មេដឹកនាំ​ថៃ​ប្រកាស​ពង្រឹង​កម្លាំង​ទ័ព​មុន​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដោយ​យក​លេស​បារម្ភ​រឿង​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន

0
173
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

មេដឹកនាំ​ថៃ​បាន​លើកឡើង​ថា យោធា​ថៃ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​ធ្វើសង្គ្រាម ប្រសិនបើ​មាន​ករណី​ផ្ទុះអាវុធ​កើតឡើង ក្នុង​អំឡុង​មុន​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​ភាគី​ថៃ​បាន​ប្រមើល​មើល​ថា កម្ពុជា​អាច​នឹង​បង្ក​សង្គ្រាម​នៅ​តាម​ព្រំដែន​សាជាថ្មី​ដើម្បី​ស្វែងរក​ប្រយោជន៍​នយោបាយ​។ អ្នកឃ្លាំមើល​ថា ការ​លើកឡើង​របស់​មេ​ដឹកនាំ​ថៃ គឺ​គ្រាន់តែ​ដើម្បី​ការពារ​ប្រជាប្រិយភាព​នយោបាយ និង​បង្ខូចឈ្មោះ​កម្ពុជា ទាំង​ដែល​ភាគី​កម្ពុជា​គ្មាន​សមត្ថភាព​ខាង​ផ្នែក​យោធា ដើម្បី​បង្ក​សង្គ្រាម​ជាមួយ​ភាគី​ថៃ​បាន​នោះ​ឡើយ។

ទោះបីជា​ប្រទេស​ថៃ​បាន​ធ្វើ​ទំនើបកម្ម​វិស័យ​យោធា និង​ពង្រឹងកម្លាំង​ទ័ព​នៅ​តំបន់​ព្រំដែន​មានប្រៀប​ជាង​កម្ពុជា​យ៉ាងណាក្ដី ក៏​ប្រទេស​ថៃ​នៅតែ​លើកឡើង​ពី​ក្ដី​បារម្ភ​ម្ដង​ហើយ​ម្ដងទៀត ជុំវិញ​ការ​ផ្ទុះ​សង្គ្រាម​សាជាថ្មី​នៅ​តំបន់​ព្រំដែន ខណៈ​យោធា​ថៃ​ខ្លួនឯង​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ឈ្លានពាន​ក្នុង​ទឹកដី​កម្ពុជា។

នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បាន​លើកឡើង​កាលពី​ថ្ងៃទី​២៣ ខែសីហា ដោយ​អះអាង​ថា យោធា​ថៃ​បាន​ដាក់​ពង្រាយ​កម្លាំង និង​ត្រៀមលក្ខណៈ​ប្រយុទ្ធ​គ្រប់ពេល​នៅ​តាម​ព្រំដែន​កម្ពុជា។ ថ្លែង​នៅ​ចំពោះមុខ​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក អានុទីន បាន​ប្រាប់​ឱ្យ​ពលរដ្ឋ​ថៃ​កុំឱ្យ​បារម្ភ​អំពី​ការ​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន ដោយសារ​មេបញ្ជាការ​យោធា​ថៃ​បាន​ចុះទៅ​ត្រួតពិនិត្យ ពង្រឹងកម្លាំង​ការពារ និង​បាន​បន្ត​ឃ្លាំមើល​តាមដាន​ពី​សកម្មភាព​យោធា​របស់​កម្ពុជា​ជាប់​រហូត។

មេដឹកនាំ​ថៃ​រូប​នេះ បាន​អះអាង​ទៀត​ថា ទ័ពអាកាស ទ័ពថ្មើរជើង និង​ទ័ពជើងទឹក​ថៃ សុទ្ធតែ​បាន​ត្រៀម​អាវុធ​ត្រៀម​ជើងការ​ធ្វើសង្គ្រាម​នៅ​គ្រប់​សមរភូមិ​ទាំងអស់ ខណៈ​ពួកគេ​កំពុង​ឈរជើង​នៅ​លើ​ទីតាំង ដែល​មាន​ប្រៀប​ជាង​កម្ពុជា។

ការ​អះអាង​របស់​លោក អានុទីន នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក និង​អ្នកនយោបាយ​ថៃ​បាន​លើកឡើង​ថា សង្គ្រាម​តាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​អាច​នឹង​ផ្ទុះ​ឡើងជា​លើក​ទី​បី ស្រប​ពេល​ដែល​ស្ថានការណ៍​នៅ​តាម​ព្រំដែន​កាន់តែ​មាន​ភាព​តានតឹង និង​ការចរចា​ក៏​កំពុងតែ​ជាប់​គាំង​។ ក្នុង​នោះ ក្រុម​អ្នកនយោបាយ​ថៃ​មួយចំនួន​បាន​ព្យាករណ៍​ថា មេដឹកនាំ​កម្ពុជា​នៃ​គ្រួសារ​ត្រកូល​ហ៊ុន អាច​នឹង​បង្ក​សង្គ្រាម​នៅ​តាម​ព្រំដែន​ថៃ​ម្ដងទៀត ដើម្បី​វាយ​ដណ្ដើមយក​ទឹកដី​ដែល​យោធា​ថៃ​បាន​ដណ្ដើម​កាប់​កាប់ និង​ដើម្បី​ស្ដារ​ប្រជាប្រិយភាព និង​ការ​គាំទ្រ ដែល​កំពុង​ធ្លាក់ចុះ ដោយសារ​ការ​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​នៅ​តាម​ព្រំដែន​ថៃ វិបត្តិ​សេដ្ឋកិច្ច និង​បញ្ហា​សង្គម​ចាក់ស្រេះ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន គឺ​លោក ជា ធីរិទ្ធ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៤ ខែ​សីហា។

កន្លងមក លោក ហ៊ុន សែន ដែល​មាន​តួនាទី​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ពី​គោលនយោបាយ​របស់​គណ​បក្ស ដោយ​លើកយក​ប្រធានបទ​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ថៃ មក​ធ្វើជា​ការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​ថ្នាក់​ជាតិ​នា​ពេល​ខាងមុខ ដោយ​សង្កត់ធ្ងន់​លើ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។

យ៉ាងណា​ក៏ដោយ​ចុះ អតីត​មេដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន ដែល​បាន​កាន់អំណាច​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​ទៅ​ហើយ​នោះ ត្រូវ​បាន​គេ​រិះគន់​ថា គឺជា​ថៅកែ​ឈ្មួញ​សង្គ្រាម​ដ៏​ល្បីឈ្មោះ​មួយ​រូប ដែល​តែងតែ​យក​បញ្ហា​ព្រំដែន មក​ធ្វើជា​ប្រជាភិថុតិ​ក្នុង​ការ​ស្វែងរក​សំឡេង​គាំទ្រ ជាពិសេស​នៅមុន​ពេល​មានការ​បោះឆ្នោត​ម្ដងៗ។ ជាក់ស្ដែង​នៅមុន​ពេល​រៀបចំ​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០០៨ ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៨ កម្ពុជា​សុទ្ធ​តែ​មាន​បញ្ហា​ជម្លោះព្រំដែន ជាមួយ​ប្រទេស​ស​ថៃ និង​ប្រទេស​ឡាវ ដែល​បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ជ័យជម្នះ​លើ​ការបោះឆ្នោត​ជា​បន្តបន្ទាប់​។​

​ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ឃើញ​ថា ការ​លើកឡើង​របស់​មេ​ដឹកនាំ​ថៃ គឺ​គ្រាន់តែ​ដើម្បី​ធ្វើ​ប្រជាភិថុតិ​នយោបាយ និង​បង្ខូចឈ្មោះ​កម្ពុជា ខណៈ​កម្ពុជា​គ្មាន​សមត្ថភាព​ខាង​ផ្នែក​យោធា ដើម្បី​បង្ក​សង្គ្រាម​ជាមួយ​ថៃ​បាន​នោះ​ឡើយ​។ លោក​បន្ត​ថា ប្រសិនបើ​សង្គ្រាម​នៅ​តាម​ព្រំដែន ពិតជា​ផ្ទុះឡើង​ម្ដងទៀត​មែន​នោះ គឺ​ភាគី​ថៃ​ជា​អ្នក​បង្កឡើង ព្រោះ​យោធា​ថៃ​ធ្លាប់​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​បន្តសកម្មភាព​ឈ្លានពាន​មក​លើ​កម្ពុជា​ចំនួន​ពីរ​ដង​រួចមក​ហើយ។

លោក ម៉ែន ណាត៖ «​ការ​ថ្លែង​សារ​របស់​មេដឹកនាំ​ថៃ​និយាយ​ដោយ​ខ្លី គឺ​វា​មិន​ខុសពី​មេដឹកនាំ​កម្ពុជា​ប៉ុន្មាន​ទេ ប៉ុន្តែ​ថៃ​គេ​បង្កើត​ទស្សនៈ​ជាតិនិយម គេ​បង្ក​ការឈ្លានពាន​កម្ពុជា​ហើយ គេ​អា​ចរក​សំឡេងឆ្នោត​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល ហើយ​ពង្រីក​ការឈ្លានពាន​។ ចំណែកឯ​រដ្ឋាភិបាល​កម្ពុជា មិន​បង្កើត​ទស្សនៈ​ជាតិនិយម​ដូច​សៀម​ទេ តែ​បង្កើត​ទស្សនៈ​បំបែកបំបាក់​ជាតិ បំបែកបំបាក់​បក្ស​ប្រឆាំង បំបែកបំបាក់​ស្មារតី​ពលរដ្ឋ​ខ្មែរ សូម្បីតែ​និយាយ​រឿង​សៀម​ឈ្លានពាន​ហ្នឹង ក៏​ចាប់​ពលរដ្ឋ​ខ្មែរ​ដាក់គុក»។

អ្នកឃ្លាំមើល​លើកឡើង​ថា ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ គឺ​មាន​ទំនាក់ទំនង​គ្នា​ទៅ​នឹង​នយោបាយ ដោយសារតែ​អ្នកនយោបាយ​នៃ​ប្រទេស​ទាំងពីរ បាន​ប្រើប្រាស់​ចរន្ត​ជាតិនិយម​យក​មក​ធ្វើជា​ដើមទុន ដើម្បី​ស្វែងរក​សំឡេង​គាំទ្រ ដែល​កត្តា​នេះ​ធ្លាប់​បាន​បង្ក​ឱ្យ​មាន​ភាព​តានតឹង និង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​បន្ទាត់​ព្រំដែន​ជាច្រើនលើក។

ស្រដៀង​គ្នា​នេះ​ដែរ អ្នកនយោបាយ​របស់​ប្រទេស​ថៃ​ក៏បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ដែរ​ថា ជម្លោះព្រំដែន​រវាង​កម្ពុ​ជា និង​ថៃ មិន​ងាយ​នឹង​បិទ​បញ្ចប់​បាន​នោះ​ឡើយ ដោយសារតែ​រដ្ឋាភិបាល​របស់​លោក អានុទីន ដែល​ចេញ​មកពី​ក្រុម​អភិរក្សនិយម​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ដើរ​តួនាទី​ជា​អ្នកបម្រើ និង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​យោធា​ថៃ ខណៈ​មេដឹកនាំ​កម្ពុជា​មានអំណាច​ក្ដោប​ក្ដាប់ និង​បញ្ជា​យោធា​បាន​ដោយ​ផ្ដាច់មុខ ដែល​កត្តា​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​ក្រុម​យោធា​នៃ​ប្រទេស​ទាំងពីរ អាច​ប្រឈមមុខ​ដាក់គ្នា​ដោយ​ងាយស្រួល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ