រឿងអាស្រូវ​សន្លឹក​ទិដ្ឋាការ​បង្ហាញ​ពី​ចន្លោះប្រហោង​ក្នុង​ប្រព័ន្ធ​ប្រឆាំង​អំពើពុករលួយ​របស់​កម្ពុជា

0
34
មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ថូ សំណាង។ រូប៖ បណ្ដាញសង្គម
មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ថូ សំណាង។ រូប៖ បណ្ដាញសង្គម

អ្នកឃ្លាំមើល​សង្គម បាន​រិះគន់​ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​ចំពោះ​អតីតមន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស លោក ថូ សំណាង ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​យក​សន្លឹក​ទិដ្ឋាការ​រាប់ពាន់​សន្លឹក​ទៅ​ប្រើ​ប្រាស់​ខុសច្បាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​អន​ឡាញ គឺ​បង្ហាញ​ពី​ភាព​ខ្សោយ​ធ្ងន់ធ្ងរ​នៃ​ប្រព័ន្ធ​ត្រួតពិនិត្យ និង​ការអនុវត្ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណ​លី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ករណី​អតីតមន្ត្រី​ក្រសួងការបរទេស លោក ថូ សំណាង បាន​បង្ហាញ​ពី​ចន្លោះប្រហោង​សំខាន់ៗ​នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​ប្រព័ន្ធ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​។ លោក​ថា ការ​បញ្ចប់​មុខតំណែង​លោក ថូ សំណាង ពី​អគ្គនាយក ហើយ​តែងតាំង​លោក​ជាទី​ប្រឹក្សា​ក្រសួង​ដែល​មាន​ឋានៈ​ស្មើ​អគ្គនាយក​ភ្លាមៗ មិនអាច​ចាត់ទុកថា​ជា​ការ​ដាក់​ទោសទណ្ឌ​ដែល​មាន​ប្រសិទ្ធភាព​នោះ​ទេ។

លោក សេង វណ្ណលី បាន​និយាយ​ថា ការ​រក្សា​ឋានៈ និង​បុព្វសិទ្ធិ​របស់​មន្ត្រី​ម្នាក់ បន្ទាប់ពី​មានការ​ចោទប្រកាន់​ពី​ការប្រព្រឹត្ត​ខុស អាច​ផ្ញើ​សារ​មិន​ត្រឹមត្រូវ​ទៅកាន់​មន្ត្រីរាជការ​ផ្សេងទៀត លោក​បាន​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ថា តើ​មាន​មន្ត្រី​ផ្សេងទៀត​ពាក់ព័ន្ធ​ដែរឬទេ​។ លោក​ថា ការស៊ើបអង្កេត​មិន​គួរ​បញ្ចប់​ត្រឹម​មន្ត្រី​ម្នាក់​នោះ​ទេ ត្រូវ​ពិនិត្យ​ទៅលើ​មន្ត្រីជាន់ខ្ពស់​ដែល​មាន​ការទទួលខុសត្រូវ​ផ្ទាល់​លើ​នាយកដ្ឋាន​ពាក់ព័ន្ធ រួមមាន​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស។

លោក សេង វណ្ណលី បន្ថែម​ថា អំពើពុករលួយ​តាមរយៈ​សេវាកម្ម​សាធារណៈ ការ​បោះ​ត្រា​លើ​ឯកសារ និង​ការ​លក់​សន្លឹក​ទិដ្ឋាការ​ខុសច្បាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​អនឡាញ បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​កិត្យានុភាព​ជាតិ​។ ការ​ផ្តល់​ទិដ្ឋាការ​មិន​ត្រឹមត្រូវ​ដល់​ក្រុម​ឧក្រិដ្ឋជន ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ជម្រក​នៃ​បទល្មើស​ឆ្លងដែន និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ។

ការ​អះអាង​របស់​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ គឺ​បន្ទាប់ពី​អ្នកនាំពាក្យ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក សយ ច័ន្ទ​វិចិត្រ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក ថូ សំណាង បាន​សារភាព​ក្នុង​ពេល​សាកសួរ​ថា លោក​បាន​យក​សន្លឹក​ទិដ្ឋាការ​ប្រភេទ C និង Cex ចំនួន​១​ម៉ឺន (១០,០០០) សន្លឹក​ពី​ក្រសួងការបរទេស។ ក្នុងចំណោម​នោះ សន្លឹក​ទិដ្ឋាការ​ជាង​៦​ពាន់ (៦,០០០) សន្លឹក ត្រូវ​បាន​ប្រើប្រាស់​ខុសច្បាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​អនឡាញ ខណៈ​សន្លឹក​ទិដ្ឋាការដែល​នៅសល់​ប្រមាណ​៤​ពាន់ ( ៤,០០០) សន្លឹក កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ស្វែងរក​។ លោក​ថា ACU មិនបាន​បង្ហាញ​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទេ ដោយ​បញ្ជាក់​ថា ការស៊ើបអង្កេត​កំពុង​បន្ត​។ ករណី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់ខ្លួន​លោក ថូ សំណាង ទៅ​សាកសួរ​នេះ ធ្វើឡើង​ដោយ​មិនបាន​ជូនដំណឹង​ដល់​គ្រួសារ​នោះ​ទេ​។ ក្រុម​គ្រួសារ​របស់​លោក ថូ សំណាង បាន​ប្រកាស​ពី​ការ​បាត់​ដំណឹង​រូបលោក ហើយ​ប្រកាស​ស្វែងរក ព្រមទាំង​បាន​ដាក់​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ជ្រោយ​ចង្វារ​ថែមទៀត​។​ករណីនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​លើ​បណ្ដាញ​សង្គម។

ជុំវិញ​បញ្ហា​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ បាន​ឲ្យ​ដឹង​ថា ការប្រើប្រាស់​សន្លឹក​ទិដ្ឋាការ​ខុសច្បាប់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា ជា​រឿង​ធ្ងន់ធ្ងរ ព្រោះ​មន្ត្រី​ដែល​ទទួលខុសត្រូវ​លើ​ការគ្រប់គ្រង​ការ​ចូល​ប្រទេស​របស់​ជនបរទេស គឺជា​អ្នក​កាន់ “​កូនសោ​” សម្រាប់​ការ​បើកទ្វារ​ចូល​ប្រទេស​កម្ពុជា។

លោក សេក សុជាតិ បន្ថែម​ថា អាជ្ញាធរ​គួរតែ​ស៊ើបអង្កេត​ថា តើ​មាន​បុគ្គល​ផ្សេងទៀត​បាន​ជួយ​សម្របសម្រួល​ក្នុង​សកម្មភាព​ដែល​ត្រូវ​បាន​ចោទប្រកាន់​នេះ​ដែរ​ឬទេ ហើយ​ប្រសិនបើ​រក​ឃើញ​ថា​មានការ​ប្រព្រឹត្ត​ខុស គួរតែ​ចាត់វិធានការ​តាមច្បាប់​ប្រឆាំង​អំពើពុករលួយ និង​ច្បាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន។

លោក សេក សុជាតិ៖ «បុគ្គល​ដែល​រក​ឃើញ គឺ​ត្រូវ​ធ្វើ​ការសិក្សា​ឱ្យ​បាន​ច្បាស់លាស់ ហើយនឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ប្រឆាំង​អំពើពុករលួយ ហើយ​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន តាមរយៈ Scam ដែល​ទើបតែនឹង​កើត​ថ្មី ហើយ​បុគ្គល​ដែល​បើកដៃ​ឱ្យ​ពួក​អ្នក​បំផ្លាញ ធនធាន សីលធម៌ ប្រពៃណី និង​សេដ្ឋកិច្ចជាតិ ទាំងអស់​នេះ គឺ​គួរតែ​ត្រូវ​បាន​អនុវត្ត​ដោយ​មិន​មាន​ការលើកលែង»។

ចំណែក​លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​បច្ចុប្បន្ន​ជា​សមាជិក​រដ្ឋសភា បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ថា ACU បាន​ចាប់ខ្លួន​លោក ថូ សំណាង ពាក់ព័ន្ធ​នឹង​បញ្ហា​ឆបោក​តាម​អន​ឡាញ ប៉ុន្តែ​លោក យល់ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ និង ក្នុង​នីតិរដ្ឋ អ្នក​ប្រព្រឹត្ត​ខុសត្រូវ​ទទួលទោស តែ​ការ​ចាប់​បាត់​ខ្លួន​ពី​ដើម​មានតែ​នៅក្នុង​ប្រទេស​ផ្ដាច់ការ​ទេ ។ លោក​ថា ការ​ចាប់ខ្លួន​នរណា​ម្នាក់​នៅក្នុង​កម្ពុជា​គួរ​មានការ​ជូនដំណឹង​ដល់​ក្រុម​គ្រួសារ កុំ​អោយ​មានការ​ភ័យ​ស្លន់ស្លោ​។​

ទន្ទឹម​នឹង​នេះ លោក គឹម សុខ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា បាន​ឲ្យ​ដឹង​ថា យោង​ទៅ​លើ​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​មួយចំនួន រួមមាន Humanity Research Consultancy ការ​លក់​ទិដ្ឋាការ និង​សញ្ជាតិ​ខ្មែរ​ទៅ​ឱ្យ​ជនបរទេស គឺជា​ផ្នែក​មួយ​នៃ​បណ្ដាញ​ដែល​សម្របសម្រួល​ដល់​ប​ទ​ល្មើស​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា និង​មីយ៉ាន់ម៉ា។ លោក​ថា សកម្មភាព​បែបនេះ​ត្រូវ​បាន​រៀបចំ​ឡើងជា​ប្រព័ន្ធ និង​បាន​ចោទប្រកាន់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល និង​សមាជិកគ្រួសារ​ហ៊ុន​ថា បាន​សម្របសម្រួល​សកម្មភាព​ទាំង​នេះ។

លោក គឹម សុខ៖ «នៅ​កម្ពុជា ការ​លក់​ទិដ្ឋាការ ជាពិសេស ការ​លក់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស ដូចជា​ជនជាតិ​ចិន​ជាដើម គឺ​គេ​ធ្វើជា​ចំហ​តែម្តង​។ កន្លងមក មាន​ឧកញ៉ា​មួយចំនួន ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន អំពី​របៀប​រត់​ការ​យក​សញ្ជាតិ​ខ្មែរ​។ ហើយ​ដូច្នេះហើយ រឿង​លក់​សញ្ជាតិ លក់​ទិដ្ឋាការ នៅ​ប្រទេស​កម្ពុជា វា​ជា​របៀប ដែល​រៀបចំឡើង​ដោយ​រដ្ឋាភិបាល​តែម្តង»។

កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៦ លោក ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទី បាន​ចុះ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​លោក ថូ សំណាង ពី​តំណែង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ច្បាប់ កុងស៊ុល និង​ព្រំដែន នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ លោក​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួង​ជំនួស​វិញ ដោយមាន​ឋានៈ​ស្មើ​អគ្គនាយក។

អ្នកឃ្លាំមើល​សង្គម អះអាង​ថា វិធានការ​ដាក់ទណ្ឌកម្ម​គួរតែ​សមស្រប​ទៅ​នឹង​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ចោទប្រកាន់​។ គួរតែ​ពង្រីក​ការស៊ើបអង្កេត ដើម្បី​កំណត់​ថា តើ​ការ​យក និង​ការប្រើប្រាស់​សន្លឹក​ទិដ្ឋាការ​ទាំងនេះ​ដែល​ត្រូវ​បាន​ចោទប្រកាន់ មាន​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ធំ​ជាង​នេះ​ឬ​យ៉ាងណា ពីព្រោះ​អំពើពុករលួយ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ មិនអាច​ប្រព្រឹត្ត​ដោយ​មនុស្ស​តែ​ម្នាក់​បាន​ឡើយ។

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​ចាត់​ចំណាត់ថ្នាក់​កម្ពុជា​នៅ​លេខ ១៦៣ ក្នុងចំណោម​ប្រទេស​ចំនួន ១៨២ នៅក្នុង​សន្ទស្សន៍​ការយល់ឃើញ​អំពើពុករលួយ​ឆ្នាំ​២០២៥ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៦​។ កម្ពុជា​បាន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវ​បាន​គេ​យល់​ថា មាន​បញ្ហា​អំពើពុករលួយ​ធ្ងន់ធ្ងរ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។

អ្នកឃ្លាំមើល​សង្គម អះអាង​ថា ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​សន្លឹក​ទិដ្ឋការ​ដែល​បាត់​ខ្លួន​នេះ មាន​ភាព​រសើប​ជាពិសេស ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​សម្ពាធ​អន្តរជាតិ​កាន់តែ​ខ្លាំង​ឡើង​ឱ្យ​បង្ក្រាប​ទីតាំង​ឆបោក​តាម​អន​ឡាញ និង​បទល្មើស​ឧក្រិដ្ឋកម្ម​រៀបចំ​ជា​បណ្តាញ​ឆ្លងដែន​ផ្សេងទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ