បានស្នើឱ្យបណ្ដាអ្នកវិភាគគួរជៀសវាង ការវិភាគលើបញ្ហាយោធា សន្តិសុខនិងផ្សព្វផ្សាយ ចេញក្រៅព្រោះជារឿងសម្ងាត់របស់ជាតិ។ លោកថាប្រសិនមានអនុសាសន៍ជូនស្ថាប័នជាតិគួរប្រជុំបិទទ្វារនិងបញ្ជូនមក ស្ថាប័នជាតិ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា កាលពីកន្លងទៅ លោក ហ៊ុន សែន តែងតែគំរាមកំហែង និងបិទសិទ្ធិសេរីភាព គណបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកវិភាគនយោបាយ ដែលមាននិន្នាការ មិនរណបរដ្ឋាភិបាល មិនឱ្យរិះគន់ពីភាពអសកម្មភាព របស់រដ្ឋាភិបាលត្រកូល«ហ៊ុន» ប៉ុន្តែឥឡូវនេះ បានងាកមក វាយប្រហារមកលើ ក្រុមបញ្ញវន្ត និងអ្នកវិភាគមួយចំនួន ដែលធ្លាប់តែ រណបរដ្ឋាភិបាលម្ដង។ លោកយល់ថា ការរឹតត្បិតសេរីភាពបញ្ចេញមតិ ហួសហេតុរបស់ លោក ហ៊ុន សែន និង លោក ម៉ាណែត ជារឿងដ៏គ្រោះថ្នាក់សម្រាប់ជាតិ និងធ្វើឱ្យពលរដ្ឋកាន់តែក្ដៅក្រហាយ អាចឈានទៅដល់ រផ្ទុះការតវ៉ា។
លោក ម៉ែន ណាត៖ «ក្រុមគ្រួសារហ្នឹងអត់មានយកច្បាប់មកដឹកនាំប្រទេសត្រឹមត្រូវទេ ដឹកនាំតាមអារម្មណ៍ហ្នឹង។ ហើយឥឡូវហ្នឹងដល់វគ្គ បង្ក្រាបពួកបញ្ញវ័ន្តដែលគាំទ្ររដ្ឋាភិបាលទៀត វាកាន់តែធ្ងន់ធ្ងរហើយ។ ហើយមិនយូរប៉ុន្មានទេរដ្ឋាភិបាលហ្នឹងចាំមើលមិនយូរប៉ុន្មានឱ្យតែកៀបខ្លាំងទៅៗ បន្តិចហ្នឹងកៀបលែងជាប់ហើយ។ ដូចក្ដាប់ដៃនឹងដីខ្សាច់ ក្ដាប់ ណែនពេកទៅវាហៀរចេញតាមម្រាមដៃ។ អត់យូរទេ រដ្ឋាភិបាលអាចនឹងដួលរលំនៅថ្ងៃណាមួយ ឱ្យតែតឹងពេក»។
អ្នកឃ្លាំមើលមើលឃើញថា ការរឹតត្បិត របស់លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត មិនឱ្យពលរដ្ឋ និងបញ្ញវន្តខ្មែរ និយាយពីបញ្ហាប្រទេសជាតិ និងភាពកម្សោយនៃវិស័យការពារជាតិ ក្រោមលេសថា ដើម្បីការពារសន្តិសុខជាតិ គឺគ្រាន់តែជាលេស ដើម្បីបិទបាំងភាពកម្សោយរបស់រដ្ឋាភិបាលត្រកូល«ហ៊ុន» ដែលពុំសូវខ្វល់ខ្វាយពីការអភិវឌ្ឍវិស័យយោធា និងប្រទេសជាតិ។ ពួកគាត់ថា អ្នកដែលធ្វើឱ្យប្រទេសជាតិជួបបញ្ហាអសន្តិសុខ រងការឈ្លានពានទឹកដីពីប្រទេសជិតខាង គឺគ្មាននរណាក្រៅពី លោក ហ៊ុន សែននោះទេ៕








