

មេដឹកនាំថៃបានលើកឡើងថា យោធាថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសង្គ្រាម ប្រសិនបើមានករណីផ្ទុះអាវុធកើតឡើង ក្នុងអំឡុងមុនការបោះឆ្នោតនៅកម្ពុជា ដែលភាគីថៃបានប្រមើលមើលថា កម្ពុជាអាចនឹងបង្កសង្គ្រាមនៅតាមព្រំដែនសាជាថ្មីដើម្បីស្វែងរកប្រយោជន៍នយោបាយ។ អ្នកឃ្លាំមើលថា ការលើកឡើងរបស់មេដឹកនាំថៃ គឺគ្រាន់តែដើម្បីការពារប្រជាប្រិយភាពនយោបាយ និងបង្ខូចឈ្មោះកម្ពុជា ទាំងដែលភាគីកម្ពុជាគ្មានសមត្ថភាពខាងផ្នែកយោធា ដើម្បីបង្កសង្គ្រាមជាមួយភាគីថៃបាននោះឡើយ។
ទោះបីជាប្រទេសថៃបានធ្វើទំនើបកម្មវិស័យយោធា និងពង្រឹងកម្លាំងទ័ពនៅតំបន់ព្រំដែនមានប្រៀបជាងកម្ពុជាយ៉ាងណាក្ដី ក៏ប្រទេសថៃនៅតែលើកឡើងពីក្ដីបារម្ភម្ដងហើយម្ដងទៀត ជុំវិញការផ្ទុះសង្គ្រាមសាជាថ្មីនៅតំបន់ព្រំដែន ខណៈយោធាថៃខ្លួនឯងនៅតែបន្តធ្វើសកម្មភាពឈ្លានពានក្នុងទឹកដីកម្ពុជា។
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បានលើកឡើងកាលពីថ្ងៃទី២៣ ខែសីហា ដោយអះអាងថា យោធាថៃបានដាក់ពង្រាយកម្លាំង និងត្រៀមលក្ខណៈប្រយុទ្ធគ្រប់ពេលនៅតាមព្រំដែនកម្ពុជា។ ថ្លែងនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ លោក អានុទីន បានប្រាប់ឱ្យពលរដ្ឋថៃកុំឱ្យបារម្ភអំពីការផ្ទុះសង្គ្រាមតាមព្រំដែន ដោយសារមេបញ្ជាការយោធាថៃបានចុះទៅត្រួតពិនិត្យ ពង្រឹងកម្លាំងការពារ និងបានបន្តឃ្លាំមើលតាមដានពីសកម្មភាពយោធារបស់កម្ពុជាជាប់រហូត។
មេដឹកនាំថៃរូបនេះ បានអះអាងទៀតថា ទ័ពអាកាស ទ័ពថ្មើរជើង និងទ័ពជើងទឹកថៃ សុទ្ធតែបានត្រៀមអាវុធត្រៀមជើងការធ្វើសង្គ្រាមនៅគ្រប់សមរភូមិទាំងអស់ ខណៈពួកគេកំពុងឈរជើងនៅលើទីតាំង ដែលមានប្រៀបជាងកម្ពុជា។
ការអះអាងរបស់លោក អានុទីន នេះធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអ្នកនយោបាយថៃបានលើកឡើងថា សង្គ្រាមតាមព្រំដែនរវាងកម្ពុជា និងថៃអាចនឹងផ្ទុះឡើងជាលើកទីបី ស្របពេលដែលស្ថានការណ៍នៅតាមព្រំដែនកាន់តែមានភាពតានតឹង និងការចរចាក៏កំពុងតែជាប់គាំង។ ក្នុងនោះ ក្រុមអ្នកនយោបាយថៃមួយចំនួនបានព្យាករណ៍ថា មេដឹកនាំកម្ពុជានៃគ្រួសារត្រកូលហ៊ុន អាចនឹងបង្កសង្គ្រាមនៅតាមព្រំដែនថៃម្ដងទៀត ដើម្បីវាយដណ្ដើមយកទឹកដីដែលយោធាថៃបានដណ្ដើមកាប់កាប់ និងដើម្បីស្ដារប្រជាប្រិយភាព និងការគាំទ្រ ដែលកំពុងធ្លាក់ចុះ ដោយសារការធ្វើឱ្យបាត់បង់ទឹកដីនៅតាមព្រំដែនថៃ វិបត្តិសេដ្ឋកិច្ច និងបញ្ហាសង្គមចាក់ស្រេះ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន គឺលោក ជា ធីរិទ្ធ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៤ ខែសីហា។
កន្លងមក លោក ហ៊ុន សែន ដែលមានតួនាទីជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសពីគោលនយោបាយរបស់គណបក្ស ដោយលើកយកប្រធានបទការដោះស្រាយជម្លោះព្រំដែនជាមួយថៃ មកធ្វើជាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងថ្នាក់ជាតិនាពេលខាងមុខ ដោយសង្កត់ធ្ងន់លើការដោះស្រាយជម្លោះដោយសន្តិវិធី។
យ៉ាងណាក៏ដោយចុះ អតីតមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេលជាង៤០ឆ្នាំទៅហើយនោះ ត្រូវបានគេរិះគន់ថា គឺជាថៅកែឈ្មួញសង្គ្រាមដ៏ល្បីឈ្មោះមួយរូប ដែលតែងតែយកបញ្ហាព្រំដែន មកធ្វើជាប្រជាភិថុតិក្នុងការស្វែងរកសំឡេងគាំទ្រ ជាពិសេសនៅមុនពេលមានការបោះឆ្នោតម្ដងៗ។ ជាក់ស្ដែងនៅមុនពេលរៀបចំការបោះឆ្នោតកាលពីឆ្នាំ២០០៨ ឆ្នាំ២០១៣ និងឆ្នាំ២០១៨ កម្ពុជាសុទ្ធតែមានបញ្ហាជម្លោះព្រំដែន ជាមួយប្រទេសសថៃ និងប្រទេសឡាវ ដែលបញ្ហានេះ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះលើការបោះឆ្នោតជាបន្តបន្ទាប់។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ការលើកឡើងរបស់មេដឹកនាំថៃ គឺគ្រាន់តែដើម្បីធ្វើប្រជាភិថុតិនយោបាយ និងបង្ខូចឈ្មោះកម្ពុជា ខណៈកម្ពុជាគ្មានសមត្ថភាពខាងផ្នែកយោធា ដើម្បីបង្កសង្គ្រាមជាមួយថៃបាននោះឡើយ។ លោកបន្តថា ប្រសិនបើសង្គ្រាមនៅតាមព្រំដែន ពិតជាផ្ទុះឡើងម្ដងទៀតមែននោះ គឺភាគីថៃជាអ្នកបង្កឡើង ព្រោះយោធាថៃធ្លាប់បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្តសកម្មភាពឈ្លានពានមកលើកម្ពុជាចំនួនពីរដងរួចមកហើយ។
លោក ម៉ែន ណាត៖ «ការថ្លែងសាររបស់មេដឹកនាំថៃនិយាយដោយខ្លី គឺវាមិនខុសពីមេដឹកនាំកម្ពុជាប៉ុន្មានទេ ប៉ុន្តែថៃគេបង្កើតទស្សនៈជាតិនិយម គេបង្កការឈ្លានពានកម្ពុជាហើយ គេអាចរកសំឡេងឆ្នោតដើម្បីដឹកនាំរដ្ឋាភិបាល ហើយពង្រីកការឈ្លានពាន។ ចំណែកឯរដ្ឋាភិបាលកម្ពុជា មិនបង្កើតទស្សនៈជាតិនិយមដូចសៀមទេ តែបង្កើតទស្សនៈបំបែកបំបាក់ជាតិ បំបែកបំបាក់បក្សប្រឆាំង បំបែកបំបាក់ស្មារតីពលរដ្ឋខ្មែរ សូម្បីតែនិយាយរឿងសៀមឈ្លានពានហ្នឹង ក៏ចាប់ពលរដ្ឋខ្មែរដាក់គុក»។
អ្នកឃ្លាំមើលលើកឡើងថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ គឺមានទំនាក់ទំនងគ្នាទៅនឹងនយោបាយ ដោយសារតែអ្នកនយោបាយនៃប្រទេសទាំងពីរ បានប្រើប្រាស់ចរន្តជាតិនិយមយកមកធ្វើជាដើមទុន ដើម្បីស្វែងរកសំឡេងគាំទ្រ ដែលកត្តានេះធ្លាប់បានបង្កឱ្យមានភាពតានតឹង និងការប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែនជាច្រើនលើក។
ស្រដៀងគ្នានេះដែរ អ្នកនយោបាយរបស់ប្រទេសថៃក៏បានបង្ហាញពីក្ដីបារម្ភដែរថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនងាយនឹងបិទបញ្ចប់បាននោះឡើយ ដោយសារតែរដ្ឋាភិបាលរបស់លោក អានុទីន ដែលចេញមកពីក្រុមអភិរក្សនិយមត្រូវបានគេមើលឃើញថា បានដើរតួនាទីជាអ្នកបម្រើ និងស្ថិតនៅក្រោមឥទ្ធិពលរបស់យោធាថៃ ខណៈមេដឹកនាំកម្ពុជាមានអំណាចក្ដោបក្ដាប់ និងបញ្ជាយោធាបានដោយផ្ដាច់មុខ ដែលកត្តាទាំងនេះនឹងធ្វើឱ្យក្រុមយោធានៃប្រទេសទាំងពីរ អាចប្រឈមមុខដាក់គ្នាដោយងាយស្រួល៕









