

កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបន្តបង្ក្រាបទីតាំងឆបោកតាមអនឡាញចំនួន ២កន្លែង និងឃាត់ខ្លួនជនបរទេសចំនួន ២៤នាក់ ដែលសម្ងំប្រតិបត្តិការឆបោកតាមអនឡាញនៅក្នុងផ្ទះល្វែង។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការរីកសាយភាយនៃទីតាំងឆបោកតាមអនឡាញតូចៗនៅតាមភូមិបានបង្កឱ្យកើតមានបញ្ហាអសន្តិសុខជាបន្តបន្ទាប់ក្នុងមូលដ្ឋាន និង បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅទាំងភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន។
បណ្ដាញឆបោកតាមអនឡាញនៅក្រុងបាវិត ខេត្តស្វាយរៀង បានបំបែកសម្បុកចេញពីមជ្ឈមណ្ឌល និងអគារធំៗទៅប្រមូលផ្ដុំប្រតិបត្តិការឆបោកនៅតាមផ្ទះជួលតូចៗ ដូចបណ្ដាញឆបោកនៅតាមបណ្ដាខេត្តក្រុងនានានៃប្រទេសកម្ពុជាដែរ។
កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង បានឆ្មក់ចូលបង្ក្រាបទីតាំងឆបោកតាមអនឡាញចំនួន ២កន្លែងផ្សេងគ្នា ស្ថិតនៅភូមិបាវិតលើ និងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងឃាត់ខ្លួនជនជាតិចិន និងវៀតណាម សរុបចំនួន ២៤នាក់។ រដ្ឋបាលខេត្តស្វាយរៀងឱ្យដឹងកាលពីថ្ងៃទី២៦ ខែសីហា ថា ជនបរទេសទាំងនេះភាគច្រើនបានចូលមកកម្ពុជាដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវឡើយ ហើយបានលួចលាក់ប្រតិបត្តិការឆបោកតាមអនឡាញនៅក្នុងផ្ទះជួល និងផ្ទះល្វែង។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចក៏បានរឹបអូសទូរស័ព្ទជាច្រើនគ្រឿង និងបានបិទទីតាំងស្នាក់នៅរបស់ជនបរទេសទាំងនេះបណ្ដោះអាសន្ន។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តស្វាយរៀង លោក ម៉ែន អេង ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី២៧ ខែសីហា។
ក្រុងបាវិត ខេត្តស្វាយរៀង មិនខុសពីក្រុងព្រះសីហនុ និងបណ្ដាខេត្តផ្សេងទៀតនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃនោះទេ ដែលសារព័ត៌មានអន្តរជាតិបានប្រសិទ្ធនាមថា ជាឋានសួគ៌របស់បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញប្រើប្រាស់សម្រាប់ធ្វើសកម្មភាព ជួញដូរមនុស្ស ចាប់ជំរិត និងបង្ខាំងជនបរទេសធ្វើទារុណកម្មនៅក្នុងអគារស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបង្ខំឱ្យធ្វើការឆបោកតាមអនឡាញ។
រហូតមកដល់ពេលនេះ ទីតាំងសំខាន់ៗដូចជាមជ្ឈមណ្ឌលទីក្រុងហេងហេងដែលរងការចោទប្រកាន់ថា បង្ខាំងជនបរទេសចម្រុះជាតិសាសន៍រាប់សិបនាក់ ដើម្បីបង្ខំឱ្យពួកគេចូលរួមក្នុងប្រតិបត្តិការឆបោកតាមអនឡាញក៏មិនត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប និងស៊ើបអង្កេតតាមផ្លូវច្បាប់នៅឡើយ។
ជុំវិញរឿងនេះ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើងថា នៅពេលមេខ្លោងសំខាន់ៗនៅតែរស់នៅក្រៅសំណាញ់ច្បាប់ ពួកគេនឹងប្រើប្រាស់ល្បិចកល និងវិធីសាស្ត្រគ្រប់បែបយ៉ាង ដូចជាពង្រាយអ្នកឆបោកឱ្យធ្វើការតាមផ្ទះតូចៗ ដើម្បីបន្តអាជីវកម្មកខ្វក់របស់ពួកគេ។ លោកថា ក្នុងពេលបណ្ដាញឧក្រិដ្ឋជនអាចពង្រីកទីតាំងឆបោកតាំងពីទីក្រុងរហូតដល់ទីជនបទបែបនេះ មិនត្រឹមតែបង្កលក្ខណៈស្មុគស្មាញសម្រាប់ការបង្ក្រាបឡើយ ប៉ុន្តែថែមទាំងផ្ដល់ប៉ះពាល់ដល់សេដ្ឋកិច្ចកាន់តែមានទំហំធំ និងធ្វើឱ្យពលរដ្ឋតាមមូលដ្ឋានរស់នៅទាំងការភ័យខ្លាចផងដែរ។
លោក ឌីថេ ហូយ៉ា៖ «ក្នុងពិភពលោកនេះ ប្រសិនបើឧក្រិដ្ឋជនមើលឃើញថា ប្រទេសណាការអនុវត្តច្បាប់ធូររលុង ហើយមិនមានប្រសិទ្ធភាព ពួកគេនៅតែរួចពីសំណាញ់ច្បាប់បាន គេច្បាស់ណាស់នឹងសម្រុកទៅរកស៊ី ទៅរស់នៅ នៅប្រទេសហ្នឹងហើយ។ រូបភាពវាផ្លាស់ប្ដូរពីមហាជនកុំឱ្យមើលឃើញច្បាស់ ពីក្រសែភ្នែកអន្តរជាតិមើលឃើញច្បាស់ គេនឹងដូររូបភាពទៅជាកន្លែងតូចៗ វាអាចមានច្រើនជាងមុន មានគ្រប់កន្លែងអីជាដើម។ ម្ល៉ោះហើយ ហានិភ័យនេះកាន់តែគ្រោះថ្នាក់ វាកាន់តែធ្វើឱ្យជាតិ និងអន្តរជាតិមើលឃើញថា យើងនៅតែមិនមានឆន្ទៈក្នុងការបោះសម្អាតឱ្យមានប្រសិទ្ធភាព វានៅតែប៉ះពាល់សេដ្ឋកិច្ច វានៅតែធ្វើឱ្យប្រទេសជាតិខ្មែរយើងកាន់តែជាប្រទេសមួយក្នុងរូបភាពអាក្រក់»។
យុទ្ធសាស្ត្រភ្លៀងរលឹមរបស់រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន មិនបានគាស់រំលើង ឬបង្ក្រាបឱ្យដល់គោលដៅមេខ្លោងសំខាន់ រួមទាំងមន្ត្រីគ្រាក់ៗដែលកាងឧស្សាហកម្មឆបោកតាមអនឡាញឡើយ ប៉ុន្តែគ្រាន់តែផ្ដោតលើការបិទទីតាំង និងចាប់ខ្លួនអ្នកដែលត្រូវបានគេល្បួងឱ្យមកធ្វើការឆបោកតាមអនឡាញប៉ុណ្ណោះ។ មជ្ឈដ្ឋានមួយចំនួនរិះគន់ដោយប្រៀបធៀបថា ការបង្ក្រាបរបៀបនេះគឺជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលត្រកូល ហ៊ុន ដើម្បីទុកឱ្យមេមាន់បន្តក្រាបយកពង។
កន្លងទៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសសម្ព័ន្ធមិត្តមួយចំនួន រួមទាំងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាផងបានរម្លឹកដល់រដ្ឋាភិបាលក្រុងភ្នំពេញឱ្យចាត់ការមេខ្លោងសំខាន់ៗពិតប្រាកដ រួមទាំងអ្នកសមគំនិត អ្នកកាងការពារ ឬចូលរួមអភិវឌ្ឍមជ្ឈមណ្ឌលឆបោកតាមអនឡាញ ដើម្បីយកពួកគេមកអនុវត្តទោសតាមច្បាប់៕








