ជនរងគ្រោះចាញ់បោកក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ស្លាប់​កាន់​តែ​ច្រើន ដោយសារ​គ្មាន​លុយ​ព្យាបាល និង​វិបត្តិ​ផ្លូវ​ចិត្ត

0
34
រូបឯកសារ៖ (កណ្ដាល) លោក ហ៊ុន ម៉ាណែត និង​អ្នកស្រី ឡេង ចាន់ណា ​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) និង​សហការី​របស់​អ្នកស្រី (ឆ្វេង) នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណបក្សប្រជាជន នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក Oknha Leng Channa
រូបឯកសារ៖ (កណ្ដាល) លោក ហ៊ុន ម៉ាណែត និង​អ្នកស្រី ឡេង ចាន់ណា ​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) និង​សហការី​របស់​អ្នកស្រី (ឆ្វេង) នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណបក្សប្រជាជន នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក Oknha Leng Channa

ពលរដ្ឋរងគ្រោះ​ដែល​ចាញ់​បោកក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់​អតីតឧកញ៉ា ឡេង ចាន់ណា ធ្លាក់ខ្លួន​ឈឺ និងបាត់បង់ជីវិតកាន់​តែ​ច្រើន ដោយសារ​វិបត្តិ​ផ្លូវចិត្ត និង​ជំពាក់​បំណុល​វណ្ឌក​ដោះស្រាយមិនចេញ ខណៈគ្មានដំណោះស្រាយសំណង។ សង្គមស៊ីវិល លើកឡើង​ថា រដ្ឋាភិបាលហាក់ខ្វះឆន្ទៈដោះស្រាយ​ជូនពលរដ្ឋ។

ពលរដ្ឋរងគ្រោះ ដែលចាញ់បោកក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា បានរង់ចាំដំណោះស្រាយពីរដ្ឋាភិបាល និងក្រុមហ៊ុនដោយក្តីឈឺចាប់ និងទុក្ខសោកអស់រយៈពេល៣ឆ្នាំមកហើយ។

តំណាងជនរងគ្រោះម្នាក់ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៧ខែកញ្ញា ដោយសុំ មិនបញ្ចេញឈ្មោះថា ក្នុងចំណោមពលរដ្ឋក្នុងក្រុមរបស់លោកស្រី ដែល​ចាញ់បោកក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា មានអ្នកស្លាប់ រហូតដល់ ៤៥​នាក់​ហើយ និង មាន​អ្នកធ្លាក់ខ្លួនឈឺជាច្រើននាក់ ដោយសារ​ការ​បាក់ទឹកចិត្ត និងគ្មាន ប្រាក់ព្យាបាលជំងឺ។ លោកស្រី មានប្រសាសន៍ថា ពលរដ្ឋរងគ្រោះ រស់ពិបាកជាងស្លាប់ទៅទៀត ពីព្រោះ​កើត​មាន​វិបត្តិ​គ្រួសារ​ពេញបន្ទុក ហើយ​ពួកគាត់​មើលឃើញ​ថា តុលាការ និង​រដ្ឋាភិបាល ក៏​ព្យាយាម​បន្ត​បិទបាំង និង​បន្ដ​បោកប្រាស់​ជនរងគ្រោះ​ដដែល ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មក​នេះ។

លោកស្រី​អះអាង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុងដើរលើផ្លូវបរាជ័យ ដោយសារទុកឱ្យពលរដ្ឋ បន្ដរងគ្រោះ និងស្លាប់យ៉ាងអយុត្តិធម៌ ដោយមិនមាន​ដំណោះស្រាយ។


តំណាងជនរងគ្រោះ៖ «មកដល់ពេលនេះ គឺជនរងគ្រោះយើង មានអ្នកដែល ស្លាប់មាន ៤៥ នាក់ ហើយអ្នករងរបួសនោះមិនចាំបាច់ថ្លែង អ្នកដែលមានជំងឺ អត់មានលុយ​ព្យាបាល»។

ពលរដ្ឋរងគ្រោះម្នាក់ទៀត ប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌ​មិនបញ្ចេញ​ឈ្មោះដែរ ថា ជនរងគ្រោះជាច្រើននាក់ ដែលចាញ់បោកក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា ស្លាប់ទាំងនៅក្មេង ដោយសារវិបត្តិផ្លូវចិត្ត និងលែងមានព្រលឹង​តស៊ូក្នុងជីវិត។ លោកស្រី​អះអាង​ថា បញ្ហាធំបំផុត គឺការជំពាក់បណុលវ័ណ្ឌក ព្រោះតែយកប្រាក់ទៅដាក់វិនិយោគ ជាមួយ​ក្រុមហ៊ុនឆបោក របស់អ្នកស្រី ឡេង ចាន់ណា។ លោកស្រីថា ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ នៅតែបន្តដាក់​សម្ពាធ​ឱ្យជនរងគ្រោះសងបំណុល ខណៈរដ្ឋាភិបាល និងតុលាការ ក៏នៅតែ​មិន​ដោះស្រាយ​ឱ្យពលរដ្ឋរងគ្រោះ និងមិនជួយសម្រួលបញ្ហាជាមួយធនាគារ។

លោកស្រីថា ដោយសារទុក្ខជាន់លើទុក្ខបែបនេះ ជនរងគ្រោះខ្លះ គិតខ្លី ក៏សម្លាប់​ខ្លួន រីឯ ខ្លះទៀត ដេកអស់សង្ឃឹម ងើបលែងរួច ហើយស្លាប់ទាំង​នៅក្មេង។



ពលរដ្ឋរងគ្រោះ៖ «ប្រជាពលរដ្ឋរងគ្រោះនេះ ពិបាកណាស់ម្នាក់ៗ ហើយខាងស្រុក ខ្ញុំស្លាប់ពីរ ទៅបីនាក់ហើយ ដោយសារសម្ពាធផ្លូវចិត្ត ជំពាក់គេពេកអីពេកទៅដល់ ថ្នាក់ស្លាប់ ថ្ងៃមុនស្លាប់ម្នាក់ទៀត ចង់និយាយថា អត់មានឈឺអីទេ គាត់អាយុទើប ៣៧ ឆ្នាំទេ ដេកៗដូចថា គាត់ពិបាកចិត្តពេក ហើយគេទារលុយផងអីផង ហើយអា រឿងលុយ ហ្នឹងមិនងាយបានទៅ។ គាត់ដេក លើកគ្រែងើបឡើង ដួលដាច់ សសៃរឈាមខួរ ក្បាលមកដល់ភ្នំពេញស្លាប់នៅភ្នំពេញ។ មនុស្សក្មេងៗ អត់មាន ជំងឺអីសោះ តែតាម គេនិយាយថា មនុស្សគាត់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរពេក មនុស្ស ដែលមិននិយាយចេញ គឺវាពិបាកណាស់។ នៅជិតៗផ្ទះខ្ញុំ ដែលខ្ញុំបានដឹង បីនាក់ហើយ»។


ទូរទស្សន៍អាស៊ីសេរី មិន​អាច​សុំការ​អត្ថាធិប្បាយ ពីប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី១៧ ខែកញ្ញា។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្លាប់​បាន​លើកឡើងថា ពេលឃើញការពិត​ពីការរងគ្រោះរបស់ពលរដ្ឋហើយ បែរជាអាជ្ញាធរ និងតុលាការ នៅបន្តស្ងៀមស្ងាត់ នោះគឺជាបរាជ័យរបស់អង្គការ​រដ្ឋ។ លោករដ្ឋមន្ត្រី ក៏ធ្លាប់មានប្រសាសន៍ដែរ​ថា រឿងក្ដី​ដែល​តុលាការ​ពន្យារពេល​ទុកចោលយូរពេក គឺជារឿង អយុត្តិធម៌មួយ សម្រាប់​ជនរងគ្រោះ។

ពលរដ្ឋ​រងគ្រោះ ចាញ់បោកក្រុមហ៊ុន ឡេង ចាន់ណា មកពី​តាម​បណ្ដា​ខេត្ត​នានា បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​យុត្តិធម៌ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា បានផ្ទុះរឿងអាស្រូវ ឆបោក តាំងពីឆ្នាំ២០២៣ ដែល​មក​ដល់​ពេល​នេះ មាន​រយៈពេល​ប្រមាណ ៣ឆ្នាំ ហើយ ប៉ុន្តែ នៅមិនទាន់មានដំណោះស្រាយនៅឡើយ។ ប្រជាពលរដ្ឋ​ខ្មែរ ជាង ១ម៉ឺន ២ពាន់នាក់ ទាំងក្នុង និងក្រៅប្រទេស ចាញ់បោកក្រុមហ៊ុននេះ អស់ប្រាក់ជាង ៣០០​លានដុល្លារ។


ក្រៅពីអ្នកស្រី ឡេង ចាន់ណា ដែល​ជាអគ្គនាយិកា និងបក្ខពួកមួយចំនួន​ទៀត សំណុំរឿងឆបោក​ដ៏ធំ​នេះ ក៏​មាន​មន្ត្រី​ជាន់ខ្ពស់​នៃរដ្ឋាភិបាល​ជាច្រើននាក់ ពាក់ព័ន្ធ ដែរ ដូចជា រដ្ឋលេខាធិការ​ក្រសួង​អប់រំ លោក ស៊ាន បូរ៉ាត និង អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ លោក ស ថាវី។ អតីតឧកញ៉ា ឡេង ចាន់ណា មុនពេលសមត្ថកិច្ច​ចាប់ខ្លួនធ្លាប់បានប្រកាសប្រាប់ សហការី ថា ក្រុមហ៊ុនរបស់អ្នកស្រី មាន​លោក ហ៊ុន ម៉ាណែត ជាខ្នង​បង្អែក។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ប្រាប់​ទូរទស្សន៍ អាស៊ីសេរី នៅថ្ងៃទី១៧ ខែកញ្ញា ថា ការពន្យារពេលផ្ដល់ដំណោះស្រាយជូន ប្រជាពលរដ្ឋរងគ្រោះ យូរឆ្នាំ រហូតធ្វើឱ្យជនរងគ្រោះជាច្រើននាក់ បាក់ទឹកចិត្ត អស់សង្ឃឹម និងធ្លាក់ខ្លួនឈឺស្លាប់ ជាបន្តបន្ទាប់បែបនេះ ឆ្លុះបញ្ចាំងអំពីយន្តការ ដោះស្រាយរបស់រដ្ឋ ដែលធ្វើឱ្យពលរដ្ឋគ្មានទំនុកចិត្ត។ លោក​ថា ស្ថានភាព​នេះ ធ្វើ​ឱ្យ​ពលរដ្ឋរងគ្រោះផ្ទួនៗ ដោយ​ចាញ់បោកក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ជំពាក់​បំណុល​វ័ណ្ឌកផង និងត្រូវរង់ចាំ​ដំណោះស្រាយ​ដ៏​យូរឆ្នាំផង។

លោក នី សុខា មានប្រសាសន៍​ថា ពេលនេះ​សមល្មម​ហើយ ដែល​រដ្ឋាភិបាល និង​តុលាការ ត្រូវផ្ដល់ដំណោះស្រាយសមរម្យជូនពលរដ្ឋរងគ្រោះ ដើម្បីស្ដារទំនុកចិត្ត របស់​ពលរដ្ឋ លើការបំពេញកាតព្វកិច្ចរបស់រដ្ឋាភិបាល និងតុលាការ។



លោក នី សុខា៖ «មិនគួរណាសមត្ថកិច្ចនៅតែអូសបន្លាយពេលវេលា នៅក្នុងការ ដែលធ្វើឱ្យពលរដ្ឋគ្រង់ចាំឬ រ៉ាំរ៉ៃដែលធ្វើឱ្យមានបញ្ហារហូតទៅដល់មានគ្រោះថ្នាក់ ដល់អាយុជីវិតទេ។ អ៊ីចឹងរូបភាពនេះ ជាការជះឥទ្ធិពលមួយមិនល្អ ទី១ វាអាចធ្វើឱ្យ ប៉ះពាល់់កិត្តិយសដល់តម្លៃរបស់រដ្ឋាភិបាល ទី២វាបង្ហាញប្រព័ន្ធនៃការដោះស្រាយ​បញ្ហារបស់យើង វានៅមានកម្សោយ ដែលវាមិនអាចធ្វើឱ្យមានការ ជំរុញការងារដោះស្រាយនឹងបាន។ ខ្ញុំមិនចង់លើកតែពីររឿងហ្នឹងមួយទេ មានរឿង ខ្លះទៀតរហូតទៅដល់យើងបានលឺដំណឹងថា មានឧកញ៉ាដែលបោកប្រាស់មួយចំនួន ដែលបានដាក់នៅក្នុងពន្ធនាគារហើយ រហូតទៅដល់មានអ្នកខ្លះ រួចទោស ដោះលែងចេញក្រៅមកវិញសទៅទៀត ហើយបញ្ហានៅតែជា បញ្ហាដដែល»។

អ្នកឃ្លាំមើលព្រមាន​ថា ប្រទេស​កម្ពុជា​នឹង​ធ្លាក់​ទៅ​ក្នុង​វិបត្តិ ដោយ​ជៀស​មិនផុត ប្រសិន​បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅតែមិនអាចដោះស្រាយវិបត្តិធំៗ នៅ​ក្នុង​សង្គម រួមមាន​បញ្ហាឆបោកប្រាក់ពលរដ្ឋ ការ​ឆបោកអនឡាញ បញ្ហា​ដីធ្លីរ៉ាំរ៉ៃ បញ្ហា​ពលរដ្ឋ​អត់​ការងារធ្វើ និងបញ្ហាអយុត្តិធម៌សង្គមជាច្រើន​ផ្សេង​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ