

អ្នកឃ្លាំមើលសង្គមអះអាងថា ការដកអាជ្ញាប័ណ្ណកាស៊ីណូចំនួន ១៨ និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូចំនួន ៩ ដែលសង្ស័យថា ជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញ គឺជាវិធានការចាំបាច់ ប៉ុន្តែពួកគេថា ការបិទ ឬដកអាជ្ញាប័ណ្ណទីតាំងតែមួយមុខ មិនអាចដោះស្រាយបញ្ហាការឆបោកតាមអនឡាញបានទេ គឺត្រូវស៊ើបអង្កេតថា តើម្ចាស់កាស៊ីណូ និងអ្នកនៅពីក្រោយការឆបោក ត្រូវបាននាំមកទទួលខុសត្រូវចំពោះមុខច្បាប់ហើយឬនៅ។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានប្រាប់ទូរទស្សអាស៊ីសេរីថា ការដកអាជ្ញាបណ្ណកាស៊ីណូចំនួន ១៨ និងព្យួរអាជ្ញាប័ណ្ណ ៩ទៀត ជារឿងចាំបាច់ ប៉ុន្តែមិនគ្រប់គ្រាន់នៅឡើយទេ ហើយលោកថាអ្វីដែលប្រជាពលរដ្ឋចង់ដឹងគឺ តើម្ចាស់កាស៊ីណូ និងអ្នកនៅពីក្រោយការឆបោក ត្រូវបានស៊ើបអង្កេត និងនាំទៅទទួលខុសត្រូវតាមច្បាប់ឬនៅ? លោកបន្ថែមថា បើបិទតែទីតាំង ប៉ុន្តែអ្នកប្រព្រឹត្តនៅតែអាចយកលុយទៅបើកនៅកន្លែងថ្មី នោះបញ្ហាឆបោកនឹងបន្តកើតមានដដែល។
លោក សេង វណ្ណលី បន្ថែមទៀតថា ប្រសិនបើអាជ្ញាធរគ្រាន់តែបិទទីតាំង ប៉ុន្តែអ្នកនៅពីក្រោយសកម្មភាពទាំងនោះនៅតែអាចយកធនធាន និងប្រាក់ទៅបើកទីតាំងថ្មី នោះសកម្មភាពឆបោកអាចបន្តកើតមាន។ លោកថា ការដកអាជ្ញាប័ណ្ណកាស៊ីណូ គឺជារឿងចាំបាច់ ប៉ុន្តែបិទកាស៊ីណូតែប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេ។ លោកក៏បានចោទជាសំណួរថា ហេតុអ្វីបានជាកាស៊ីណូដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋ អាចត្រូវបានកំណត់ថាពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោក សេង វណ្ណលី បានលើកឡើងនូវលទ្ធភាពមួយចំនួន រួមមានការខ្វះការត្រួតពិនិត្យ ការធ្វេសប្រហែសរបស់អាជ្ញាធរ ឬការជួយបិទបាំងពីមន្ត្រីមួយចំនួន។ លោក បានអំពាវនាវឱ្យរដ្ឋាភិបាលស៊ើបអង្កេតឱ្យបានច្បាស់ និងកុំបញ្ចប់ការបង្ក្រាបត្រឹមការដក ឬព្យួរអាជ្ញាប័ណ្ណ។ លោកថា ប្រសិនបើមានមន្ត្រី ឬអ្នកមានអំណាចពាក់ព័ន្ធនឹងការការពារសកម្មភាពខុសច្បាប់ ពួកគេក៏ត្រូវទទួលខុសត្រូវតាមច្បាប់ដូចអ្នកប្រព្រឹត្តផ្សេងទៀត។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពី គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. បានប្រកាសកាលពីថ្ងៃទី៨ ខែកញ្ញា ថា កាស៊ីណូចំនួន ១៨ ដែលត្រូវបានកំណត់ថា ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ ត្រូវបានដកហូតអាជ្ញាប័ណ្ណ។ កាស៊ីណូចំនួន ៩ ផ្សេងទៀតត្រូវបានព្យួរអាជ្ញាប័ណ្ណ ខណៈការស្រាវជ្រាវ និងស៊ើបអង្កេតនៅតែបន្ត ដើម្បីប្រមូលភស្តុតាងបន្ថែម មុននឹងសម្រេចថាតើត្រូវដកហូតអាជ្ញាប័ណ្ណឬយ៉ាងណា។
ប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. លោក ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា វិធានការទាំងនេះធ្វើឡើងក្នុងក្របខណ្ឌនៃការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ គ.ប.ឆ.ប. បានសហការជាមួយស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យនៅទូទាំងប្រទេស។
តាមទិន្នន័យរបស់គណៈកម្មការចន្លោះពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៧៩៣ ទីតាំង។ ក្នុងចំណោមនោះ អាជ្ញាធរបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦២៤ ទីតាំង និងឃាត់ខ្លួនមនុស្សជិត ៣០,០០០ នាក់ មកពី ៣៩សញ្ជាតិ។
ក្រសួងមហាផ្ទៃក៏បានឱ្យដឹងថា កាស៊ីណូចំនួន ២៧ ត្រូវបានចាត់វិធានការ ដោយក្នុងនោះ ១៨ ត្រូវបានដកហូតអាជ្ញាប័ណ្ណ និង៩ ត្រូវបានព្យួរអាជ្ញាប័ណ្ណ។ ក្រសួងថា ទីតាំងកាស៊ីណូដែលត្រូវបានដកហូត ឬព្យួរអាជ្ញាប័ណ្ណ នឹងត្រូវឃាត់ទុក ឬបង្កក ហើយទ្រព្យសម្បត្តិរបស់ម្ចាស់ទីតាំង និងម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនកាស៊ីណូ អាចត្រូវបានរឹបអូសស្របតាមច្បាប់ពាក់ព័ន្ធ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ បានរិះគន់ការបង្ក្រាបរបស់រដ្ឋាភិបាល ដោយអះអាងថា បណ្ដាញឆបោកដែលមានទំនាក់ទំនងជាមួយអ្នកមានអំណាចនៅកម្ពុជា នៅតែបន្តប្រតិបត្តិការដូចជាលោក លី យ៉ុងផាត់ លោក កុក អាន លោក ហ៊ុន តូ លោក ទ្រី ភាព ជាដើម នៅមិនទាន់ឃើញរដ្ឋាភិបាលចាត់វិធានការច្បាប់នៅឡើយ បើទោះជាសហរដ្ឋអាមេរិករកឃើញថា បុគ្គលទាំងនេះមានជាប់ទាក់ទងនឹងឧក្រិដ្ឋកម្មអនឡាញក្តី។
លោក គឹម សុខ៖ «ការឆបោកអនឡាញមានរាប់រយទីតាំងនៅក្នុងប្រទេសកម្ពុជា ហើយទីតាំងសំខាន់ៗដែលគេប្រើប្រាស់នៅក្នុងការឆបោកនោះ មានកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ អគារធំៗ និងផ្ទះរបស់ពួកមន្ត្រី ឧកញ៉ាមានអំណាចនៃគណបក្សប្រជាជនកម្ពុជា ដែលជួលទៅឱ្យពួកមេបណ្ដាញប្រតិបត្តិករឆបោកនោះ។ ក៏ប៉ុន្តែមកដល់ពេលនេះ ស្ទើរតែមិនទាន់ឃើញមានទីតាំងណាមួយត្រូវបានរដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុនបិទ ឬក៏រឹបអូសតាមច្បាប់នោះទេ»។
លោក គឹម សុខ បានអំពាវនាវឱ្យរដ្ឋាភិបាលបង្ហាញថា តើទីតាំងណាខ្លះត្រូវបានបិទអ្នកណាជាម្ចាស់ និងតើអ្នកណាត្រូវបានចោទប្រកាន់ ព្រមទាំងតាមដានលំហូរប្រាក់ និងទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើស។ លោកថា ការអនុវត្តច្បាប់គួរតែអនុវត្តចំពោះអ្នកមានអំណាច ឬអ្នកមានទំនាក់ទំនងនយោបាយដោយគ្មានការលើកលែង។
ទន្ទឹមនឹងការបង្ក្រាបកាស៊ីណូដែលត្រូវបានកំណត់ថា ពាក់ព័ន្ធនឹងការឆបោក រដ្ឋាភិបាលក៏បានប្រកាសថា នឹងផ្អាកការភ្នាល់ហ្គេមអនឡាញតាមកាស៊ីណូទូទាំងប្រទេស ចាប់ពីខែតុលា ឆ្នាំ២០២៦។ រដ្ឋមន្ត្រីមហាផ្ទៃ លោក ស សុខា បាននិយាយថា វិធានការនេះមានគោលបំណងពង្រឹងការបង្ការ និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការចរាចរសាច់ប្រាក់ដែលគ្មានប្រភពច្បាស់លាស់។
អ្នកឃ្លាំមើលសង្គមបាននិយាយថា ប្រសិនបើកម្ពុជាចង់បង្កើនទំនុកចិត្តពីសហគមន៍អន្តរជាតិ ការបង្ហាញតួលេខនៃប្រតិបត្តិការបង្ក្រាបតែមួយមុខមិនគ្រប់គ្រាន់ទេ។ ពួកគេចង់ឃើញការផ្ទៀងផ្ទាត់ដោយស្ថាប័នឯករាជ្យ និងដៃគូអន្តរជាតិ ការបង្ហាញព័ត៌មានជាសាធារណៈអំពីម្ចាស់ទីតាំង និងអ្នកត្រូវបានចោទប្រកាន់ ការតាមដានលំហូរហិរញ្ញវត្ថុ និងការរឹបអូសទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើស។ ពួកគេក៏បានព្រមានថា ប្រសិនបើរដ្ឋាភិបាលគ្រាន់តែបិទអគារ ខណៈបណ្ដាញមនុស្ស និងហិរញ្ញវត្ថុនៅតែមាន នោះក្រុមឆបោកអាចផ្លាស់ប្ដូរទីតាំង ឈ្មោះក្រុមហ៊ុន ឬរបៀបប្រតិបត្តិការ ហើយបន្តសកម្មភាពរបស់ពួកគេបានដដែល៕









