

អ្នកឃ្លាំមើលជំរុញឱ្យអាជ្ញាធរចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង លើម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានខុសច្បាប់ចំនួន ៦គម្រោង ដែលកំពុងធ្វើអាជីវកម្ម នៅតាមបណ្ដាខេត្តនិងរាជធានីភ្នំពេញ។ ការលើកឡើងនេះ ក្រោយពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជូនដំណឹងដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន និង កុំចូលរួមរកស៊ីជាមួយ គម្រោងអភិវឌ្ឍន៍លំនៅឋានទាំងនោះ ដោយអះអាងថា គ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ប៉ុន្តែ ក្រសួងគ្មានបញ្ជាក់ពីវិធានការផ្លូវច្បាប់ ប្រឆាំងមកលើម្ចាស់ក្រុមហ៊ុនទាំងនោះឡើយ។
បញ្ហារកស៊ី និងការវិនិយោគគម្រោងអភិវឌ្ឍន៍លំនៅឋាន ផ្ទះល្វែង និងគម្រោងដីឡូតិ៍ នៅតែជា បញ្ហាដ៏គួរឱ្យព្រួយបារម្ភ ព្រោះកន្លងទៅ មានពលរដ្ឋរាប់ម៉ឺននាក់នៅទូទាំងប្រទេស បានចាញ់បោកឧកញ៉ា និងមានអំណាច ទុច្ចរិត មួយចំនួន ក្រោយពីពួកគាត់ បានចូលរួមទិញគម្រោងអភិវឌ្ឍន៍ទាំងនោះ ប៉ុន្តែ ពុំទទួលបានទ្រព្យសម្បត្តិ ហើយត្រូវខាតបង់លុយអស់រាប់ម៉ឺនដុល្លារ។ អ្នកឃ្លាំមើលថា ប្រសិនបើ ក្រសួងពាក់ព័ន្ធ បានរកឃើញថា មានក្រុមហ៊ុន ណាបន្តធ្វើអាជីវកម្មដោយខុសច្បាប់ គឺត្រូវតែចាត់វិធានការផ្លូវច្បាប់ ជាបន្ទាន់ ដោយគ្មានការលើកលែង។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) លោក យង់ គិមអេង ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៨ ខែកក្កដាថា ការបន្តឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន លក់ផ្ទះល្វែង ឬគម្រោងដីឡូត៍ ផ្សេងៗ ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺជាបញ្ហាដ៏ធំបំផុត ដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ពលរដ្ឋ ។ លោកអះអាងថា ប្រសិនបើក្រសួងពាក់ព័ន្ធ រកឃើញថា ក្រុមហ៊ុនណាមួយ គ្មានភាពស្របច្បាប់ ត្រូវតែចាត់វិធានការជាបន្ទាន់ មិនគួរត្រឹមតែជូនដំណឹងឱ្យពលរដ្ឋ មានការប្រុងប្រយ័ត្នប៉ុណ្ណោះទេ។
លោករំលឹកថា អស់ជាច្រើនឆ្នាំមកនេះមានពលរដ្ឋរាប់ម៉ឺននាក់រួចមកហើយ ដែលត្រូវបានឧកញ៉ា និងម្ចាស់ក្រុមហ៊ុនលក់ដូរអចលនទ្រព្យ បោកប្រាស់ពលរដ្ឋ អស់លុយរាប់ម៉ឺនដុល្លារ ហើយមកទល់ពេលនេះ ប្រជាពលរដ្ឋជាច្រើន នៅពុំទាន់ទទួលបាននូវយុត្តិធម៌នោះឡើយ។
ការលើកឡើងនេះ ក្រោយពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែកក្កដា បានបង្ហោះព័ត៌មាន រួមនឹងបញ្ជីឈ្មោះគម្រោង អភិវឌ្ឍន៍លំនៅឋានចំនួន៦ ដែលកំពុងដំណើរការអាជីវកម្ម ដោយគ្មាន អាជ្ញាប័ណ្ណត្រឹមត្រូវ។ ក្រសួងបានស្នើឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ហើយកុំឱ្យចូលរួមរកស៊ីជាមួយ។ គម្រោងអភិវឌ្ឍន៍ទាំងនោះរួមមាន គម្រោងវិឡាទោល តាបារាំង ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គម្រោងបុរី វិមានមាស ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។ គម្រោងលំនៅឋានមរកតសែនសុខ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោង ម៉ាយូរ៉ា អង្គរ (MAYURA ANGKOR)ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គម្រោងបុរី ហ្គ្រីនកំពត ស្ថិត នៅក្រុងកំពត ខេត្តកំពត និងគម្រោង សុខារ៉េស៊ីដេន សានកូ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គម្រោង អភិវឌ្ឍន៍លំនៅឋានចំនួន៦នេះ គេនៅពុំទាន់ដឹងនៅឡើយថា តើជាកម្មសិទ្ធិរបស់នរណា និងស្ថិតនៅ ក្រោមក្រុមហ៊ុន ណាមួយពិតប្រាកដនៅឡើយ ។ រីឯក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ពុំបានបញ្ចេញឈ្មោះម្ចាស់គម្រោងទាំងនោះដែរ។ ទូរទស្សន៍អាស៊ីសេរីបានព្យាយាមហៅទូរស័ព្ទ ទៅកាន់តំណាងគម្រោងទាំងនោះ តាមរយៈលេខទូរស័ព្ទ ដែលមានដាក់នៅលើគណនីហ្វេសប៊ុក របស់គម្រោងអភិវឌ្ឍន៍លំនៅឋានទាំងនោះប៉ុន្តែពុំអាចទាក់ទងបាន គិតត្រឹមថ្ងៃទី២៨ ខែកក្កដា។
ជាមួយគ្នានោះ ទូរទស្សន៍អាស៊ីសេរី ក៏នៅពុំទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បាននៅឡើយដែរ នៅថ្ងៃដដែលនេះ។
ជុំវិញរឿងនេះ អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី យល់ថា ការដែលក្រុមហ៊ុនបើកអាជីវកម្មរកស៊ី ដោយគ្មានអាជ្ញាប័ណ្ណ គឺជាអំពើខុសច្បាប់ ហើយអាជ្ញាធរពាក់ព័ន្ធត្រូវតែចាត់វិធានការជាបន្ទាន់។ ជាមួយគ្នានោះ លោកបារម្ភថា ប្រសិនបើឱ្យក្រុមហ៊ុននេះនៅតែបន្តប្រតិបត្តិការគឺជាគ្រោះថ្នាក់សម្រាប់ពលរដ្ឋ ព្រោះពលរដ្ឋភាគច្រើន មិនសូវហ៊ានសួរនាំស៊ីជម្រៅលើភាពស្របច្បាប់ និងមិនស្របច្បាប់របស់ក្រុមហ៊ុនទាំងនោះទេ ដូច្នេះលោកថា ពលរដ្ឋ ងាយនឹងធ្លាក់ទៅក្នុងអំពើបោកប្រាស់។ ទន្ទឹមគ្នានោះ លោកថា កាលណាដែលអាជ្ញាធរពាក់ព័ន្ធ មិនចាត់វិធានការផ្លូវច្បាប់ទេ ធ្វើឱ្យជនទុច្ចរិត មួយចំនួនបន្តយកគំរូតាមគ្នា។ «»
គេសង្កេតឃើញថា អាជីវកម្មផ្នែកវិស័យអចលនទ្រព្យ ហាក់មានការកើនឡើងច្រើន ជាពិសេសក្នុងអំឡុងឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៥។ ប៉ុន្តែក្រោយមក វិស័យនេះធ្លាក់ចុះ ជាបន្តបន្ទាប់ ស្របពេលពលរដ្ឋខ្មែរ រាប់ម៉ឺននាក់ ស្ទើរតែទូទាំងប្រទេសត្រូវបានក្រុមឧកញ៉ា និងមន្ត្រីទុច្ចរិត មួយចំនួន បោកប្រាស់លុយ អស់រាប់ម៉ឺនដុល្លារ ដូចជា ករណី ពលរដ្ឋទិញផ្ទះល្វែង ពីក្រុមហ៊ុន ឧកញ៉ា ឡេង ណាវ៉ាត្រា អតីតឧកញ៉ា ហ៊ី គឹមហុង អតីតឧកញ៉ា ឡេង ចាន់ណា និងឧកញ៉ាដទៃទៀតហើយជនរងគ្រោះទាំងនោះ នៅតែពុំទាន់ទទួលបានយុត្តិធម៌ នៅឡើយ។
អ្នកឃ្លាំមើលសង្កេតឃើញថា បញ្ហាទាំងនេះបានធ្វើឱ្យពលរដ្ឋជាច្រើនធ្លាក់ក្នុងបំណុលវ័ណ្ឌក ហើយ ពលរដ្ឋខ្លះទៀត បានលក់អស់ផ្ទះសម្បែង និងទ្រព្យសម្បត្តិមានតម្លៃដើម្បី សងបំណុលធនាគារ។ រឹតតែធ្ងន់ធ្ងរជាងនេះ ពលរដ្ឋខ្លះ ជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ រហូតដល់ធ្វើអត្តឃាត។ ពួកគាត់ថា រដ្ឋាភិបាល មិនត្រូវបណ្ដែតបណ្ដោយឲ្យម្ចាស់ ក្រុមហ៊ុន ទុច្ចរិតទាំងនោះ បន្តរស់នៅដោយគ្មានការទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ ហើយត្រូវតែពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយចំពោះក្រុមហ៊ុនរកស៊ី ទាំងអស់នៅកម្ពុជា ដើម្បីទប់ស្កាត់កុំឱ្យមានករណីបោកប្រាស់ពលរដ្ឋបន្តទៀត៕









