អាជ្ញាធរខេត្ត​ស្វាយរៀង​បង្ក្រាប​ទីតាំង​ឆបោក​តាម​អនឡាញ ២​កន្លែង និង​ឃាត់ខ្លួន​ជនបរទេស ២៤​នាក់

0
9
អភិបាលរង​ខេត្តស្វាយរៀង​លោក ម៉ែន អេង។ រូប៖ រដ្ឋបាលខេត្តស្វាយរៀង
អភិបាលរង​ខេត្តស្វាយរៀង​លោក ម៉ែន អេង។ រូប៖ រដ្ឋបាលខេត្តស្វាយរៀង

កម្លាំង​សមត្ថកិច្ច​ខេត្តស្វាយរៀង​បន្ត​បង្ក្រាប​ទីតាំង​ឆបោក​តាម​អនឡាញ​ចំនួន ២​កន្លែង និង​ឃាត់ខ្លួន​ជនបរទេស​ចំនួន ២៤​នាក់ ដែល​សម្ងំ​ប្រតិបត្តិការ​ឆបោក​តាម​អន​ឡាញ​នៅក្នុង​ផ្ទះល្វែង​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​រីក​សាយភាយ​នៃ​ទីតាំង​ឆបោក​តាម​អន​ឡាញ​តូចៗ​នៅ​តាម​ភូមិ​បាន​បង្ក​ឱ្យ​កើតមាន​បញ្ហា​អសន្តិសុខ​ជា​បន្តបន្ទាប់​ក្នុង​មូលដ្ឋាន និង បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ទាំង​ភ័យខ្លាច​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។

បណ្ដាញ​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង បាន​បំបែក​សម្បុក​ចេញពី​មជ្ឈមណ្ឌល និង​អគារ​ធំៗ​ទៅ​ប្រមូលផ្ដុំ​ប្រតិបត្តិការ​ឆបោក​នៅ​តាម​ផ្ទះ​ជួល​តូចៗ ដូច​បណ្ដាញ​ឆបោក​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​នានា​នៃ​ប្រទេស​កម្ពុជា​ដែរ។

កម្លាំង​សមត្ថកិច្ច​ខេត្តស្វាយរៀង បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ឆបោក​តាម​អន​ឡាញ​ចំនួន ២​កន្លែង​ផ្សេងគ្នា ស្ថិតនៅ​ភូមិ​បាវិត​លើ និង​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង និង​ឃាត់ខ្លួន​ជនជាតិ​ចិន និង​វៀតណាម សរុប​ចំនួន ២៤​នាក់​។ រដ្ឋបាល​ខេត្ត​ស្វាយរៀង​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​២៦ ខែសីហា ថា ជនបរទេស​ទាំងនេះ​ភាគច្រើន​បាន​ចូល​មក​កម្ពុជា​ដោយ​គ្មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​ឡើយ ហើយ​បាន​លួចលាក់​ប្រតិបត្តិការ​ឆបោក​តាម​អន​ឡាញ​នៅក្នុង​ផ្ទះ​ជួល និង​ផ្ទះល្វែង​។ ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ក៏បាន​រឹបអូស​ទូរស័ព្ទ​ជាច្រើន​គ្រឿង និង​បាន​បិទ​ទីតាំង​ស្នាក់នៅ​របស់​ជនបរទេស​ទាំងនេះ​បណ្ដោះអាសន្ន។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​ស្វាយរៀង លោក ម៉ែន អេង ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ​នៅ​ថ្ងៃទី​២៧ ខែសីហា។

ក្រុង​បាវិត ខេត្តស្វាយរៀង មិន​ខុសពី​ក្រុងព្រះសីហនុ និងបណ្ដា​ខេត្ត​ផ្សេងទៀត​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​នោះ​ទេ ដែល​សារព័ត៌មាន​អន្តរជាតិ​បាន​ប្រសិទ្ធនាម​ថា ជា​ឋានសួគ៌​របស់​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អន​ឡាញ​ប្រើប្រាស់​សម្រាប់​ធ្វើ​សកម្មភាព ជួញដូរ​មនុស្ស ចាប់ជំរិត និង​បង្ខាំង​ជនបរទេស​ធ្វើ​ទារុណកម្ម​នៅក្នុង​អគារ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បី​បង្ខំ​ឱ្យធ្វើ​ការ​ឆបោក​តាម​អនឡាញ។

រហូត​មក​ដល់​ពេល​នេះ ទីតាំង​សំខាន់ៗ​ដូចជា​មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង​ដែល​រង​ការចោទប្រកាន់​ថា បង្ខាំង​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​រាប់​សិប​នាក់ ដើម្បី​បង្ខំ​ឱ្យ​ពួកគេ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ឆបោក​តាម​អន​ឡាញ​ក៏​មិន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប និង​ស៊ើបអង្កេត​តាមផ្លូវ​ច្បាប់​នៅឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គ​ការសង់​ត្រា​ល់ លោក ឌី ថេ​ហូ​យ៉ា លើកឡើង​ថា នៅពេល​មេខ្លោង​សំខាន់ៗ​នៅតែ​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់ ពួកគេ​នឹង​ប្រើប្រាស់​ល្បិចកល និង​វិធីសាស្ត្រ​គ្រប់បែបយ៉ាង ដូចជា​ពង្រាយ​អ្នក​ឆបោក​ឱ្យ​ធ្វើការ​តាម​ផ្ទះ​តូចៗ ដើម្បី​បន្ត​អាជីវកម្ម​កខ្វក់​របស់​ពួកគេ​។ លោក​ថា ក្នុង​​ពេល​បណ្ដាញ​ឧក្រិដ្ឋជន​អាច​ពង្រីក​ទីតាំង​ឆបោក​តាំងពី​ទីក្រុង​រហូតដល់​ទីជន​បទ​បែបនេះ មិន​ត្រឹមតែ​បង្ក​លក្ខណៈ​ស្មុគស្មាញ​សម្រាប់​ការបង្ក្រាប​ឡើយ ប៉ុន្តែ​ថែមទាំង​ផ្ដល់​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កាន់តែ​មាន​ទំហំ​ធំ និង​ធ្វើឱ្យ​ពលរដ្ឋ​តាម​មូលដ្ឋាន​រស់នៅ​ទាំង​ការភ័យខ្លាច​ផង​ដែរ។

លោក ឌីថេ ហូយ៉ា៖ «​ក្នុង​ពិភពលោក​នេះ ប្រសិនបើ​ឧក្រិដ្ឋជន​មើលឃើញ​ថា ប្រទេស​ណា​ការអនុវត្ត​ច្បាប់​ធូររលុង ហើយ​មិន​មាន​ប្រសិទ្ធភាព ពួកគេ​នៅតែ​រួច​ពី​សំណាញ់​ច្បាប់​បាន គេ​ច្បាស់​ណាស់​នឹង​សម្រុក​ទៅ​រក​ស៊ី ទៅ​រស់នៅ នៅ​ប្រទេស​ហ្នឹងហើយ​។ រូបភាព​វា​ផ្លាស់ប្ដូរ​ពី​មហាជន​កុំឱ្យ​មើលឃើញ​ច្បាស់ ពី​ក្រសែភ្នែក​អន្តរជាតិ​មើលឃើញ​ច្បាស់ គេ​នឹង​ដូរ​រូបភាព​ទៅជា​កន្លែង​តូចៗ វា​អាច​មាន​ច្រើនជាង​មុន មាន​គ្រប់កន្លែង​អី​ជាដើម​។ ម្ល៉ោះហើយ ហានិភ័យ​នេះ​កាន់តែ​គ្រោះថ្នាក់ វា​កាន់តែ​ធ្វើ​ឱ្យ​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា យើង​នៅតែ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​បោះ​សម្អាត​ឱ្យ​មាន​ប្រសិទ្ធភាព វា​នៅតែ​ប៉ះពាល់​សេដ្ឋកិច្ច វា​នៅតែ​ធ្វើ​ឱ្យ​ប្រទេស​ជាតិខ្មែរ​យើង​កាន់តែ​ជា​ប្រទេស​មួយ​ក្នុង​រូបភាព​អាក្រក់»។

យុទ្ធសាស្ត្រ​ភ្លៀងរលឹម​របស់​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន មិនបាន​គាស់​រំលើង ឬ​បង្ក្រាប​ឱ្យ​ដល់​គោលដៅ​មេខ្លោង​សំខាន់ រួម​ទាំង​មន្ត្រី​គ្រាក់ៗ​ដែល​កាង​ឧស្សាហកម្ម​ឆបោក​តាម​អន​ឡាញ​ឡើយ ប៉ុន្តែ​គ្រាន់តែ​ផ្ដោត​លើ​ការ​បិទ​ទីតាំង និង​ចាប់ខ្លួន​អ្នក​ដែល​ត្រូវបាន​គេ​ល្បួង​ឱ្យមក​ធ្វើការ​ឆបោក​តាម​អន​ឡាញ​ប៉ុណ្ណោះ​។ មជ្ឈដ្ឋាន​មួយចំនួន​រិះគន់​ដោយ​ប្រៀបធៀប​ថា ការបង្ក្រាប​របៀបនេះ​គឺជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ដើម្បី​ទុក​ឱ្យ​មេមាន់​បន្ត​ក្រាប​យក​ពង​។​

កន្លងទៅ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ត​មួយចំនួន រួម​ទាំង​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង​បាន​រម្លឹក​ដល់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ឱ្យ​ចាត់ការ​មេខ្លោង​សំខាន់ៗ​ពិតប្រាកដ រួម​ទាំង​អ្នកសមគំនិត អ្នក​កាង​ការពារ ឬ​ចូលរួម​អភិវឌ្ឍ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ ដើម្បី​យក​ពួកគេ​មក​អនុវត្ត​ទោស​តាមច្បាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ