

អ្នកឃ្លាំមើលរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រឿងមិនបង្រួមក្រសួង គឺដើម្បីការពារអំណាច ព្រោះការបង្រួមក្រសួងនឹងធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់មន្ត្រីពុករលួយដែលកំពុងសម្ងំ យកស្ថាប័នរដ្ឋ ជាកន្លែងរកស៊ីតាមរយៈការប្រព្រឹត្តអំពើពុករលួយ ដែលភាគច្រើននៃអ្នកទាំងនោះ គឺជាបក្ខពួក របស់បក្សកាន់អំណាច។ ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត បានថ្លែងសារយ៉ាងវែងអន្លាយ រកហេតុផលការពារខ្លួន ក្នុងការប្រកាសមិនបង្រួមក្រសួង បើទោះបីជា មហាជន និងក្រុមបញ្ញវន្ត ទទូចឱ្យរដ្ឋាភិបាលបង្រួមក្រសួងក្ដី។
ជាច្រើនឆ្នាំហើយដែល ក្រុមបញ្ញវន្ត និងមហាជនតែងតែទទូចឱ្យរដ្ឋាភិបាលត្រកូល«ហ៊ុន» ធ្វើកំណែទម្រង់ស្ថាប័នរដ្ឋ តាមរយៈការបង្រួមក្រសួងពីច្រើន ឱ្យមកតិច ដើម្បីបោសសម្អាតមន្ត្រីពុករលួយ និងកាត់បន្ថយការចំណាយថវិកាជាតិ ខ្ជះខ្ជាយ លើប្រាក់ខែរបស់មន្ត្រីច្រើនពេកប៉ុន្តែការងារគ្មានប្រសិទ្ធភាព។ ពួកគាត់ថា កម្ពុជាមានក្រសួងចំនួន២៨ ហើយ មន្ត្រីជាង២សែននាក់ ខណៈការអភិវឌ្ឍជាតិបន្តជាប់គាំង ព្រោះសម្បូរដោយមន្ត្រីពុករលួយ តាំងពីថ្នាក់ក្រោមជាតិដល់ថ្នាក់ជាតិ។
អ្នកជំនាញផ្នែកអភិបាលកិច្ចល្អលោក ឱក សេរីសុភ័ក្រ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៥ ខែសីហាថា ការអះអាងរបស់លោក ហ៊ុន ម៉ាណែត រឿងមិនបង្រួមក្រសួងមានហេតុផលរបស់លោក ដែលបញ្ជាក់ថា កាលណាបង្រួមនឹងធ្វើឱ្យរង្គោះរង្គើផ្ទៃក្នុង ឬមានភាពរំជើបរំជួលនៅតាមក្រសួង ដែលធ្វើឱ្យពិបាក គ្រប់គ្រងស្ថានការណ៍។ ប៉ុន្តែលោកយល់ថា ករណីនេះគួរតែដល់ពេលដែល រដ្ឋាភិបាលត្រូវថ្លឹងថ្លែងថា តើបារម្ភប៉ះពាល់ស្មារតីមន្ត្រីនៅតាមក្រសួង និងក្ដីកង្វល់របស់ពលរដ្ឋ មួយណាដែលមានទម្ងន់ធ្ងន់ជាង។
លោកបញ្ជាក់ថា មកទល់បច្ចុប្បន្ននេះពុំមែនតែអ្នកវិភាគ ឬក្រុមបញ្ញវន្តទេ ដែលចង់ឃើញរដ្ឋាភិបាល បង្រួមក្រសួង ដើម្បីជំរុញឱ្យមន្ត្រីអនុវត្តការងារបម្រើពលរដ្ឋប្រកបដោយប្រសិទ្ធភាព សូម្បីតែ ប្រជាពលរដ្ឋធម្មតា ក៏លោក ចង់ឃើញការបង្រួមក្រសួងនេះដែរ។ អ្នកជំនាញផ្នែកអភិបាលកិច្ចរូបនេះលើកឡើងថា រដ្ឋាភិបាលគួរតែស្ដាប់មតិពលរដ្ឋជាធំ ហើយតម្កល់ផលប្រយោជន៍ជាតិ ជាចម្បង ជាជាងគិតតែទៅលើផលប៉ះពាល់សតិអារម្មណ៍របស់មន្ត្រី ព្រោះពលរដ្ឋជាអ្នកបង់ពន្ធ ដូច្នេះការងារបម្រើជាតិ គឺពលរដ្ឋ ក៏ជាអ្នកមានសិទ្ធិសម្រេចផងដែរ។ «»
ប្រតិកម្មនេះធ្វើឡើង ក្រោយពី លោក ហ៊ុន ម៉ាណែត បានថ្លែងនៅ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវចំនួនបីខ្សែ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ថារដ្ឋាភិបាលរបស់លោក មិនបង្រួមក្រសួង ដាច់ខាត បើទោះបីជាមានមហាជន និងអ្នកវិភាគមួយចំនួនថា ការបង្រួមក្រសួង នឹងផ្ដល់ផលប្រយោជន៍ដល់ជាតិក្ដី។ លោកថា ការដែលមិនបង្រួមក្រសួងព្រោះទប់ស្កាត់ការស្ទះការងារ និង ដើម្បីកុំឱ្យមានការរង្គោះរង្គើ នៅស្ថាប័នរដ្ឋ។ លោកក៏បានបដិសេធ មិនទទួលយកគំរូ ពីបណ្ដាប្រទេសផ្សេងៗ ដែលបាន អនុវត្តដោយជោគជ័យ លើការបង្រួមក្រសួងនោះឡើយ ដូចជាវៀតណាម សិង្ហបុរី និងចិនជាដើម ព្រោះកម្ពុជាមានស្តង់ដាររបស់កម្ពុជា។ «»
យ៉ាងណា ពលរដ្ឋ និងអ្នកឃ្លាំមើលយល់ថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត គឺដើម្បីការពារផលប្រយោជន៍ឱ្យមន្ត្រីខិលខូចដែលបាន យកស្ថាប័នរដ្ឋជាកន្លែងរកស៊ីតាមរយៈការប្រព្រឹត្តអំពើពុករលួយ និងការកិបកេងថវិកាជាតិ ដែលបានចាក់ស្រេះយ៉ាងរឹងមាំជាច្រើនទសវត្សរ៍មកហើយ តាំងពីជំនាន់លោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី។ ពួកគាត់យល់ថា ការអះអាងរបស់លោក ហ៊ុន ម៉ាណែត ថាកម្ពុជាមានស្តង់ដាររបស់កម្ពុជាក្នុងការអភិវឌ្ឍជាតិតាមរយៈការ ពង្រឹងមន្ត្រី ជំនួសការបង្រួម គឺជាវប្បធម៌«ឯងជួយអញ អញជួយឯង» ដើម្បីរក្សាអំណាច ព្រោះមន្ត្រី ភាគច្រើនគឺជាមន្ត្រី នយោបាយ របស់គណបក្សប្រជាជនកម្ពុជា។
ជុំវិញរឿងនេះអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី លើកឡើងថា ការមិនបង្រួមក្រសួងដើម្បីរក្សាស្ថិរភាពការងារ និងការពារស្មារតីមន្ត្រីដែលស្មោះត្រង់ គ្រាន់តែជានយោបាយលួងលោមចិត្ត និងជាលេសបិទបាំងការពិតនៃការការពារប្រព័ន្ធក្បាលម៉ាស៊ីនរដ្ឋបាលដ៏ធំសម្បើមប៉ុណ្ណោះ។ លោកបន្តថា ការរក្សាទំហំរដ្ឋាភិបាលឱ្យនៅដដែលក្រោមការអះអាងថា មន្ត្រីមានជំនាញផ្សេងៗគ្នា គឺជាការសម្រួលដល់ការបែងចែកផលប្រយោជន៍នយោបាយ និងអំណាចក្នុងរង្វង់ជួរថ្នាក់ដឹកនាំ ដើម្បីការពារកុំឱ្យមានការអាក់អន់ចិត្ត ឬការបែកបាក់ផ្ទៃក្នុង ដែលអាចគំរាមកំហែងដល់សសរទ្រទ្រង់អំណាចរបស់បក្សកាន់អំណាច។
ទន្ទឹមគ្នានោះ លោកអះអាងថា មានក្រសួងជាច្រើនដែលបំពេញភារកិច្ចជាន់គ្នា នៅតែបន្តរៀបចំឡើងដើម្បីបំពេញតម្រូវការបង្កើតតំណែង និងផ្ដល់បុព្វសិទ្ធិដល់ក្រុមបក្សពួក ជាជាងការបង្កើនប្រសិទ្ធភាពការងារជូនពលរដ្ឋ។ លោកបន្តថា ការចេញកាងការពាររបស់លោក ហ៊ុន ម៉ាណែត នេះអនុញ្ញាតឱ្យមន្ត្រីអសកម្ម និងអ្នកយកតួនាទីរដ្ឋទៅធ្វើជាមុខរបររកស៊ីផ្ទាល់ខ្លួន នៅតែអាចជ្រកក្រោមម្លប់ប្រព័ន្ធស្ថាប័ន បានយ៉ាងសុខសាន្ត ដោយគ្មានការព្រួយបារម្ភអំពីការពិនិត្យឡើងវិញ ឬការជម្រុះចេញនោះឡើយ។
លោក សេង វណ្ណលី៖ «ការលើកឡើងអំពីទស្សនទានយកគំរូកម្ពុជាដោយបដិសេធបទពិសោធន៍កំណែទម្រង់ជោគជ័យពីបណ្ដាប្រទេសផ្សេងៗ គឺជាយុទ្ធសាស្ត្រតទល់នឹងការរិះគន់ ដើម្បីចៀសវាងការទទួលខុសត្រូវ និងការផ្លាស់ប្ដូរជារចនាសម្ព័ន្ធពិតប្រាកដ។ ការមិនរៀបចំដែនសមត្ថកិច្ចឡើងវិញក្រោមលេសស្វ័យភាពវប្បធម៌នយោបាយ បង្ហាញយ៉ាងច្បាស់ថា គោលដៅពិតប្រាកដរបស់បក្សកាន់អំណាច គឺការរក្សាស្ថានភាពដើមដើម្បីធានានិរន្តរភាពអំណាចនយោបាយ ជាជាងការកែទម្រង់ស៊ីជម្រៅ។ ការព្រួយបារម្ភលើសលប់អំពីភាពរង្គោះរង្គើនៃស្មារតីអ្នកគាំទ្រ ស្ដែងឱ្យឃើញថាការសម្រេចចិត្តផ្អែកលើការភ័យខ្លាចបាត់បង់ការគាំទ្រពីមន្ត្រីក្នុងប្រព័ន្ធ ច្រើនជាងការតម្កល់ផលប្រយោជន៍ថវិកាជាតិ និងការបម្រើប្រជាពលរដ្ឋជាធំ»។
ការទទូចឱ្យរដ្ឋាភិបាលបង្រួមក្រសួង និងធ្វើកំណែទម្រង់ស្ថាប័ន មិនមែនទើបតែមាននៅក្នុងអាណត្តិ លោក ហ៊ុន ម៉ាណែត នោះទេ។ កាលពី១០ឆ្នាំមុន អ្នកវិភាគនយោបាយបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់ និងធ្លាប់ហៅរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជារដ្ឋាភិបាល «ក្បាលធំខ្លួនតូច» នោះ ក៏ធ្លាប់បានផ្ដល់ជាអនុសាសន៍ជាច្រើន ឱ្យរដ្ឋាភិបាលបក្សកាន់អំណាច ធ្វើកំណែទម្រង់ និងកាត់បន្ថយក្រសួងដែលគ្មានប្រយោជន៍ដើម្បីកាត់បន្ថយអំពើពុករលួយ លុបបំបាត់បក្ខពួកនិយម និងសន្សំសំចៃ ថវិកាជាតិ។
លោក សេង វណ្ណលី សង្កត់ធ្ងន់ថា ការរក្សាទុកក្រសួងច្រើនគឺការបង្កើតរចនាសម្ព័ន្ធស្ថាប័ន ស្មុគស្មាញ ចែកភារកិច្ចជាន់គ្នា និងមានកម្រិតពុករលួយខ្ពស់ ធ្វើឱ្យថវិកាជាតិត្រូវចំណាយច្រើន លើប្រាក់បៀវត្សរ៍ ដល់មន្ត្រី ជាជាងយកទៅអភិវឌ្ឍន៍សង្គម។ លោកបន្តថា ការរក្សាចំនួនក្រសួង និងមន្ត្រីជាន់ខ្ពស់ច្រើន បង្កើតជាបន្ទុកថវិកាជាតិយ៉ាងធ្ងន់ធ្ងរ ហើយការមានស្ថាប័នច្រើនពេក ក៏ធ្វើឱ្យមានការដណ្ដើមអំណាច ឬទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក នៅពេលមានបញ្ហាប្រឈម ឬការផ្ដល់សេវាសាធារណៈជូនពលរដ្ឋមិនបានត្រឹមជាដើម៕









