លោក ហ៊ុន ម៉ាណែត លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម ប៉ុន្តែ​ហាម​ប្រើ​ភាសា អសុរោះ

0
12
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលយោធាចាប់ខ្លួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយគ្រួសារយោធិន ១៨រូប ដែលយោធាចាប់ខ្លួន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម ជុំវិញ​ក្ដី កង្វល់​មួយចំនួន ដែល​កើតមាន​នៅ​តាម​មូលដ្ឋាន ដើម្បី​បង្កើន​ភាព​ងាយស្រួល​ដល់​ការអនុវត្ត​ការងារ របស់​រដ្ឋាភិបាល ប៉ុន្តែ លោក​ព្រមាន​មិនឱ្យ​ប្រើ​ភាសា​អសុរោះ​នោះ​ឡើយ​។ ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​យល់ថា ការអនុវត្ត​ជាក់ស្ដែង ហាក់​ដើរ​ផ្ទុយ​នឹង​ការ​អះអាង​របស់​លោក ហ៊ុន ម៉ា​ណែ​ត ពីព្រោះ ពលរដ្ឋ​នៅតែ​បន្ត​រង​ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ និង​គំរាមកំហែង នៅពេល​ហ៊ាន​បញ្ចេញមតិ រឿង​អយុត្តិធម៌​សង្គម ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​សមរម្យ។

បើ​ទោះបីជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តែងតែ​លើកឡើង​ពី​ការគោរព​សិទ្ធិមនុស្ស និង​បើក​លំហ​សិទ្ធិ​សេរីភាព ដល់​ពលរដ្ឋ​ឱ្យ​មាន​សិទ្ធិ​លេញ​នៅ ក្នុង​ការ​បញ្ចេញមតិ​នៅ​លើ បណ្ដាញ​សង្គម ដោយ​គ្មាន​ការ​រឹតត្បិត​ក្ដី ការ​អះអាង​ទាំងនោះ នៅតែ​ជា​បញ្ហា​ចោទ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ថា ហាក់​ពុំ​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះ​ទេ ខណៈ​ដែល​បច្ចុប្បន្ន មាន​ពលរដ្ឋ អ្នកនយោបាយ​បក្ស​ប្រឆាំង សហជីព និង​សកម្មជន​បរិស្ថាន ជាង​១០០​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ ចាប់​ដាក់​ពន្ធនាគារ ទាំង​អយុត្តិធម៌ ពាក់ព័ន្ធ ការប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​នេះ។

ថ្លែង​នៅក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​កម្មសិទ្ធិ​ដីធ្លី​ជូន ប្រជាពលរដ្ឋ នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​នៅ​ថ្ងៃទី​២៩ ខែកក្កដា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត លើកឡើង​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ថា ចាប់​តាំង​សម័យ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស រហូតមកដល់​អាណត្តិ​របស់​លោក គឺ​មន្ត្រី​មូលដ្ឋាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​តែងតែបាន​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​បាន​គ្រប់ពេលវេលា ហើយ​រដ្ឋាភិបាល​របស់​លោក បាន​ក្ដោប​បញ្ហា​បាន​ជុំវិញ គ្រប់​ទីកន្លែង ទាំង​ទទួល​បាន​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ និង​ពលរដ្ឋ​ដែល​សម្ដែង​មតិ​លើ​បណ្ដាញ​សង្គម​។ ក្នុង​នោះ លោក​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​បន្ត​សម្ដែង​មតិ បង្ហាញ​ពី​បញ្ហា​ក្នុង​មូលដ្ឋាន ដើម្បី​ឱ្យ​រដ្ឋាភិបាល​យក​មក​ថ្លឹងថ្លែង ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឱ្យ​ទាន់​ពេលវេលា​។ ប៉ុន្តែ​យ៉ាងណា​លោក មិន​លើកទឹកចិត្ត​ឡើយ ចំពោះ​ការ​បញ្ចេញមតិ​ដោយ​ការប្រមាថ​អ្នកដទៃ និង​អ្នក​ដែល បញ្ចេញមតិ មិនមែន​នៅ ក្នុង​ហេតុការណ៍​ជាក់ស្ដែង។

លោក ហ៊ុន ម៉ាណែត៖ «ហ្វេសប៊ុក និង​បណ្ដាញ​សង្គម​នេះ គឺជា​មូលដ្ឋាន គឺជា​រក​មធ្យោបាយ​មួយ​ដែល​ប្រជាជន​អាច​ផ្ដល់​ព័ត៌មាន​ផ្ទាល់​តែម្ដង ហើយ​រាជរដ្ឋាភិបាល​តាំងពី​អាណត្តិ​មុនៗ សម្ដេច​តេជោ​លោក​តែងតែ​មើល​តាម​ហ្នឹង កន្លែង​ខ្លះ​ខ្វះ​អី​ផ្សេងៗ ដោះស្រាយ​យ៉ាងម៉េច​ទៅ​? អាណត្តិ​នេះ យើង​ធ្វើតាម ក្រសួង​ស្ថាប័ន​នីមួយៗ​ក៏​ក្ដាប់​ជាប់​នូវ​រឿង​បញ្ហា​នេះ​។ ចឹង​ក៏​សូម​អរគុណ​ណាស់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​បញ្ចេញមតិ​។ និយាយ​រួម​បញ្ចេញមតិ កុំ​ចូល​មក​ជេរ​យកៗ​… បញ្ចេញ​មក​ថា​បញ្ហា​មានអី​ពិតប្រាកដ​ដើម្បី​ក្ដាប់​បាន ហើយ​ចង់​បានតែ​អ្នក​ដែល​ដឹង​រឿង​ផ្ទាល់ ព្រោះ​ជួនកាល​កន្លែង​ខ្លះ​បញ្ហា​នៅ​តាម​បណ្ដាញ​សង្គម​លើក​មក យើង​ក៏​មាន​បញ្ហា​… ដូចជា​យើង​ក៏​មាន​ការ​ផ្ទៀងផ្ទាត់​ជាមួយ​មូលដ្ឋាន ក៏​មាន​ការ​ពន្យល់​។ កន្លែង​ខ្លះ​អ្នក​ដែល​បង្ហោះ​ហ្នឹង មិនមែន​អ្នក​នៅ​ផ្ទាល់​ទេ ដល់​សួរ​ចុះឡើង​គាត់​នៅ​ថៃ​ឯណោះ»។

ផ្ទុយ​ពី​ការ​លើក​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត នេះ ប្រជាពលរដ្ឋ​រងគ្រោះ រួម​ទាំង​សកម្ម​នយោបាយ និង​សកម្មជន​នានា តែងតែ​ទទួលរង​នូវ​ការ​គំរាមកំហែង ការ​ធ្វើទុក្ខបុកម្នេញ ការ​បង្ក្រាប​ដោយ​ហិង្សា និង​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ដោយសារ​គ្រាន់តែ​ពួកគាត់ ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ ឬ​ការ​តវ៉ា​ដោយ​សន្ត​វិធី​។ ជាក់ស្ដែង ប្រជាពលរដ្ឋ រងគ្រោះ​ដីធ្លី ជាច្រើន​ក្រុម មកពី​បណ្ដា​ខេត្ត​នានា ដូចជា​ខេត្តកោះកុង ខេត្តព្រះវិហារ និង​ថ្មីៗ​នេះ តំណាង​ពលរដ្ឋ ៤៨​គ្រួសារ​ពី​កំពង់ធំ បាន​នាំគ្នា​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​ក្រសួង​ដែនដី​ជួយ​រក​ដោះស្រាយ​វិវាទ​ដីធ្លី មិន​ត្រឹមតែ​គ្មាន​ដំណោះស្រាយ​ទេ ថែមទាំង​រង​នូវ​ការ​គំរាមកំហែង និង​ការរារាំង ហើយ​តំណាង​ពលរដ្ឋ​រងគ្រោះ​ជាប់​បណ្ដឹង​នៅក្នុង​តុលាការ​ថែមទៀត។

រឹតតែ​ធ្ងន់ធ្ងរ​ទៀត​នោះ ប្រជាពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ចិន​ជាច្រើន​នាក់ ដែល​រងគ្រោះ​ពី​ការ​បាត់​បង់លុយ​រាប់​ម៉ឺន​ដុល្លារ ក្រោយពី​យក​លុយ​ទៅ​ដាក់​នៅក្នុង​គណនី​ធនាគារ ហួយវ័ន ផេ (Huione Pay) ហើយ​បាន​ប្រមូល​ម្ដុំ​គ្នា​តវ៉ា​ដោយ​សន្តិវិធី​ស្វែងរក​ដំណោះស្រាយ​អស់​ជាច្រើន​ខែ​មក​ហើយ​ក្ដី ក៏​ពុំ​ទទួល​បាន​ដំណោះស្រាយ សមរម្យ​នោះ​ដែរ ផ្ទុយទៅវិញ តំណាង​បាតុករ​ទាំងនោះ ដែល​ជា​ជនជាតិ​ខ្មែរ និង​ជនជាតិ​ចិន ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ ប្រើ​អំពើ​ហិង្សា និង​ចាប់​ដាក់​ពន្ធនាគារ ជាដើម។

រីឯ សកម្មជន​នយោបាយ​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស សហជីព និង​សកម្មជន​បរិស្ថាន ជាង​១២៣​នាក់ ដែល​តែងតែ​សកម្ម​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ស្របតាម​ច្បាប់​ដើម្បី​ជំរុញ ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​សង្គម ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា រួម​ទាំង​បញ្ចេញមតិ​អំពី​បញ្ហា​ជម្លោះព្រំដែន​ខ្មែរ​-​ថៃ​នោះ បែរជា​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាការ និង​ចោទប្រកាន់​តាមផ្លូវ​តុលាការ​យ៉ាង​អយុត្តិធម៌​។ អ្នកឃ្លាំមើល​យល់ថា សកម្មជន​ទាំងនោះ សុទ្ធសឹងតែ​ជា​អ្នក​ដែល តស៊ូ​មតិ​ប្រកបដោយ​ក្រមសីលធម៌​ខ្ពស់ ក៏​នៅតែ​ត្រូវ​បាន រដ្ឋាភិបាល​ចាប់​ពន្ធនាគារ​ដែរ ខណៈ​បញ្ហា​អយុត្តិធម៌​សង្គម​បន្ត​កើនឡើង ដូចជា​អំពើពុករលួយ ការរំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា យល់​ថា ការ​ថ្លែង​របស់​លោក​ហ៊ុន ម៉ា​ណែ​ត រឿង​បើក​សិទ្ធិ​សេរីភាព​ឱ្យ​ពលរដ្ឋ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម គ្រាន់តែ​ជា​វោហារសាស្ត្រ ដែល​បង្កប់​នូវ​របៀបវារៈ នយោបាយ​ពោរពេញ ដោយ​កលល្បិច ប៉ុណ្ណោះ ព្រោះ​ជាក់ស្ដែង របប​ក្រុងភ្នំពេញ ពុំ​សូវ​សប្បាយចិត្ត​ចំពោះ ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​នោះទេ​។ ទន្ទឹមគ្នា​នោះ លោក​ថា រដ្ឋាភិបាល ក៏​តែងតែ​រក​វិធី​គ្រប់បែបយ៉ាង ដើម្បី​ធ្វើទុក្ខបុកម្នេញ និង​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ ដែល​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ ដ៏​ឃោរឃៅ របស់ លោក ហ៊ុន សែន​គឺ​«​ងើប​មួយ​វាយ​មួយ​» ចំពោះ​ពលរដ្ឋ​ណា ដែល​ហ៊ាន​រិះគន់​ការ ដឹកនាំ របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន។

លោក ស៊ឹង សែនករុណា បន្ថែម​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ភាគច្រើន​នៅក្នុង​ស្រុក លែង​ហ៊ាន​និយាយ​ស្ដី ឱ្យ​បាន​ទូលំទូលាយ​។ លោក​បន្ត​ថា ប្រសិនបើ លោក ហ៊ុន ម៉ាណែត មើលឃើញ​ថា ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​ពិតជា​មាន​សារសំខាន់​មែន​នោះ លោក ហ៊ុន ម៉ាណែត គួរតែ​ដោះលែង ពលរដ្ឋ​ដែល​ជាប់ពន្ធនាគារ​កន្លង​មក​ដោយសារ​ការ​បញ្ចេញ​មតិ ដើម្បី​ផ្ដល់​ទំនុកចិត្ត ដល់​ពលរដ្ឋ​ឡើងវិញ​។ ជាមួយគ្នា​នោះ លោក​អះអាង ចំពោះ ពលរដ្ឋ ដែល​ប្រើប្រាស់​ពាក្យ អសុរោះ​ជេរប្រមាថ អ្នកដទៃ គឺជា​រឿង​អសីលធម៌ គ្មាន​នរណា​ឱ្យ​តម្លៃ​នោះ​ទេ និង គ្មាន​ឥទ្ធិពល​ធំដុំ ដល់​ថ្នាក់​ចាប់​ដាក់​ពន្ធនាគារ​នោះ​ដែរ​។ លោក​មើល​ឃើញ​ថា អ្នក​ដែល​មាន​ឥទ្ធិពល ដល់​សង្គមជាតិ​ពិតប្រាកដ គឺ លោក​ហ៊ុន សែន ទៅវិញ​ទេ ព្រោះ លោក​តែង​ជេរប្រមាថ មក​លើ គណបក្សប្រឆាំង អ្នកវិភាគ និង​ពលរដ្ឋ​​ជា​ហូរហែ។

លោក ស៊ឹង សែនករុណា៖ «ប៉ុន្តែ​អ្នក​ដែល​បញ្ចេញមតិ​នៅ​ពាក្យ​អសុរោះ ឬក៏​ពាក្យ​គំរាមកំហែង​ចាប់​កាប់សម្លាប់​អី​ទាំងអស់​នេះ ខ្ញុំ​គិតថា​ក៏​អតីត​នាយករដ្ឋមន្ត្រី ដែល​ប្រធាន​ព្រឹទ្ធសភា​នឹង​ហើយ គឺ​ការ​បញ្ចេញមតិ​នៅ​តាម​ទី​សាធារណៈ នៅ​តាម​វេទិកា​ផ្សេងៗ​ផង នេះ​គឺជា​គំរូ​អាក្រក់​ដែល​យើង​មើលឃើញ​កន្លងមក​រួច​ទៅ​ហើយ»។

អ្នកឃ្លាំមើល​យល់ថា សង្គមជាតិ​មួយ​រីក​ច្រើន មិនមែន​ដោយសារតែ​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស ប្រកាន់​ជំហរ​ថា​ខ្លួន ធ្វើ​ត្រូវ​រហូត​នោះ​ទេ គឺ​តម្រូវ​ឱ្យ​មាន​ការចូលរួម ពី​សំណាក់​ពលរដ្ឋ​គ្រប់​និន្នាការ​។ ពួកគាត់​ថា លោក ហ៊ុន ម៉ាណែត មិនមែន​មិនដឹង​អ្វី​ខុស​អ្វី​ត្រូវ​នោះ​ទេ ប៉ុន្តែ​ការ​ព្រួយបារម្ភ​ខ្លាច​បាត់បង់​អំណាច ហួសហេតុ​ពេក ទើប​ធ្វើ​ឱ្យ​មនុស្ស​លែង​ខ្វល់​ពី​គុណ​តម្លៃ​នៃ​ការដឹកនាំ​ប្រទេសជាតិ​ទៅ​រក​ភាព​រីកចម្រើន​។ ពលរដ្ឋ និង​អ្នកឃ្លាំមើល ទទូច​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គិត​ពិចារណា​ឡើងវិញ ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ហើយ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ ព្រោះ​ការ​ទុក្ខបុកម្នេញ​ពលរដ្ឋ គឺជា​ការ​ធ្វើ​នយោបាយ​ដ៏​ឆោតល្ងង់ ដែល​ធ្វើ​ឱ្យ​ប្រទេសជាតិ គ្មាន​ការ​រីកចម្រើន និង​ពោរពេញ​ដោយ​អំពើ​អយុត្តិធម៌៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ