លោក ហ៊ុន សែន បញ្ជោរ​កញ្ញា កឹម មនោវិទ្យា ថា ជា​ធនធាន​មនុស្ស​ដ៏​ល្អ​សម្រាប់​ជាតិ

0
15
(ពីឆ្វេង)​ កញ្ញា កឹម មនោវិទ្យា លោក ហ៊ុន សែន លោក កឹម សុខា និងភរិយា ក្នុងជំនួបនៅផ្ទះលោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
(ពីឆ្វេង)​ កញ្ញា កឹម មនោវិទ្យា លោក ហ៊ុន សែន លោក កឹម សុខា និងភរិយា ក្នុងជំនួបនៅផ្ទះលោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា បាន​នាំ​ភរិយា និង​កូនស្រី​ច្បង គឺ​កញ្ញា កឹម មនោវិទ្យា ទៅ​ជួយ​ជជែក ៣​ម៉ោង ជាមួយ​លោក ហ៊ុន សែន ដល់​ផ្ទះ ហើយ​លោក ហ៊ុន សែន សរសើរ​កញ្ញា កឹម មនោ​វិទ្យា ថា​ជា​ធនធានមនុស្ស​ដ៏​ល្អ​សម្រាប់​ជាតិ​។ អ្នកឃ្លាំមើល លើកឡើង​ថា ទោះបីជា​លោក ហ៊ុន សែន និង លោក កឹម សុខា បង្ហាញ​ភាពល្អូកល្អឺន​ក៏ដោយ ក៏​កម្ពុជា នៅ​ពុំ​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៃ​សេរីភាព​ន​យោ​យ​បាយ​នៅឡើយ​ខណៈ​លោក កឹម សុខា នៅតែ​មានឱកាស​តិចតួច​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ។

គ្រួសារ​លោក ហ៊ុន សែន និង គ្រួសារ​លោក កឹម សុខា បាន​ជួបគ្នា​ជា​បន្តបន្ទាប់ ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។ លោក កឹម សុខា បាន​ជួប​ជជែក​ជាមួយ​លោក ហ៊ុន សែន ពីរ​ដង​ហើយ បន្ទាប់ពី​បាន​សិទ្ធិ​ធ្វើដំណើរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ស្របពេល កញ្ញា កឹម មនោវិទ្យា ជួប​លោក ហ៊ុន សែន ម្ដង និង​លោក ហ៊ុន ម៉ាណែត ម្ដង។

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ឱ្យដឹង​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក កឹម សុខា បាន​មក​ជួប​លោក​ដល់​ផ្ទះ មុន​ពេល​លោក កឹម សុខា ទៅ​សួរសុខទុក្ខ​កងទ័ព និង ជនភៀសសឹក​។ ចំណែក​នៅ​ថ្ងៃទី​១៦ ខែសីហា លោក កឹម សុខា ភរិយា​របស់​លោក និង​កូនស្រី​ច្បង​គឺ​កញ្ញា កឹម មនោ​វិទ្យា បាន​ទៅ​សួរសុខទុក្ខ​លោក​ម្តង​ទៀត និង​ជក់​និយាយ​គ្នា​រហូតដល់ ៣​ម៉ោង។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បន្ថែម​ថា លោក​និយាយ​ច្រើន​ជាមួយ កញ្ញា កឹម មនោ​វិទ្យា​។ លើស​ពី​នេះ​ទៀត លោក ហ៊ុន សែន បាន​សរសើរ​កញ្ញា កឹម មនោ​វិទ្យា ថា​ពិតជា​ធនធានមនុស្ស​ដ៏​ល្អ​សម្រាប់​ជាតិ។

លោក កឹម សុខា មិនបាន​បង្ហាញ​ខ្លឹមសារ​ទាក់ទង​នឹង​ជំនួប​នេះ​ទេ​។ យ៉ាងណា កូនស្រី​របស់​លោក​គឺ​កញ្ញា កឹម មនោវិទ្យា បញ្ជាក់​ថា កញ្ញា​មាន​កិត្តិយស ដែល បាន​ចូល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន ពាក់ព័ន្ធ​នឹង​ប្រទេស ជាតិ ជាមួយ​លោក ហ៊ុន សែន។

ក្រុម​គ្រួសារ​លោក កឹម សុខា ដែល​ទៅ​ជួប​លោក ហ៊ុន សែន ដល់​ផ្ទះ​នេះ កើត​ឡើង បន្ទាប់ពី​មាន​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត និង កញ្ញា កឹម មនោវិទ្យា កាលពី​ថ្ងៃទី១៤ ខែសីហា​ដែល​លោក ហ៊ុន ម៉ា​ណែ​ត អះអាង​ថា ជា​ការ​ជួប​ជជែក​គ្នា ក្នុងនាម​ជា​អ្នកនយោបាយ​ជំនាន់​ថ្មី​ដូចគ្នា និង​អាច​រួម​សហការ​គ្នា​ធ្វើ​កិច្ចការ ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ ជាពិសេស នៅ​លើ​ឆាក​អន្តរជាតិ។

ជុំវិញ​ការ​វិវត្ត​នយោបាយ​ចុងក្រោយ​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក​នៅ​មិនទាន់​មើលឃើញ​អំពី​ពន្លឺ នៃ​ការ​បើក​សេរីភាព​នយោបាយ ឱ្យ​មាន​ការប្រកួតប្រជែង​ទូលំទូលាយ​នោះ​ទេ​។ លោក​យល់​ឃើញ​ថា កញ្ញា កឹម មនោវិទ្យា មានលទ្ធភាព​ចូលរួម បោះឆ្នោត​ឆ្នាំ​២០២៧ ឬ​២០២៨ ប៉ុន្តែ មិន​មាន​កម្លាំង​នយោបាយ​សម​ល្មម ដែល​អាច​មាន​លទ្ធផល​ល្អ​ឡើយ។

លោក សេក សុជាតិ លើកឡើង​ថា លោក កឹម សុខា វិញ ហាក់​មានឱកាស តិច​ណាស់ ដែល​អាច​វិល​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ឡើងវិញ ដោយ​លោក សេក សុជាតិ ថា លោក កឹម សុខា អាច មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​បាន លុះត្រា​តែ​មាន​កិច្ចសន្យា​ពិសេស​ណាមួយ ជាមួយ​លោក ហ៊ុន សែន។

លោក សេក សុជាតិ៖ «​រឿង​ការចូលរួម​របស់​លោក កឹម សុខា គឺ​ខ្ញុំ​មើលឃើញ វា​តិចតួច​មែន ទែន កញ្ញា កឹម មនោវិទ្យា​មាន​ភាគរយ​ខ្ពស់ ក៏ប៉ុន្តែ​មាន​កម្លាំង​តូច ដែល​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង ហើយ​កម្លាំង​របស់​កញ្ញា កឹម មនោវិទ្យា មួយ គឺ​មិនអាច​បង្រួបបង្រួម អ្នក​ប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​បាន​ទេ។ បើសិនជា​មិន​មាន​ការ​បើក​ទូលាយ​ផ្ទៃ​ក្នុង​នៃ អ្នក​ប្រជាធិបតេយ្យ»។

ក្រៅពី​ជួប​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត កញ្ញា កឹម មនោវិទ្យា ក៏បាន​ចូល​ជួប​ជាមួយ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​អ្នកស្រី ម៉ែន សំអន ផង​ដែរ​នៅ​ថ្ងៃទី​១៧ សីហា។

ក្នុង​ពេល​គ្រួសារ​លោក កឹម សុខា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ជួបគ្នា​ស្និទ្ធស្នាល​នេះ ប្រធាន​គណបក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស​លោក សម រង្ស៊ី និង សហការី​សំខាន់ៗ​របស់​លោក​ត្រូវ​បាន​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន បិទផ្លូវ​មិន​ឲ្យ​ចូល​ប្រទេស កម្ពុជា​នៅឡើយ មកដល់ពេលនេះ។

ជាមួយ​គ្នា​នេះ​ដែរ អ្នកនយោបាយ​សំខាន់ៗ​ផ្សេងទៀត ដូចជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ ទាំង​ធ្លាក់ខ្លួន​ឈឺ ខណៈ​ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​លោក រ៉ុង ឈុន ជាប់​ការ​ហាម​ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ និង​មិនអាច​ជួប​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ បន្ថែម​លើ​ការ​បិទ សិទ្ធិ​សេរីភាព​នយោបាយ ៥​ឆ្នាំ​។ រីឯ អ្នក​ទោស​នយោបាយ និង អ្នកទោស​មនសិការ យ៉ាងតិច ១៣១​នាក់ កំពុង​ជាប់ពន្ធនាគារ​ដោយ​សារភាព​សកម្ម និង​ការ​ប្រើ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ពួកគាត់ ស្របតាម​រដ្ឋធម្មនុញ្ញ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើង​ថា បើ​គ្មាន​ការ​បើក​សេរីភាព​នយោបាយ​ឱ្យ​ស្មើមុខ​គ្នា​ទេ លទ្ធភាព​ដែល​មាន​គណបក្ស​ដឹកនាំ ដោយ កញ្ញា កឹម មនោវិទ្យា នោះ ក៏​ពិបាក​ប្រកួតប្រជែង​ដណ្ដើម​ឈ្នះ​ខ្លាំង​ណាស់ ហើយ​កម្ពុជា​ក៏​នៅតែ​មិនអាច​ចាត់ទុកថា មាន​ប្រជាធិបតេយ្យ​ល្អ​ឡើយ។

លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការ​បិទ​សេរីភាព​របស់​ក្រុម​អ្នកនយោបាយ ចាស់ៗ ហើយ​ផ្គូរផ្គង​ការប្រកួតប្រជែង​អ្នក​ជំនាន់​ថ្មី គឺ​ស្រប​ទៅ​នឹង​ការ​ចង់​បាន​របស់ លោក ហ៊ុន សែន ពីព្រោះ លោក ហ៊ុន ម៉ាណែត ដែល​ហក់​ចូល​ដឹកនាំ​ប្រទេស ប៉ុន្មាន​ឆ្នាំនេះ អាច​មាន​សក្ដានុពល​ត​តាំង​នឹង​ក្រុម​អ្នក​ជំនាន់​ថ្មី រីឯ​លោក ហ៊ុន សែន ជា​ឪពុក​វិញ មាន​ប្រជាប្រិយភាព​ទាប​ជាង​លោក សម រង្ស៊ី និង លោក កឹម សុខា ដែល​ជា​អ្នក​ជំនាន់​ចាស់​ដូចគ្នា។

លោក ឯម សុវណ្ណារ៉ា៖ «​ការស្ទង់មតិ​ទៅ​ប្រជាប្រិយភាព​លោក កឹម សុខា លោក សម រង្ស៊ី ពីមុន​គាត់​មាន​ប្រជាប្រិយភាព​ជាង​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ អ៊ីចឹង​អ្នក​ជំនាន់​ថ្មី​មិនអាច​ប្រកួតប្រជែង​ទេ ប៉ុន្តែ​នៅពេល​កូនលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ឡើង​មក​ធ្វើជា​នាយករដ្ឋមន្ត្រី គាត់​ធ្វើ​កិច្ចការ​បាន ប៉ុន្មាន​ឆ្នាំ អ៊ីចឹង​ថា មួយ​អាណត្តិ​ចុះ នៅក្នុង​ការប្រកួតប្រជែង​បោះឆ្នោត​២០២៧ ២០២៨ វា​អាច​មាន​ឥទ្ធិពល​ជាង អ្នកនយោបាយ​វ័យ​ក្មេង​ជំនាន់​ក្រោយ»។

ដោយឡែក អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី សរសេរ​លើ ហ្វេសប៊ុកថា ដើម្បី​ឱ្យ​ការ​ផ្លាស់ប្ដូរ​ទំនាក់ទំនង​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និង គ្រួសារ​លោក កឹម សុខា ឱ្យ​ក្លាយជា​ផ្លែផ្កា​ពិតប្រាកដ សម្រាប់​ជាតិ និង​ឆ្លើយតប​ទៅ​នឹង​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​នោះ រដ្ឋាភិបាល លោក ហ៊ុន សែន គួរតែ​ដោះស្រាយ​ឫសគល់​នៃ​បញ្ហា ដោយ​ស្ដារ​សិទ្ធិ​នយោបាយ​ឡើងវិញ ទាំងស្រុង និង​ផ្តល់​សំណង​យុត្តិធម៌​ជូន​លោក កឹម សុខា។

លោក សេង វណ្ណលី លើកឡើង​ថា ប្រសិនបើ​ភាពស្និទ្ធស្នាល​នេះ មិនអាច​នាំ ទៅដល់​ការ​បើក​លំហ​នយោបាយ និង​ការ​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ទេ​នោះ ជំនួប ទាំងនេះ​នឹង​ត្រូវ​គេ​មើលឃើញ​ត្រឹមតែ​ជា​ល្បែង​នយោបាយ ឬ ជា​ការ​រៀបចំ​រូបភាព ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​មួយ​ពេល ជាង​ការផ្សះផ្សា​ជាតិ​ប្រកប​ដោយ​ភាពស្មោះត្រង់។

ចំណែកឯ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​ជំនួប​រវាង​លោក ហ៊ុន សែន និង​គ្រួសារ​លោក កឹម សុខា នៅ​ពេល​នេះ ដោយ​ហៅ​ជំនួប​នេះ​ថា ជា​ការ​ចាប់ផ្ដើម​រួបរួម​រវាង​ខ្មែរ​និង​ខ្មែរ​។ យ៉ាងណា អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ទៀត បញ្ចេញយោបល់​ចំអក និង រិះគន់។

អ្នកប្រើប្រាស់​ហ្វេសប៊ុក​ឈ្មោះ​ប៉ាអាហួរ សរសេរ​ថា ឮ​តែ​សញ្ញា​ល្អ​របត់​នយោបាយ ល្អ និង​បរិយាកាស​នយោបាយ​ល្អ តែ​ធាតុ​ពិត ឃើញ​តែ​អ្នកនយោបាយ​ប្រឆាំង​រង​ទុក្ខ​ដដែល​ហ្នឹង​។ ហ្វេសប៊ុក​ឈ្មោះ ប៉ា អា​ហួរ ថា ល្ខោន​នេះ គេ​លេង​តាំងពី​ជំនាន់​លោក ហ៊ុន សែន និង សម្ដេចក្រុមព្រះ​ម្ល៉េះ ហើយ​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ទុក្ខ​ល្មម​យល់​ហើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ