

គណបក្សភ្លើងទៀន និងសង្គមស៊ីវិល ទទូចឲ្យអាជ្ញាធរឈប់បន្ដការចោទប្រកាន់ហួសហេតុលើសកម្មជន និងសមាជិកគណបក្សក្រៅរដ្ឋាភិបាលនៅមុនការបោះឆ្នោតហើយបើកសេរីភាពប្រកួតប្រជែងតាមគោលការណ៍ប្រជាធិបតេយ្យ។ ការទទូចនេះ បន្ទាប់ពីអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានចាប់ឃុំខ្លួនសកម្មជន និងសមាជិកគណបក្សក្រៅរដ្ឋាភិបាលជាបន្តបន្ទាប់ ដែលចុងក្រោយ គឺការចាប់ខ្លួនប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តឧត្តរមានជ័យ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្ត ស្នើឲ្យអាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឈប់បន្តបិទសិទ្ធិសេរីភាពនយោបាយ ដោយការចោទប្រកាន់ និងចាប់ខ្លួនយ៉ាងអយុត្តិធម៌ លើសកម្មជន និងសមាជិកគណបក្សក្រៅរដ្ឋាភិបាលនៅមុនការបោះឆ្នោត។
លោក លី សុធារ៉ាយុត្ត ប្រាប់ទូរទស្សអាស៊ីសេរីថា សមាជិកគណបក្សភ្លើងទៀនត្រូវរងការចោទប្រកាន់ហួសហេតុ ដោយគ្រាន់តែការសន្ទនាឯកជនតាមទូរស័ព្ទជាដើម។ ហេតុនេះ លោកទទូចឲ្យរដ្ឋាភិបាល និងតុលាការដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការទាំងអស់ ហើយបើកលំហសេរីភាពប្រកួតប្រជែងដល់គ្រប់គណបក្សនយោបាយ។
លោក លី សុធារ៉ាយុត្ត៖ «ពួកយើងយល់ថាលំហសេរីភាព លំហនយោបាយនាពេលបច្ចុប្បន្ន ជាពិសេសមុនការបោះឆ្នោតនេះ គឺកាន់តែរួមតូចទៅ ដោយសារអី ដោយសារសកម្មជនគណបក្សយើង ហើយហ្នឹងគណបក្សផ្សេងទៀត ជាពិសេស គឺគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ រងទទួលនូវការបំភ័យបំភិត រងទទួលនូវការបន្លាច ហើយរងនូវការចាប់ចង ដោយសារតែការសន្ទនាគ្នាតាមទូរសព្ទ ឬក៏បញ្ចេញមតិនៅលើប្រព័ន្ធសង្គម»។
ការស្នើរបស់អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្ត ធ្វើឡើងបន្ទាប់ពីសមាជិកគណបក្សភ្លើងទៀន គឺលោក ញាន សារុំ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់បទព្រហ្មទណ្ឌ ជុំវិញការសន្ទនាតាមទូរស័ព្ទ។
លោក ញាន សារុំ គឺជាចៅសង្កាត់រងទី២នៃគណបក្សភ្លើងទៀន នៅសង្កាត់អូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ ជាសមាជិកគណៈកម្មាធិការនាយក និងជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តឧត្តរមានជ័យ។ លោក ក៏ត្រៀម ខ្លួនឈរឈ្មោះជាបេក្ខជនចៅសង្កាត់ នៃគណបក្សឆន្ទៈខ្មែរ នៅឯការបោះឆ្នោត ឃុំ/សង្កាត់ ឆ្នាំ២០២៧ដែរ។
អង្គការលីកាដូរាយការណ៍ កាលពីថ្ងៃទី១៧ ខែសីហាឲ្យដឹងថា នគរបាលខេត្តឧត្តរមានជ័យ បានចាប់ខ្លួនលោក ញាន សារុំ អាយុ ៦៤ឆ្នាំ នៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ហើយនៅថ្ងៃទី៧ ខែសីហា លោក សារុំ ក៏ត្រូវបានបញ្ជូន ទៅសាលាដំបូងខេត្តឧត្តរមានជ័យ។ លោកត្រូវបានសាលាដំបូងខេត្តនេះចោទប្រកាន់ ពីបទ«ញុះញង់ឱ្យ មានការរើសអើង» តាមមាត្រា ៤៩៦ និងបទ«ប្រមាថ» មាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។
ការចោទប្រកាន់លើចៅសង្កាត់រងទី២នៃគណបក្សភ្លើងទៀនលោក ញាន សារុំ នេះ ធ្វើឡើងទាក់ទងទៅនឹងការសន្ទនាឯកជនមួយដែលលោក សារុំ និយាយ តាមទូរស័ព្ទជាមួយនឹងអតីតសហការីរបស់លោក។ អតីតសហការីរូបនោះ ក៏ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ដូចរូបលោក សារុំ ដែរ។
លោក ញាន សារុំ បច្ចុប្បន្ន ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារខេត្តឧត្តរមានជ័យ និងអាចប្រឈមការជាប់ពន្ធនាគា រហូតដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ ៦លានរៀល ឬ ប្រហែល ១៥០០ដុល្លារ ប្រសិនបើលោក ត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៨ ខែសីហា ថា ករណីសមាជិកគណបក្ស ភ្លើងទៀន លោក ញាន សារុំ មិនមែនជាប្រធានបទ ដែលត្រូវចាប់ខ្លួនទេ ពីព្រោះលោកសន្ទនាតាមទូរស័ព្ទ ជាលក្ខណៈឯកជន ហើយអាជ្ញាធរគួរតែពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ។ លោកថា សង្គមស៊ីវិលជាតិ និងសហគមន៍អន្តរជាតិ មានការព្រួយ បារម្ភ អំពីការរឹតត្បិតលើសេរីភាពបញ្ចេញមតិ ការជួបប្រជុំ និងសេរីភាពធ្វើ សកម្មភាពនយោបាយនៅមុនការបោះឆ្នោត ដែលនៅតែរងការរិះគន់។
លោក អំ សំអាត៖ «យើងឃើញថា ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២៧ ហ្នឹង ក៏ឈានជិតមកដល់ដែរ។ អ៊ីចឹងបើសិនជាការចាប់ខ្លួនទៅលើសកម្មជនគណបក្សនយោបាយជាពិសេសគណបក្សប្រឆាំង នៅតែមានការចាប់ជាបន្តបន្ទាប់ អាហ្នឹងគឺជៀសមិនផុតដែលគេលើកឡើងថា បរិយាកាស ឬក៏លំហសេរីភាព នយោបាយហ្នឹង ហាក់បីដូចជារួមតូច។ អ៊ីចឹង វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរ ការលទ្ធិប្រជាធិបតេយ្យ ឬក៏មានការបារម្ភ ទាក់ទងទៅនឹងស្ថានភាពលំហសេរីភាព នយោបាយ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២៧ផងដែរ»។
អ្នកឃ្លាំមើលកត់សម្គាល់ថា គណបក្សក្រៅរដ្ឋាភិបាល ដែលជាគោលដៅរបស់ រដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន ក្នុងការធ្វើទុក្ខបុកម្នេញច្រើនជាងគេ គឺគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និង គណបក្សកម្លាំងជាតិ។
អង្គការលីកាដូរាយការណ៍កាលពីពេលថ្មីៗថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារទូទាំងប្រទេស ក្រោមបទចោទពាក់ព័ន្ធនឹងការប្រើប្រាស់សិទិ្ធ មានការកើនឡើងរហូតដល់ ១៣១នាក់ គិតត្រឹមខែមេសា ហើយបន្ត កើនឡើងរហូតដល់ខែសីហាឆ្នាំ២០២៦។ លើសពីនេះទៀត លីកាដូឲ្យដឹងថា មានមនុស្ស ៣០នាក់បន្ថែមទៀត ដែលកំពុងជាប់ឃុំដោយប្រើប្រាស់សិទិ្ធ នៅក្នុង រយៈពេល ៦ខែដើមឆ្នាំ២០២៦។
អង្គការលីកាដូ អះអាងថា ចំនួនអ្នកជាប់ឃុំដោយការប្រើប្រាស់សិទ្ធិ ឬអ្នកទោសមនសិការ ឬ អ្នកទោសនយោបាយនេះ មានការកើនឡើងយ៉ាងខ្លាំង ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយ ហើយនេះ ក៏ជាពេលវេលាដែលនឹងកៀកការបោះឆ្នោតដែរ។
អ្នកឃ្លាំមើលលើកឡើងថា ការបោះឆ្នោតដែលមិនបើកសេរីភាពប្រកួតប្រជែង នយោបាយនិង សេរីភាពបញ្ចេញមតិ គឺជាទម្រង់បន្តក្ដោបក្ដាប់អំណាច ដោយការប្រហាររដ្ឋធម្មនុញ្ញ ឬបំផ្លាញឆន្ទៈអ្នកបោះឆ្នោត ទាំងនៅមូលដ្ឋាន និងនៅថ្នាក់ជាតិ៕









