គណបក្ស​នយោបាយ​ចំនួន​៥ ដាក់​លិខិត​ទៅ​លោក ហ៊ុន សែន ឲ្យ​ច្រាន​សេចក្តី​ព្រាង​ច្បាប់​​គ្រប់គ្រង​ឃុំ​សង្កាត់​ថ្មី

0
48
​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា​រាជធានី និង នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពីថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា​រាជធានី និង នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពីថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

គណបក្ស​នយោបាយ​ចំនួន​៥ ដាក់​លិខិត​ទៅ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ឲ្យ​ពិចារណា និង​រុញ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ឃុំ​សង្កាត់​ថ្មី​ទៅ​រដ្ឋសភា​វិញ​។ គណបក្ស​នយោបាយ​ទាំងនោះ​យល់ឃើញ​ថា វិសោធនកម្ម​ច្បាប់​ថ្មី​នោះ ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ និង​អភិបាលកិច្ច​មូលដ្ឋាន​។ ការ​លើកឡើង​នេះ គឺ​ក្រោយពេល​រដ្ឋសភា​កម្ពុជា បាន​អនុម័ត​ច្បាប់​វិសោធនកម្ម​ថ្មី​ចំនួន ៤ មាត្រា​ស្ដីពី​ការគ្រប់គ្រង​ឃុំ​សង្កាត់​កាលពី​ថ្ងៃទី ២០ សីហា។

គណបក្ស​នយោបាយ​ចំនួន​៥ នៅ​ថ្ងៃទី​២៣ សីហា សម្តែង​ការ​មិនគាំទ្រ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ដែល​រដ្ឋសភា​បាន​អនុម័ត​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២៦​។ គណបក្ស​ទាំង​៥​នោះ​រួមមាន គណបក្ស ភ្លើងទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យជឿនលឿន គណបក្ស​កែទម្រង់​កម្ពុ​ជា និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។ គណបក្ស​ទាំងនោះ លើកឡើង​នៅក្នុង​លិខិត​ចំហ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ថា សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​នេះ គឺ​ផ្ទុយ​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ឆន្ទៈ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បាត់បង់​តុល្យភាព​អំណាច និង​យន្តការ​ត្រួតពិនិត្យ​ផ្ទៃក្នុង ហើយ​ប៉ះពាល់​ដល់​វប្បធម៌​សហការ និង​សាមគ្គីភាព​ជាតិ។

លិខិត​ចំហ​នេះ ធ្វើឡើង បន្ទាប់ពី​រដ្ឋសភា​ជាតិ​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ លើ​មាត្រា​ចំនួន ៤ គឺ មាត្រា ៣៣ មាត្រា ៣៤ មាត្រា ៣៥ និង មាត្រា ៣៨ ដែល​បក្ស​កាន់អំណាច​អះអាង​ថា គឺ​ស្របតាម​យុទ្ធសាស្ត្រ បញ្ច​កោណ​-​ដំណាក់កាល​ទី​១ និង​កម្មវិធី​កែទម្រង់​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្នុង​ការ​បន្ត​ពង្រឹង​ប្រសិទ្ធភាព​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

ទោះជា​យ៉ាងណា គណបក្ស​ទាំង​៥​នេះ យល់ថា វត្តមាន​ចម្រុះ​សមាសភាព​មេឃុំ​និង​ជំទប់​មកពី​គណបក្ស​ផ្សេងគ្នា គឺជា​យន្តការ​ត្រួតពិនិត្យ​និង​ទប់ទល់​អំណាច​ដ៏​សំខាន់ ដែល​ធានា​នូវ​តម្លាភាព គណនេយ្យ​ភាព និង​កាត់បន្ថយ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​គ្រប់គ្រង​ថវិកា និង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ។

អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន លោក លី សុធារ៉ាយុ​ត្តិ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក ខកចិត្ត​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ហើយ​ថា ច្បាប់​ថ្មី​នេះ អាច​បង្ក​ឲ្យ​មាន​ការ​ក្តោបក្តាប់​អំណាច​ផ្ដាច់មុខ​តែឯង​សម្រាប់​គណបក្ស​ឈ្នះ​ឆ្នោត ចំពោះមុខ​តំណែង​ដឹកនាំ​សំខាន់ៗ​នៅ​មូលដ្ឋាន ឃុំ​សង្កាត់​ទាំងអស់​។ លោក​បន្ត​ថា វិសោធនកម្ម​ច្បាប់​នេះ នឹង​បង្ក​ឲ្យ​មានការ​រើសអើង​នយោបាយ និង​ខ្វះ​តម្លាភាព​ផង​ដែរ។


លោក លី សុធារ៉ាយុ​ត្តិ៖ «ការ​ធ្វើ​វិសោធនកម្ម ៤ មាត្រា​នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​ដោយ​រដ្ឋសភា​ជាតិ​ថ្មីៗ​នេះ ពីព្រោះ​ថា​ការ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​នេះ គឺ​វា​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ និង​ប្រព័ន្ធ​អភិបាលកិច្ច​នៅ​មូលដ្ឋាន​។ យើង​ស្នើសុំ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ជាមួយនឹង​បណ្ដា​គណបក្ស​នយោបាយ ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​ដែល​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ធាតុ​ចូល​មុននឹង​សម្រេច​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ណាមួយ ឬក៏​ច្បាប់​ណាមួយ ដោយ​សភាជាតិ ដោយ​ស្ថាប័ន​ជាតិ»។

រីឯ​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក ប៉ោ មករា បារម្ភ​ថា ប្រសិនបើ​ច្បាប់​នេះ​ចេញ​ជា​ធរមាន វា​អាច​បង្ក​ឲ្យ​មាន​អំពើពុករលួយ បក្ខពួក​និយម​កាន់តែ​ធ្ងន់ធ្ងរ​នៅ​មូលដ្ឋាន និង​ធ្វើ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ច្រើនជាង​មុន​។ លោក​បន្ត​ថា វិសោធនកម្ម​ច្បាប់​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន បាត់បង់​អត្ថប្រយោជន៍​ជាច្រើន​លើ​សេវា​សាធារណៈ​មូលដ្ឋាន​។ លោក​ថា ការ​ប្រមូល​ផ្តុំ​អំណាច​ទៅលើ​គណបក្ស​តែមួយ​ដែល​ឈ្នះ​ឆ្នោត នោះ​គណបក្ស​នោះ​មិនអាច​អនុវត្ត​ការងារ​ដោយមាន​តម្លាភាព ហើយ​ពលរដ្ឋ​នឹង​បាត់បង់​ម្ចាស់​សំឡេង​ឆ្នោត​ដែល​ពួកគេ​គាំទ្រ។

លោក ប៉ោ មករា៖ «​ការដែល​ធ្វើ​លិខិត​ជា​ចំហ​នេះ មិនមែន​សម្រាប់​គណបក្ស​ជឿនលឿន​តែមួយ​ទេ ឬក៏​មិនមែន​សម្រាប់​តែ​គណបក្ស​ទាំង ៥ ហ្នឹង​ទេ​ណា​។ អ៊ីចឹង​ឧទាហរណ៍​ថា បើសិនជា​បញ្ហា​ហ្នឹង គណបក្ស​ប្រជាជន ដូចជា​គណបក្ស​ផ្សេងៗ​ទៀត គាត់​ចាញ់ឆ្នោត គាត់​ទៅជា​សំឡេង​ប្រឆាំង តើ​អ្វី​ជា​ផល​លំបាក​សម្រាប់​គណបក្ស​ទាំងអស់​ហ្នឹង​? មួយ​មួយទៀត តើ​អ្វី​ជា​ផលប្រយោជន៍​សម្រាប់​ប្រជាជន​នៅ​តាម​អឺ​មូលដ្ឋាន​របស់​គាត់​ហ្នឹង​? អាហ្នឹង អាហ្នឹង​ជា​បញ្ហា​ដែល​មើលឃើញ​ថ្ងៃនេះ សម្រាប់​ថ្ងៃ​អនាគត​ទៅមុខ​ទៀត គឺ​មិនមែន​ដើម្បី​តែ​ក្រុម​បក្ស ៥ បក្ស​ហ្នឹង​ទេ​! កិច្ចការ​ទាំងអស់​ហ្នឹង វា​ត្រូវ​ការចូលរួម​ពី​ប្រជាពលរដ្ឋ ដើម្បី​ធានា​គណនេយ្យភាព ធានា​តម្លាភាព ធានា​ឲ្យ​មាន​ភាព​សកម្ម​របស់​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ ក៏ដូចជា​បញ្ចេញមតិ​ទៅលើ​ផលប្រយោជន៍​ផ្ទាល់​។ បើ​មិន​អ៊ីចឹង​ទេ វា​នឹង​ប៉ះពាល់​បន្ថែម​ទៀត​ណា វា​នឹង​ប៉ះពាល់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ជា​ប្រព័ន្ធ​នៅ​តាម​មូលដ្ឋាន​ហ្នឹង»។

បន្ទាប់ពី​សភា បាន​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​នេះ ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ជាច្រើន​ទាំង​ប្រជាពលរដ្ឋ គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល ដោយ​បារម្ភ​ដូចៗ​គ្នា​ថា ច្បាប់​ដែល​បាន​ធ្វើ​វិសោធនកម្ម​ថ្មី​នេះ មានបំណង​ប្រមូល​ផ្តុំ​តំណែង​សំខាន់ៗ​ទៅ​គណបក្ស​តែមួយ ធ្វើ​ឱ្យ​បាត់បង់​យន្តការ​ត្រួតពិនិត្យ និង​តុល្យភាព​អំណាច​ក្នុង​រដ្ឋបាល​ថ្នាក់ក្រោម និង​ហាក់​ប្រែក្លាយ​ការគ្រប់គ្រង​ថ្នាក់ក្រោម​ជាតិ​ជា​ការ​ពង្រីក​អំណាច​ផ្ដាច់មុខ​ជំនួស​ឱ្យ​ការបម្រើ​ផលប្រយោជន៍​រួម​របស់​ពលរដ្ឋ​គ្រប់​និន្នាការ។

មាត្រា​៣៣ នៃ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ ចែងថា បញ្ជី​បេក្ខជន​ណាមួយ​ដែល​បាន​សំឡេងឆ្នោត​២​ភាគ​៣ នៃ​សំឡេងឆ្នោត​សរុប នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ត្រូវ​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ពី​ក្នុង​បញ្ជី​បេក្ខជន​នោះ ឱ្យ​ទទួល​តំណែង​ជា​មេឃុំ​ចៅសង្កាត់ ជំទប់​ទី​១​ឬ​ចៅ​សង្កាត់​រង​ទី​១ និង​ជំទប់​ទី​២​ឬ​ចៅ​សង្កាត់​រង​ទី​២ តាម​លំដាប់​លេខ​រៀង​បន្តបន្ទាប់។

មាត្រា​នេះ ផ្ទុយ​ពី​មាត្រា ៣៣ និង​៣៤​ចាស់ ដែល​មាត្រា ៣៣​ចាស់ ចែងថា ជំទប់​ទី ១ ចៅសង្កាត់​រង​ទី ១ ត្រូវ​ជ្រើសរើស​ចេញពី​បេក្ខជន​ដែល​មាន​ឈ្មោះ​លេខ​រៀង​លើ​គេ​នៃ​បញ្ជី​បេក្ខជន​ដែល​ទទួល​បាន​សំឡេងឆ្នោត​លំដាប់​ទី ២​។ ជំទប់​ទី ២ ចៅ​សង្កាត់​រង​ទី ២ ត្រូវ​ជ្រើសរើស​ចេញពី​បេក្ខជន​ដែល​មាន​ឈ្មោះ​លេខ​រៀង​លើ​គេ​នៃ​បញ្ជី​បេក្ខជន​ដែល​ទទួល​បាន​សំឡេងឆ្នោត​លំដាប់​ទី ៣។

ចំណែក មាត្រា​៣៤ ចាស់ ចែងថា បញ្ជី​បេក្ខជន​តែមួយ​ដែល​មាន​លក្ខណៈ​សម្បត្តិ​ទទួល​បាន​អាសនៈ​ទាំង​អស់ហើយ​ឈ្នះ​ឆ្នោត​ទាំងអស់​ក្នុង​ក្រុមប្រឹក្សា នោះ​ត្រូវ​ឱ្យ​ទទួល​តំណែង​ជា​មេឃុំ ឬ​ចៅសង្កាត់ ជំទប់​ទី ១ ឬ​ចៅ​សង្កាត់រង​ទី ១ និង​ជំទប់​ទី ២ ឬ​ចៅ​សង្កាត់​រង​ទី​២។

អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ជា ធីរិទ្ធ ថ្លែង​ថា ការ​ស្នើសុំ​របស់​គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល​ទាំងនោះ​គឺជា​ការប្រើប្រាស់​សិទ្ធិ​របស់​ពួកគាត់​ក្នុង​លទ្ធិប្រជាធិបតេយ្យ​។ លោក​ថា ការ​ស្នើសុំ​របស់​គណបក្ស​ទាំងនោះ មិនមែន​ស្ថាប័ន​ព្រឹទ្ធសភា​ត្រូវ​អនុវត្ត​តាម​ក្នុង​ការ​ផ្អាក​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឃុំ​សង្កាត់​ទាំង​៤​ចំណុច​នោះៗ​ទេ​។ លោក​ទទូច​ឲ្យ​គណបក្ស​នយោបាយ​ទាំងនោះ​គួរតែ​គោរព​ចំពោះ​មតិ និង​គណបក្ស​នយោបាយ​ផ្សេងទៀត​ផង​ដែរ ដែល​គេ​គាំទ្រ​ការ​សម្រេច​នេះ។

លោក ជា ធីរិទ្ធ៖ «កុំ​គិតថា​ប្រជាធិបតេយ្យ ទាល់តែ​គេ​ធ្វើតាម​ខ្លួន តាម​សំណើ​របស់​ខ្លួន បាន​ថា ឱ​! ប្រជាធិបតេយ្យ​! យើង​ខ្លួនឯង​ក៏​គួរតែ​គោរព​ចំពោះ​មតិ​ផ្សេងទៀត ឬក៏​មតិ​ភាគច្រើន​ទៀត​ឯណោះ ថា តើ​យើង​បាន​គោរព​ចំពោះ​គេ​អត់​? ឬក៏​យើង​ថា​ទាល់តែ​ស្នើ​ទៅ ឲ្យ​បញ្ឈប់ ឲ្យ​ធ្វើតាម​ខ្លួន​ទៅ អាហ្នឹង​ប្រជាធិបតេយ្យ​ហើយ​? ប៉ុន្តែ​យើង​មិន​គោរព​ចំពោះ​ឆន្ទៈ​គេ​លើសលប់​ផ្សេងទៀត ដែល​គេ​… តើ​គេ​ផ្សេងទៀត គេ​មិន​ឈរ​លើ​ស្មារតី​ប្រយោជន៍​ជាតិ​ទេ​? តើ​មានតែ​ក្រុម ឬក៏​មានតែ​គណបក្ស​ប៉ុន្មាន ដែល​អនុវត្ត​បែប​ហ្នឹង​បាន​ស្រឡាញ់​ប្រទេសជាតិ​? អញ្ចឹង​ខ្ញុំ​គិតថា បើ​យើង​ជា​អ្នក​ប្រជាធិបតេយ្យ យើង​ថា មាត់​យើង​ថា យើង​ស្រឡាញ់​ប្រជាធិបតេយ្យ គួរតែ កុំ​ចេះតែ​ចង់​ឲ្យ​គេ​ធ្វើតាម​ខ្លួន​ទៅ ទើប​ប្រជាធិបតេយ្យ​នោះ»។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី មាន​ប្រសាសន៍ថា ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ ការ​ឈ្នះ​សំឡេង​ភាគច្រើន​មិន​គួរ​យក​អំណាច​គ្រប់យ៉ាង​ទៅកាន់​តែម្នាក់ឯង​ទេ គឺ​ត្រូវ បែងចែក​តួនាទី ការ​ត្រួត​ពិនិត្យ​គ្នា និង​ការ​ធានា​ថា សំឡេង​របស់​អ្នកបោះឆ្នោត​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​នោះ​ត្រូវ​បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​។ លោក​ថា បញ្ហា​ធំ​បំផុត​នៃ​ការ​កែប្រែ​ច្បាប់​នេះ គឺ​ការ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ត្រួតពិនិត្យ​នៅ​ថ្នាក់​មូលដ្ឋាន​ចុះ​ខ្សោយ ដោយសារ​មិន​មាន​ការចូលរួម​សួរដេញដោល​ពី​គណបក្ស​ដទៃ ការ​តាមដាន​ថវិកា ការ​ត្រួតពិនិត្យ​គម្រោង និង​ការរិះគន់​ការសម្រេចចិត្ត អាច​កាន់តែ​លំបាក។

លោក សេង វណ្ណលី បន្ត​ថា គណបក្សប្រឆាំង​អាច​លំបាក​កសាង​មូលដ្ឋាន​នយោបាយ​ប្រសិន​ច្បាប់​នេះ​ចេញ​ជា​ធរមាន ហើយ​វា​នឹង​ប៉ះពាល់​ដល់​ការប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ និង​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០២៧ និង​ឆ្នាំ​២០២៨ ខាងមុខ​។​

លោក សេង វណ្ណលី៖ «ច្បាប់​បែបនេះ មិន​គួរ​ធ្វើ​អឺ​ដោយ​រហ័សរហួន ឬក៏​ឲ្យ​តែ​ភាគី​មាន​សំឡេង​ភាគច្រើន សម្រេច​តែម្នាក់ឯង​នោះ​ទេ​។ បើ​រដ្ឋាភិបាល​ប្រាកដជា​យល់ថា ការកែ​ច្បាប់​នេះ មាន​គោលដៅ​ល្អ វា​គួរតែ​ហ៊ាន​បើក​ការពិភាក្សា​សាធារណៈ និង​ឆ្លើយ​សំណួរ​របស់​អ្នកជំទាស់​ដោយហេតុ​ផល​។ ការពិគ្រោះ​យោបល់​មុន​អនុម័ត មិនមែន​ជា​ការ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចុះ​ខ្សោយ​ទេ ប៉ុន្តែ​វា​ជា​វិធី​ធ្វើ​ឲ្យ​ច្បាប់​មាន​ភាព​ស្របច្បាប់​ខ្លាំង និង​មាន​ទំនុកចិត្ត​ពី​សង្គម​កាន់តែ​ខ្លាំង​។ ខ្ញុំ​យល់ថា លោក ហ៊ុន សែន គួរតែ​ប្រើ​តួនាទី​របស់​ព្រឹទ្ធសភា​ឲ្យ​មានន័យ មិនមែន​គ្រាន់តែ​អនុម័ត​បន្ត​តាម​រដ្ឋសភា​នោះ​ទេ​។ នៅពេល​ដែល​មាន​គណបក្ស​ជាច្រើន​ស្នើសុំ​ឲ្យ​ផ្អាក និង​ពិចារណា​ឡើងវិញ ព្រឹទ្ធសភា​គួរតែ​ស្តាប់​ហេតុផល​ទាំងសងខាង​។ បើ​ការ​បើក​សវនាការ ឬក៏​ពិ​គ្រោះជា​សាធារណៈ មិនសូវ​មាន​សារសំខាន់ ខ្ញុំ​គិតថា វា​ផ្ទុយ​ពី​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ»។

ដោយឡែក គណបក្ស​កម្លាំង​ជាតិ កាលពី​ថ្ងៃទី​២១ ខែសីហា ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​មិន​គាំទ្រ​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​នេះ​ដែរ ហើយ​ថា ច្បាប់​ថ្មី​នេះ គឺ​ប៉ះពាល់​ដល់​ដំណើរការ​វិមជ្ឈការ ហើយ​គណបក្សប្រឆាំង​តូចៗ ដែល​កំពុង​ប្រឈមមុខ​នឹង​សម្ពាធ​ជុំ​ទិស ការកាត់បន្ថយ​តំណែង​ជំទប់ និង​ការ​កែប្រែ​រូបមន្ត​បែងចែក​នេះ នឹង​ធ្វើ​ឱ្យ​សំឡេងឆ្នោត​របស់​ប្រជាពលរដ្ឋ​រាប់​សែន​នាក់​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ភាគតិច ត្រូវ​បាត់បង់​តំណាង និង​គ្មាន​ឥទ្ធិពល​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍ និង​ការសម្រេចចិត្ត​នានា​ក្នុង​ឃុំ​/​សង្កាត់​របស់​ខ្លួន។។

ក្រោយ​ប្រតិកម្ម​នេះ ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី ២២ ខែសីហា បាន​ចេញ​សេចក្តី​ប្រកាស បំភ្លឺ​តប​នឹង​គណបក្ស​កម្លាំង​ជាតិ​។ ក្រសួងមហាផ្ទៃ​ថា ការ​ធ្វើ​វិសោធន​កម្ម​នេះ មិនបាន​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត និង​រូបមន្ត​បែងចែក​អាសនៈ ក្នុង​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ដែល​មាន​ចែង​កំណត់​នៅក្នុង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ឡើយ​។ គណបក្ស​នយោបាយ​នីមួយៗ​នៅតែ​ទទួល​បាន​អាសនៈ​ស្របតាម​ចំនួន​សំឡេងឆ្នោត​ដែល​ខ្លួន​ទទួល​បាន​។ ក្រសួងមហាផ្ទៃ​បង្ហាញថា ការ​កែសម្រួល​រូបមន្ត​កំណត់​មុខតំណែង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ឃុំ សង្កាត់ ឱ្យ​សមស្រប​នឹង​លទ្ធផល​បោះឆ្នោត និង​ជាពិសេស​ស្របតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត ហើយ​ធ្វើឡើង​ដោយ​ផ្អែកលើ​គោលការណ៍​នីតិរដ្ឋ ការគោរព​រដ្ឋធម្មនុញ្ញ និង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ជាដើម​។ ក្រសួង​បញ្ជាក់​ថា ជា​រួម​ការ​ធ្វើ​វិសោធនកម្ម​នេះ​មាន​គោលបំណង​ពង្រឹង​ប្រព័ន្ធ​អភិបាលកិច្ច​មូលដ្ឋាន លើកកម្ពស់​គុណភាព​សេវា​សាធារណៈ និង​ធានា​ឱ្យ​រដ្ឋបាល​ឃុំ សង្កាត់ អាច​ឆ្លើយ​តប​បាន​កាន់​តែ​រហ័ស និង​មាន​ប្រសិទ្ធភាព​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។ បទបញ្ញត្តិ​ថ្មី​នឹង​អនុវត្ត​ចាប់ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៦​តទៅ និង​មិន​ប៉ះពាល់​ដល់​សមាសភាព ឬ​មុខតំណែង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ឃុំ សង្កាត់ ដែល​ស្ថិត​ក្នុង​អាណត្តិ​បច្ចុប្បន្ន​ឡើយ។

ទោះជា​មានការ​បកស្រាយ​បែបនេះ​ក្តី គណបក្សប្រឆាំង នៅតែ​ស្នើសុំ​ឲ្យ​ប្រធាន​ព្រឹទ្ធសភា ដែល​មាន​លោក ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ផ្អាក​ដំណើរការ​ច្បាប់​វិសោធនកម្ម​ថ្មី​នោះ និង​រុញ​ទៅ​សភាជាតិ​កម្ពុជា​វិញ ដោយ​រក្សាទុក​នូវ​ស្មារតី​ដើម​ច្បាប់​ចាស់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​ឆ្នាំ​២០០១ ដើម្បី​ជា​ប្រយោជន៍ នៃ​លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ច​ល្អ និង​សាមគ្គីភាព​ជាតិ​នៅ​ថ្នាក់​មូលដ្ឋាន​។ គណបក្ស​ទាំងនោះ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត សហគមន៍​ជាតិ និង​អន្តរជាតិ បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ការប្រែប្រួល​នៃ​ប្រព័ន្ធ​ច្បាប់ និង​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ដំណើរការ​នៃ​ច្បាប់​នេះ​ដោយ​យកចិត្តទុកដាក់ ដើម្បី​ការពារ​សិទ្ធិ និង​សំឡេង​របស់​ខ្លួន​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ