

ចលនាសង្គ្រោះជាតិ និងបណ្ដាញយុវជនកម្ពុជាសកលនៅប្រទេសជប៉ុនគ្រោងដឹកនាំសកម្មជន ពលករ និងពលរដ្ឋខ្មែរធ្វើបាតុកម្មនៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ខាងមុខនេះ ដើម្បីរំលឹកខួប១ឆ្នាំនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។ អ្នកវិភាគយល់ថា នេះជារឿងសមស្របនៅក្នុងកាលៈទេសៈនេះ ដើម្បីផ្សព្វផ្សាយឲ្យអន្តរជាតិបានដឹងពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។
ពលរដ្ឋ សកម្មជន និងពលករខ្មែរនៅប្រទេសជប៉ុនគ្រោងប្រមូលផ្តុំគ្នា ដង្ហែក្បួន កាន់បដា និងធ្វើបាតុកម្ម នៅសួន ហ៊ីប៊ីយ៉ាក់ (HIBIYA) ក្នុងទីក្រុងតូក្យូ (TOKYO) ដើម្បីរំលឹកខួប១ឆ្នាំនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា និងទាមទារលក្ខខណ្ឌមួយចំនួនដូចជា ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC គាំទ្រឲ្យរដ្ឋាភិបាលយកច្បាប់សមុទ្រអន្តរជាតិ UNCLOS មកអនុវត្ត និងដោះលែងអ្នកទោសនយោបាយ និងមនសិការទាំងអស់។
នៅក្នុងពិធីបាតុកម្មនោះ ពួកគាត់គ្រោងរៀបចំស្លៀកពាក់ជាជនភៀសសឹកដែលកំពុងរងទុក្ខវេទនា ដោយសារការបាត់បង់ផ្ទះសម្បែង និងស្លៀកសំលៀកបំពាក់ទាហាន ដង្ហែក្បួន និងកាន់បដា ដើម្បីបង្ហាញឲ្យជប៉ុន និងអន្តរជាតិបានដឹងពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។ ពួកគាត់ក៏គ្រោង រៀបចំដង្ហែមឈូស ដើរតាមផ្លូវផងដែរ ដើម្បីកាន់ទុក្ខឲ្យកម្ពុជាដែលលទ្ធិប្រជាធិបតេយ្យបានស្លាប់ ក្រោមរបបដឹកនាំរបស់គ្រួសារត្រកូលហ៊ុន។
ពលករខ្មែរ និងជាអនុប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិប្រចាំប្រទេសជប៉ុន អ្នកស្រី ឈុន លក្ខិណា ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា អ្នកស្រីខកចិត្តដែលរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ទន់ខ្សោយមិនហ៊ានយករឿងជម្លោះព្រំដែន ប្តឹងថៃឈ្លានពានកម្ពុជាទៅអន្តរជាតិ។ អ្នកស្រីរៀបរាប់ទាំងអួលដើមកថា អ្នកស្រីឈឺចាប់ដែលឃើញពលរដ្ឋខ្មែររងគ្រោះ បាត់បង់ផ្ទះសម្បែង ទឹកដី ក្នុងសម័យមួយដែលប្រទេសគួរអភិវឌ្ឍន៍បានជឿនលឿន ដូចប្រទេសជិតខាង។ អ្នកស្រីថា រដ្ឋាភិបាលមិនមានភាពស្អាតស្អំគ្រប់គ្រាន់ ក្នុងការប្រឈមមុខនឹងអន្តរជាតិនោះទេ ដោយសារភ័យខ្លាចការស៊ើបអង្កេតស៊ីជំរៅរបស់អន្តរជាតិដែលរដ្ឋាភិបាលខ្មែរអាចមានអំពើទុច្ចរិតណាមួយពាក់ព័ន្ធក្នុងរឿងព្រំដែន និងបញ្ហាឆបោកតាមអនឡាញនៅកម្ពុជា។
អ្នកស្រី ឈុន លក្ខិណា៖ «បងប្អូនត្រូវតែចូលរួមជាសំឡេង បង្ហាញនូវភាពឈឺចាប់ដែលយើងរងគ្រោះ ថៃគាត់ឈ្លានពាន។ បងប្អូនដែលចេះជប៉ុន អាចនិយាយពន្យល់ភាសាជប៉ុនទៅជនជាតិជប៉ុនឱ្យដឹងថា យើងរងគ្រោះរបៀបណាខ្លះ កុំឱ្យគេជឿទោរទន់តែព័ត៌មានម្ខាង ទំនោរទៅម្ខាងថៃៗ។ ហើយសូមឱ្យបងប្អូនចូលរួមជាមួយពួកយើងទាំងអស់គ្នា ដើម្បីជាសំឡេងតតាំងជាមួយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហើយខ្ញុំសង្ឃឹមថាបាតុកម្មយើង ជាផលវិជ្ជមានមួយដែលធ្វើឱ្យរដ្ឋាភិបាលជប៉ុនមើលឃើញថា យើងជាពលរដ្ឋនៅក្រៅប្រទេសនៅតែទាមទារចង់បានយុត្តិធម៌ ចង់ឱ្យប្រទេសជប៉ុនជួយអន្តរាគមន៍ ជួយធ្វើយ៉ាងណាឱ្យថៃដកទ័ពចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជា»។
ចំណែក ពលរដ្ឋសកម្មរឿងនយោបាយនិងសង្គមមួយរូបទៀត គឺលោកស្រី វ៉ាន់ លក្ខិណា ថ្លែងថា លោក ហ៊ុន ម៉ាណែត មិនបានគិតគូរដល់ប្រជាពលរដ្ឋ និងប្រទេសជាតិទេ ហើយបានពង្វក់ពលរដ្ឋខ្លួនឲ្យស្គាល់តែភាពសប្បាយដោយបង្កើតកម្មវិធីរាំច្រៀង ទាំងក្នុងស្រុក និងនៅប្រទេសជប៉ុនតាមរយៈស្ថានទូតខ្មែរ និងសមាគមមួយចំនួនទៀត ដើម្បីបំភ័ន្តភ្នែកអន្តរជាតិ ដោយមិនចង់ឲ្យពួកគេចាប់អារម្មណ៍រឿងសង្គមជាតិឡើយ។ លោកស្រីបន្តថា លោក ហ៊ុន ម៉ាណែត ភ័យខ្លាចរង្គោះរង្គើអំណាច ឬបាត់បង់តំណែង ហើយប្រជាពលរដ្ឋផ្ទុះកំហឹង និងក្រោកឈរប្រឆាំងនឹងលោក ប្រសិនបើពលរដ្ឋចូលរួមដឹងលឺច្រើន និងឈឺឆ្អាលរឿងប្រទេសជាតិ ជាពិសេសការបាត់បង់ទឹកដីទៅឲ្យប្រទេសជិតខាង។ លោកស្រីចង់ឃើញរដ្ឋាភិបាលមានចំណាត់ការច្បាស់លាស់មួយក្នុងការប្តឹងថៃទៅអន្តរជាតិ ដើម្បីឲ្យអន្តរជាតិដោះស្រាយជូន មិនមែនចាប់ចងប្រជាពលរដ្ឋខ្លួនដែលហ៊ាន និងនិយាយពីបញ្ហាព្រំដែន និងសង្គមនោះទេ។
លោកស្រី វ៉ាន់ លក្ខិណា៖ «ប្រទេសកម្ពុជារបស់យើងរងគ្រោះ ប៉ុន្តែមេដឹកនាំយើងហ្នឹងអត់បង្ហាញពីការរងគ្រោះ និងការរំលោភបំពានរបស់ថៃមកលើប្រទេសកម្ពុជា។ ឥឡូវយើងមើលសព្វថ្ងៃហ្នឹងមើល សព្វថ្ងៃគេព័ទ្ធយក ស្រេចតែចិត្តគេធ្វើរបងអី ស្រេចតែចិត្ត យើងបណ្តោយឲ្យគេធ្វើ ប៉ុន្តែយើងៗអឺលក្ខណៈថាយើងស្ងៀមស្ងាត់ៗស្ងៀមហាស៎។ ខ្ញុំមិនដឹងថា អាការសំងំរបស់គាត់ហ្នឹង សំងំយកពិស ឬក៏សំងំយកស្អីឲ្យពិតប្រាកដទេ ប៉ុន្តែប្រជាពលរដ្ឋយើងរងគ្រោះ យើងផ្សព្វផ្សាយ គេមិនឱ្យផ្សព្វផ្សាយ។ បើសិនជាយើងរងគ្រោះមែន កាលណាប្រជាពលរដ្ឋគាត់បង្ហាញភស្តុតាងមកយើងត្រូវ ក្នុងនាមយើងជារដ្ឋាភិបាល យើងត្រូវសារ ដូចថាយើងត្រូវជួយបំផុសបំផុលបន្ថែម ប៉ុន្តែអត់ទេ គំរាមសម្លាប់ ឱ្យលុបវីដេអូហ្នឹងចោល កុំឱ្យនិយាយពាក់ព័ន្ធជាមួយព្រំដែន អីផ្សេងៗជាដើម ដូចដែលបានឃើញកន្លងមកអ៊ីចឹងចា៎»។
កន្លងមក ប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង អូស្ត្រាលី កាណាដា បារាំង និងបណ្តាប្រទេសមួយចំនួនទៀត ក៏ធ្លាប់បានធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលកម្ពុជាយករឿងជម្លោះព្រំដែនដែលថៃឈ្លានពាននេះ ប្តឹងថៃទៅតុលាការអន្តរជាតិ ICJ និងICC ផងដែរ ប៉ុន្តែរដ្ឋាភិបាល ហាក់មិនអើពើ និងមិនបានប្តឹងថៃនោះទេ ដោយគ្រាន់តែបន្តចេញលិខិតតវ៉ាចំពោះការឈ្លានពាននេះ។ ពលរដ្ឋជាច្រើនខកចិត្តចំពោះការតវ៉ាដដែលៗ និងគ្មានប្រសិទ្ធភាពរបស់ លោក ហ៊ុន ម៉ាណែត ហើយថា ការតវ៉ានេះ ហាក់គ្មានពន្លឺនឹងអាចទាមទារទឹកដីបានមកវិញឡើយ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី មានប្រសាសន៍ថា ក្នុងពេលដែលលំហសេរីភាពនៅក្នុងប្រទេសកម្ពុជា កំពុងរងការរឹតត្បិត មិនអាចបញ្ចេញមតិបាន ជាពិសេសពីបញ្ហាព្រំដែន ប្រជាពលរដ្ឋនៅក្រៅប្រទេសអាចសម្ដែងបាន នោះជារឿងដែលល្អសម្រាប់កម្ពុជាដែលអាចជួយឲ្យពិភពលោកបានដឹងលឺពីការឈ្លានពាននេះ។ លោកបន្តថា រដ្ឋាភិបាលក៏គួរពិចារណាដោះលែងអ្នកជាប់ឃុំទាំងអស់ ដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិ ដើម្បីជាការបង្រួបបង្រួមជាតិ និងពង្រឹងនូវឯកភាពជាតិ រួមគ្នាការពារទឹកដីពីសត្រូវឈ្លានពាន កុំឲ្យរងការរិះគន់បន្តពីពលរដ្ឋ និងអន្តរជាតិពីការរឹតត្បិតសេរីភាពពលរដ្ឋ។
បណ្ឌិត មាស នី៖ «បើមើលអំពីការប្រឈមផ្នែកកម្លាំងប្រដាប់អាវុធ គឺយើងទៅមិនរួចទេ ការច្បាំងជាមួយថៃ២លើកនេះ យើងដឹងកម្លាំងគ្នាហើយ។ អ៊ីចឹង ដំណោះស្រាយក្នុងនាមកម្ពុជាដែលជាប្រទេសតូច ប្រឈមជាមួយថៃដែលជាប្រទេសធំនោះ គឺមានតែសង្ឃឹមលើកយន្តការរបស់អន្តរជាតិហ្នឹងឯង ដែលអាចជួយយើងបាន។ អ៊ីចឹង សម្រាប់ខ្ញុំ ក៏ដូចជាខ្មែរដទៃទៀត ក៏ចង់ឃើញរដ្ឋាភិបាលហ្នឹង គឺត្រូវតែបង្កើតនូវការតស៊ូមតិនៅក្នុងថ្នាក់អន្តរជាតិហ្នឹងឱ្យបានច្រើន ឱ្យបានខ្លាំងជាងរាល់ថ្ងៃទៀតទៅ ដើម្បីអឺកុំឱ្យថៃហ្នឹងដេកលក់។ បើមិនអ៊ីចឹងទេ វាអាចមានន័យថាដីដែលបាត់បង់សព្វថ្ងៃហ្នឹង គឺគ្មានថ្ងៃណាយើងយកមកវិញបានទេ»។
ខណៈរដ្ឋាភិបាលកម្ពុជាមិនបានប្តឹងថៃទៅតុលាការអន្តរជាតិ តំណាងរដ្ឋាភិបាលក្រៅប្រទេស បានប្រមូលសំណុំរឿង ថៃឈ្លានពាន ដែលបង្កការខូចខាតសម្បត្តិបេតិកភណ្ឌជាតិជាច្រើន រួមមានប្រាសាទបុរាណខ្មែរ សាលារៀន ការបង្ករបួសនិងសម្លាប់អាយុជីវិតទាហានខ្មែរ ការប្រើប្រាស់គ្រាប់បែកចង្កោម ការបន្តឈ្លានពានព័ទ្ធយកទឹកដីជាដើម ទៅតុលាការអន្តរជាតិICC និងICJ។
កាលពីថ្ងៃទី២៤ សីហា នេះ តំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាចំនួន៤រូប បានចូលជួបជាមួយរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីផ្តល់ភស្តុតាងនិងពន្យល់បន្ថែមដល់ក្រុមរដ្ឋអាជ្ញាទាំងនោះពាក់ព័ន្ធបណ្តឹងរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាផងដែរ។
ពលរដ្ឋខ្មែរ និងសកម្មជន នៅប្រទេសជប៉ុនអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស និងពលករខ្មែរ ចូលរួមធ្វើបាតុកម្មឲ្យបានច្រើនកុះករ ដើម្បីជួយដល់សង្គមជាតិ ផ្សព្វផ្សាយពីការឈ្លានពានរបស់ថៃ ឲ្យអន្តរជាតិបានដឹងលឺ ហើយជួយកម្ពុជា ដើម្បីឲ្យថៃសងសំណងនៃការខូចខាតទាំងអស់មកឲ្យខ្មែរវិញ៕









