លោក ហ៊ុន ម៉ាណែត ថា​ការ​ផ្ដល់​តួនាទី​ឱ្យកញ្ញា កឹម មនោវិទ្យា ជា​ការ​ផ្សះផ្សា​ជាតិ និង​ជួយ​ជាតិ

0
107
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) ជួបលោកស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា នៅថ្ងៃទី១៤ សីហា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) ជួបលោកស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា នៅថ្ងៃទី១៤ សីហា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញមុខ​បកស្រាយ​ថា ការ​ផ្ដល់​តួនាទី​ឱ្យ​កូនស្រី​ច្បង​លោក កឹម សុខា គឺ កញ្ញា កឹម មនោវិទ្យា ជា​ការ​ផ្សះផ្សា​ជាតិ និង​ជួយ​ដោះស្រាយ​បញ្ហា​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ។ លោក ហ៊ុន ម៉ាណែ​ត ក៏បាន​ប្រកាស​ស្វាគមន៍​អ្នកនយោបាយ​គ្រប់​និន្នាការ​ឲ្យ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​របស់​លោក ប្រសិនបើ​ចង់​ជួយ​ជាតិ​។ មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​ការ​បង្រួបបង្រួម​ជាតិ​របស់​លោក ហ៊ុន ម៉ា​ណែ​ត គឺជា​កលល្បិច​ដ៏​ពិសពុល។

ការប្រកាស​ពន្យល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពី​ការ​ផ្ដល់​តួនាទី​ឱ្យ​កញ្ញា កឹម មនោ​វិទ្យា ជា​ប្រេសិត​ពិសេស គឺជា​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​ឯកភាព​ជាតិ និង​ជួយ​រដ្ឋាភិបាល​លើ​បញ្ហា​វិនិយោគ និង​បញ្ហា​ព្រំដែន​នោះ រង​ការ​រិះគន់​ថា ជា​ការ​បង្កើត​រូបភាព​បោកប្រាស់​សហគមន៍​អន្តរជាតិ និង​សាធារណជន​ថា រដ្ឋាភិបាល​មានចិត្ត​ទូលាយ ប៉ុន្តែ​ធាតុ​ពិត​រដ្ឋាភិបាល​របស់​លោក នៅតែ​បន្ត​បិទ​ខ្ទប់​សិទ្ធិ​សេរីភាព​បញ្ចេញ​របស់​ពលរដ្ឋ និង​អ្នកនយោបាយ ខណៈ អ្នកទោស​មនសិការ​ជាច្រើន​កំពុង​ជាប់​ពន្ធនាគា​រទាំង​អយុត្តិធម៌ ដោយ​គ្មាន​ការ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អាចារ្យ អាចារិនី​ទូទាំង​ប្រទេស លោក ហ៊ុន ម៉ាណែត លើកឡើង​ថា​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ផ្ដល់​តួនាទី​ដល់​កូនស្រី លោក កឹម សុខា គឺ កញ្ញា កឹម មនោវិទ្យា ជា​ប្រេសិត​ពិសេស ដើម្បី​ជួយ​កិច្ច​ការងារ​ជាតិ ដែល​លោក​ហៅថា ជាការ​ផ្សះផ្សា​ជាតិ និង​ជា​ការ​បើក​ឱ្យ​មាន​កិច្ច​សន្ទនា​នយោបាយ​រវាង​បក្ស​ប្រឆាំង និង​បក្ស​កាន់អំណាច​។ ទន្ទឹមគ្នា​នោះ លោក​ក៏បាន​ឌឺដង មក​លើ​អ្នក​រិះគន់​មួយចំនួន​នៅ​ក្រៅ​ប្រទេស ដែល​ចង់​ឱ្យ​មាន​វប្បធម៌​សន្ទនា និង​ការផ្សះផ្សា​ជាតិ ប៉ុន្តែ មិន​ចូល​រួម​ជាមួយ​រដ្ឋាភិបាល ហើយ​បន្ត​បន្ត​រិះគន់ និង​ជេរប្រមាថ មក​លើ​រដ្ឋាភិបាល ជាដើម​។ លោក​ចាត់ទុក​ករណីនេះ​ជា​ឧបសគ្គ ធ្វើ​ឱ្យ​ប៉ះពាល់​ការផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ ដែល​បង្កឡើង​ដោយ​ក្រុម​បក្ស​ប្រឆាំង និង​អ្នកវិភាគ​មួយចំនួន។

លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំ​សូម​ប្រាប់​បងប្អូន​ជនរួមជាតិ​ទាំង​អស់លោក ប៉ុន្មាន​ថ្ងៃនេះ​ឃើញថា ស្អី​ត្រកូល​កឹម ត្រកូល​ហ៊ុន ត្រកូល​អី អស់​តម្លៃ​ហើយ។ ចុះ​ទស្សនៈ​ដើម្បី​ប្រទេសជាតិ ធ្វើ​សកម្មភាព​ដើម្បី​ប្រទេសជាតិ តាម​វិធីសាស្ត្រ​ការ​និយាយ​គ្នា ក្រែង​ចង់បាន​សន្តិភាព​? ក្រែង​ចង់បាន​នូវ​ការ​ឯកភាព​ជាតិ​នៅក្នុង​ដំណាក់កាល​ដែល​មាន​ការឈ្លានពាន​? ដល់ពេល​យើង​បើក​ច្រក​ទទួល ទៅជា​រឿង​ផ្សេង​។ ឥឡូវ​ឃើញ​លិខិត​ណា បណ្ដេញចេញ ស្អី ចោទប្រកាន់​ស្អី​? ខ្ញុំ​ថា បើសិន​ជា​មាន​ឆន្ទៈ​ពិតប្រាកដ ខ្ញុំ​ប្រាប់​គាត់​ថា ឱ្យ​មាន​ឆន្ទៈ​ពិតប្រាកដ និយមន័យ​ឱ្យ​ទូលំទូលាយ គោរព​គ្នា​ទៅវិញទៅមក​។ កុំមក​ជេរ​ខ្ញុំ​ថា​អត់​បើក​ច្រក តែ​អ្នកឯង​ជេរ​ខ្ញុំ​រាល់ថ្ងៃ ហើយ​ថា​ប្រកែក​មិន​ព្រម​ទទួល​? ទទួល​ស្អី បើ​គ្រាន់តែ​លូកដៃ​ទៅ ទះកំផ្លៀង​អី​រហូត អត់​ស្ដាប់​!»។

បើ​ទោះបីជា លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​របស់​លោក​បើក​ឱ្យ​មាន​ការចូលរួម ពី​សំណាក់​អ្នកនយោបាយ និង​ពលរដ្ឋ​គ្រប់​និន្នាការ ដើម្បី​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​ក្ដី អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​យល់ថា ការ​ឱ្យ​និយមន័យ​របស់​លោក ហ៊ុន ម៉ាណែត ដ៏​ចង្អៀត​នេះ ធ្វើឡើង​ដោយ​គ្មាន​ការពិចារណា​គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​ល្បិចកល ខណៈ​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន និង​សកម្មជន​សិទ្ធិមនុស្ស ១៣២​នាក់ កំពុងតែ​ជាប់ពន្ធនាគារ ទាំង​អយុត្តិធម៌ ដោយសារតែ​ធ្វើ ទុក្ខបុកម្នេញ ពី​សំណាក់​រដ្ឋាភិបាល។

ជាមួយគ្នា​នោះ​ពួកគាត់​ថា ដើមហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ប្រទេសជាតិ​បែកបាក់ មិនមែន​មកពី​គណបក្សប្រឆាំង និង​ពលរដ្ឋ​រិះគន់​ចំណុច​អវិជ្ជមាន របស់​រដ្ឋាភិបាល​នោះ​ទេ គឺ​ដោយសារតែ រដ្ឋាភិបាល​បាន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៧ ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​ពី​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង រាប់​សិប​នាក់ ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ មិន​ឱ្យ​ធ្វើ​នយោបាយ​ប្រកបដោយ​សេរីភាព ហើយ​ថែមទាំង​បិទ​សិទ្ធិ មិន​ឱ្យ​បញ្ចេញមតិ រឿង​ជាតិ ឱ្យ​បាន​ស៊ីជម្រៅ ជាដើម​។ ពួកគាត់​ថា​ប្រសិនបើ​លោក ហ៊ុន ម៉ា​ណែ​ត ចង់ឱ្យ​ប្រទេសជាតិ មានការ​ផ្សះផ្សា​ជាតិ​មែន គួរតែ​មើល​លើក​ចំណុច ទាំងនេះ មិនមែន​ឱ្យ​អ្នកនយោបាយ​បក្ស​ប្រឆាំង​ចូលរួម​ជីវភាព​នយោបាយ និង​បញ្ឈប់​ការរិះគន់ រដ្ឋាភិបាល ទើប​ហៅថា ការ​បង្រួបបង្រួម និង​ការផ្សះផ្សា​ជាតិ​នោះ​ទេ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​២៣​តុលាការ លោក គឹម សុខ យល់ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បើក​ឱ្យ​គណបក្សប្រឆាំង ដំណើរការ​ឡើងវិញ ហើយ ស្ដារ​ប្រជាធិបតេយ្យ​ឱ្យ​បាន​ពេញលេញ តាមរយៈ​ការ​ដោះលែង​អ្នក​ទោស​នយោបាយ ការ​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ពលរដ្ឋ ឱ្យ​ចូលរួម​ការបោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ លោក​បារម្ភ​ថា ប្រសិនបើ លោក ហ៊ុន ម៉ាណែត នៅតែ​ឱ្យ​និយម​បង្រួបបង្រួម​ជាតិ និង​ការផ្សះផ្សា​ជាតិ តាម​គំនិត​អាត្មានិយម​បែបនេះ គឺជា​គ្រោះថ្នាក់​ដ៏​ធំ​បំផុត​សម្រាប់​ជាតិ។

លោក គឹម សុខ៖ «ដូច្នេះហើយ លោក ហ៊ុន ម៉ាណែត ឈប់​ច្រឡំ​អំពី​ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ ថា​ទាល់តែ​ចូល​គណបក្ស​ប្រជាជន ទាល់តែ​ចូល​រដ្ឋាភិបាល ហើយ​ស្មោះត្រង់​នឹង​គណបក្ស​ប្រជាជន ហើយ​ស្មោះត្រង់​នឹង​រដ្ឋាភិបាល បាន​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ទេ បញ្ជាក់​ឲ្យ​ច្បាស់ ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ​គឺ​ការ យក​បញ្ហា​ជាតិ​មក​ដាក់​លើ​តុ​ដោះស្រាយ​ជាមួយគ្នា​គ្រប់​ភាគី​ទាំងអស់ ដោយ​ស្មើមុខ ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ឲ្យ​ដឹង និង​ស្មោះត្រង់​ចំពោះ ប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។ អាហ្នឹង​គោលការណ៍​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ហ្នឹង​គឺ​ស្មោះត្រង់​នឹង ប្រជាពលរដ្ឋ និង​ប្រទេសជាតិ មិនមែន​ស្មោះត្រង់ និង​គណបក្ស​ប្រជាជន ឬក៏​រដ្ឋាភិបាល​ទេ»។

បន្ថែម​ពីលើ​នេះ អ្នកឃ្លាំមើល​យល់ថា លោក ហ៊ុន ម៉ាណែត ហាក់​បែងចែក​មិន​ដាច់​រវាង ពាក្យ​ថា​« រិះគន់​» និង​ការ «​ជេរប្រមាថ​» ព្រោះ​លោក បាន​ចាត់ទុក មតិ​រិះគន់​ពី​អ្នកនយោបាយ​បក្ស​ប្រឆាំង និង​ពលរដ្ឋ​ពី​ក្រៅប្រទេស ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ជាតិ​ឱ្យ​បាន​ត្រឹមត្រូវ បែរជា ចាត់ទុកថា ការ​ជេរប្រមាថ​ទៅវិញ​។ ពួកគាត់​ថា មកទល់​បច្ចុប្បន្ន ទាំង​អ្នកនយោបាយ​បក្ស​ប្រឆាំង និង​អ្នកវិភាគ​នយោបាយ​ដែល​ខ្វល់ខ្វាយ​ពី​ប្រទេសជាតិ​ពិតប្រាកដ គឺ​តែងតែ​ផ្ដល់​មតិ និង​ដំណោះស្រាយ ប្រកបដោយ​ក្រមសីលធម៌ និង​មាន​ហេតុផល​ច្បាស់លាស់ ប៉ុន្តែ រដ្ឋាភិបាល​ទៅវិញ​ទេ ដែល​ពុំ​សូវ​យក​មតិ​ទាំងនោះ ដើម្បី​កែប្រែ​កំហុស។

ជាក់ស្ដែង​ទាំង​គណបក្សប្រឆាំង និង​ពលរដ្ឋ​គឺ​តែងតែ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ប្រឆាំង​នឹង​ការឈ្លានពាន​ទឹកដី​កម្ពុជា និង ជំរុញ​ឱ្យ​ចាប់​ខ្លួន​មេខ្លោង​ដែល​ជា​ជនជាតិ​ខ្មែរ ពាក់ព័ន្ធ ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ឱ្យមក​ផ្ដន្ទាទោស​ជាដើម ក៏​រដ្ឋាភិបាល ពុំ​សូវ​អើពើ​នោះ​ដែរ ផ្ទុយទៅវិញ រដ្ឋាភិបាល​តែងតែ​ចាប់ខ្លួន​ពលរដ្ឋ និង​អ្នកនយោបាយ​នៅក្នុង​ស្រុក​ដែល​បញ្ចេញមតិ​ទាំងនោះ​ដាក់​ពន្ធនាគារ។

អ្នកឃ្លាំមើល​វាយតម្លៃ​ថា ការ​អះអាង​ពី​ការ​ឯកភាព​ជាតិ​របស់​លោក ហ៊ុន ម៉ាណែត គ្មាន​តម្លៃ​ទាល់តែសោះ ប្រសិនបើ​គ្មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ ការ​បើក​លំហ​សេរីភាព​សារព័ត៌មាន និង​ការ​ឈប់​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកមាន​និន្នាការ​ផ្ទុយ​។ ពួកគាត់​យល់​ថា ការតែងតាំង​កូនស្រី លោក កឹម សុខា នៅ​ពេល​នេះ គ្រាន់តែ​ជា​ផ្សែង​បិទបាំង​អំណាច​ផ្ដាច់ការ និង​ការ​កេង​ចំណេញ​នយោបាយ​តែប៉ុណ្ណោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ