

ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បាននាំភរិយា និងកូនស្រីច្បង គឺកញ្ញា កឹម មនោវិទ្យា ទៅជួយជជែក ៣ម៉ោង ជាមួយលោក ហ៊ុន សែន ដល់ផ្ទះ ហើយលោក ហ៊ុន សែន សរសើរកញ្ញា កឹម មនោវិទ្យា ថាជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។ អ្នកឃ្លាំមើល លើកឡើងថា ទោះបីជាលោក ហ៊ុន សែន និង លោក កឹម សុខា បង្ហាញភាពល្អូកល្អឺនក៏ដោយ ក៏កម្ពុជា នៅពុំទាន់មានភាពល្អប្រសើរនៃសេរីភាពនយោយបាយនៅឡើយខណៈលោក កឹម សុខា នៅតែមានឱកាសតិចតួចក្នុងការទទួលបានសិទ្ធិធ្វើនយោបាយ។
គ្រួសារលោក ហ៊ុន សែន និង គ្រួសារលោក កឹម សុខា បានជួបគ្នាជាបន្តបន្ទាប់ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោក កឹម សុខា បានជួបជជែកជាមួយលោក ហ៊ុន សែន ពីរដងហើយ បន្ទាប់ពីបានសិទ្ធិធ្វើដំណើរទាំងក្នុង និងក្រៅប្រទេសស្របពេល កញ្ញា កឹម មនោវិទ្យា ជួបលោក ហ៊ុន សែន ម្ដង និងលោក ហ៊ុន ម៉ាណែត ម្ដង។
ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានឱ្យដឹងលើហ្វេសប៊ុករបស់លោកថា លោក កឹម សុខា បានមកជួបលោកដល់ផ្ទះ មុនពេលលោក កឹម សុខា ទៅសួរសុខទុក្ខកងទ័ព និង ជនភៀសសឹក។ ចំណែកនៅថ្ងៃទី១៦ ខែសីហា លោក កឹម សុខា ភរិយារបស់លោក និងកូនស្រីច្បងគឺកញ្ញា កឹម មនោវិទ្យា បានទៅសួរសុខទុក្ខលោកម្តងទៀត និងជក់និយាយគ្នារហូតដល់ ៣ម៉ោង។
ប្រធានគណបក្សប្រជាជនកម្ពុជា បន្ថែមថា លោកនិយាយច្រើនជាមួយ កញ្ញា កឹម មនោវិទ្យា។ លើសពីនេះទៀត លោក ហ៊ុន សែន បានសរសើរកញ្ញា កឹម មនោវិទ្យា ថាពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។
លោក កឹម សុខា មិនបានបង្ហាញខ្លឹមសារទាក់ទងនឹងជំនួបនេះទេ។ យ៉ាងណា កូនស្រីរបស់លោកគឺកញ្ញា កឹម មនោវិទ្យា បញ្ជាក់ថា កញ្ញាមានកិត្តិយស ដែល បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធនឹងប្រទេស ជាតិ ជាមួយលោក ហ៊ុន សែន។
ក្រុមគ្រួសារលោក កឹម សុខា ដែលទៅជួបលោក ហ៊ុន សែន ដល់ផ្ទះនេះ កើតឡើង បន្ទាប់ពីមានជំនួបរវាងលោក ហ៊ុន ម៉ាណែត និង កញ្ញា កឹម មនោវិទ្យា កាលពីថ្ងៃទី១៤ ខែសីហាដែលលោក ហ៊ុន ម៉ាណែត អះអាងថា ជាការជួបជជែកគ្នា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា និងអាចរួមសហការគ្នាធ្វើកិច្ចការ ដើម្បីឧត្តមប្រយោជន៍ជាតិ ជាពិសេស នៅលើឆាកអន្តរជាតិ។
ជុំវិញការវិវត្តនយោបាយចុងក្រោយនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោកនៅមិនទាន់មើលឃើញអំពីពន្លឺ នៃការបើកសេរីភាពនយោបាយ ឱ្យមានការប្រកួតប្រជែងទូលំទូលាយនោះទេ។ លោកយល់ឃើញថា កញ្ញា កឹម មនោវិទ្យា មានលទ្ធភាពចូលរួម បោះឆ្នោតឆ្នាំ២០២៧ ឬ២០២៨ ប៉ុន្តែ មិនមានកម្លាំងនយោបាយសមល្មម ដែលអាចមានលទ្ធផលល្អឡើយ។
លោក សេក សុជាតិ លើកឡើងថា លោក កឹម សុខា វិញ ហាក់មានឱកាស តិចណាស់ ដែលអាចវិលចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញ ដោយលោក សេក សុជាតិ ថា លោក កឹម សុខា អាច មានសិទ្ធិធ្វើនយោបាយឡើងវិញបាន លុះត្រាតែមានកិច្ចសន្យាពិសេសណាមួយ ជាមួយលោក ហ៊ុន សែន។
លោក សេក សុជាតិ៖ «រឿងការចូលរួមរបស់លោក កឹម សុខា គឺខ្ញុំមើលឃើញ វាតិចតួចមែន ទែន កញ្ញា កឹម មនោវិទ្យាមានភាគរយខ្ពស់ ក៏ប៉ុន្តែមានកម្លាំងតូច ដែលពិបាកក្នុងការប្រកួតប្រជែង ហើយកម្លាំងរបស់កញ្ញា កឹម មនោវិទ្យា មួយ គឺមិនអាចបង្រួបបង្រួម អ្នកប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នបានទេ។ បើសិនជាមិនមានការបើកទូលាយផ្ទៃក្នុងនៃ អ្នកប្រជាធិបតេយ្យ»។
ក្រៅពីជួបលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត កញ្ញា កឹម មនោវិទ្យា ក៏បានចូលជួបជាមួយអនុប្រធានគណបក្សប្រជាជនកម្ពុជាអ្នកស្រី ម៉ែន សំអន ផងដែរនៅថ្ងៃទី១៧ សីហា។
ក្នុងពេលគ្រួសារលោក កឹម សុខា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជួបគ្នាស្និទ្ធស្នាលនេះ ប្រធានគណបក្សប្រឆាំងនៅក្រៅប្រទេសលោក សម រង្ស៊ី និង សហការីសំខាន់ៗរបស់លោកត្រូវបានរដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន បិទផ្លូវមិនឲ្យចូលប្រទេស កម្ពុជានៅឡើយ មកដល់ពេលនេះ។
ជាមួយគ្នានេះដែរ អ្នកនយោបាយសំខាន់ៗផ្សេងទៀត ដូចជាអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋាកំពុងជាប់នៅក្នុងពន្ធនាគារ ទាំងធ្លាក់ខ្លួនឈឺ ខណៈទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោក រ៉ុង ឈុន ជាប់ការហាមធ្វើដំណើរចេញពីភ្នំពេញ និងមិនអាចជួបប្រជុំជាមួយប្រជាពលរដ្ឋ បន្ថែមលើការបិទ សិទ្ធិសេរីភាពនយោបាយ ៥ឆ្នាំ។ រីឯ អ្នកទោសនយោបាយ និង អ្នកទោសមនសិការ យ៉ាងតិច ១៣១នាក់ កំពុងជាប់ពន្ធនាគារដោយសារភាពសកម្ម និងការប្រើសិទ្ធិសេរីភាពសម្ដែងមតិរបស់ពួកគាត់ ស្របតាមរដ្ឋធម្មនុញ្ញ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា បើគ្មានការបើកសេរីភាពនយោបាយឱ្យស្មើមុខគ្នាទេ លទ្ធភាពដែលមានគណបក្សដឹកនាំ ដោយ កញ្ញា កឹម មនោវិទ្យា នោះ ក៏ពិបាកប្រកួតប្រជែងដណ្ដើមឈ្នះខ្លាំងណាស់ ហើយកម្ពុជាក៏នៅតែមិនអាចចាត់ទុកថា មានប្រជាធិបតេយ្យល្អឡើយ។
លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការបិទសេរីភាពរបស់ក្រុមអ្នកនយោបាយ ចាស់ៗ ហើយផ្គូរផ្គងការប្រកួតប្រជែងអ្នកជំនាន់ថ្មី គឺស្របទៅនឹងការចង់បានរបស់ លោក ហ៊ុន សែន ពីព្រោះ លោក ហ៊ុន ម៉ាណែត ដែលហក់ចូលដឹកនាំប្រទេស ប៉ុន្មានឆ្នាំនេះ អាចមានសក្ដានុពលតតាំងនឹងក្រុមអ្នកជំនាន់ថ្មី រីឯលោក ហ៊ុន សែន ជាឪពុកវិញ មានប្រជាប្រិយភាពទាបជាងលោក សម រង្ស៊ី និង លោក កឹម សុខា ដែលជាអ្នកជំនាន់ចាស់ដូចគ្នា។
លោក ឯម សុវណ្ណារ៉ា៖ «ការស្ទង់មតិទៅប្រជាប្រិយភាពលោក កឹម សុខា លោក សម រង្ស៊ី ពីមុនគាត់មានប្រជាប្រិយភាពជាងអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ៊ីចឹងអ្នកជំនាន់ថ្មីមិនអាចប្រកួតប្រជែងទេ ប៉ុន្តែនៅពេលកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ឡើងមកធ្វើជានាយករដ្ឋមន្ត្រី គាត់ធ្វើកិច្ចការបាន ប៉ុន្មានឆ្នាំ អ៊ីចឹងថា មួយអាណត្តិចុះ នៅក្នុងការប្រកួតប្រជែងបោះឆ្នោត២០២៧ ២០២៨ វាអាចមានឥទ្ធិពលជាង អ្នកនយោបាយវ័យក្មេងជំនាន់ក្រោយ»។
ដោយឡែក អ្នកជំនាញភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី សរសេរលើ ហ្វេសប៊ុកថា ដើម្បីឱ្យការផ្លាស់ប្ដូរទំនាក់ទំនងលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និង គ្រួសារលោក កឹម សុខា ឱ្យក្លាយជាផ្លែផ្កាពិតប្រាកដ សម្រាប់ជាតិ និងឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនោះ រដ្ឋាភិបាល លោក ហ៊ុន សែន គួរតែដោះស្រាយឫសគល់នៃបញ្ហា ដោយស្ដារសិទ្ធិនយោបាយឡើងវិញ ទាំងស្រុង និងផ្តល់សំណងយុត្តិធម៌ជូនលោក កឹម សុខា។
លោក សេង វណ្ណលី លើកឡើងថា ប្រសិនបើភាពស្និទ្ធស្នាលនេះ មិនអាចនាំ ទៅដល់ការបើកលំហនយោបាយ និងការផ្តល់យុត្តិធម៌ពិតប្រាកដទេនោះ ជំនួប ទាំងនេះនឹងត្រូវគេមើលឃើញត្រឹមតែជាល្បែងនយោបាយ ឬ ជាការរៀបចំរូបភាព ដើម្បីបម្រើផលប្រយោជន៍នយោបាយមួយពេល ជាងការផ្សះផ្សាជាតិប្រកបដោយភាពស្មោះត្រង់។
ចំណែកឯ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនសម្ដែងសុទិដ្ឋិនិយមចំពោះជំនួបរវាងលោក ហ៊ុន សែន និងគ្រួសារលោក កឹម សុខា នៅពេលនេះ ដោយហៅជំនួបនេះថា ជាការចាប់ផ្ដើមរួបរួមរវាងខ្មែរនិងខ្មែរ។ យ៉ាងណា អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនទៀត បញ្ចេញយោបល់ចំអក និង រិះគន់។
អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះប៉ាអាហួរ សរសេរថា ឮតែសញ្ញាល្អរបត់នយោបាយ ល្អ និងបរិយាកាសនយោបាយល្អ តែធាតុពិត ឃើញតែអ្នកនយោបាយប្រឆាំងរងទុក្ខដដែលហ្នឹង។ ហ្វេសប៊ុកឈ្មោះ ប៉ា អាហួរ ថា ល្ខោននេះ គេលេងតាំងពីជំនាន់លោក ហ៊ុន សែន និង សម្ដេចក្រុមព្រះម្ល៉េះ ហើយប្រជាពលរដ្ឋដែលកំពុងរងទុក្ខល្មមយល់ហើយ៕









