គណបក្ស​ភ្លើងទៀន និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​ឈប់​បិទ​សេរីភាព​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត

0
85
សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ខេត្តឧត្ដរមានជ័យ​លោក ញាន សា​រុំ។ រូប៖ ផ្ដល់ឱ្យ
សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ខេត្តឧត្ដរមានជ័យ​លោក ញាន សា​រុំ។ រូប៖ ផ្ដល់ឱ្យ

គណបក្ស​ភ្លើងទៀន និង​សង្គម​ស៊ីវិល ទទូច​ឲ្យ​អាជ្ញាធរ​ឈប់​បន្ដការ​ចោទ​ប្រកាន់​ហួសហេតុ​លើ​សកម្មជន និង​សមាជិក​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នៅ​មុន​ការ​បោះឆ្នោត​ហើយ​បើក​សេរីភាព​ប្រកួតប្រជែង​តាម​គោលការណ៍​ប្រជាធិបតេយ្យ​។ ការ​ទទូច​នេះ បន្ទាប់ពី​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ចាប់​ឃុំខ្លួន​សកម្មជន និង​សមាជិក​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់ ដែល​ចុងក្រោយ គឺ​ការ​ចាប់ខ្លួន​ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ខេត្ត​ឧត្តរមានជ័យ។

អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន លោក លី សុធារ៉ាយុត្ត ស្នើ​ឲ្យ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឈប់​បន្ត​បិទ​សិទ្ធិ​សេរីភាព​នយោបាយ ដោយ​ការចោទប្រកាន់ និង​ចាប់ខ្លួន​យ៉ាង​អយុត្តិធម៌ លើ​សកម្មជន និង​សមាជិក​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នៅមុន​ការបោះឆ្នោត។

លោក លី សុធារ៉ាយុត្ត ប្រាប់​ទូរទស្ស​អាស៊ីសេរី​ថា សមាជិក​គណបក្ស​ភ្លើងទៀន​ត្រូវ​រង​ការចោទប្រកាន់​ហួសហេតុ ដោយ​គ្រាន់តែ​ការ​សន្ទនា​ឯកជន​តាម​ទូរស័ព្ទ​ជាដើម។ ហេតុនេះ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​ដោះលែង​អ្នកទោស​នយោបាយ និង​អ្នកទោស​មនសិការ​ទាំង​អស់ ហើយ​បើក​លំហ​សេរីភាព​ប្រកួតប្រជែង​ដល់​គ្រប់​គណបក្ស​នយោបាយ។

លោក លី សុធា​រ៉ាយុត្ត​៖ «ពួក​យើង​យល់​ថា​លំហ​សេរីភាព លំហ​នយោបាយ​នា​ពេល​បច្ចុប្បន្ន ជាពិសេស​មុន​ការបោះឆ្នោត​នេះ គឺ​កាន់តែ​រួម​តូច​ទៅ ដោយសារ​អី ដោយសារ​សកម្មជន​គណបក្ស​យើង ហើយ​ហ្នឹង​គណបក្ស​ផ្សេងទៀត ជាពិសេស គឺ​គណបក្ស​ភ្លើងទៀន គណបក្ស​ឆន្ទៈ​ខ្មែរ រង​ទទួល​នូវ​ការ​បំភ័យ​បំភិត រង​ទទួល​នូវ​ការ​បន្លាច ហើយ​រង​នូវ​ការ​ចាប់ចង ដោយសារតែ​ការ​សន្ទនា​គ្នា​តាម​ទូរ​សព្ទ ឬក៏​បញ្ចេញមតិ​នៅ​លើ​ប្រព័ន្ធ​សង្គម»។

ការស្នើ​របស់​អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន លោក លី សុធារ៉ាយុត្ត ធ្វើឡើង​បន្ទាប់ពី​សមាជិក​គណ​បក្ស​ភ្លើងទៀន គឺ​លោក ញាន សារុំ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ចោទប្រកាន់​បទ​ព្រហ្មទណ្ឌ ជុំវិញ​ការសន្ទនា​តាម​ទូរស័ព្ទ។

លោក ញាន សារុំ គឺជា​ចៅ​សង្កាត់​រង​ទី​២​នៃ​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​អូរស្មាច់ ក្នុង​ខេត្ត​ឧត្តរមានជ័យ ជា​សមាជិក​គណៈកម្មាធិការ​នាយក និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ខេត្ត​ឧត្តរមានជ័យ​។ លោក ក៏​ត្រៀម ខ្លួន​ឈរឈ្មោះ​ជា​បេក្ខជន​ចៅសង្កាត់ នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ នៅ​ឯ​ការបោះឆ្នោត ឃុំ​/​សង្កាត់ ឆ្នាំ​២០២៧​ដែរ។

អង្គការ​លីកាដូ​រាយការណ៍ កាលពី​ថ្ងៃទី​១៧ ខែសីហា​ឲ្យ​ដឹង​ថា នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ចាប់ខ្លួន​លោក ញាន សារុំ អាយុ ៦៤​ឆ្នាំ នៅ​យប់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២៦ ហើយ​នៅ​ថ្ងៃទី​៧ ខែសីហា លោក សារុំ ក៏​ត្រូវ​បាន​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​។ លោក​ត្រូវ​បាន​សាលាដំបូង​ខេត្ត​នេះ​ចោទ​ប្រកាន់ ពី​បទ​«​ញុះញង់​ឱ្យ មានការ​រើសអើង​» តាម​មាត្រា ៤៩៦ និង​បទ​«​ប្រមាថ​» មាត្រា ៥០២ នៃ​ក្រមព្រហ្មទណ្ឌ។

ការចោទប្រកាន់​លើ​ចៅសង្កាត់​រង​ទី​២​នៃ​គណបក្ស​ភ្លើងទៀន​លោក ញាន សា​រុំ នេះ ធ្វើឡើង​ទាក់ទង​ទៅ​នឹង​ការសន្ទនា​ឯកជន​មួយ​ដែល​លោក សារុំ និយាយ តាម​ទូរស័ព្ទ​ជាមួយនឹង​អតីត​សហការី​របស់​លោក​។ អតីត​សហការី​រូប​នោះ ក៏​ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ដូច​រូបលោក សារុំ ដែរ។

លោក ញាន សារុំ បច្ចុប្បន្ន ត្រូវ​បាន​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ខេត្ត​ឧត្តរមានជ័យ និង​អាច​ប្រឈម​ការ​ជាប់​ពន្ធនាគា រហូតដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ប្រមាណ ៦​លាន​រៀល ឬ ប្រហែល ១៥០០​ដុល្លារ ប្រសិនបើ​លោក ត្រូវ​បាន​តុលាការ​រក​ឃើញថា បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៨ ខែ​សីហា ថា ករណី​សមាជិក​គណបក្ស ភ្លើងទៀន លោក ញាន សារុំ មិនមែន​ជា​ប្រធានបទ ដែល​ត្រូវ​ចាប់ខ្លួន​ទេ ពីព្រោះ​លោក​សន្ទនា​តាម​ទូរស័ព្ទ ជា​លក្ខណៈ​ឯកជន ហើយ​អាជ្ញាធរ​គួរតែ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ​។ លោក​ថា សង្គម​ស៊ីវិល​ជាតិ និង​សហគមន៍​អន្តរជាតិ មានការ​ព្រួយ បារម្ភ អំពី​ការ​រឹតត្បិត​លើ​សេរីភាព​បញ្ចេញមតិ ការ​ជួបប្រជុំ និង​សេរីភាព​ធ្វើ សកម្មភាព​នយោបាយ​នៅមុន​ការបោះឆ្នោត ដែល​នៅតែ​រង​ការរិះគន់។

លោក អំ សំអាត៖ «យើង​ឃើញថា ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០២៧ ហ្នឹង ក៏​ឈាន​ជិត​មកដល់​ដែរ​។ អ៊ីចឹង​បើសិនជា​ការ​ចាប់ខ្លួន​ទៅលើ​សកម្មជន​គណបក្សនយោបាយ​ជាពិសេស​គណបក្សប្រឆាំង នៅ​តែ​មាន​ការ​ចាប់​ជា​បន្តបន្ទាប់ អាហ្នឹង​គឺ​ជៀស​មិន​ផុត​ដែល​គេ​លើកឡើង​ថា បរិយាកាស ឬក៏​លំហ​សេរីភាព នយោបាយ​ហ្នឹង ហាក់បីដូច​ជា​រួម​តូច​។ អ៊ីចឹង វា​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ ការ​លទ្ធិប្រជាធិបតេយ្យ ឬក៏​មានការ​បារម្ភ ទាក់ទង​ទៅ​នឹង​ស្ថានភាព​លំហ​សេរីភាព នយោបាយ និង​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ឆ្នាំ​២០២៧​ផង​ដែរ»។

អ្នកឃ្លាំមើល​កត់សម្គាល់​ថា គណបក្ស​ក្រៅ​រដ្ឋាភិបាល ដែល​ជា​គោលដៅ​របស់ រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​ច្រើន​ជាងគេ គឺ​គណបក្ស​ភ្លើងទៀន គណបក្ស​ឆន្ទៈ​ខ្មែរ និង គណបក្ស​កម្លាំងជាតិ។

អង្គការ​លីកាដូ​រាយការណ៍​កាលពី​ពេល​ថ្មីៗ​ថា ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស ក្រោម​បទ​ចោទ​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សិទិ្ធ មាន​ការ​កើនឡើង​រហូត​ដល់ ១៣១​នាក់ គិត​ត្រឹម​ខែមេសា ហើយ​បន្ត កើនឡើង​រហូតដល់​ខែសីហា​ឆ្នាំ​២០២៦​។ លើស​ពី​នេះ​ទៀត លីកាដូ​ឲ្យ​ដឹ​ងថា មាន​មនុស្ស ៣០​នាក់​បន្ថែម​ទៀត ដែល​កំពុង​ជាប់ឃុំ​ដោយ​ប្រើប្រាស់​សិទិ្ធ នៅក្នុង រយៈពេល ៦​ខែ​ដើមឆ្នាំ​២០២៦។

អង្គការ​លីកាដូ អះអាង​ថា ចំនួន​អ្នក​ជាប់ឃុំ​ដោយ​ការប្រើប្រាស់​សិទ្ធិ ឬ​អ្នកទោស​មនសិការ ឬ អ្នក​ទោស​នយោបាយ​នេះ មាន​ការ​កើនឡើង​យ៉ាង​ខ្លាំង ក្នុង​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ ហើយ​នេះ ក៏​ជា​ពេល​វេលា​ដែល​នឹង​កៀក​ការបោះឆ្នោត​ដែរ។

អ្នកឃ្លាំមើល​លើកឡើង​ថា ការបោះឆ្នោត​ដែល​មិន​បើក​សេរីភាព​ប្រកួតប្រជែង នយោបាយ​និង សេរីភាព​បញ្ចេញមតិ គឺជា​ទម្រង់​បន្ត​ក្ដោប​ក្ដាប់​អំណាច ដោយ​ការ​ប្រហារ​រដ្ឋធម្មនុញ្ញ ឬ​បំផ្លាញ​ឆន្ទៈ​អ្នកបោះឆ្នោត ទាំង​នៅ​មូលដ្ឋាន និង​នៅ​ថ្នាក់​ជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ